អ្វីទៅដែលហៅថាបុណ្យ ? អ្វីទៅជាតួបុណ្យ?
បុណ្យ
ពាក្យថា បុណ្យ ជាភាសាសំស្រ្តឹត, ភាសាបាលីថា បុញ្ញៈ ។
ធម្មជាតិឯណាដែលជម្រះសម្អាតសន្តានចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធផូរផង់
ប្រាសចាកមន្ទិល គឺសេចក្តីសៅហ្មងចិត្តមានលោភៈ ទោសៈ មោហៈ ជាដើម ហៅថា
បុណ្យ ។ លោភៈ (សេចក្តីលោភលន់) ទោសៈ (សេចក្តីខឹងក្រេវក្រោធ) មោហៈ
(សេចក្តីវង្វេង) ជាអកុសលមូល ឬជាឫសគល់នៃអកុសលធម៌ ។
យើងធ្វើបុណ្យដើម្បីជម្រះនូវអកុសលធម៌
ចេញពីខន្ធសន្តានរបស់យើងហើយប្រមូលយកកុសលធម៌មកជំនួសវិញ ។ ដូចនេះ
កុសលធម៌ណាដែលជម្រះសន្តានចិត្តឲ្យស្អាតផូរផង់កុសលធម៌នោះឈ្មោះថា
បុណ្យ ។
បុណ្យបើបកស្រាយឲ្យងាយយល់នោះ មិនគឺអ្វីក្រៅពីសភាវៈដែលហាមឃាត់ចិត្តបញ្ឈប់ចិត្ត មិនឲ្យត្រេកត្រអាល ចំពោះបាប ឬអកុសលធម៌បំភ្លេចអារម្មណ៍បាបឲ្យអស់ពីខន្ធសន្តានរួចហើយបំពេញកុសលធម៌ជំនួសវិញភ្លាម កុំឲ្យសន្តានចិត្តទំនេរជាហេតុនាំឲ្យចិត្តងាករេទៅរកកិលេស គឺគ្រឿងសៅហ្មងផ្សេងៗវិញបាន ។
ចិត្តជាធម្មជាតិស្អាតថ្លាផូរផង់ពីកំណើតលុះមានឧបក្កិលេស
គឺគ្រឿងសៅហ្មងចូលមករុំព័ទ្ធក៏បណ្តាលឲ្យចិត្តមានមន្ទិល មិនបរិសុទ្ធ
។ យើងខំសាងកុសលធម៌ដុះខាត់អប់រំចិត្តឲ្យស្អាត
មានរស្មីត្រចះត្រចង់ដូចប្រក្រតីដើមឡើងវិញ ដោយពិធីឲ្យទាន
រក្សាសីល ចម្រើនមេត្តាភាវនា ។ល។ ហៅថា បុណ្យ ។
បុណ្យ មានចេតនាជាតួ ។ ការកសាងកុសលកម្មផ្សេងៗ សុទ្ធតែសម្រេចដោយចិត្តមានចិត្តជាប្រភពផ្តួចផ្តើម ។
បុណ្យកើតឡើងក្នុងចិត្តជាមុនទើបកើតឡើងក្នុងផ្លូវកាយ និងផ្លូវវាចាតាមក្រោយ ។
បុណ្យដែលកើតឡើងដោយផ្លូវកាយ ហៅថា កាយកម្ម
កើតឡើងដោយផ្លូវវាចាហៅថា វចីកម្ម កើតឡើងដោយចិត្តហៅថា មនោកម្ម ។
បុណ្យ មានហេតុ ឬលក្ខណៈ ៣យ៉ាង
១. បសាទៈ មានចិត្តជ្រះថ្លា ។២. សំវេគៈ មានចិត្តសង្វេគតក់ស្លុត
។
៣. តេសុចរិតា មានចិត្តស្អាតបរិសុទ្ធ
ដោយកាយ វាចា ចិត្ត ។
១. បសាទ ៖ តាមទ្រឹស្តីព្រះពុទ្ធសាសនាថា កាលបើមានចិត្តរីករាយជ្រះថា្លចំពោះកុសលធម៌ បានកម្ចាត់បង់ នូវមច្ឆរិយៈ
(សេចក្តីកំណាញ់) លះបង់ទ្រព្យសម្បត្តិទៅជាទាន
ជាហេតុនាំឲ្យកើតបុណ្យ ។
២. សំវេគ ៖ កាលបើមានចិត្តតក់ស្លុតចំពោះសត្វនិងសង្ខារ ក្នុងលោកទាំងអស់ថា
ជាសភាវៈមិនទៀងទាត់ ការត្រិះរិះសង្វេគដល់
សង្ខារមិនទៀងនេះឈ្មោះថាអ្នកមិនប្រមាទ ការមិនប្រមាទនេះ
ជាផ្លូវនៃព្រះនិព្វានព្រះពុទ្ធសម្តែងថា ជាហេតុនាំឲ្យកើត បុណ្យ
មួយដែរ ។
៣. តេសុចរិតា ៖
កាលបើជនបុ្រសស្រីណា មានសេចក្តីបរិសុទ្ធ ជ្រះស្អាត ដោយកាយ
វាចាចិត្ត ក៏បណ្តាលជាហេតុឲ្យកើតទៅជាបុណ្យព្រោះកាយ វាចា
ចិត្តនេះជាប្រធាននៃបុណ្យ កាលបើទ្វារទាំងបី (កាយទ្វារ វចីទ្វារ
មនោទ្វារ) នេះស្អាតហើយ បុណ្យក៏កើតព្រមជាមួយគ្នា ។
បុណ្យមានស្ថានបីគឺ៖ ១. បុញ្ញហេតុ (ហេតុរបស់បុណ្យ) ២. បុញ្ញកិរិយា
(កិរិយាជាបុណ្យ) ៣. បុញ្ញផល(ផលរបស់បុណ្យ)
បុញ្ញហេតុ ចិត្តជាប្រភពរបស់បុណ្យ ។ បុណ្យ គឺជាកុសលធម៌ ដែលមាន អលោភៈ អទោសៈ អមោហៈ ជាកុសលមូល ។
គេលះបង់សេចក្តីលោភលន់ (លោភៈ) ដោយការឲ្យទាន ។
គេលះបង់ សេចក្តីក្រោធខឹង (ទោសៈ) ដោយការរក្សាសីល ។
គេលះបង់សេចក្តីវង្វេង (មោហៈ)
ដោយចម្រើនភាវនាអប់រំប្រាជ្ញាឲ្យភ្លឺថ្លា ហៅថា ហេតុរបស់បុណ្យ គឺ
បុញ្ញហេតុ ។
បុញ្ញកិរិយាវត្ថុ
បុញ្ញកិរិយាគឺជាបុណ្យដែលគេធ្វើសម្រេចដោយវត្ថុនីមួយៗ
មាន១០យ៉ាង ហៅថាបុញ្ញកិរិយាវត្ថុ ១០ យ៉ាងគឺ៖
១. ទានមយៈ បុណ្យសម្រេចដោយការឲ្យទាន
២. សីលមយៈ បុណ្យសម្រេចដោយការរក្សាសីល
៣. ភាវនមយៈ បុណ្យសម្រេចដោយការភាវនាចម្រើនកុសល
។
៤. អបចាយនមយៈ
បុណ្យសម្រេចដោយការកោតក្រែងចាស់ព្រឹទ្ធាចារ្យ រៀមច្បង ។
៥. បត្តិទានមយៈ
បុណ្យសម្រេចដោយការចែករំលែកបុណ្យដល់គ្នា ។
៦. បត្តានុមោទនាយមៈ បុណ្យសម្រេចដោយការត្រេកអរចំពោះ
ចំណែកបុណ្យដែលអ្នកដទៃឲ្យ ។
៧. វេយ្យវច្ចមយៈ
បុណ្យសម្រេចដោយការខ្វល់ខ្វាយជួយខ្នះខ្នែងក្នុងពិធីបុណ្យនានា ។
៨. ធម្មស្សវនមយៈ បុណ្យសម្រេចដោយការស្តាប់ធម៌។
៩. ធម្មទេសនាមយៈ បុណ្យសម្រេចដោយការសម្តែងធម៌។
១០. ទិដ្ឋុជុកម្មមយៈ
បុណ្យសម្រេចដោយធ្វើទិដ្ឋិឲ្យត្រង់(សម្មាទិដ្ឋិ)។
សេចក្តីអត្ថាធិប្បាយ
បុញ្ញកិរិយា ទាំង ១០ ប្រការនេះ បានជាហៅថា បុញ្ញកិរិយាវត្ថុ
ព្រោះសុទ្ធតែជាការបុណ្យ ការកុសលទាំងអស់ ការកុសលបែបនេះចាត់ជា
កាមាវចរភូមិ។ ត្បិតតែថា បុណ្យកុសល គឺស្ថិតនៅលើចិត្ត សទ្ធាជ្រះថ្លា ត្រេកអរ
ពេញចិត្តក៏ពិតមែន ប៉ុន្តែក៏ដោយសារតែមានហេតុពីខាងក្រៅដែរ ទើបធ្វើឱ្យចិត្តជ្រះថ្លាទៅកើត
ម្យ៉ាងទៀត ហេតុនាំឱ្យបានបុណ្យកុសលនេះទៀតសោត មិនមែនទាល់តែធ្វើបុណ្យសង្ឃទាន, បុណ្យបច្ច័យបួន,
បុណ្យចម្រើនព្រះជន្ម
ឬបុណ្យកឋិនជាដើម ឬក៏ទាល់តែចែកអំណោយ ជួយឧបត្ថម្ភ កសាងកុដិសាលា ឬសមិទ្ធិផលនានាជាដើម
ទើបបានបុណ្យអានិសង្សនោះទេ តាមពិតទៅ ហេតុនាំឱ្យបានបុណ្យអានិសង្សមានច្រើនទៀត
មិនមែនមានតែត្រឹមប៉ុណ្ណឹងនោះឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា
ហេតុនាំអោយបានបុណ្យអានិសង្សនោះ ទាំងអស់គឺមាន ១០ យ៉ាង។
១. ទានមយបុណ្យ
បុណ្យសម្រេចពីការធ្វើទាន គឺការលះបង់ទ្រព្យ
ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។
ទានមាន ៣ យ៉ាង
អាមិសទាន៖បានដល់ការបរិច្ចាគទាន ប្រគេនចង្ហាន់ បាយទឹក
នំចំណី ស្បង់ស្បៃត្រៃចីវរ បរិក្ខារផ្សេងៗ ឬក៏ជួយឧបត្ថម្ភ កសាងកុដិសាលា ព្រះវិហារ
ការចែកអំណោយ ដល់ជនក្រីក្រ លោកយាយលោកតា ក្មេងអនាថាជាដើម។
ធម្មទាន៖ ការអោយធម៌ជាទានបានដល់ការបង្ហាត់បង្រៀន ទូន្មាន
ប្រៀនប្រដៅ ឱ្យអ្នកដទៃបានល្អ បានចំណេះចេះដឹង បានប្រយោជន៍ បានសេចក្តីសុខ នេះហៅថា
ឱ្យធម៌ជាទាន សូម្បីការជាវគម្ពីរធម៌អាថ៌ បិដក អដ្ឋកថា ដីកា យោជនា
ឬសៀវភៅក្បូនច្បាប់នានា យកទៅវេរប្រគេន ដល់ព្រះសង្ឃដើម្បីតម្កល់ទុកដាក់ក្នុងវត្ត
ឬតាមទីកន្លែងផ្សេងៗទៀត ក៏ឈ្មោះថាធ្វើបុណ្យធម្មទានដែរ។
អភយទាន៖ ការមិនធ្វើអោយសត្វទាំងអស់
ទាំងមនុស្សនិងសត្វតិរច្ឆាន ភ័យតក់ស្លត់ បាក់ស្បាត ជាដើម។
២. សីលមយបុណ្យ
បុណ្យបានមកដោយសារការរក្សាសីល បានដល់ការសមាទាន
កាន់យកនូវសីល ៥, សីល ៨, សីល
១០ ជាដើម ឬការមានអាកប្បកិរិយា ចរិយាមារយាទល្អ សុភាពរម្យទម ស្លូតបូត
សុចរិតត្រឹមត្រូវ ពោលគឺការសង្រួម
វៀរចាកការប្រព្រឹត្តនូវទង្វើអាក្រក់តាមផ្លូវកាយ និង វាចា។
ទង្វើអាក្រក់តាមផ្លូវកាយដែលគួរវៀរចាក
នោះ មាន ៤ ចំណុចគឺ៖
ក. បាណាតិបាត កិរិយាសម្លាប់សត្វមានជីវិត។
ខ. អទិន្នាទាន ការលួច ឆក់ ប្លន់ បន្លំ កិបកេង
ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
គ. កាមេសុមិច្ឆាចារ កិរិយាប្រព្រឹត្តខុសក្នុងកាម
មានការផិតក្បត់ សាហាយស្មន់ លួចលាក់ ឬល្បួងលួងលោម ចាប់បង្ខំប្រពន្ធកូនអ្នកដទៃ។
ឃ. សុរាមេរ័យ ការសេពនូវគ្រឿងស្រវឹង មានសុរា មេរ័យ
គ្រឿងញៀនទាំងឡាយជាដើម។
ទង្វើអាក្រក់តាមផ្លូវវាចាដែលគួរវៀរចាក
នោះ មាន ៤ ចំណុចគឺ៖
មុសាវាទ ការនិយាយកុហក់ ភូតភរ ឆបោក មួលបង្កាច់
បង្ខូចបញ្ឆោតបោកប្រាស់អ្នកដទៃ។
បិសុណាវាចា ការនិយាយពាក្យញុះញង់ បំបែកបំបាក់
នាំឱ្យអ្នកដទៃឈ្លោះទាស់ទែងបាក់បែកប្រេះឆាគ្នា។
ផរុសវាចា ការនិយាយពាក្យអាក្រក់ អាសគ្រាម មិនពីរោះ
គំរោះគំរើយ ទ្រគោះបោះបោក ត្រមាំងត្រមោក ជេរប្រទេចផ្ដាសា ប្រមាទមើលងាយ
រិះគន់អ្នកដទៃ។
សម្ផប្បលាបៈ ការនិយាយរោយរាយ ឥតប្រយោជន៍។
បើយើងវៀរចាក មិនប្រព្រឹត្តធ្វើទាំងតាមផ្លូវកាយ
និងវាចាអោយបានគ្រប់ទាំង ៨ ចំណុចនេះ ឈ្មោះថាយើងមានសីលធម៌ល្អត្រឹមត្រូវ
ថែមទាំងបានបុណ្យអានិសង្សទាំងយប់ទាំងថ្ងៃគ្រប់ពេលទៀតផង។
៣. ភាវនាមយបុណ្យ
បុណ្យសម្រេចពីការចម្រើនសមថ និងវិបស្សនា
គឺការអប់រំទូន្មានខ្លួន ចម្រើនសេចក្តីស្ងប់ ដើម្បីឲ្យចិត្តបានបរិសុទ្ធផូរផង់។
ទង្វើដែលធ្វើឱ្យចិត្តមិនស្ងប់
មាន ៣ យ៉ាង
- អភិជ្ឈា ការគិតសំឡឹងរំពៃ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ។
- ព្យាបាទ ការខឹងក្រោធ ច្រណែនឈ្នានីស គំនុំគុំគួន
ចងអាឃាតព្យាបាទអ្នកដទៃ។
- មិច្ឆាទិដ្ឋិ ការយល់ខុសចាកពីហេតុផលពិតជាក់ស្ដែង
ដូចយល់ឃើញថា ឪពុកម្ដាយមិនមានគុណ គ្មានបុណ្យ គ្មានបាប គ្មានជាតិមុខ
គ្មានជាតិក្រោយជាដើម។
ការអប់រំ ទូន្មានគ្របសង្កត់ចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចធ្វើអ្វីផ្សេងៗ ឬពោលស្ដីនិយាយអ្វីបានក៏ដោយសារចិត្តជាអ្នកបង្គាប់បញ្ជាមក ទើបធ្វើ ឬនិយាយស្តីទៅកើត បើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោល និយាយស្ដីអ្វីក៏ដោយ ក៏សុទ្ធតែអាក្រក់ ទៅតាមចិត្តនោះទាំងអស់អញ្ចឹងដែរ តែបើចិត្តគិតរឿងល្អ រឿងបុណ្យកុសល ទោះធ្វើអ្វីក្ដី និយាយស្ដីអ្វីក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសលទាំងអស់ដែរ ដូច្នេះត្រូវខំប្រឹងប្រែងព្យាយាម ទូន្មាន អប់រំគ្របសង្កត់ចិត្ត គឺធ្វើឱ្យចិត្តគិតតែរឿងល្អៗតែម្យ៉ាងប៉ុណ្ណោះ។ មួយវិញទៀត ការអប់រំ ទូន្មានចិត្តនេះសោត ក៏ជាចំណុចសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាផងដែរ ដែលអាចជួយឱ្យបានទៅដល់គោលដៅចុងក្រោយ នោះគឺជាព្រះនិព្វាន។
៤. អបចាយនមយបុណ្យ
បុណ្យសម្រេចពីការគោរព ឱនលំទោនដល់អ្នកដែលគួរគោរព មានដូចជា គោរពទៅតាមគុណធម៌ បានដល់ព្រះសង្ឃ ឪពុកម្តាយ អ្នកមានសីលជាដើម។ គោរពទៅតាមវ័យ មានចាស់ព្រឹទ្ធាចារ្យ ចាស់ទុំទាំងឡាយ ដែលមានអាយុច្រើនជាងយើងជាដើម។ ផលនៃការគោរពនេះ ធ្វើឲ្យយើងបាននូវសេចក្តីសុខ អ្នកផងគោរពស្រឡាញ់រាប់អាន។
៥. វេយ្យាវច្ចមយបុណ្យ
បុណ្យសម្រេចពីការជួយក្នុងការងារនៃបុណ្យ បានដល់ការខ្វល់ខ្វាយ ខ្នះខ្នែង ជួយចាត់ចែង រៀបចំ ឧបត្ថម្ភ ជ្រោមជ្រែង ក្នុងពិធីបុណ្យរបស់ខ្លួនឯងក្ដី របស់អ្នកដទៃក្ដី មានដូចជាការបោសសំអាតវត្តអារាម បម្រើព្រះសង្ឃ ក៏ដូចជាអ្នកដែលមានគុណធម៌ខ្ពស់ ជួយរៀបចំចង្ហាន់ ទីសំណាក់ជាដើម។
៦. ធម្មស្សវនមយបុណ្យ
បុណ្យបានមកពីការស្ដាប់ធម៌ ការស្ដាប់ព្រះធម៌នេះ សំខាន់ខ្លាំងណាស់ បើមិនបានស្ដាប់ទេនោះ យើងក៏មិនស្គាល់ បុណ្យ បាប គុណ ទោស ល្អ អាក្រក់ ត្រៃលក្ខណ៍ សច្ចធម៌នោះដែរ ហើយការស្ដាប់ ដែលចាត់ថា បានបុណ្យ បានផលប្រយោជន៍ច្រើននោះ គឺការស្ដាប់ដោយគោរព យកចិត្តទុកដាក់ ពិនិត្យ សង្កេត ពិចារណាឱ្យយល់អត្ថន័យសេចក្តី។
៧. ធម្មទេសនាមយបុណ្យ
បុណ្យបានមកពីការសម្តែងធម៌ បានដល់ការប្រាប់បង្ហាត់បង្ហាញបង្រៀន ពន្យល់ណែនាំ ទូន្មានប្រៀនប្រដៅ ឱ្យដឹងពីបាប បុណ្យ គុណទោស រារាំងហាមប្រាម មិនអោយធ្វើទង្វើអាក្រក់ ខុសសីលធម៌ សុជីវធម៌ក្នុងសង្គម។ ណែនាំឲ្យដើរផ្លូវល្អ ធ្វើអំពើជាកុសល ដើម្បីសេចក្តីសុខដល់ខ្លួន និងអ្នកដទៃអស់កាលវែង។
៨. បត្តិទានមយបុណ្យ
បុណ្យបានមកដោយសារការចែកចំណែកផលបុណ្យដល់អ្នកដទៃ។
ធម្មតាការចែករំលែករបស់របរផ្សេងៗឱ្យទៅគេ ឱ្យកាន់តែច្រើន
អស់ក៏កាន់តែច្រើនដែរ ប៉ុន្តែការចែករំលែកបុណ្យកុសលវិញ ចែកឱ្យគេកាន់តែច្រើន
អ្នកអោយនោះ រឹងរឹតតែបានបុណ្យកាន់តែច្រើនដែរ
លោកប្រៀបឧបមាដូចជាពន្លឺភ្លើងទៀនមួយដើម បើយើងយកទៀនផ្សេងទៀតទៅអុជចម្លងបន្ត
គឺរឹងរឹតតែធ្វើឱ្យភ្លឺកាន់តែខ្លាំងឡើងថែមទៀត ឯការចែកបុណ្យដល់អ្នកដទៃ
ក៏មានឧបមាដូច្នោះដែរ។ ម្យ៉ាងទៀត ការចែករំលែកផលបុណ្យនេះ គឺសំខាន់ខ្លាំងណាស់
សម្រាប់អ្នកដែលចែកឋានទៅហើយ ដូចជាជីដូនជីតាមាតាបិតារបស់យើងជាដើម
បើយើងធ្វើបុណ្យហើយ មិនបានឧទ្ទិស ជូនចំណែកផលបុណ្យនេះ ទៅដល់ពួកគាត់ទេ ទោះបីយើងធ្វើបុណ្យធំប៉ុណ្ណាក៏ដោយ
ក៏ពួកគាត់មិនអាចទទួលបានផលបុណ្យសូម្បីបន្តិចបន្តួចឡើយ។
ការចែកចំណែកផលបុណ្យនេះមាន ២ ប្រភេទគឺ៖
បើយើងចែកចំណែកផលបុណ្យនេះ ដល់អ្នកដែលកំពុងរស់នៅដូចគ្នា
ហៅថា ប្រគេន ថ្វាយ ឬជូនបុណ្យ។ នេះជាពាក្យសម្រាប់ជូនបុណ្យដល់គ្នានិងគ្នា។
បើចែកចំណែកផលបុណ្យដល់អ្នកដែលស្លាប់ ចែកឋានទៅហើយ ហៅថា
ឧទ្ទិស។ នេះជាពាក្យសម្រាប់ឧទ្ទិសផលបុណ្យដល់អ្នកស្លាប់។
៩. បត្តានុមោទនាមយបុណ្យ
បុណ្យបានមកដោយសារការ ជ្រះថ្លា ពេញចិត្ត
ត្រេកអរទទួលអនុមោទនាចំណែកបុណ្យជាមួយគេ ឬដែលគេបានអោយ។ ការជ្រះថ្លា ពេញចិត្ត
ត្រេកអរនូវចំណែកបុណ្យនេះ ទោះជាគេមិនបានអោយក៏ដោយ
គ្រាន់តែយើងជ្រះថ្លាត្រេកអរក្នុងចិត្តតាមគេ ឬសុំចែកពីគេក៏ដោយ
ក៏បានបុណ្យអានិសង្សដូចគ្នាដែរ។
ការអនុមោទនាទទួលយកបុណ្យកុសលនេះ គឺសំខាន់ខ្លាំងណាស់
ពិសេសសម្រាប់ពពួកប្រេត នរក អសុរកាយ បើមិនចេះអនុមោទនា ទទួលយកកុសលផលបុណ្យទេ
គឺមិនអាចរួចផុតពីកំណើតថោកទាប ទុក្ខទោសវេទនាទាំងអស់នោះ
ហើយបានទៅកើតក្នុងស្ថានសុគតិភព សួគ៌ទេវលោកបានដោយឆាប់រហ័សឡើយ។
១០. ទដ្ឋិជុកម្មមយបុណ្យ
បុណ្យកើតមកពីការមានគំនិត គិតយល់ត្រឹមត្រូវ
ទៅតាមហេតុផលពិត បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិថា ឪពុកម្ដាយមានគុណ
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានពិតមែន កម្មមាន ផលរបស់កម្មក៏មាន បុណ្យមាន បាបមាន
ជាតិមុនមាន ជាតិក្រោយក៏មាន ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ប្រេត នរក
អសុរកាយមានប្រាកដមែន ឬក៏យល់ជឿជាក់ច្បាស់ថា អ្វីៗទាំងអស់មិនទៀង ជាទុក្ខ ជាអនត្តា
ទុក្ខសច្ចៈ មានពិតមែន ហេតុនាំឱ្យកើតទុក្ខក៏មាន កន្លែងរួចផុតចាកទុក្ខក៏មាន ផ្លូវ
ប្រតិបត្តិដែលនាំឱ្យបានរួចផុតចាកទុក្ខក៏មាន ដូច្នេះជាដើម។
បុញ្ញផល
គឺផលបុណ្យនីមួយៗ ដែលយើងសន្សំទុកគឺជាការសន្សំទុកនូវបុណ្យជាប់ជានិច្ច នាំនូវសេចក្តីសុខត្រជាក់ត្រជុំ ទូលំទូលាយ មិនមានក្រៅក្រហាយ អន្ទះអន្ទែង រួមមកហៅថាផលរបស់បុណ្យ។
បុញ្ញសម្បទា
បុណ្យ ផ្តល់នូវសម្បទា ៥ យ៉ាង ហៅថា
បុញ្ញសម្បទា គឺ៖
១. ញាតិសម្បទា សំបូរដោយញាតិ។
២.អារោគ្យសម្បទា បរិបូណ៌ដោយសុខភាពមិនមានរោគបៀតបៀន។
៣. ភោគសម្បទា បរិបូណ៌ដោយទ្រព្យសម្បត្តិ។
៤. សីលសម្បទា បរិបូណ៌ដោយសីលទាន។
៥. ទិដ្ឋិសម្បទា បរិបូណ៌ដោយសម្មាទិដ្ឋិគឺប្រាជ្ញាយល់ឃើញត្រូវ។
ដកស្រង់ចេញពីសៀវភៅ
" ទ្រឹស្តីកម្មផល"
រៀបរៀងដោយ ឈុន-គឹមអៀក
ដោយ៥០០០ឆ្នាំ
ចែករំលែកនិងខ្យាយសេចក្តីបន្តដោយ៖ ឯកសារខ្មែរ
www.edu4kh.com
សូមអធ្យាស្រ័យអំពីម្ចាស់ទំព័រដើមដោយយកមកផ្សាយនិង
ខ្យាយសេចក្តីបន្ថែមដោយមិនបានការអនុញ្ញតិ។