ប្រស្នាព្រះបាតិមោក្ខ

ប្រស្នាព្រះបាតិមោក្ខ

ភាគទី១


ទាញយកសៀវភៅ៖

សូមចុចទីនេះ ប្រស្នាព្រះបាតោមោក្ខ ដើម្បីទាញយក

បណ្ឌិត ឈឹម ទូច

រៀបរៀង៖ព្រះគ្រូសិរីសោភ័ណ កឹម តូរ

ពិនិត្យកែសម្រេច

សម្រាប់សាលាធម្មវិន័យថ្នាក់ ត្រី ទោ ឯក

ចិរំ តិដ្ឋតុ វិនយោ

សូមឲ្យព្រះវិន័យស្ថិតនៅអស់កាលជាយូរអង្វែង

ព.ស. ២៥១៧ គ.ស. ១៩៧៣

អាទិបទ

សៀវភៅ « ប្រស្នាបាតិមោក្ខ» នេះ ខ្ញុំបានដកស្រង់ព្រះពុទ្ធវចនពីវិន័យបិដកមហាវិភង្គ ព្រមទាំងអដ្ឋកថាយកមករៀបរៀងចងក្រងជាពាក្យ បុច្ឆា វិស្សជ្ជនា ដើម្បីជាការងាយស្ដាប់ យល់នៃសិក្ខាកាមកុលបុត្រអ្នកមានសតិប្បញ្ញា ទន់ខ្ចីនៅឡើយ ។

សៀវភៅនេះ ខ្ញុំបានរំលែកជាពីរភាគគឺ ភាគទី១ នេះមានតាំងពីបារាជិកដរាបដល់អនិយត ភាគទី២ មានតាំងពីនិស្សគ្គិយបាចិត្តិយដរាបដល់ចប់សិក្ខាបទ ។ក្នុងការរៀបរៀងសៀវភៅនេះ ខ្ញុំបានពឹងព្រះមហា ស៊ុន សាមេត និងព្រះមហា ហង់ ហាក់ ឲ្យជួយសរសេរចម្លងនិងផ្ទៀងផ្ទាត់ពាក្យត្រឹមត្រូវដរាបដល់ចប់ ។

លុះរៀបរៀងរួចស្រេចហើយ ខ្ញុំបានយកទៅចាត់ការបោះពុម្ពផ្សាយ ដើម្បីជាសាធារណប្រយោជន៍ដល់សិក្ខាកាមកុលបុត្រដែលត្រូវការទួទៅ ។

ដោយអំណាចនៃវីរិយភាព ដែលខ្ញុំបានរៀបរៀងសៀវភៅនេះ សូមឲ្យសាសនមណ្ឌល របស់ព្រះអនាវរណញ្ញាណប្រតិស្ថាននៅគ្រប់គ្រាន់អស់កាលជាអង្វែងទៅ ។

ម៉្យាងទៀត សូមឱ្យលោកអ្នកសិក្សាទាំងឡាយ បានសម្រេចសមតាមវត្ថុបំណង កុំបីក្លាយទៅជាប្រការដទៃឡើយ! ម៉្យាងវិញទៀត សូមអភ័យទោសអំពីសំណាក់នៃបណ្ឌិតទាំងឡាយ បើឃើញមានភ្លាំងភ្លាត់ខ្លះ សូមមេត្តាជួយកែតម្រង់ឱ្យទានផង ដើម្បីជាប្រយោជន៍ដល់ផ្ទៃនៃព្រះពុទ្ធសាសនា ។

វិនយោ សាសនស្ស មូលំ

«ព្រះវិន័យ ជាឫសកែវ របស់សាសនា»

ក្រុងភ្នំពេញ ថ្ងៃ សៅរ៍ ២កើត ខែមិគ្គសិរឆ្នាំថោះត្រីស័ក ព.ស.២៤៩៤

(៣០/១១/៥១)

ឈឹម ទូច

ប្រស្នាព្រះបាតិមោក្ខ

នមត្ថុ រតនត្តយស្ស

សូមនមស្ការ ចំពោះព្រះរត្នត្រ័យ ដោយគោរពសេចក្ដីគោរព ។

១. បុច្ឆា. សួរថា បាតិមោក្ខ ប្រែ ដូចម្ដេច?

វិស្សជ្ជនា. ឆ្លើយថា. បាតិមោក្ខ ប្រែថា ធម្មជាតជាខាងដើម ធម្មជាតជាប្រធាន ឬប្រែថា ធម្មជាតជាប្រមុខនៃកុសលធម៌ទាំងឡាយ ឈ្មោះថា បាតិមោក្ខ ។

២. បុ. បាតិមោក្ខ មានប៉ុន្មានយ៉ាង?

វិ. មាន ២យ៉ាងគឺ សីលប្បាតិមោក្ខ បាតិមោក្ខសីល១, គន្ថប្បាតិមោក្ខ បាតិមោក្ខច្បាប់១ ។

៣. បុ. ចូរអធិប្បាយបាតិមោក្ខទាំងពីរនោះ ឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយថា បាតិមោក្ខស័ព្វត្រង់ពាក្យថា «ភិក្ខុសង្រួមដោយវិធីសង្រួមតាមបាតិមោក្ខ» នឹងត្រង់ពាក្យថា «ធម្មជាតនុះជាដើមចម ជាទ្វារ ជាប្រធាននៃកុសលធម៌ទាំងពួង ហេតុនោះទើបហៅថា បាតិមោក្ខ » ប៉ុណ្ណេះជាដើម គឺជាតួសីល ហៅថា សីលប្បាតិមោក្ខ បាតិមោក្ខដែលជាតួច្បាប់ ហៅថា គន្ថបាតិមោក្ខ ។

៤. បុ. បាតិមោក្ខមានតែពីរប៉ុណ្ណឹង ឬមានតទៅទៀត?

វិ. បាតិមោក្ខមានតទៅទៀត ។

៥. បុ. មានទៀតតើអ្វីខ្លះ?

វិ. មានទៀតនោះគឺ ឱវាទប្បាតិមោក្ខ១ អាណាបាតិមោក្ខ១ ។

៦. បុ. ឱវាទប្បាតិមោក្ខនោះ អធិប្បាយដូចម្ដេច? បានដល់បាតិមោក្ខណា?

វិ. ដែលហៅថា ឱវាទប្បាតិមោក្ខនោះ ចំពោះយកឱវាទជាគាថា មានបទដូចបាននាំមកតម្កល់ទុកជាឧទាហរណ៍ក្នុងទីនេះ ។

ខន្ដី បរមំ តបោ តីតិក្ខា

និព្វានំ បរមំ វទន្តិ ពុទ្ធា

ន ហិ បព្វជិតោ បរូបឃាតី

សមណោ ហោតិ បរំ វិហេដ្ឋយន្តោ ។សេចក្ដីអត់ធន់ សេចក្ដីស៊ូទ្រាំ ជាតបដ៏ក្រៃងលែង អ្នកប្រាជ្ញទាំងឡាយរមែងសរសើរ ព្រះនិព្វានជាបរមសុខ បព្វជិតបើជាអ្នកចងបរូបឃាដ បៀតបៀនគេ មិនហៅថាសមណឡើយ ។

សព្វបាបស្ស អករណំ

កុសលស្សូបសម្បទា

សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ

កាមិនធ្វើបាបគ្រប់យ៉ាង ការសន្សំកុសលគ្រប់បែប ការដុះខាត់ចិត្តរបស់ខ្លួនឱ្យស្អាតផូរផង់ ករណីយកិច្ចប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។

អនូបវាទោ អនូបឃាតោ បាតិមោក្ខ ច សំវរោ

មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយទាសនំ

អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ

ការមិននិយាយរុកគួនគេ មិនចងពៀរព្យាបាទគេ សង្រួមសីលក្នុងបាតិមោក្ខ ដឹងប្រមាណក្នុងភត្ត ពេញចិត្តទីដេកទីអង្គុយស្ងប់ស្ងាត់ ព្យាយាមចម្រើនសមាធិចិត្ត ឱវាទប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។

៧. បុ. ឱវាទប្បាតិមោក្ខនោះ លោកណាសំដែង?

វិ. ឱវាទប្បាតិមោក្ខនេះ គឺព្រះអង្គទ្រង់សំដែងដោយព្រះអង្គឯង ឯងសាវកទាំងឡាយមិនត្រូវសំដែងឡើយ ។

៨. បុ. ចុះអាណាបាតិមោក្ខ លោកណាសំដែង?

វិ. អាណាបាតិមោក្ខនេះព្រះអង្គទ្រង់ប្រោសប្រទានដល់សាវក ឯព្រះពុទ្ធមិនត្រូវសំដែងទេ ។

៩. បុ. អាណាបាតិមោក្ខបានសេចក្ដីដូចម្ដេច?

វិ. អាណាបាតិមោក្ខ គឺបានតិមោក្ខមានអំណាច មានអាជ្ញាសម្រាប់កាត់នូវទោសតូចនិងទោសធំ តាមកំហុសដែលភិក្ខុប្រព្រឹត្តកន្លងសិក្ខាបទនោះៗ ។

១០. បុ. អាណាបាតិមោក្ខព្រះអង្គទ្រង់សំដែងចំពោះបរិស័ទណា?

វិ. ព្រះអង្គទ្រង់សំដែងចំពោះ ភិក្ខុ, ភិក្ខុនី ។

១១. បុ. អាណាបាតិមោក្ខ ចែកជាប៉ុន្មាន?

វិ. ចែកជា ២ គឺ ភិក្ខុប្បាតិមោក្ខ១, ភិក្ខុនីបាតិមោក្ខ១ ។

១២. បុ. ចុះភិក្ខុប្បាតិមោក្ខមានសិក្ខាបទប៉ុន្មាន? អ្វីខ្លះ? ចូររាប់!

វិ. មានសិក្ខាបទ ២២៧ គឺបារាជិក៤,សង្ឃាទិសេស១៣, អនិយត២, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ៩២, បាដិទេសនីយ៤,

សេក្ខិយវត្ត ៧៥, រាប់អធិករណសមថ៧, បន្ថែមទៀតត្រូវជា២២៧ ។

១៣.បុ. ក្នុងកងអាបត្តិទាំង៧កង មានរាប់ថុល្លច្ច័យផង ចុះផងសិក្ខាបទ ២២៧ ហេតុដូចម្ដេចបានជាមិនរាប់ថុល្លច្ច័យបញ្ចូលផង?

វិ. ក្នុងអាបត្តិទាំង ៧ ជាឈ្មោះអាបត្តិទាំង ៧ សិក្ខាបទ ២២៧ ទេ ព្រោះអាបត្តិនេះនៅរាត់រាយគ្មានពួកគ្មានក្រុមនៅជ្រកជ្រៀតក្នុងបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាមិនរាប់បញ្ចូលក្នុងសិក្ខាបទ ២២៧ ។

១៤. បុ. ភិក្ខុនីមោក្ខ មានសិក្ខាបទប៉ុន្មាន?អ្វីខ្លះ?

វិ. មានសិក្ខាបទ ៣១១ សិក្ខាបទ គឺ បារាជិក ៨, សង្ឃាទិសេស១៧, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ១៦៦, បាដិទេសនីយ ៨,

សេក្ខិយវត្ត ៧៥, អធិករណសមថ ៧, ត្រូវជា ៣១១ សិក្ខាបទ ។

១៥. អាបត្តិ ប្រែ ដូចម្ដេច?

វិ. ប្រែថា ត្រូវ ដល់នូវវីតិក្កមទោស គឺប្រព្រឹត្តកន្លងនូវសិក្ខាបទ មួយទៀត ប្រែថា ទោសជាតិ គឺភិក្ខុគប្បីត្រូវ​ គប្បីដល់ ដោយប្រព្រឹត្តអនាចារកន្លងពុទ្ធប្បញ្ញត្តិ ម៉្យាងទៀតបានដល់សេចក្ដីល្មើសនឹងពុទ្ធប្បញ្ញត្តិនិងពុទ្ធានុញ្ញាត ហៅថា អាបត្តិ ។

១៦. បុ. បារាជិក ប្រែ ដូចម្ដេច?

វិ. បារាជិកស័ព្ទនេះ បើប្រែតាមរូបបុគ្គល ប្រែថា អ្នកដល់នូវសេចក្ដីចាលចាញ់ គឺអាបត្តិនេះ បើភិក្ខុណាត្រូវហើយ ភិក្ខុនោះ ឈ្មោះថាចាលចាញ់ឃ្លាតចាកព្រះពុទ្ធសាសនា នឹងតាំងនៅជាភិក្ខុភាវតទៅទៀតមិនបានជាដាច់ខាត ។

១៧. បុ. សង្ឃាទិសេស ប្រែដូចម្ដេច?

វិ. ប្រែថាមានសង្ឃនៅខាងដើម កណ្ដាល និង ខាងចុងដ៏សេស ។

១៨. បុ. សង្ឃខាងដើម កណ្ដាលនិងខាងចុងដ៏សេសនោះដូចម្ដេច?

វិ. សង្ឃខាងដើមបានដល់សង្ឃបរិវាស ៣ ថ្ងៃ សង្ឃកណ្ដាលមានដល់សង្ឃមានត្ត ៦ រាត្រី សង្ឃខាងចុងបានដល់សង្ឃ ២១ អង្គសម្រាប់ធ្វើអព្ភាណកម្ម អាបត្តិនេះបើភិក្ខុណាត្រូវហើយ ភិក្ខុនោះត្រូវអាស្រ័យនឹងសង្ឃ ៣ ពួកនេះ ទើបរួចចាកទោសបាន ។

១៩. អនីយតៈ ប្រែ ដូចម្ដេច?

វិ. ប្រែថា មិនទៀង គឺថាមិនមែនជាតួអាបត្តិ ជួនណាត្រូវបារាជិក ជួនណាត្រូវសង្ឃាទិសេស ជួនណាត្រូវបាចិត្តិយបានជាថាមិនទៀង ។

២០. បុ. ថុល្លច្ច័យ ប្រែ ដូចម្ដេច?

វិ. ប្រែថា មានទោសដ៏ថ្លោស មានទោសអាក្រក់ គឺបណ្ដាអាបត្តិទាំងពួង បើភិក្ខុត្រូវហើយ ត្រូវសំដែងចំពោះភិក្ខុ ១ អង្គ រមែងរួចចាកអាបត្តិបាន ចំណែកអាបត្តិនេះអាក្រក់ជាងដែលជាទេសនាគាមិនីទាំងពួង គឺថាអាបត្តិនៅជ្រកជ្រៀតជាមួយនឹងអាបត្តិបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាឈ្មោះថា អាក្រក់ជាងគេ ។

២១. បុ. បាចិត្តិយ ប្រែ ដូចម្ដេច?

វិ ប្រែថា អាបត្តិដែលភិក្ខុត្រឡប់សំដែងផ្សេងពីអាបត្តិដទៃ អាបត្តិនេះបើភិក្ខុត្រូវហើយ គប្បីត្រឡប់ប្រើបាលីដូច្នេះថា

គារយ្ហំ( អាវុសោ ឬ ភន្តេ) ធម្មំ អាបជ្ជឹ អសប្បាយំ បាដិទេសនីយំ តំ បដិទេសមិ ដូច្នេះ ។

២២. បុ. ទុក្កដ ប្រែ ដូចម្ដេច?

វិ. ប្រែថា អំពើអាក្រក់ ភិក្ខុណាត្រូវហើយ ភិក្ខុនោះឈ្មោះថាធ្វើអាក្រក់ ធ្វើមិនល្អ ធ្វើខុសប្រាសចាកសទ្ធម្ម ដូចបុគ្គលធ្វើបាបក្នុងទីវាល ឬក្នុងទីកំបាំងមុខ ឈ្មោះថា ភិក្ខុធ្វើអំពើអាក្រក់ ។

២៣. បុ. ទុព្ភាសិត ប្រែ ដូចម្ដេច?

វិ. ប្រែថា ពោលពាក្យអាក្រក់ ពាក្យណាដែលជាពាក្យអាក្រក់អ្នកប្រាជ្ញត្មះតិះដៀល ភិក្ខុណានូវពាក្យនោះ ឈ្មោះថា ពោលនូវពាក្យអាក្រក់ ។

២៤. និស្សគ្គិយបាចិត្តិយ និង សុទ្ធិកបាចិត្តិយ សេចក្ដីផ្សេងគ្នាដូចម្ដេច?

វិ. ផ្សេងគ្នាដូច្នេះ និស្សគ្គិយបាចិត្តិយ ភិក្ខុលះបង់វត្ថុដែលបានមកមិនប្រកបដោយធម៌ហើយសិន ទើបសំដែងអាបត្តិដាច់ ចំណែកសុទ្ធិក

បាចិត្តិយ សំដែងអាបត្តិតែម្ដងមិនចាំបាច់លះ ។

២៥. បុ. អាការៈដែលភិក្ខុនឹងត្រូវអាបត្តិនោះមានប៉ុន្មានយ៉ាង?

វិ. មាន ៦ យ៉ាងគឺ

១​ អលជ្ជិតា អាការៈមិនអៀនខ្មាស

២ អញ្ញាណតា អាការៈមិនចេះមិនដឹង

៣ កុក្កុច្ចប្បកតត្តា អាការៈបំពានសេចក្ដីសង្ស័យ

៤ អកប្បិយេ កប្បិយសញ្ញិតា អាការៈសម្គាល់ថាគួរក្នុងវត្ថុមិនគួរ

៥ កប្បិយេ អកប្បិយសញ្ញិតា អាការសម្គាល់ថាមិនគួរវត្ថុមិនគួរ

៦ សតិសម្មោសា អាការៈភ្លេចស្មារតី ។

២៦. បុ. ភិក្ខុត្រូវអាបត្តិដោយអាការមិនអៀនខ្មាសនោះយ៉ាងណា?

វិ. ភិក្ខុដឹងជាក់ថាជាវត្ថុមិនគួរហើយ ប្រព្រឹត្តធ្វើឲ្យកន្លងបញ្ញត្តទាំងបំពាន ។ ឧទាហរណ៍ ភិក្ខុក្លែងធ្វើត្រូវអាបត្តិភិក្ខុបិទបាំងលាក់លៀមអាបត្តិដែលត្រូវហើយ ភិក្ខុផ្អៀងទៅកាន់ដំណើរអគតិឲ្យលង់ដល់ថ្នាក់ត្រូវអាបត្តិ ភិក្ខប៉ុណ្ណេះពួក ហៅថា អលជ្ជិបុគ្គល ។

២៧. បុ. ភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យនោះ ដូចម្ដេច?

វិ. កាលបើមានសេចក្ដីសង្ស័យកើតឡើង អាស្រ័យវត្ថុគួរនិងវត្ថុមិនគួរ តាមច្បាប់ត្រូវឲ្យភិក្ខុសួរលោកអ្នកទ្រទ្រង់វិន័យជាមុនសិន បើឃើញថាជាវត្ថុគួរសឹមធ្វើ បើឃើញថាវត្ថុមិនគួរទេ កុំគប្បីធ្វើ ភិក្ខុនេះមិនដូច្នោះ ចេះតែធ្វើប្រថុយថាគួរៗទៅយ៉ាងនេះហៅថាភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យ ។

២៨. បុ. ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរដូចម្ដេច?

វិ. ភិក្ខុឆាន់សាច់ ដែលមិនគួរឆាន់ មានសាច់ខ្លាឃ្មុំជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។

២៩. បុ. ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរដូចម្ដេច?

វិ. ភិក្ខុឆាន់សាច់ដែលគួរឆាន់បាន ដូចសាច់ស្វករជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។

៣០. បុ. ភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតីនោះដូចម្ដេច?

វិ. ភិក្ខុប្រព្រឹត្តកន្លងសហសេយ្យសិក្ខាបទ និងចីវរប្បវាសសិក្ខាបទជាដើម ធ្វើឲ្យត្រូវអាបត្តិទាំងភ្លេចស្មារតី យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតី ។

សាធារណវិនិច្ឆ័យ

៣១. បុ. សេចក្ដីវិនិច្ឆ័យបានទួទៅ គ្រប់សិក្ខាបទទាំងអស់នោះប្រកបដោយលក្ខណប៉ុន្មាន? អ្វីខ្លះ?

វិ. ប្រកបដោយលក្ខណ ១៧ គឺ និទាន១ បុគ្គល១ វត្ថុ១ បញ្ញត្តិវិធី១ អាណត្តិ១​ អាបត្តិ១ អានាបត្តិមួយ១ វិបត្តិ១ អង្គ១ សមុដ្ឋានវិធី១ ភាពនៃអាបត្តិផ្សេងគ្នាដោយកិរិយា១ ដោយសញ្ញា១ ដោយចិត្ត១ ប្រភេទនៃវជ្ជ១ កម្ម១ និងតិកវិធី ២ រួមមកត្រូវជា ១៧ ។

៣២. បុ. និទាននោះដូចម្ដេច?

វិ. ទីតាំងនៃការបញ្ញត្តិសិក្ខាបទ៧កន្លែង គឺ

ក្រុងវេសាលី១ ក្រុងរាជគហ១ ក្រុងសាវត្ថី១ ក្រុងអាឡាវី១ ក្រុងកោសម្ពី១ ដែនសក្ក១

 ដែនភគ្គ១ ឈ្មោះថានិទាន ព្រោះទីតាំង ៧ កន្លែងនេះជាដើមចមនៃសិក្ខាបទទាំងអស់ ។

៣៣. បុ. បុគ្គល នោះដូចម្ដេច?

វិ. សិក្ខាបទនោះដែលព្រះមានព្រះភាគទ្រង់បញ្ញត្តប្រារព្ធចំពោះបុគ្គលណាៗមានសុទិន្នភិក្ខុជាដើម បុគ្គលនោះៗ ឈ្មោះថាបុគ្គល ។

៣៤. បុ. វត្ថុនោះតើដូចម្ដេច?

វិ អំពើប្រព្រឹត្តល្មើសរបស់បុគ្គលនោះៗ ឈ្មោះថាវត្ថុ ។

៣៥. បុ. បញ្ញត្តិនោះដូចម្ដេច? មានប៉ុន្មានយ៉ាង?

វិ. បញ្ញត្តិនោះគឺ សេចក្ដីហាមប្រាមមាន ៩ យ៉ាងគឺ

១ បញ្ញត្តិ បឋមប្បញ្ញត្តិបន្ថែម

២ អនុប្បញ្ញត្តិ បញ្ញត្តិបន្ថែម

៣ អនុប្បន្នប្បញ្ញត្តិ បញ្ញត្តិបង្ការទោសដែលមិនទាន់កើត

៤ សព្វត្ថប្បញ្ញត្តិ បញ្ញត្តិគ្រប់ប្រទេស

៥ បទេសប្បញ្ញត្តិ បញ្ញត្តិចំពោះប្រទេស

៦ សាធារណប្បញ្ញត្តិ បញ្ញត្តិទួទៅ

៧ អសាធារណប្បញ្ញត្តិ បញ្ញត្តិមិនទួទៅ

៨ ឯកតោបញ្ញត្តិ បញ្ញត្តិតែម្ខាងៗ

៩ ឧភតោបញ្ញត្តិ បញ្ញត្តិទាំងពីរខាង ។

៣៦. បុ. ចូរអធិប្បាយថា បញ្ញត្តិទាំង ៩ យ៉ាងនោះមកពីណា?

វិ. អធិប្បាយថា បញ្ញត្តិដំបូង ឬបញ្ញត្តិជាខាងដើមក្នុងសិក្ខាបទនីមួយៗ ហៅថាបញ្ញត្តិ ។

    បញ្ញត្តិថែមជាបន្ទាប់ៗ អំពីបថមបញ្ញត្តិនោះមកក្នុងសិក្ខាបទនីមួយៗ ដើម្បីបំពេញកិច្ចក្នុងសិក្ខាបទនោះៗ ឬដើម្បីសម្រួលសិក្ខាបទនោះៗ ឲ្យប្រព្រឹត្តទៅបានដោយស្រួល ហៅថាអនុប្បញ្ញត្តិ ។

    បញ្ញត្តិដែលព្រះមានព្រះភាគទ្រង់បញ្ញត្តទុកមុន បង្ការទោសដែលមិនទាន់កើតឡើងនៅឡើយ កុំឲ្យកើតឡើងបានហៅថាអនុប្បន្នប្បញ្ញត្តិ តែបញ្ញត្តិនេះមានមកដាច់ដោយឡែក ចំពោះតែភិក្ខុនីទាំងឡាយ ដោយបញ្ញត្តិឲ្យទទួលប្រព្រឹត្តតាមគរុធម៌ ៨ ប្រការ មិនមានក្នុងសិក្ខាបទឯទៀតៗ ឡើយ ។

    បទេសប្បញ្ញត្តិ ព្រះទ្រង់បញ្ញត្តចំពោះតែសិក្ខាបទ ៤ គឺ

១ វិនយធរបញ្ចេមេន គណេន ឧបសម្បទា ហាមឧបសម្បទាដោយគណសង្ឃមានវិន័យធរ គឺព្រះឧបជ្ឈាយ៍ជាគម្រប់ ៥ ។

២ គណង្គណុបាហនា ហាមការពាក់ស្បែកជើងស្បែកមានជាន់ ៤ ។

៣ ធុវន្ហានំ ហាមការងូតទឹកជានិច្ចកាលតាមត្រូវការ(គឺងូតទឹករាល់ៗ ថ្ងៃ) ។

 ៤ ចម្មត្ថរណំ ហាមការប្រើប្រាស់កម្រាលដែលធ្វើដោយស្បែក ។

    សិក្ខាបទ ៤ នេះបើប្រព្រឹត្តកន្លង ត្រូវអាបត្តិចំពោះតែភិក្ខុដែលនៅក្នុងមជ្ឈិមប្រទេស ឯភិក្ខុដែលនៅក្នុងបច្ចន្តប្រទេសពុំត្រូវអាបត្តិឡើយ ។ បណ្ដាសិក្ខាបទទាំង ៤ នោះ មានតែធុវន្ហានសិក្ខាបទមួយទេ ដែលមានមកក្នុងបាតិមោក្ខ សល់ពីនោះជាសិក្ខាបទក្រៅបាតិមោក្ខ ។ បទេសប្បញ្ញត្តិមានចំពោះតែសិក្ខាបទ ៤ នេះ សិក្ខាបទក្រៅពីនោះមិនមានឡើយ សិក្ខាបទក្រៅពីនេះទាំងប៉ុន្មាន ឈ្មោះថា សព្វត្ថប្បញ្ញត្តិទាំងអស់ ។

    សាធារណបញ្ញត្តិ និង អសាធារណប្បញ្ញត្តិ មួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូ បញ្ញត្តិទាំងពីរគូនេះ មានរូបសេចក្ដីដូចគ្នា ចាត់ទុកថាជាគូតែមួយ ព្រោះហេតុនោះ លោកលើកទុកអនុប្បន្នប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ និង សព្វត្ថប្បញ្ញត្តិមួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូជា ៥ បញ្ញត្តិ នៅសល់បញ្ញត្តិ ៤ គឺបញ្ញត្តិ ១ អនុប្បញ្ញត្តិ១ សាធារណបញ្ញត្តិ១ អសាធារណប្បញ្ញត្តិ១ ដែលត្រូ​វលើកយកមកវិនិច្ឆ័យក្នុងសិក្ខាបទទាំងពួង ។

៣៧. បុ. អាណត្តិ នោះដូចម្ដេច?

វិ. ការបង្គាប់ ឬ ប្រើគេឱ្យធ្វើ ហៅថា អាណត្តិ ។

៣៨. បុ. អាបត្តិ នោះដូចម្ដេច?

វិ. ប្រភេទនៃអាបត្តិផ្សេងៗ មានអាណត្តិ ជាបុព្វប្រយោគជាដើមហៅថា អាបត្តិ ។

៣៩. បុ. អនាបត្តិ នោះដូចម្ដេច?

វិ. អនាបត្តិនោះ គឺការមិនត្រូវអាបត្តិ ដោយអំណាចនៃការមិនដឹងជាដើម ។

៤០. បុ. វិបត្តិនោះ ដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?

វិ. វិបត្តិ គឺសេចក្ដីខូចរបស់ភិក្ខុ សាមណេរ មាន ៤ យ៉ាងគឺ

    ១. សីលវិបត្តិ ខូចសីល

    ២. អាចារវិបត្តិ ខូចមារយាទ

    ៣. ទិដ្ឋិវិបត្តិ ខូចទិដ្ឋិគឺសេចក្ដីយល់ខុស

    ៤. អាជីវវិបត្តិ ខូចអាជីវ គឺការចិញ្ចឹមជីវិត ។

៤១. បុ. សីលវិបត្តិនោះ បានដល់កងអាបត្តិណាខ្លះ?

វិ. បានអាបត្តិ ២ កង គឺ បារាជិក ៤ និងសង្ឃាទិសេស ១៣ ទាំងពីរកងនេះ ចាត់ចូលក្នុងសីលវិបត្តិ ។

៤២. បុ. អាចារវិបត្តិនោះ បានដល់កងអាបត្តិណា?

វិ. បានដល់អាបត្តិ ៥ កង គឺថុល្លច្ច័យ១ បាចិត្តិយ១ បាដិទេសនីយ១ ទុក្កដ១ ទុព្ភាសិត១ ទាំង ៥ កងនេះចាត់ចូលក្នុងអាចារវិបត្តិ ។

៤៣. បុ. ទិដ្ឋិវិបត្តិនោះ បានដល់អាបត្តិណា?

វិ. បានដល់អរិដ្ឋសិក្ខាបទ ជាសិក្ខាបទទី៨ នៃសប្បាណកវគ្គ ។

៤៤. អាជីវវិបត្តិនោះ បានដល់អាបត្តិពួកណាខ្លះ?

វិ. បានដល់អាបត្តិទាំង ៧ កង គឺភិក្ខុប្រព្រឹត្តអនេសននិងបាបធម៌ គួរដល់បារាជិកក៏មាន គួរដល់សង្ឃាទិសេសក៏មានជាដើម តាមកិរិយាអាបត្តិប្រព្រឹត្តនៃភិក្ខុនោះៗ ។

៤៥. បុ. អង្គនោះ ដូចម្ដេច?

វិ. អង្គរបស់សិក្ខាបទទាំងអស់ហៅថាអង្គ ។

៤៦. បុ. សមុដ្ឋានវិធីនោះដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?

វិ. វិធីសំដែងអំពីសមុដ្ឋាននៃអាបត្តិទាំងពួងហៅថា

សមុដ្ឋានវិធី មាន ៦ យ៉ាង គឺ

    ១. កាយោ        កាយ

    ២. វាចា        វាចា

    ៣. កាយវាចា    ទាំងកាយទាំងវាចា

    ៤. កាយចិត្តំ     ទាំងកាយទាំងចិត្ត

    ៥. វាចាចិត្តំ    ទាំងវាចាទាំងចិត្ត

    ៦. កាយវាចាចិត្តំ ទាំងកាយទាំងវាចាទាំងចិត្ត ។

បណ្ដាសមុដ្ឋានទាំង ៦ នោះ សមុដ្ឋាន ៣ ខាងដើមមិនមានចិត្តចូលលាយផង ហៅថាអចិត្តកសមុដ្ឋាន សមុដ្ឋាន ៣ ខាងចុងមានចិត្តចូលលាយផងហៅថា សចិត្តកសមុដ្ឋាន ។

    អាបត្តិទាំងឡាយរមែងកើតឡើងដោយសមុដ្ឋានតែមួយក៏មាន ២ ក៏មាន ៣ ក៏មាន ៤ ក៏មាន ៦ ក៏មាន តែកើតឡើងដោយសមុដ្ឋាន ៥ មិនមានឡើយ ។

    អាបត្តិដែលមានសមុដ្ឋានៗ រមែងកើតដោយសមុដ្ឋានទី ៤ ខ្លះ

 ទី៥ខ្លះ ទី ៦ ខ្លះ មិនដែលកើតឡើង ដោយសមុដ្ឋានឯទៀតទេ ។

    អាបត្តិដែលមានសមុដ្ឋាន ២ រមែងកើតដោយសមុដ្ឋានទី ១ និងទី ៤ ខ្លះ ទី២ និងទី៥ខ្លះ ទី៣ និងទី៦ ខ្លះ ទី៤ និងទី៦ ខ្លះ ទី៥ នឹងទី៦ ខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៣ រមែងកើតដោយសមុដ្ឋាន ៣ ខាងដើមខ្លះ ៣ ខាងចុងខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៤ រមែងកើតដោយសមុដ្ឋាន ទី១ ទី៣ ទី៤ និងទី៦ ខ្លះ ដោយសមុដ្ឋានទី ២ ទី ៣ ទី៥ និងទី៦ ខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៦ រមែងកើតដោយសមុដ្ឋានទាំង ៦ រាល់តែសមុដ្ឋាន ។

៤៧. បុ. កិរិយានោះមានប៉ុន្មាន? ចូររាប់?

វិ. មាន ៥ គឺ

    ១. កិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើ

    ២. អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាមិនធ្វើ

    ៣. កិរិយាកិរិយតោ​សមុដ្ឋាតិ​ អាបត្តិកើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ

    ៤. សិយា កិរិយតោ​ សិយា អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើក៏មាន ដោយកិរិយាមិនធ្វើក៏មាន

    ៥. សិយា កិរិយតោ សិយា កិរិយាកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើក៏មាន ដោយកិរិយាធ្វើនិងកិរិយាមិនធ្វើក៏មាន ។

៤៨. បុ. ចូរអធិប្បាយកិរិយាគ្រប់ទាំង ៥ មកមើល?

វិ. អធិប្បាយថា អាបត្តិពួកណារមែងត្រូវដល់ភិក្ខុ កាលប្រព្រឹត្តកន្លងដោយកាយឬដោយវាចា ដូចអាបត្តិក្នុងបឋវិខណនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាធ្វើ គឺភិក្ខុជីកដីដោយខ្លួនឯងក្ដី ប្រើគេឱ្យជីកដី ត្រូវអាបត្តិបាចិត្តិយ ។

    អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលមិនធ្វើនូវកិច្ចដែលត្រូវធ្វើដោយកាយឬដោយវាចា ដូចអាបត្តិក្នុងបឋមកឋិនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាមិនធ្វើគឺមិនធ្វើវិកប្បនិងអធិដ្ឋាននូវអតិរេកចីវរ ដែលកន្លងហួសពី ១០ ថ្ងៃទៅ ។

    អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលធ្វើខ្លះ មិនធ្វើខ្លះ ដូចអាបត្តិក្នុងចីវរប្បដិគ្គហណសិក្ខាបទ ដែលភិក្ខុត្រូវ ព្រោះការទទួលចីវរអំពីដៃនាងភិក្ខុនី មិនមែនជាញាតិជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ កិរិយាធ្វើគឺទទួលចីវរអំពីដៃនាងភិក្ខុនី កិរិយាមិនធ្វើ គឺមិនផ្លាស់ប្ដូរគ្នាជាមុនសិន ។

    អាបត្តិពួកណា រមែងត្រូវដល់ភិក្ខុ កាលធ្វើក៏មាន កាលធ្វើនឹងមិនធ្វើក៏មាន ដូចអាបត្តិក្នុងកុដិការសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថាកើតដោយកិរិយាធ្វើក៏មាន គឺធ្វើឲ្យកន្លងហួសប្រមាណ កាលធ្វើនឹងមិនធ្វើក៏មាន គឺមិនបានឱ្យសង្ឃសំដែងទីឲ្យជាមុនសិនហើយសឹមធ្វើ ។

៤៩. បុ. សញ្ញានោះ ដូចម្ដេច? មានប៉ុន្មាន?

វិ. សញ្ញានោះ គឺសេចក្ដីសម្គាល់ មាន ២ គឺ

    ១. សញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុរួចខ្លួនដោយសញ្ញា

    ២. នោសញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុមិនរួចខ្លួនដោយសញ្ញា ។

៥០. សញ្ញាទាំងពីរនោះ តើដូចម្ដេច? ចូរអធិប្បាយ?

វិ. អធិប្បាយថា អាបត្តិណាមួយ ដែលភិក្ខុរួចខ្លួនដោយមិនមាននៃសញ្ញាក្នុងការប្រព្រឹត្តបទល្មើស គឺថាមិនមានចិត្តក្លែង អាបត្តិពួកនេះឈ្មោះថាសញ្ញាវិមោក្ខា ។

    អាបត្តិពួកណាដែលភិក្ខុមិនរួចខ្លួន ដោយមិនមានសញ្ញាគឺថាក្លែងក្ដី មិនក្លែងក្ដី ក្នុងការប្រព្រឹត្តល្មើស អាបត្តិពួកនេះឈ្មោះថានោសញ្ញាវិមោក្ខា ។

៥១. បុ. ចិត្តនោះចែកជាប៉ុន្មាន? ចូររាប់!

វិ. ចែកជា ២ គឺសចិត្តកា១ អចិត្តកា១ ។

៥២. បុ. ចូរអធិប្បាយចិត្តទាំងពីរឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយថា អាបត្តិពួកណា រមែងកើតតែដោយសចិត្តកសមុដ្ឋានចិត្តសុទ្ធ អាបត្តិពួកនេះឈ្មោះថាសចិត្តកា គឺប្រកបដោយចិត្ត ។

    អាបត្តិពួកណារមែងកើតដោយអចិត្តកសមុដ្ឋានផង ដោយសចិត្តកមិស្សកសមុដ្ឋាន គឺ សមុដ្ឋានលាយដោយសចិត្តក្លែងក៏ត្រូវមិនមានចិត្តក្លែងក៏ត្រូវ ។

៥៣. បុ. វជ្ជ ចែកតាមប្រភេទមានប៉ុន្មាន?

វិ. មាន ២ គឺ លោកវជ្ជ១ បណ្ណត្តិវជ្ជ១ ។

៥៤. ចូរអធិប្បាយ វជ្ជៈទាំង ២ មកមើល?

វិ. អធិប្បាយថា ក្នុងពួកសចិត្តកាបត្តិ អាបត្តិពួកណាមានចិត្តជាអកុសលសុទ្ធ អាបត្តិពួកនេះឈ្មោះថា លោកវជ្ជ មានទោសតាមផ្លូវលោក ។ អាបត្តិសល់ពីនោះ ឈ្មោះថា បណ្ណត្តិវជ្ជ មានទោសតាមពុទ្ធប្បញ្ញត្តិ ។

៥៥. បុ. កម្មចែកតាមប្រភេទមានប៉ុន្មាន?

វិ. ចែកតាមប្រភេទមាន ៣ ។

៥៦. បុ. មាន ៣ គឺអ្វីខ្លះ? ចូររាប់ឲ្យសព្វគ្រប់ហើយអធិប្បាយផង?

វិ. មាន ៣ នោះគឺ

    ១. កាយកម្ម អាបត្តិជាកាយកម្មប្រព្រឹត្តទៅក្នុងកាយទ្វារ ។

    ២. វចីកម្ម អាបត្តិជាវចីកម្មប្រព្រឹត្តទៅក្នុងវចីទ្វារ ។

    ៣. តទុភយកម្ម អាបត្តិជាកម្មទាំងពីរនោះប្រព្រឹត្តទៅក្នុងទ្វារទាំងពីរ ។

    អធិប្បាយថា អាបត្តិដែលភិក្ខុត្រូវក្នុងកាយទ្វារ ឈ្មោះថា កាយកម្ម ដែលភិក្ខុក្នុងទ្វារ ឈ្មោះថា វចីកម្ម ដែលភិក្ខុត្រូវក្នុងទ្វារទាំងពីរ ឈ្មោះ តទុភយកម្ម ឬកាយកម្ម វចីកម្ម ។ អាបត្តិដែលភិក្ខុត្រូវក្នុងមនោទ្វារមិនមានឡើយ ។

៥៧.បុ. តិកវិធីនោះចែកដូចម្ដេច?

វិ ចែកជាពីរគឺ កុសលត្តិក១ ។

៥៨.បុ. កុសលត្តិក ចែកជាប៉ុន្មានទៀត?

វិ. ចែកជា ៣ ។

៥៩.បុ. បីនោះដូចម្ដេច? ចូររាប់ហើយអធិប្បាយផង?

វិ. កុសលចិត្ត១ អកុសលចិត្ត១ អព្យាកតចិត្ត១ សេចក្ដីថា កាលភិក្ខុត្រូវអាបត្តិរមែងត្រូវទាំងចិត្តជាកុសលក៏មាន ទាំងចិត្តជាអកុសលឬអព្យាកតក៏មាន ។

៦០. បុ. ចុះវេទនត្តិក ចែកទៅមានប៉ុន្មាន?

វិ. មាន ៣ គឺ ទុក្ខវេទនា១ សុខវេទនា១ ឧបេក្ខាវេទនា១ សេចក្ដីថា កាលភិក្ខុត្រូវអាបត្តិ រមែងត្រូវទាំងប្រកបដោយទុក្ខវេទនាក៏មាន ទាំងប្រកបដោយវេទនាក្រៅពីនេះក៏មាន ។ រួមសេចក្ដី កាលបើយ៉ាងនេះគ្រប់សិក្ខាបទទាំងអស់ លោកអ្នកសិក្សាត្រូវចាំប្រភេទដូច្នេះគឺ បើថាចិត្ត១ ត្រូវដឹងថាអកុសលចិត្ត ចិត្ត ២ ត្រូវដឹងថាកុសលចិត្តនិងអព្យាកតចិត្ត ចិត្ត ៣ ត្រូវដឹងថាចិត្តទាំងអស់ វេទនា១ ត្រូវដឹងថា ទុក្ខវេទនា វេទនា២ត្រូវដឹងថា សុខវេទនា និងឧបេក្ខាវេទនា វេទនា ៣ ត្រូវដឹងថាវេទនាទាំងអស់ ។

៦១. បុ. អាបត្តិត្រូវដោយអកុសលចិត្តចុះគួរតែត្រូវព្រោះចិត្តជាអកុសល ចុះចិត្តជាកុសលទេ ហេតុអ្វីក៏ត្រូវអាបត្តិដែរ? តើត្រូវអាបត្តិពួកណា?

វិ. ត្រូវអាបត្តិដោយចិត្តជាកុសលនោះ ដូចធម្មទេសនាសិក្ខាបទភិក្ខុសំដែងធម៌ចំពោះមាតុគ្រាម​ ដែលមិនមានបុរសដឹងក្ដីនៅជាមួយផងឱ្យលើសពី៦ ម៉ាត់ឡើងទៅត្រូវបាចិត្តិយ ចិត្តជាកុសលតែខុសនឹងពុទ្ធប្បញ្ញត្តិ ឬភិក្ខុជ្រះថ្លាកាច់ផ្កាទៅថ្វាយព្រះរត្នត្រ័យដូច្នេះជាដើម ។

៦២. បុ. ត្រូវដោយអពញយាកតចិត្តនោះ តើបានដល់សិក្ខាបទណា?

វិ. បានដល់អចិត្តកសិក្ខាបទ ដូចភិក្ខុដេកលក់ គេយកស្រាទៅបញ្ច្រាកឱ្យកន្លងហួសបំពង់កចូលទៅទាំងមិនដឹងខ្លួនត្រូវអាបត្តិបាចិត្តិយឬដូចព្រះអរហន្ត មានត្រូវអាបត្តិជាបណ្ណត្តិវជ្ជខ្លះ ។

៦៣. បុ. បានកើតឡើងព្រោះចិត្ត ចុះបើគ្មានចិត្តសោះហេតុអ្វីក៏ត្រូវអាបត្តិដែរ?

វិ. អាបត្តិនោះត្រូវហើយមានទោសក៏មាន មិនមាទោសក៏មាន ព្រោះបញ្ញត្តិមាន ២ គឺសាវជ្ជប្បញ្ញត្តិ១ អនវជ្ជប្បញ្ញត្តិ១ សាវជ្ជបញ្ញត្តិប្រកបដោយទោស បានដល់លោកវជ្ជសិក្ខាបទទាំងអស់ អនវជ្ជប្បញ្ញត្តិ បញ្ញត្តិមិនប្រកបដោយទោសបានដល់លោកវជ្ជសិក្ខាបទទាំងអស់ អនវជ្ជប្បញ្ញត្តិ បញ្ញត្តិមិនប្រកបដោយទោសបានដល់បណ្ណត្តិវជ្ជសិក្ខាបទទាំងអស់ អនវជ្ជសិក្ខាបទនេះ គ្រាន់តែមានទោសក្នុងបច្ចុប្បន្ននេះ ព្រោះប្រព្រឹត្តឱ្យកន្លងពុទ្ធប្បញ្ញត្តិប៉ុណ្ណោះ ចំពោះដែលមិនដឹងខ្លួនមិនក្លែងសោះ ដូចប្រស្នាខាងដើម ។

៦៤. បុ. សិក្ខាបទទាំងអស់ សិក្ខាបទណាដែលភិក្ខុត្រូវហើយកែមិនបាន?

វិ. សិក្ខាបទ ៤ គឺបារាជិកទាំង៤ ជាអតេកិច្ឆា ភិក្ខុត្រូវហើយកែមិនបាន ត្រូវដាច់ចាកភិក្ខុភាវសិក្ខាបទក្រៅពីបារាជិក ៤នោះជាសតេកិច្ឆា នៅកែបាន ។

៦៥. បុ. ភិក្ខុមានចិត្តក្លែងគួរថាត្រូវអាបត្តិ ចុះបើគ្មានចិត្តក្លែងសោះម៉េចក៏ត្រូវអាបត្តិដែរ? តើបំណងព្រះសម្ពុទ្ធដូចម្ដេច? បានជាចាត់ឱ្យត្រូវអាបត្តិ?

វិ. បានជាត្រូវអាបត្តិនោះ ព្រះពុទ្ធបំណង ដើម្បីនឹងស្ទាក់ភិក្ខុជាអលជ្ជីដែលមានពុតត្បុតអាក្រក់ កាលណាប្រព្រឹត្តអាក្រក់ហើយក្លែងថាមិនដឹង វិនយធរ ដែលជាបុថុជ្ជន មិនអាចនឹងដេញពុតត្បុតភិក្ខុអលជ្ជីនោះបាន ហេតុដូច្នេះបានជាព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តថាក្លែងក៏ត្រូវ មិនក្លែងក៏ត្រូវ នេះចំពោះសិក្ខាបទដែលជាអចិត្តក ។

អនុសាសន

៦៦. បុ. អនុសាសន ប្រែដូចម្ដេច?

វិ. ប្រែថា ពាក្យប្រប្រៀនប្រដៅ ។

៦៧. បុ. ពាក្យប្រៀនប្រដៅមានប៉ុន្មានយ៉ាង? ចូររាប់!

វិ. មាន ៨ យ៉ាង គឺ និស្ស័យ ៤ អករណីយកិច្ច ៤ ។

៦៨. បុ. និស្ស័យនោះ ប្រែដូចម្ដេច ? មានប៉ុន្មាន?

វិ. ប្រែថា បច្ច័យជាគ្រឿងអាស្រ័យរបស់បព្វជិត ហៅថា និស្ស័យមាន ៤ យ៉ាងគឺ ដើរបិណ្ឌបាត ១ ស្លៀកដណ្ដប់សំពត់ ១ បង្សុកូល ១ នៅអាស្រ័យក្រោមម្លប់ឈើ ១ ឆាន់ថ្នាំដែលត្រាំដោយទឹកមូត្រ ១ ។

៦៩. បុ. ព្រះពុទ្ធទ្រង់បញ្ញត្តបុគ្គលដែលចូលមកបួសក្នុងពុទ្ធសាសនានោះ ឱ្យវៀរចាកអភព្វបុគ្គល ១១ ចំពូក និងបុគ្គលមានរោគឃ្លង់ស្រែងជាដើម សម្រាំងយកតែអ្នកជាដែលល្អៗ ត្រឹមត្រូវទើបឲ្យចូលមកបួសបាន ហេតុអ្វីបួសហើយបានជាបន្ថោកបន្ទាបឱ្យដើរសូមទានគេឱ្យស្លៀកដណ្ដប់សំពត់បង្សុកូលជាដើមដូច្នេះ? គួរតែលើកកុំតម្កើង!

វិ បានជាព្រះសម្ពុទ្ធទ្រង់បញ្ញត្ត អភព្វបុគ្គលមានឃ្លង់ស្រែង ព្រោះខ្លាចឆ្លងដល់ភិក្ខុផងគ្នា មនុស្សខ្ញុំគេជាដើម មិនជាទីជ្រះថ្លាដល់ទាយក ទាយិកា ដែលឱ្យអាស្រ័យនូវនិស្ស័យ ៤ នោះមិនមែនបន្ថោកបន្ទាបទេ គឺដើម្បីនឹងឱ្យកាន់ធម៌សន្ដោសកុំឱ្យឆ្មើងឆ្នៃច្បិចច្បើមវត្ថុថោកទាប តែបើអតិរេលាភកើតឡើង ក៏ព្រះពុទ្ធអង្គឥតមានហាមឃាត់ដែរ ឱ្យទទួលបានតាមសេចក្ដីពេញចិត្ត ។

៧០. បុ. អករណីយកិច្ចនោះ ប្រែដូចម្ដេច? មានប៉ុន្មាន? ចូររាប់!

វិ. ប្រែថា កិច្ចដែលបព្វជិតមិនត្រូវធ្វើ មាន ៤ យ៉ាងគឺ សេពមេថុនធម្ម១ លួចទ្រព្យ១ សម្លាប់សត្វ១ ពោលអួតគុណវិសេសដែលមិនមានក្នុងខ្លួន១ ។

៧១. បុ. អករណីកិច្ច នឹងបារាជិក មានសេចក្ដីផ្សេងគ្នាឬដូចគ្នា?

វិ. ផ្សេងគ្នាខ្លះ ដូចគ្នាខ្លះ ។

៧២. បុ. ផ្សេងគ្នានោះដូចម្ដេច ? ដូចគ្នានោះដូចម្ដេច?

វិ. ផ្សេងគ្នានោះដូច្នេះ បារាជិកជាឈ្មោះអាបត្តិ អករណីយកិច្ចជាឈ្មោះអំពើដែលភិក្ខុមិនត្រូវធ្វើ សំដៅយកវត្ថុតូច ធំ តាំងអំពីអាបត្តិ ទុក្កដ

ថុល្លច្ច័យ បារាជិក ឈ្មោះថាអករណីយកិច្ច ឯដូចគ្នានោះ បើត្រូវបារាជិក ក៏ហៅថា អករណីយកិច្ចបានដែរ ។

៧៣. បុ. អករណីយកិច្ច កិច្ចដែលភិក្ខុមិនត្រូវធ្វើ មានច្រើនគគោកសិក្ខាបទរាប់មិនអស់ ហេតុអ្វីក៏ក្នុងអនុសាសន មានត្រឹមតែ ៤ ប៉ុណ្ណេះ?

វិ. ច្រើនក៏ពិតមែន តែសិក្ខាបទទាំងអស់នោះ ជាសតេកិច្ឆាបើភិក្ខុប្រព្រឹត្តហើយនៅកែខ្លួនឯងបាន ឯបារាជិក ៤ នេះជាអតេកិច្ឆា បើភិក្ខុប្រព្រឹត្តឱ្យកន្លងហើយ ត្រូវដាច់ចាកភិក្ខុភាវ នឹងតាំងនៅជាភិក្ខុតទៅទៀតមិនបានដោយដាច់ខាត បានជាលើកយកតែអករណីយកិច្ច ៤ នេះមកប្រដៅបណ្ដោះអាសន្ន ព្រោះពេលខ្លី ដើម្បីនឹងឱ្យភិក្ខុថ្មីប្រព្រឹត្តបណ្ដើរទម្រាំសិក្សាតទៅទៀត ។

៧៤. បុ. សិក្ខាបទ នឹងសិក្ខា ផ្សេងគ្នាដូចម្ដេច?

វិ. ផ្សេងគ្នាដូច្នេះ សិក្ខាបទ គឺវិន័យប្បញ្ញត្តិដែលព្រះពុទ្ធសម្ពុទ្ធទ្រង់ហាមលើកឡើងជាមាត្រាមួយៗ ឈ្មោះថា សិក្ខាបទ ១ នោះមានក្នុងបាតិមោក្ខខ្លះ មិនមានក្នុងបាតិមោក្ខខ្លះ ឯសិក្ខានោះបានដល់ត្រៃសិក្ខា គឺគុណជាតិដែលបព្វជិតត្រូវសិក្សាមាន ៣ យ៉ាង គឺ សីល១ សមាធិ១ បញ្ញា១ ។

៧៥. បុ. សីលនោះដូចម្ដេច?

វិ. ការសង្រួមកាយវាចាដោយប្រពៃ ហៅថា សីល ។

៧៦. បុ. ចុះសមាធិនោះ ដូចម្ដេច?

វិ. ការក្សាចិត្តឱ្យស្ងប់រម្ងាប់ ហៅថា សមាធិ ។

៧៧. បុ. ចុះបញ្ញានោះ ដូចម្ដេច?

វិ. ការដឹងច្បាស់ក្នុងកងសង្ខារហៅថា បញ្ញា ។

បារាជិក ៤

៧៨. បុ. មេថុនធម្ម ប្រែដូចម្ដេច?

វិ. មេថុនធម្ម ប្រែថា ធម៌ជាគូៗ នៃជនស្មើគ្នា ។

៧៩. បុ. មេថុនធម្ម ភិក្ខុសេពដូចម្ដេចត្រូវបារាជិក? សេពដូចម្ដេចត្រូវថុល្លច្ច័យ? សេពដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុសេពចំពោះទ្វារមគ្គទាំង ៣០ ទ្វារណាមួយត្រូវិបារាជិក ភិក្ខុសេពមាត់កូនក្អាត់ធំ តែធ្គាមវារឹងនិមិត្តចូលទៅមិនបានត្រូវថុល្លច្ច័យ ឬទ្វារមគ្គដាច់ម្ខាង នៅសល់ម្ខាងត្រូវអាបត្តិថុល្លច្ច័យ បើដាច់បីភាគនៅសល់មួយភាគភិក្ខុសេពត្រូវទុក្កដ ។

៨០. បុ. ទ្វារមគ្គ ៣០ នោះតើទ្វារមគ្គអ្វីខ្លះ? ចូររាប់!

វិ. ទ្វារមគ្គ ៣០ នោះគឺទ្វារមនុស្ស ១០ ទ្វារអមនុស្ស ១០ ទ្វារសត្វតិរច្ឆាន ១០ ត្រូវជា ៣០ ។

 

៨១. បុ. ទ្វារមនុស្ស ១០ នោះ តើរាប់ដូចម្ដេច?

វិ. រាប់ដូច្នេះ មនុស្សស្រីមានទ្វារ ៣ គឺមុខមគ្គ១ វច្ចមគ្គ១ បស្សាវមគ្គ១

មនុស្សប្រុសមានទ្វារ ២ គឺមុខមគ្គ១ វច្ចមគ្គ១ មនុស្សឧភតោព្យព្ជានក(មនុស្សមានភេទពីរ) មានទ្វារ៣ គឺមុខមគ្គ១ វច្ចមគ្គ១ បស្សាមគ្គ១  បណ្ឌក មនុស្សខ្ទើយមាន ទ្វារ ២ គឺមុខមគ្គ១ វច្ចមគ្គ១ រួមជា ១០ ទ្វារមគ្គអមនុស្ស ១០ ទ្វារមគ្គសត្វតិរច្ឆាន ១០ (វិធីចែកដូចទ្វារមនុស្ស) រួមជា ៣០ ។

៨២. បុ. មេថុនធម្មសិក្ខាបទនេះ ព្រះអង្គទ្រង់បញ្ញត្ត?

វិ. សិក្ខាបទនេះ កាលព្រះអង្គគង់នៅក្រុងវេសាលី ទ្រង់បញ្ញត្តចំពោះសុទិន្នភិក្ខុជាបុត្រនៃកលន្ទកសេដ្ឋី ព្រោះសេពមេថុនធម្ម នឹងនាងបុរាណទុតិយិកា ។

៨៣. បុ. មេថុនធម្មសិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ២ គឺ

    ១. សេវនចិត្តំ ចិត្តគិតនឹងសេព

    ២. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឱ្យដល់គ្នា ។

ចំពោះទ្វារមគ្គទាំង ៣០ នោះ ទ្វារមគ្គណាមួយ បើព្រមដោយអង្គទាំងពីរទោះត្រូវបារាជិក ។

៨៤. បុ. អនាបត្តិ ក្នុងមេថុនធម្មសិក្ខាបទនេះ មានប៉ុន្មានយ៉ាង? ចូររាប់!

វិ. អនាបត្តិ ក្នុងមេថុនធម្មសិក្ខាបទនេះមាន ៦ យ៉ាងគឺ

    ១. អជានន្តស្ស ភិក្ខុកាលមិនដឹង

    ២. អសាទិយន្តស្ស ភិក្ខុកាលមិនត្រេកអរ

    ៣. ឧម្មត្តកស្ស ភិក្ខុឆ្កួត

    ៤. ខិត្តចិត្តស្ស ភិក្ខុវក់ចិត្ត ឬក្រឡកចិត្ត

    ៥. វេទនដ្ដស្ស ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់

    ៦. អាទិកម្មិកស្ស ភិក្ខុដែលប្រព្រឹត្តបទល្មើសជាដំបូង

ភិក្ខុដើមបញ្ញត្តិ ។

៨៥. បុ. ចូរអធិប្បាយ អានាបត្តិទាំង៦ ឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយ ភិក្ខុកំពុងតែដេកលក់ស៊ប់ មានបុគ្គលដទៃមកព្យាយាមនូវនិមិត្តរបស់ខ្លួនមិនដឹង ឈ្មោះថា ភិក្ខុមិនដឹង ។ ភិក្ខុដឹងដែរតែមិនត្រេកអរផង ឈ្មោះថា ភិក្ខុមិនត្រេកអរ ។ ភិក្ខុឆ្កួតចិត្តដល់កម្រិតតែមិនឡើង ឈ្មោះថា ភិក្ខុឆ្កួត ។ ភិក្ខុដែលយក្សចូលទៅធ្វើបង្វែងចិត្ត ឈ្មោះថា ភិក្ខុវក់ចិត្តឬក្រឡកចិត្ត ។ ភិក្ខុពីរពួកនេះ លុះតែដល់នឹងខ្លឹមចន្ទន៍ជា ដើម ទើបយកជាប្រមាណបាន ។ ភិក្ខុដែលមានទុក្ខវេទនាធ្ងន់លើសប្រមាណ ធ្វើឱ្យក្ដៅក្រហាយអន្ទះអន្ទែងមិនដឹងអ្វីសោះ ឈ្មោះថាភិក្ខុដែលទុក្ខវេទនាគ្របសង្កត់ ។ ភិក្ខុដែលជាដើមអាទិ៍ ដែលប្រព្រឹត្តបទល្មើសក្នុងវត្ថុនោះៗ ឈ្មោះថា ភិក្ខុប្រព្រឹត្តបទល្មើសជាដំបូង អំពើប្រព្រឹត្តបទល្មើសរបស់ភិក្ខុទាំង ៦ ពួកនេះ ឈ្មោះថា អនាបត្តិ ។

    សិក្ខាបទនេះ ឈ្មោះ បឋមបារាជិកសមុដ្ឋាន អាបត្តិកើតដោយសមុដ្ឋានទី ៤ គឺ កាយចិត្ត ជាសញ្ញាវិមោក្ខ មានផ្លូវឲ្យភិក្ខុរួចខ្លួន ដោយមិនមានសេចក្ដីសម្គាល់ក្នុងការសេព ជាសចិត្តក ប្រកបដោយចិត្តក្លែង ជាលោកវជ្ជ មានទោសតាមផ្លូវលោក ជាកាយកម្ម ចាត់ជាអំពើផ្លូវកាយ ប្រព្រឹត្តទៅក្នុងកាយទ្វារ មានវេទនា គឺ សុខវេទនា ឧបេក្ខាវេទនា ។

ចប់មេថុនធម្មសិក្ខាបទទី១

អទិន្នាទានសិក្ខាបទទី ២

៨៦. បុ. អទិន្នាទាន ប្រែ ដូចម្ដេច?

វិ. ប្រែថា កាន់យកនូវវត្ថុ ដែលគេមិនបានឱ្យ ដោយកាយឬវាចា ដោយថេយ្យចិត្ត ។

៨៧.បុ. ភិក្ខុលួចទ្រព្យគេដូចម្ដេចត្រូវបារាជិក? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុលួចទ្រព្យគេកំណត់ ៥ មាសក ឬ ១ បាទ ឬ ជាង ១ បាទឡើងទៅត្រូវបារាជិក បើ ២ មាសក ៣ មាសក ៤ មាសក ត្រូវថុល្លច្ច័យ ១ មាសកត្រូវទុក្កដ ។

៨៨. បុ. ប្រភេទអទិន្នានមានប៉ុន្មាន? ចូររាប់!

វិ. មាន ៦ យ៉ាងគឺ

    ១. អាទិយន ភិក្ខុចោទប្រកាន់របស់គេត្រូវទុក្កដ ម្ចាស់របស់នៅសង្ស័យថា បានមកអញ ឬមិនបាន ត្រូវថុល្លច្ច័យ ម្ចាស់ដាច់អាស្រ័យត្រូវបារាជិក ។

    ២. ហរណ ការនាំទៅ គឺភិក្ខុនាំរបស់គេដោយក្បាលជាដើម បើមានថេយ្យចិត្តចង់លួចរបស់គេ គ្រាន់តែចាប់ពាល់របស់នោះត្រូវទុក្កដ ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ ចាប់យកមកដាក់ហួសខេត្តក្បាលត្រឹមស្មាត្រូវបារាជិក ។

    ៣. ការនាំយក គឺភិក្ខុទទួលរបស់បញ្ញើគេទុក លុះម្ចាស់គេមកសួរយកវិញ ក្លែងថាមិនដឹង ត្រូវទុក្កដម្ចាស់របស់គេនៅសង្ស័យថា បានវិញ ឬ មិនបានត្រូវថុល្លច្ច័យ ម្ចាស់របស់ដាក់ធុរដាច់អាល័យត្រូវបារាជិក ។

    ៤. ឥរិយាបថវិកោបន ការញុំាងឥរិយាបថឱ្យកម្រើក គឺភិក្ខុលួចរបស់គេមានទូកជាដើម ព្រមទាំងម្ចាស់របស់ បើម្ចាស់ភ្ញាក់ឡើងហើយរត់ទៅភិក្ខុដេញតាម លើកជើងជាបឋមបាទឡើង ត្រូវថុល្លច្ច័យ ឈានជើងជាទុតិយបាទ គឺជំហានទីពីរត្រូវបារាជិក ។

    ៥. ឋានាចាវន ការកម្រើកឃ្លាតចាកទី(១) គឺភិក្ខុលួចរបស់គេនៅលើគោក ឬក្នុងទឹក ឬទីណាមួយ គ្រាន់តចាប់របស់គេនោះ ត្រូវទុក្កដ ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ ធ្វើឱ្យឃ្លាតចាកកន្លែងដើម សូម្បីប៉ុនចម្រៀកសក់ ត្រូវបារាជិក ។

    ៦. សង្កេតវិតិនាមន កន្លែងសង្កេត គឺភិក្ខុរត់រំលងគយដែលម្ចាស់ផែនដីកំណត់ មានទីចន្លោះភ្នំ កំពង់ ទ្វារនគរជាដើម បើភិក្ខុចាប់ពាល់របស់ដែលខ្លួនបម្រុងនឹងរត់រំលងគយ មានតម្លៃគួរបង់ពន្ធ១ បានឡើងទៅត្រូវថុល្លច្ច័យ ឈានជំហានជាគម្រប់ពីរហួសទៅត្រូវបារាជិក ។ ម៉្យាងទៀត បើភិក្ខុឃើញភណ្ឌអ្នកដទៃទៅក្នុងទីផ្សេងៗមានល្វែងផ្ទះជាដើមក្នុងទីណាមួយ ទុកជាទីសង្កេតកំណត់បានហើយ ក៏គិតថា «ក្នុងគិតឧកាសនេះ បើម្ចាស់គេឃើញ អញធ្វើជារើសលេងហើយនឹងឱ្យទៅជាម្ចាស់គេវេញ បើម្ចាស់របស់គេមិនឃើញអញទេ អញនឹងលួចយក» ភិក្ខុកំណត់ដូច្នេះហើយនាំរបស់នោះដើរទៅ លើកជំហានឈានជាបឋមឈានកន្លងទ្វារល្វែងផ្ទះជាដើម ដែលសង្កេតទុកនោះ ត្រូវ

ថុល្លច្ច័យ លុះលើកជំហានជាគម្រប់ពីរឈានតទៅទៀត ត្រូវបារាជិក ។

៨៩. បុ. អវហារ អាការដែលលួចមានប៉ុន្មាន? ចូររាប់?

វិ. មាន ២៥ ចាត់ជា បញ្ចក មាន ៥ ពួកគឺ

    ១. នានាភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌផ្សេងៗ ។

    ២.​ ឯកភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌតែ ១ មុខ ។

    ៣. សាហត្ថិកបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។

    ៤. បុព្វប្បយោគបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។

    ៥. ថេយ្យាវហារបញ្ចក ពួក ៥ នៃអាការលួច ដោយការលាក់បំបិទបាំងដោយថេយ្យចិត្ត ។

៩០. បុ. នានាភណ្ឌបញ្ចក ទី១ នោះអធិប្បាយដូចម្ដេច?

វិ. មានសេចក្ដីអធិប្បាយដូចតទៅនេះ

    អាទិយន ភិក្ខុរំលោភយកសួនច្បារគេ ត្រូវអាបត្តិទុក្កដ ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យ អ្នកម្ចាស់ដាក់ធុរថា «នឹងមិនបានមកអញ» ត្រូវបារាជិក ។

    ហរណ ភិក្ខុជួយនាំភណ្ឌអ្នកដទៃ បែរជាមានថេយ្យចិត្តគិតលួចលូកចាប់ទ្រនូលលើក្បាលត្រូវទុក្កដ ធ្វើទ្រនូលឱ្យរញ្ជួយត្រូវថុល្លច្ច័យ ដាក់ទ្រនូលចុះមកដល់ក ត្រូវបារាជិក ។

    អវហរណ ភិក្ខុទទួលបញ្ញើគេ ដល់ម្ចាស់បញ្ញើមកទារយករបស់គេទៅវិញថា «លោកចូរឱ្យភណ្ឌដែលខ្ញុំផ្ញើទុកមកខ្ញុំវិញ» ភិក្ខុនិយាយប្រកែកថា «មិនបានទទួលបញ្ញើទេ» ត្រូវទុក្កដ ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យអ្នកម្ចាស់ដាច់អាល័យថា «នឹងមិនបានអញវិញទេ» ត្រូវបារាជិក ។

    ឥរិយាបថវិកោបន ភិក្ខុគិតក្នុងចិត្តថា អញនឹងនាំយកទាំងភណ្ឌ ទាំងបុគ្គលអ្នកនាំភណ្ឌ ហើយធ្វើអ្នកនាំភណ្ឌឱ្យឈានជំហានទី១ ដំបូងត្រូវថុល្លច្ច័យ ឱ្យឈានជំហានទី២ ត្រូវបារាជិក ។

    ឋានចាវន ភិក្ខុមានថេយ្យចិត្ត គិតលួចភណ្ឌដែលគេដាក់លើគោកជាដើម លូកដៃទៅចាប់ពាល់ត្រូវទុក្កដ ធ្វើឲ្យរញ្ជួយ ត្រូវថុល្លច្ច័យ ធ្វើឱ្យឃ្លាតចាកទីត្រូវបារាជិក ។

៩១. បុ. ឯកភណ្ឌបញ្ចក ទី ២ អធិប្បាយដូចម្ដេច?

វិ. ឯកភណ្ឌបញ្ចក ទី ២ នេះ អធិប្បាយកំណត់ឈ្មោះតាមអវហារទាំង ៥. ថា «អាទិយនហរណ អវហរណ ឥរិយាបថវិកោបននឹងឋានចាវន តាមន័យមុនដែលពោលរួចហើយតែត្រង់ភណ្ឌគ្រាន់តែផ្លាស់ថា ទាសឬសត្វតិរច្ឆាន ឬក៏ព្រមទាំងអ្នកម្ចាស់ផងតែប៉ុណ្ណោះ ហើយឱ្យអធិប្បាយតាមលំនាំន័យមុនចុះ ។

៩២. សាហត្ថិកបញ្ចក ចាត់ជាអវហារយ៉ាងណាខ្លះ? សេចក្ដីអធិប្បាយដូចម្ដេច?

វិ. ចាត់ជាអវហារ ៥ ដូច្នេះ

    ១. សាហត្ថិក អាការលួច ដោយផ្ទាល់ដៃខ្លួន

    ២. អាណត្តិក អាការលួច ដោយបង្គាប់គេ ឬប្រើគេ

    ៣. និស្សគ្គិយ អាការលួច ដោយបោះឬពួយ

    ៤. អត្ថសាធក អាការលួច ដោយញុំាងប្រយោជន៍ឱ្យសម្រេច

    ៥. ធុរនិក្ខេប អាការលួច ដោយការដាក់ធុរ ។

    អធិប្បាយថា ភិក្ខុលួចយកភណ្ឌរបស់បុគ្គលដទៃ ផ្ទាល់ដៃខ្លួនហៅថា សាហត្ថិក ។

    ភិក្ខុបង្គាប់បុគ្គលដទៃឱ្យលួចគេ ដោយកំណត់វត្ថុនឹងទីកន្លែងនឹងម្ចាស់របស់ ដោយពាក្យថា អ្នកចូរលួចយកភណ្ឌឯណោះរបស់បុគ្គលនោះ ហៅថា អាណត្តិក ។

    ភិក្ខុស្ថិតនៅក្នុងឱកាសដែលលោកកំណត់ថា ជាខែត្ររបស់គយ ឬផាស៊ី ហើយទម្លាប់ឬបោះភណ្ឌដែលត្រូវជាប់ពន្ធឱ្យធ្លាក់ចុះផុតទៅខាងក្រៅខែត្រ ដើម្បីកុំឱ្យជាប់ពន្ធ ហៅថា និស្សគ្គិយ ។

    ភិក្ខុបង្គាប់បុគ្គលដទៃថា កាលណាអ្នកអាចលួចយកភណ្ឌរបស់បុគ្គលឯណាបាន អ្នកចូរលួចយកភណ្ឌនោះក្នុងកាលនោះ បើបុគ្គលអ្នកទទួលយកភណ្ឌនោះក្នុងកាលនោះ បើបុគ្គលអ្នកទទួលបង្គាប់មិនមានអន្តរាយ មុខជាលួចភណ្ឌនោះបានមែន បើភណ្ឌនោះមានតម្លៃដល់ ១បាទ ភិក្ខុអ្នកបង្គាប់ត្រូវបារាជិកក្នុងខណដែលបង្គាប់ ពុំនោះភិក្ខុយកវត្ថុមានស្បែកជើងជាដើម ដែលអាចជក់ប្រេងបានដល់កម្រិតថ្លៃ១ បាទជាពិតប្រាកដ ដាក់ចុះទៅក្នុងភាជន៍ប្រេងរបស់បុគ្គលដទៃគ្រាន់តែផុតស្រឡះពីដៃទៅ ត្រូវបារាជិក អវហរារបែបនេះ ហៅថា អត្ថសាធក ។    ធុរនិក្ខេប អាការលួចកំណត់ដោយការដាក់ធុរនោះ គប្បីដឹងដោយអាការរំលោភយកសួនច្បារអ្នកដទៃ អាការប្រវញ្ចន៍យកភណ្ឌដែលគេផ្ញើទុក អាការមិនព្រមឱ្យភណ្ឌដែលខ្លួនខ្ចីគេនឹងភណ្ឌដែលខ្លួនត្រូវសងគេ ដែលហៅថាភណ្ឌទេយ្យនោះចុះ ។

៩៣. បុ. បុព្វប្បយោបញ្ចក ចាត់ជាអវហារដូចម្ដេចខ្លះ?ចូររាប់ហើយអធិប្បាយឱ្យសព្វគ្រប់?

វិ. ចាត់ជាអវហារ ៥ ដូច្នេះគឺ

    ១. បុព្វប្បយោគ ការលួចត្រូវអាបត្តិមុនប្រយោគលួច

២. សហប្បយោគ អាការលួច ត្រូវអាបត្តិតំណាលនឹងប្រយោគលួច

    ៣. សំវិធាវហារ អាការលួចដោយបបួលគ្នា

    ៤. សង្កេតកម្ម អាការលួចដោយធ្វើសង្កេត

    ៥. និមិត្តកម្ម អាការលួចដោយធ្វើនិមិត្ត ។

អធិប្បាយ បុព្វប្បយោគ ត្រូវដឹងតាមប្រយោគបង្គាប់ ។

សហប្បយោគ ត្រូវដឹងតាមប្រយោគលួច ដោយធ្វើភណ្ឌឱ្យឃ្លាតចាកទី នឹងរំកិលគោលយកដីរបស់បុគ្គលដទៃជាដើម ។

    សំវិធារហារ អាការបបួលគ្នាប្រឹក្សាគ្នាថា យើងនឹងលួចភណ្ឌ

ឯណោះ ជាមុនហើយទើបទៅលួច ។ កាលបើភិក្ខុទាំងនោះបបួលគ្នាដើរទៅយ៉ាងនេះ សូម្បីតែភិក្ខុ ១ រូបលួចយកភណ្ឌនោះបាន ក៏ចាត់ជាអវហារទាំងអស់គ្នា ។ វណ្ណនានៃសិក្ខាបទនេះ លោកឈោងយកបញ្ហាកម្ម ដែលព្រះធម្មសង្គាហកត្ថេរទាំងឡាយ សំដែងទុកក្នុងបរិវារមកអាងទុកថា ចតុភាជនា សំវិធាយ គរុភណ្ឌំ អវហរុំ តយោ បារាជិកា

ឯកោ ន បារាជិកោ បញ្ហាមេសា កុសលេហិ ចិន្តិតា

ជន ៤ រូបបបួលគ្នាទៅលួចគរុភណ្ឌ ៣ រូបត្រូវបារាជិក ១រូបមិនត្រូវបារាជិក បញ្ហាបែបនេះឱ្យអ្នកឈ្លាសវៃគិតចុះ ។

    សេចក្ដីក្នុងបញ្ហាកម្មនេះថា ជន ៤ រូបគឺ អាចារ្យ ១រូប អន្តេវាសិក ៣ រូបត្រូវជា៤រូប ត្រូវការចង់លួចគរុភណ្ឌឱ្យបាន ៦ មាសក អាចារ្យ បង្គាប់អន្តេវាសិកថា អ្នកនេះចូរយក១ មាសក អ្នកនេះចូរយក ១មាសក អ្នកនេះចូរយក ១ មាសក ខ្ញុំនឹងយក ១ មាសក អន្តេវាសិក ២ រូបទៀតក៏បង្គាប់បែបគ្នាដែរ ។ ដល់ទីបំផុតអន្តេវាសិកទាំង ៣ រូបលួចបានផ្ទាល់ដៃខ្លួន១មាសកម្នាក់ ត្រូវបារាជិក ៣ រូប ឯអាចារ្យលួចបាន៣មាសក ផ្ទាល់ដៃខ្លួន ត្រូវថុល្លច្ច័យ ដែលបង្គាប់គេឱ្យលួចបាន ៣ មាសក ត្រូវថុល្លច្ច័យដែរ ។ ន័យ១ ទៀតថា បើកុំឲ្យភ័ន្តច្រឡំក្នុងអវហារនេះត្រូវឱ្យកំណត់ចាំសេចក្ដី ១ ចតុក្កតទៅទៀតដូច្នេះ

    ១. ឯកភណ្ឌំ ឯកដ្ឋានំ ភណ្ឌ ១ មានឋាន ១

    ២. ឯកភណ្ឌំ នានាឋានំ ភណ្ឌ ១ មានឋានផ្សេងៗ

    ៣. នានាភណ្ឌំ ឯកដ្ឋានំ ភណ្ឌផ្សេងៗ មានឋាន ១

    ៤. នានាភណ្ឌំ នានាឋានំ ភណ្ឌផ្សេងៗ មានឋានផ្សេងៗ ។

    អធិប្បាយថា ទី១ ភិក្ខុច្រើនរូបឃើញមាសក ៥ របស់ត្រកូល១ ដែលគេទុកមិនល្អនៅរានផ្សារ ១ ហើយបង្គាប់ភិក្ខុ១ រូបឲ្យទៅលួចយក គ្រាន់តែភិក្ខុនោះលើកឡើង ត្រូវបារាជិកទាំងអស់គ្នា ។

    ទី២ ភិក្ខុច្រើនរូបឃើញមាសកមួយៗ ដែលគេទុកនៅរានផ្សារ៥មាសក គ្រាន់តែភិក្ខុនោះលើកឡើងនូវមាសកទី៥ ត្រូវបារាជិកទាំងអស់គ្នា ។

    ទី៣ ភិក្ខុច្រើនរូប ប្រើឲ្យលួចមាសក ៥ របស់ត្រកូលច្រើនដែលគេទុកនៅរួមគ្នានៅកន្លែងតែ ១ គ្រាន់តែលើកឡើងត្រូវបារាជិកទាំងអស់គ្នា ។

    ទី៤ ភិក្ខុច្រើនរូបប្រើឱ្យលួចមាសកមួយៗ របស់ត្រកូល៥ដែលគេទុកនៅរានផ្សាររបស់គេរៀងខ្លួន គ្រាន់តែលើកឡើងនូវមាសកទី៥ ត្រូវបារាជិកទាំងអស់គ្នា ។

    ការធ្វើសេចក្ដីកំណត់បញ្ជាក់ហៅថា សង្កេតកម្ម គឺធ្វើអាការលួចដោយធ្វើសេចក្ដីកំណត់បញ្ជាក់ជាមុន សេចក្ដីថា ភិក្ខុបង្គាប់បុគ្គលដទៃថា អ្នកចូរលួចភណ្ឌឈ្មោះនេះក្នុងកាលឯណោះកំណត់កាលណាមួយ មានកាលមុនភត្តជាដើម បើអ្នកទទួលបង្គាប់មុខជាទៅលួចភណ្ឌនោះបាន មិនមុនមិនក្រោយអំពីកាលកំណត់នោះ ភិក្ខុអ្នកកំណត់បង្គាប់ត្រូវអវហារក្នុងបុព្វប្បយោគបញ្ចក មានឈ្មោះក្នុងអវហារដូចបានអធិប្បាយមកនេះ ។

៩៤. បុ. ថេយ្យាវហារបញ្ចកនោះចាត់ជាអវហារដូចម្ដេចខ្លះ? ចូររាប់ហើយអធិប្បាយផង?

វិ. ចាត់ជាអវហារ ៥ យ៉ាងដូច្នេះគឺ

    ១. ថេយ្យាវហារ អាការលួចដោយលបលាក់

    ២. បសយ្ហាវហារ អាការលួចដោយកំហែងសង្កត់សង្កិន

    ៣. បរិកប្បាវហារ អាការលួចដោយកំណត់ទុកជាមុន

    ៤. បដិច្ឆន្នាវហារ អាការលួចបិទបាំងទុកជាមុន

    ៥. កុសាវហារ អាការលួដោយប្ដូរស្លាក ។

    អធិប្បាយថា ភិក្ខុណាលបលាក់បំបាំងខ្លួនធ្វើអំពើអាក្រក់មានលួចកាត់ជញ្ជាំងជាដើម ឮបោកប្រាសដោយខ្នាតរង្វាស់រង្វល់ ឬជញ្ជីងកោងមិនត្រឹមត្រូវ នឹងកហាបណរបស់ភិក្ខុយ៉ាងនេះ ហៅថា ថេយ្យា

វហារ ។  ភិក្ខុណាកាន់យកភណ្ឌរបស់បុគ្គលដទៃ ដោយការកំហែងដណ្ដើមដោយកម្លាំងកាយដូចជាចោរប្លន់ជាដើម ពុំនោះកាន់យកលើសអំពីពលីរង្វាន់ដែលត្រូវបានខ្លួន ដោយការកំហែងការកាន់យកដោយអាការរបស់ភិក្ខុយ៉ាងនេះហៅថា បសយ្ហាវហារ ។

        បរិប្បការកំណត់នោះចែកជា ២ យ៉ាងគឺ

    ១. ភណ្ឌបរិកប្ប ការកំណត់ភណ្ឌ

    ២. ឧកាសបរិកប្ប ការកំណត់ឧកាស ។

    អធិប្បាយថា ភិក្ខុត្រូវការសាដក ចូលទៅក្នុងបន្ទប់បុគ្គលដទៃដោយកំណត់ក្នុងចិត្តថា បើមានសាដកអញនឹងយក បើជាវត្ថុដទៃក្រៅអំពីសាដកអញនឹងមិនយកទេ ហើយកាន់យកការុងចូលទៅក្នុងទីងងឹត បើការុងនោះមានសាដកត្រូវបារាជិកក្នុងពេលដែលលើកការុងនោះ បើជាវត្ថុដទៃទេនៅមិនទាន់ជាអ្វី លុះដល់នាំចេញទៅ ស្រាយការុងមើល ដឹងថាវត្ថុដទៃ មិនមែនជាសាដក ហើយត្រឡប់យកទៅទុកវិញក៏នៅមិនទាន់ជាអ្វីដែរ លុះណាតែដឹងថាជាវត្ថុដទៃ ផ្សេងអំពីសាដកហើយ ក៏ប្ដេជ្ញាខ្លួនថា បើបានរបស់ណា អញនឹងយករបស់នោះ ហើយចៀសចេញទៅ ភិក្ខុនោះច្បាប់តម្រូវឱ្យនិយាយធរកាត់អាបត្តិតាមវារនៃជំហាន ។ បើដាក់ការុងនោះដល់ទៅលើផែនដីហើយ ដល់គិតឃើញដូច្នោះត្រឡប់កាន់យកមកវិញ ត្រូវបារាជិកក្នុងកាលដែលលើកឡើង បើមិនទាន់លើកឡើងទេ ហើយមានគរស្រែកថា ចោរដេញតាមមកក៏រត់ចោលការុងនោះទៅ នេះនៅរក្សាបាន ដល់អ្នកម្ចាស់មកឃើញរើសកាន់យកវិញក៏នៅរក្សាបានដដែល បើបុគ្គលដទៃមិនមែនម្ចាស់របស់កាន់យកទៅ ត្រូវភណ្ឌទេយ្យ កាលបើម្ចាស់របស់ត្រឡប់ទៅវិញហើយដល់កាលជាខាងក្រោយ ភិក្ខុនោះមកឃើញខ្លួនឯងក៏កាន់យកដោយបង្សុកូលសញ្ញាថា របស់នេះហើយដែលអញយកឥឡូវត្រូវបានជារបស់អញវិញយ៉ាងនេះក៏ត្រូវភណ្ឌទេយ្យដែរ

អាការដែលកំណត់ទុកក្នុងចិត្តចំពោះភណ្ឌយ៉ាងនេះហៅថា

ភណ្ឌបរិកប្ប ។

៩៥. បុ. ភណ្ឌទេយ្យ បានសេចក្ដីដូចម្ដេច?

វិ. បានសេចក្ដីថា ត្រូវសងដល់ម្ចាស់របស់គេវិញ បើភិក្ខុមិនព្រមសងទេ ម្ចាស់គេដាច់អាល័យត្រូវបារាជិក កំណត់របស់ពី ៥ មាសកឡើងទៅ ។

    ភិក្ខុណាមួយចូលទៅកាន់កុដិជាដើមរបស់បុគ្គលដទៃ បានឃើញទ្រព្យណាមួយដែលគួរចង់បាន ក៏កត់ចំណាំចាំទីដែលទុកនូវទ្រព្យនោះមានទ្វារកុដិ មុខបន្ទប់ ឬទីក្រោមប្រាសាទ ឬទ្វារនឹងខ្លោងទ្វារជាដើម ហើយកំណត់ក្នុងចិត្តថា បើគេឃើញអញឬទាន់អញក្នុងពេលនេះ អញនឹងធ្វើកល់ដូចជាកាន់ ចង់មើលហើយឱ្យទៅគេវិញ បើគេមិនឃើញអញទេ អញនឹងយក ពេលដែលកាន់យកទ្រព្យកន្លងផុតព្រំដែន នៃទីដែលខ្លួនកំណត់ភិក្ខុនោះត្រូវអវហារ ។

    ការលាក់បំបាំងហើយយក ហៅថា បដិច្ឆន្នាវហារ ។

បដិច្ឆន្នាវហារនោះ គឺភិក្ខុណាឃើញភណ្ឌរបស់បុគ្គលដទៃមានចិញ្ចៀនជាដើម ដោះទុកនៅទីណាមួយមានបន្ទប់ទឹកជាដើម គិតថាអញនឹងកាន់យកក្នុងកាលជាខាងក្រោយ ហើយលាក់បំបាត់ទុក ដោយកប់ក្នុងអាចម៍ក្ដី សម្រាមស្លឹកឈើក្ដី បើគ្រាន់តែកំណត់ក្នុងចិត្តដូច្នេះ មិនទាន់រើសយកទេ ក៏មិនទាន់ចាត់ជាអវហារដែរ លុះតែអ្នកម្ចាស់របស់ទៅរកមិនឃើញកាលណា នៅអាល័យថា អញនឹងដឹងដល់ទៅថ្ងៃស្អែកហើយចៀសចេញទៅ ។ ដល់កាលជាខាងក្រោយមក បើភិក្ខុនោះទៅរើសយកភណ្ឌនោះមក ទើបចាត់ជាអវហារ បើភិក្ខុនោះទៅរើសយកភណ្ឌនោះមក ទើបចាត់ជាអវហារ បើភិក្ខុកាន់យកដោយសម្គាល់ថាជារបស់ខ្លួន ព្រោះក្នុងកាលដែលខ្លួនលាក់បំបាំងទុកនោះ សម្គាល់ថា ភណ្ឌនេះជារបស់អញឬកាន់យកដោយបង្សុកូលសញ្ញាថា ឥឡូវនេះ ជនជាម្ចាស់ទៅបាត់ហើយ ភណ្ឌនេះគេចោលហើយ យ៉ាងនេះត្រូវភណ្ឌទេយ្យ ។ ដល់ថ្ងៃទី ២ បើជនជាម្ចាស់ មកទៀតជ្រាវរកមិនឃើញ ក៏ដាក់ធុរថា លែងរកហើយទៅ ភណ្ឌដែលភិក្ខុកាន់យកមកនោះ ក៏នៅជាភណ្ឌទេយ្យដដែល ។ ដល់ពេលមកជាខាងក្រោយបើម្ចាស់គេដឹង ទៅតឹងទារ ភិក្ខុមិនព្រមឱ្យដល់ម្ចាស់ដាក់ធុរដាច់អាល័យត្រូវអវហារព្រោះដោយសារតែប្រយោគរបស់ភិក្ខុនោះ ទើបបានជនជាម្ចាស់របស់គេរកភណ្ឌនោះមិនឃើញ ។ ឬភិក្ខុមានថេយ្យចិត្តយកជើងជាន់ពន្លិចភណ្ឌ ឱ្យលិចចុះទៅក្នុងភក់ក្ដី ដីខ្សាច់ក្ដី តែកន្លែងដដែល អាការរបស់នោះត្រូវចាត់ជាអវហារ ក្នុងកាលដែលជាន់ពន្លិចភណ្ឌនោះតែម្ដង អាការលួចបែបនេះហៅថាបដិច្ឆន្នាវហារ ។

    អាការរំកិលស្លាកឬប្ដូរស្លាក ហើយលួចយកហៅថា កុសាវហារ ។

    ភិក្ខុណា កាលបើសង្ឃដាក់ស្លាកបែបណា១ ដែលគេធ្វើជាគ្រឿងចំណាំ ទោះគេធ្វើដោយវត្ថុអ្វី មានឫស្សីឬស្លឹកត្នោតជាដើមក្ដី ដើម្បីនឹងចែកចីវរ ខ្លួនប្រាថ្នាចង់បានចំណែករបស់ភិក្ខុដទៃ ដែលស្ថិតនៅជិតចំណែករបស់ខ្លួន ទោះមានតម្លៃតិចជាងច្រើនជាង ឬស្មើគ្នាក្ដី ហើយលើកយកស្លាកដែលគេទម្លាក់លើចំណែករបស់ខ្លួន ប្រុងនឹងទម្លាក់ចុះទៅលើចំណែករបស់ភិក្ខុដទៃប៉ុណ្ណេះនៅរក្សាបាន ដល់ទម្លាក់ចុះទៅលើចំណែករបស់ភិក្ខុដទៃហើយស្រង់ស្លាករបស់ភិក្ខុដទៃអំពីចំណែករបស់គេឱ្យហើយោឡើង ទើបចាត់បានថាជាអវហារ ។

បើភិក្ខុលើកស្លាកអំពីចំណែកភិក្ខុដទៃមុនប្រុងនឹងទម្លាប់ចុះទៅលើចំណែករបស់ខ្លួន ត្រង់ខណដែលលើកឡើង រក្សាបាន ខណដែលទម្លាក់ទៅលើចំណែករបស់ខ្លួន ក៏នៅរក្សាបាន ភិក្ខុស្រង់ស្លាករបស់ខ្លួន

អំពីចំណែករបស់ខ្លួន ប្រុងនឹងទម្លាក់ទៅលើចំណែកភិក្ខុដទៃ ក្នុងខណដែលស្រង់ឡើងក៏នៅរក្សាបានដែរត្រាតែស្រង់ស្លាករបស់ខ្លួននោះមក ហើយទម្លាក់ចុះទៅលើចំណែកភិក្ខុដទៃវិញ គ្រាន់តែទម្លាក់ចុះផុតអំពីដៃទៅលោកចាត់ថាជាអវហារ ក្នុងពេលនោះ អវហារបែបនេះហៅថាកុសាវហារ ។

            ចប់អវហារ ២៥ តែប៉ុណ្ណេះ

៩៦. បុ. វិនយធរអ្នកវិនិច្ឆ័យទោសក្នុងអវហារ ២៥ ប្រកបដោយហេតុប៉ុន្មាន?

វិ. ប្រកបដោយហេតុ ៥ យ៉ាង ។

៩៧. ៥ យ៉ាងគឺអ្វីខ្លះ? ចូរារាប់ហើយអធិប្បាយ?

វិ. វត្ថុ១ កាល១ បទេស១ អគ្ឃ១ បរិភោគ១ ។

អធិប្បាយ ភណ្ឌ ហៅថាវត្ថុ ។ សេចក្ដីថា បើភិក្ខុលួចហើយឆ្លើយថាខ្លួនលួចមែនលោកហាមថាកុំអាលកាត់អាបត្តិត្រូវពិនិត្យមើល តើភណ្ឌនោះមានម្ចាស់ឬមិនមាន បើឃើញថាមាន តើម្ចាស់នៅមានអាល័យ ឬមិនមាន ក្នុងកាលដែលភិក្ខុ ក្នុងកាលដែលភិក្ខុលួចនោះ បើឃើញថាមានម្ចាស់ ឬ មិនមានក្នុងកាលដែលភិក្ខុលួច ជនជាម្ចាស់នៅមានអាល័យភណ្ឌនោះ ឬមិនមាន ត្រូវឲ្យវិនិច្ឆ័យតាមហេតុនោះ ។

    កាលដែលភិក្ខុលួចហៅថា កាល ។ សេចក្ដីថា ភណ្ឌនោះជួនកាលនៅនឹងថ្លៃដូចដើម ជួនកាលចុះថ្លៃ ជួនកាលឡើងថ្លៃច្រើន បើកាលដែលភិក្ខុលួចនោះ នៅក្នុងរយកាលណាត្រូវឱ្យកាត់អាបត្តិតាមតម្លៃក្នុងរយកាលនោះ ។

    ប្រទេសដែលភិក្ខុលួចហៅថា បទេស ។ សេចក្ដីថា ភិក្ខុលួចភណ្ឌនោះក្នុងប្រទេសណា ត្រូវឱ្យកាត់អាបត្តិតាមតម្លៃក្នុងប្រទេសនោះ ព្រោះធម្មតា ក្នុងប្រទេសណាដែលជាដើមកំណើតនៃភណ្ឌនោះ ក្នុងប្រទេសនោះរមែងនៅនឹងថ្លៃ ឯក្នុងប្រទេសឯទៀតរមែងឡើងថ្លៃច្រើន ត្រូវឱ្យវិនិច្ឆ័យអាបត្តិតាមតម្លៃក្នុងប្រទេសដែលភិក្ខុលួចនោះ ។

    តម្លៃរបស់ភណ្ឌ ហៅថា អគ្ឃ ។ កាលភណ្ឌនៅថ្មីមានតម្លៃប៉ុន្មាន ដល់ខាងក្រោយមកតម្លៃនោះរមែងតែថយចុះ ព្រោះហេតុនោះវិនយធរត្រូវវិនិច្ឆ័យលៃទៅតាមតម្លៃនោះ មិនត្រូវឱ្យវិនិច្ឆ័យតែតាមតម្លៃដដែលសព្វកាលឡើយ ។

    កាលដែលប្រើប្រាស់ភណ្ឌហៅថា បរិភោគ ។ ភណ្ឌសម្រាប់ប្រើប្រាស់ផ្សេងៗរមែងចុះថ្លៃដោយការប្រើប្រាស់ ព្រោះហេតុនោះត្រូវឱ្យវិនយធរប្រៀបធៀបកាត់អាបត្តិ ទៅតាមការប្រើប្រាស់នោះចុះ ។

    ក្នុងសិក្ខាបទនេះកាន់យកដោយសម្គាល់ថាជារបស់ខ្លួន កាន់យកស្និទ្ធស្នាល កាន់យកដោយខ្ចី កាន់យកវត្ថុដែលប្រេតហួងហែង ដែលសត្វតិរច្ឆានហួងហែង កាន់យកសម្គាល់ថាជាអនាបត្តិ ។

៩៨. បុ. ចុះអទិន្នាទានសិក្ខាបទមានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ ដូច្នេះគឺ

    ១. អញ្ញស្ស មនុស្សជាតិកស្ស វសេន បរបរិគ្គហិតំ វត្ថុដែលបុគ្គលដទៃមានជាតិមនុស្សហួងហែងរក្សា ។

    ២. បរបរិគ្គហិតសញ្ញិតា សេចក្ដីសម្គាល់ថាវត្ថុដែលមានបុគ្គលដទៃមានជាតិមនុស្សហួងហែងរក្សា ។

    ៣. គរុបរិក្ខារោ បរិក្ខារមានទម្ងន់ គឺវត្ថុមានតម្លៃដល់កម្រិតៗ បាទ ឬ គួរដល់ថ្លៃ១បាទ ឬច្រើនលើសទៅ ។

    ៤. ថេយ្យចិត្តំ ចិត្តចង់លួច

    ៥. អវហរណំ លួចដោយអរហារ ២៥ ណាមួយ ។​

៩៩. បុ. អទិន្នាទាននេះ ព្រះអង្គទ្រង់បញ្ញត្តនឹងបុគ្គលណា?

 ក្នុងទីណា?

វិ. ទ្រង់បញ្ញត្តនឹងធនិយត្ថេរ ជាកុម្ភការបុត្រក្នុងវេឡុវនក្រុងរាជគ្រឹះ ។

សិក្ខាបទនេះឈ្មោះអទិន្នាទានសមុដ្ឋាន អាបត្តិកើតដោយសចិត្តកសមុដ្ឋាន ៣ ខាងចុង ជាកិរិយា ត្រូវអាបត្តិដោយកិរិយាធ្វើ ជាសញ្ញាវិមោក្ខ រួចចាកអាបត្តិដោយមិនមានសេចក្ដីសម្គាល់ប្រុងប្រព្រឹត្តកន្លង ជាសចិត្តកប្រកបដោយចិត្តក្លែង ជាលោកវជ្ជ មានទោសតាមផ្លូវលោក ជាកាយកម្ម វចីកម្ម ប្រព្រឹត្តទៅក្នុងកាយទ្វារក៏មាន ក្នុងវចីទ្វារក៏មាន មានចិត្តជាអកុសល មានវេទនា៣ ។

                ចប់អទិន្នាទានសិក្ខាបទទី២

មនុស្សវិគ្គហសិក្ខាបទទី៣

១០០. បុ. ភិក្ខុក្លែងសម្លាប់មនុស្សដូចម្ដេច ត្រូវបារាជិក? សម្លាប់ដូចម្ដេចត្រូវថុល្លច្ច័យ ? សម្លាប់ដូចម្ដេចត្រូវទុក្កដ?

វិ. មនុស្សបែបណាក៏ដោយ ឱ្យតែជាតិជាមនុស្សរាប់តាំងអំពីមនុស្សដែលមានវិញ្ញាណជាបឋមមកចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតា កកើតជាកលលះរួចឡើងទៅ ភិក្ខុធ្វើឱ្យដាច់ចាកជីវិតដោយដាក់ថ្នាំរំលូតក្ដី ឬច្របាច់រំលូតក្ដី ឬក៏កម្កល់ទុកគ្រឿងសាស្ដ្រាវុធផ្សេងៗ ទុកដើម្បីនឹងប្រហារមនុស្សកាចជាដើមក្ដីឬពណ៌នាលួងលោម ចង់ឱ្យមនុស្សជរាពិការស្លាប់ ហើយក៏មនុស្សនោះស្លាប់សេចក្ដីបាន ក៏សុខចិត្តស្លាប់តាមពាក្យពណ៌នានោះត្រូវបារាជិក សម្លាប់អមនុស្សគីយក្សនឹងប្រេត ត្រូវ

ថុល្លច្ច័យ កាន់គ្រឿងសាស្ដ្រាវុធ ត្រូវអាបត្តិទុក្កដ ។

១០១.​ បុ. វិធីដែលនឹងសម្លាប់នោះ ចែកជាប្រយោគមានប៉ុន្មាន?

ចូររាប់ហើយអធិប្បាយផង!

វិ. ប្រយោគដែលនឹងសម្លាប់នោះមាន ៦ គឺ

    ១. សាហត្តិក ប្រយោគផ្ទាល់ដៃខ្លួន

    ២. និស្សគ្គិយ ប្រយោគពួយ

    ៣. អាណត្តិក ប្រយោគប្រើគេ

    ៤. ថាវរ ប្រយោគប្រចាំការ

    ៥. វិជ្ជាមយ ប្រយោគសម្រេចដោយវិជ្ជា

    ៦. ឥទ្ធិមយ ប្រយោគសម្រេចដោយឫទ្ធិ ។

អធិប្បាយ ការប្រហារដោយកាយ ឬប្រហារដោយវត្ថុដែលជាប់ដោយកាយ របស់បុគ្គលដែលសម្លាប់គេផ្ទាល់ដៃខ្លួន ហៅថាសាហត្តិក ។

ការបាញ់ឬពួយ លំពែង យន្ដ ថ្មជាដើមដោយកាយ ឬដោយវត្ថុ ដែលជាប់ដោយកាយ របស់បុគ្គលដែលត្រូវការសម្លាប់បុគ្គលដែលស្ថិតនៅក្នុងទីឆ្ងាយ ហៅថា និស្សគ្គិយ ។

    ប្រយោគពីរនេះ ប្រយោគមួយៗ ចែកចេញទៅជាពីរៗ តាមប្រភេទនៃប្រយោគដែលបុគ្គលសំដៅនឹងមិនសំដៅ ។

    ក្នុងប្រយោគសំដៅ ភិក្ខុព្យាយាមសម្លាប់សំដៅបុគ្គលណាគ្រាន់តែបុគ្គលនោះស្លាប់ ទើបត្រូវអាបត្តិ ។ ក្នុងប្រយោគមិនសំដៅតាមតែនរណាមួយស្លាប់ក៏ដោយ ឱ្យតែមានបុគ្គលណាមួយស្លាប់ ដោយការប្រហារជាបច្ច័យ ភិក្ខុនោះក៏ត្រូវអាបត្តិ ។ ក្នុងប្រយោគទាំង២នេះទោះអ្នកដែលត្រូវភិក្ខុសម្លាប់ស្លាប់ ក្នុងខណដែលប្រហារនោះតែម្ដងក្ដីខាងក្រោយមកទើបស្លាប់ដោយការប្រហារនោះក្ដី ចំណែកភិក្ខុអ្នកសម្លាប់ ត្រូវអាបត្តិ ដូចគ្នានឹងក្នុងខណដែលប្រហារ ។

    ការបង្គាប់របស់ភិក្ខុ ដែលបង្គាប់បុគ្គលដទៃថា អ្នកចូរសម្លាប់បុគ្គលឈ្មោះឯនោះហៅថា អាណត្តិក មានអាណត្តិនិយាមក លក្ខណ កំណត់ការបង្គាប់ ៦ យ៉ាងគឺ

    ១. វត្ថុ បុគ្គលដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ២. កាល ពេលកំណត់ដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៣. ឱកាស ឱកាសគឺទីកន្លែងដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៤. អាវុធ អាវុធដែលភិក្ខុតម្រូវឱ្យគេសម្លាប់មានដាវជាដើម

    ៥. ឥរិយាបថ ឥរិយាបថដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៦. កិរិយាវិសេស អំពើប្លែកៗ នៃវិធីសម្លាប់ មានបាញ់ចាក់ កាប់ជាដើម ដែលភិក្ខុតម្រូវឱ្យគេធ្វើ ។

    អធិប្បាយទី១ បុគ្គលដែលភិក្ខុតម្រូវឱ្យគេសម្លាប់ហៅថាវត្ថុ ។ ភិក្ខុបង្គាប់បុគ្គលដទៃឱ្យសម្លាប់បុគ្គលណា បើបុគ្គលទទួលបង្គាប់ទៅសម្លាប់បុគ្គលនោះបានមែន ទើបភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិ បើមិនដូច្នោះ បុគ្គលអ្នកទទួលបង្គាប់ បែរជាទៅសម្លាប់បុគ្គលដទៃដោយចិត្តឯង ទៅសម្លាប់បុគ្គលដទៃ ដោយស្មានថាបុគ្គលនោះ ភិក្ខុអ្នកបង្គាប់រួចខ្លួន តែមិនមែនរួចស្រឡះសោះទេ គឺត្រូវអាបត្តិទុក្កដៗ ត្រង់ដែលប្រើឱ្យគេសម្លាប់ ។

    ២. វេលាដែលភិក្ខុតម្រូវបង្គាប់គេឱ្យទៅសម្លាប់ ដោយកំណត់កាល មានកាលមុនភត្តជាដើម ហៅថាកាល ។ បើភិក្ខុបង្គាប់ថាសម្លាប់ក្នុងកាលមុនភត្ត ហើយបុគ្គលអ្នកទទួលបង្គាប់ ទៅសម្លាប់បានក្នុងកាលមុនភត្តមែនទើបភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិ ។ បើមិនដូច្នោះភិក្ខុកំណត់ថាឱ្យសម្លាប់ក្នុងកាលណាមួយ បើបុគ្គលអ្នកទទួលបង្គាប់ទៅសម្លាប់មុនក្ដី ក្រោយក្ដីអំពីកាលកំណត់នោះ ភិក្ខុអ្នកបង្គាប់រួចខ្លួន ។     សេចក្ដីវិនិច្ឆ័យក្នុងលក្ខណ ទី៣ ទី៤ ទី៥ និងទី៦ ក៏មានទំនងប្រហែលៗ គ្នាដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យដែលវិនិច្ឆ័យមកហើយនុះចុះ ។

    ឧបាយសម្លាប់ផ្សេងៗ របស់ភិក្ខុដែលត្រូវការចង់សម្លាប់បុគ្គលដទៃដោយមរណូបករណ៍ជាអសង្ហារិម មានការជិកខ្នាចចាត់ចែងទីបង្អែកបង្កប់សាស្ដ្រាវុធមានដាវជាដើម បង់ថ្នាំពិសក្នុងស្រះជីកជាដើម ឬ លងបន្លាចដោយរូបបូបហារជាដើម ហៅថា ថាវរ ។ ក្នុងថាវរប្បយោគនេះក៏មានចែកចេញទៅតាមប្រភេទដែលបុគ្គលត្រូវសម្លាប់ ដែលភិក្ខុសំដៅនឹងមិនសំដៅនោះដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យមុនសំដៅនោះដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យមុននុះចុះ ។

    ការជបមន្ដវិជ្ជាដើម្បីធ្វើបុគ្គលដទៃឱ្យស្លាប់ហៅថាវិជ្ជាមយ ។

ការប្រកបឫទ្ធិដែលកើតអំពីកម្មវិបាក ហៅថា ឥទ្ធិមយ ។

១០២. បុ. ភិក្ខុបង្គាប់ឱ្យគេសម្លាប់មនុស្សប្រុស អ្នកទទួលបង្គាប់ស្ដាប់មិនបាន ត្រឡប់ទៅសម្លាប់មនុស្សស្រី ពានទៅលើមាតារបស់ភិក្ខុអ្នកប្រើនោះស្លាប់ទៅ តើភិក្ខុអ្នកប្រើត្រូវបារាជិកឬទេ?

វិ. បើតាមប្រយោគនេះ មិនត្រូវបារាជិកភិក្ខុអ្នកប្រើទេ ព្រោះខុស

សង្កេត តែបើតាមច្បាប់អនន្តរិយកម្ម ភិក្ខុអ្នកប្រើត្រូវអនន្តរិយកម្ម ព្រោះអនន្តរិយកម្មទុកណាជាខុសសង្កេតក៏ដោយឱ្យតែមានបំណងនឹងសម្លាប់ ហើយពានទៅលើមាតា ឬបិតា សុទ្ធតែត្រូវអនន្តរិយកម្មពេញ

ទី ។

១០៣. បុ. បើមិនត្រូវបារាជិកទេ ត្រូវអនន្តរិយកម្ម តើនឹងតាំងនៅជាភិក្ខុភាវតទៅទៀតបានឬទេ?

វិ. តាំងនៅជាភិក្ខុភាវមិនបានទេ ពិតមែនតែមិនត្រូវបារាជិក ប៉ុន្ដែទោសអនន្តរិយកម្មធ្ងន់ជាងបារាជិកទៅតទៀត ។

១០៤. បុ. ដែលចាត់ជាអនាបត្តិនោះដូចម្ដេច?

វិ. ចាត់ដូច្នេះ ការប្រព្រឹត្តបទល្មើសរបស់ភិក្ខុដែលមិនបានក្លែងសម្លាប់ ភិក្ខុដែលមិនដឹង ភិក្ខុដែលមិនមានប្រាថ្នានឹងសម្លាប់ នឹងភិក្ខុឆ្កួតជាដើមចាត់ជាអនាបត្តិ ។

១០៥. បុ. មនុស្សវិគ្គហសិក្ខាបទនេះមានអង្គប៉ុន្មាន? ចូររាប់?

វិ. មានអង្គ ៥ ដូច្នេះគឺ

    ១. មនុស្សជាតិប្បាណោ សត្វមានជីវិតជាមនុស្សជាតិ

    ២. បាណសញ្ញិតា សេចក្ដីសម្គាល់ថាសត្វមានជីវិត

    ៣. វធកចិត្តំ ចិត្តប្រុងនឹងសម្លាប់

    ៤. ឧបក្កមោ ព្យាយាមក្នុងការសម្លាប់

    ៥. តេនមរណំ ស្លាប់ដោយការព្យាយាមនោះ ។

    សិក្ខាបទនេះឈ្មោះអទិន្នាទានសមុដ្ឋាន អាបត្តិកើតដោយសចិត្តកសមុដ្ឋាន ៣ ខាងចុង ជាកិរិយាត្រូវអាបត្តិដោយកិរិយាធ្វើ ជាសញ្ញាវិមោក្ខ រួចចាកអាបត្តិដោយមិនមានសញ្ញាក្នុងការប្រព្រឹត្ត ជាសចិត្តក ប្រកបដោយចិត្តក្លែង ជាលោកវជ្ជមានទោសតាមផ្លូវលោក ជាកាយកម្ម វចីកម្ម ប្រព្រឹត្តទៅក្នុងកាយទ្វារផង វចីទ្វារផង មានចិត្តជាអកុសលមានវេទនាជាទុក្ខ ។

១០៦. បុ. សិក្ខបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា ?

វិ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងកូដាគារសាលាទៀបព្រៃមហាវន ជិតនគរវេសាលីទ្រង់បញ្ញត្តប្រារព្ធនឹងភិក្ខុច្រើនរូប ដែលពិចារណាអសុភកម្មដ្ឋានមានសេចក្ដីនឿយណាយនឹងរាងកាយខ្លួនឯង ក៏ផ្ដាច់ជីវិតគ្នាទៅវិញទៅមកខ្លះ ចូរទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិតក ដែលជាអ្នកធ្វើការបម្រើសមណឱ្យសម្លាប់ខ្លួនឯងខ្លះ ។

១០៧. ភិក្ខុសម្លាប់ខ្លួនឯង ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១០៨. បុ. ហេតុអ្វីបានជាត្រូវទុក្កដ?

វិ. បានជាត្រូវទុក្កដ ព្រោះត្រូវមុនតាំងពីចាប់គ្រឿងអាវុធម៉្លេះ

ដល់ស្លាប់ទៅមិនមានអ្នកណាទទួលអាបត្តិបារាជិក បានជាថា

ត្រូវតែអាបត្តិទុក្កដ ។

                    ចប់មនុស្សវិគ្គហសិក្ខាបទទី៣

ឧត្តរិមនុស្សធម្មសិក្ខាបទទី៤

១០៩.បុ. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មដូចម្ដេចត្រូវបារាជិក? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ពោលអួតគុណវិសេសដែលមិនមានក្នុងខ្លួន ដែលខ្លួនមិនបានត្រាស់ដឹងពិត ហើយប្រាថ្នាចង់បានលាភ ចង់បានសេចក្ដីសរសើរហើយពោលអួតថាយើងដឹង យើងឃើញនូវឧត្តរិមនុស្សធម្ម ដោយកាយក្ដី ដោយវាចាក្ដី ដល់មនុស្សជាតិលុះស្ដាប់សេចក្ដីបានហើយគេជឿ ភិក្ខុនោះត្រូវបារាជិក ដែលត្រូវថុល្លច្ច័យនោះដូច្នេះគឺភិក្ខុដែលឱ្យគេសរសើរខ្លួនឯងតែពោលអាងអ្នកដទៃថា​ អាត្មាឮគេថាលោកនៅវិហារឯនោះ ឬកុដិឯនោះ លោកនោះបានឈានមានបឋមជ្ឈានជាដើមបើអ្នកស្ដាប់ដឹងសេចក្ដីថា ប្រហែលលោកគ្រូនឹងទេដឹងភិក្ខុនោះត្រូវ

ថុល្លច្ច័យ បើអ្ន​កស្ដាប់មិនដឹងសេចក្ដី ស្ដាប់មិនបានត្រូវទុក្កដ ។

១១០. បុ. មនុស្សដ៏ក្រៃលែងនោះដូចម្ដេច? ធម៌នោះដូចម្ដេច?

វិ. មនុស្សដ៏ក្រៃលែងនោះសំដៅយកព្រះអរិយបុគ្គល ជាមនុស្សជាន់ខ្ពស់ ជាងមនុស្សសាមញ្ញ ធម៌នោះ គឺធម៌សម្រាប់មនុស្សជាន់ខ្ពស់មាន ១០ យ៉ាង គឺឈាន១, វិមោក្ខ១, សមាធិ១, សមាបត្តិ១, ញាណទស្សន១, មគ្គភាវនា១, ផលសច្ឆិកិរិយា១, កិលេសប្បហាន១, ចិត្តស្សវិនីវរណតា១, សុញ្ញាគារេអភិរតិ១, រួមត្រូវជា១០, ទាំង១០ នេះឈ្មោះថា

ឧត្តរិមនុស្សធម្ម ។ ម៉្យាងទៀតបានដល់មហគ្គតធម៌ នឹងលោកកុត្តរធម៌ ធម៌ទាំងនេះមិនបានអធិប្បាយទេ គ្រាន់តែរាប់ជាគោលប៉ុណ្ណេះ ។

១១១. បុ. ឧត្តរិមនុស្សធម្ម មានអង្គប៉ុន្មាន? ចូរារប់?

វិ. មានអង្គ ៥ គឺ

    ១. ឧត្តរិមនុស្សធម្មស្ស អត្តនិ អសន្តតា ភាពនៃឧត្តរិមនុស្សធម្មមិនមានកក្នុងខ្លួន

    ២. បាបិច្ឆតាយ តស្ស អារោចនំ ការប្រាប់នូវ ឧត្តរិមនុស្សធម្មនោះដោយសេចក្ដីប្រាថ្នាដ៏លាមក

    ៣. អនញ្ញាបទេសោ ការអួតមិនមានបុគ្គលដទៃជាទីអាង

    ៤. យស្ស អារោចេតិ តស្ស មនុស្សជាតិកតា ភាពនៃបុគ្គលដែលភិក្ខុប្រាប់ជាមនុស្សជាតិ

    ៥. តង្ខណំ វិជាននំ ការដឹងច្បាស់ក្នុងខណនោះ ។

លក្ខណឯទៀតមានសមុដ្ឋានជាដើម ដូចអទិន្នាទានសិក្ខាបទ ។

១១២. បុ. ឧត្តរិមនុស្សនេះព្រះអង្គទ្រង់បញ្ញត្តក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា? ព្រោះរឿងរ៉ាវដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅទៀបឆ្នេរស្ទឹងវគ្គុមុទា ទ្រង់ប្រារព្ធចំពោះភិក្ខុច្រើនរូប ព្រោះហេតុតែភិក្ខុទាំងនោះ អត់ភត្តាហារហើយពោលអួត

ឧត្តរិមនុស្សធម្ម ។ ដូចមានរឿងតំណាលទុកថា

    ភិក្ខុគ្រប់តំបន់ផ្សេងៗតែដល់ពេលចេញវស្សារួចហើយ តែងនាំគ្នាមកថ្វាយបង្គំព្រះមានព្រះភាគ ។ ឯភិក្ខុមកពីទីដទៃៗ ឃើញសុទ្ធតែស្គមៗ ព្រោះអាហារមិនបរិបូណ៌ ។ ចំណែកភិក្ខុដែលមកពីស្ទឹងវគ្គុមុទានោះសុទ្ធតែធាត់ៗ មានសាច់ឈាម នឹងរូបឆោមលោមពណ៌ក៏ស្រស់បស់គ្រប់ៗរូប ភិក្ខុទាំងនោះថ្វាយបង្គំព្រះមានព្រះភាគហើយក៏អង្គុយទីដ៏សមគួរ ព្រះមានព្រះភាគក៏មានពុទ្ធតម្រាស់ត្រាស់សួរថាម្នាលភិក្ខុទាំងឡាយ យន្ដ គឺសរីរ របស់អ្នកទាំងឡាយរាល់គ្នាមានចក្រ ៤ ទ្វារ ៩ តើអ្នកទាំងឡាយអាចនឹងប្រព្រឹត្តទៅបានដោយស្រួលឬទេ ? មិនមានអន្តរាយបៀតបៀនទេឬ? មានសាមគ្គីធម៌ស្មោះស័្មគ្រនឹងគ្នាទេ? មិនលំបាកដោយអាហារបិណ្ឌបាតទេឬ? ឯភិក្ខុមកពីស្ទឹងវគ្គុមុទាឆ្លើយថា ខ្ញុំព្រះអង្គទាំងអស់គ្នាស្មោះស្ម័គ្រស្រួលបួលទេមិនលំបាកដោយអាហារទេ ព្រោះខ្ញុំព្រះអង្គពោលអួតនូវឧត្តរិមនុស្សធម្មប្រាប់ដល់មនុស្សក្នុងទីនោះ គេក៏ជ្រះថ្លាហើយប្រគេនចង្ហាន់បិណ្ឌបាតបរិបូណ៌ឥតខ្វះខាតទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់បញ្ជាក់ទៀតថា ម្នាលភិក្ខុទាំងឡាយអ្នកធ្វើយ៉ាងនេះពិតមែនឬ? ភិក្ខុទាំងនោះទទួលតបព្រះពុទ្ធដីកាថា ពិតមែនព្រះអង្គព្រះមានព្រះភាគទ្រង់ជ្រាបដូច្នោះហើយ ក៏ទ្រង់ត្មះតិះដៀលជាអនេកប្បរិយាយ លុះទ្រង់ត្មះតិះដៀលរួចហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកប្រជុំគ្នា ទ្រង់សំដែងធម្មីកថាតទៅត្រាស់ហៅភិក្ខុទាំងឡាយក្នុងលោកនេះមានភិក្ខុជាមហាចោរ ៥ ពួក ។ ភិក្ខុមហាចោរនោះមានសេចក្ដីត្រិះរិះដូចមហាចោរ ៥ ពួកដែលមានក្នុងលោកនេះគឺគិតថា បើកាលណាអាត្មាអញបានបរិវារ១ រយ ​ឬ ១ពាន់ចោមរោមជាគ្នាហើយ នឹងដើរចូលទៅកាន់ស្រុកនិគមជនបទរាជធានី ហើយនឹងប្លន់វាយសំពងផ្ដាច់ជីវិតពួកអ្នកស្រុកទាំងនោះដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យដុតរោលអ្នកស្រុកយ៉ាងណាមិញ ឯភិក្ខុដែលមានសេចក្ដីត្រិះរិះលាមកខ្លះដែលមានបរិស័ទ ១ រយ ឬ ១ ពាន់ជាដើមចោមរោមជាគ្នាហើយនឹងត្រាច់ទៅកាន់ចារិក ក្នុងស្រុកនិគមជនបទរាជធានី នឹងបាននូវចីវរបិណ្ឌបាត សេនាសន គិលានភេសជ្ជ ឬភេសជ្ជបរិក្ខារជាដើមដែលពួកគ្រហស្ថក្ដី បព្វក្ដី ធ្វើសក្ការគោរពកោតក្រែងរាប់អានបូជានោះ ។ ធ្វើយ៉ាងនេះ ហៅថា មហាចោរពួកទី១ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះ មានភិក្ខុបានខ្លះរៀនសូត្រធម៌វិន័យដែលតថាគតបានសំដែងហើយដុតកំដៅខ្លួនឯងចោល គឺភិក្ខុចេះប្រៀបធៀបបាលីអដ្ឋកថា ហើយប្រសប់ធ្វើសំឡេងទេសនា ខាងផ្លូវព្រះសូត្រ ឱ្យយ៉ាងពីរោះក្បោះក្បាយកាលណាមានគេសួរថា លោកម្ចាស់រៀនពីគ្រូណាមក? ភិក្ខុនោះក៏ឆ្លើយថាឥតមានរៀនពីគ្រូអាចារ្យណាទេ រៀនចេះដឹងតែខ្លួនឯង យ៉ាងនេះហៅថា ដុតកំដៅខ្លួនឯង ។

ភិក្ខុធ្វើយ៉ាងនេះហៅថា ពួកមហាចោរទី២ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះ មានភិក្ខុបានខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ដ៏ប្រសើរបរិសុទ្ធ ចោទដោយការមិនប្រសើររកមូលរកហេតុគ្មាន យ៉ាងនេះហៅថា មហាចោរពួកទី ៣ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះមានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌដែលជារបស់សង្ឃ ឬបរិក្ខារបស់ខ្លួន ។ ឯគរុភណ្ឌនោះ គឺគុម្ពផ្កានឹងដើមឈើ១ ទីដែលសម្រាប់ដាំឈើនឹងគុម្ពផ្កា១ កុដិ១ ទីដែលសម្រាប់សង់កុដិ១ គ្រែ ១ តាំង១ ពូក ១ ខ្នើយ ១ ឆ្នាំងលោហ ១ ស្នូកលោហ ១ ក្អមលោហ ១ កាំបិតលោហ ១ ប៉ូថៅ ១ ដឹង ១ ចប ១ ពន្លាកឬដែកកណ្ដារ ១ វល្លិប្រវែងមួយលូកឡើងទៅ១ ឬស្សីប្រវែង ៣ ធ្នាប់ ១ ដីឥដ្ឋ ១ គ្រឿងធ្វើនឹងឈើ ១ គ្រឿងធ្វើនឹងដី ១ ។ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះហៅថា មហាចោរពួកទី ៤ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមានប្រាកដក្នុងខ្លួន ភិក្ខុនោះជាមហាចោរទី៥ ជាចោរធំផុតក្នុងលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណនឹងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព នឹងមនុស្សដ៏សេសទាំងឡាយ ។ ហេតុអ្វីបានជាតថាគតពោលដូច្នេះ? ម្នាលភិក្ខុទាំងឡាយ ព្រោះបាយរបស់ជនអ្នកនៅក្នុងដែន តែងប្រគេនចំពោះលោកអ្នកមានសីលបរិសុទ្ធ ភិក្ខុនោះឯងលួចយកដោយឧបាយដ៏លាមកយកមកបរិភោគ ។

១១៣. បុ. ដែលចាត់ជាអនាបត្តិ គឺអាការដែលមិនត្រូវអាបត្តិនោះដូចម្ដេច? ចូររាប់!

វិ. ចាត់ជាអនាបត្តិនោះដូច្នេះគឺ ភិក្ខុប្រាប់គេដោយសម្គាល់ថាខ្លួនបាន ១ ប្រាប់ដោយមិនប្រាថ្នានឹងអួត ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

ចប់ឧត្តរិមនុស្សធម្មសិក្ខាបទទី៤

១១៤. បុ. បារាជិកមានត្រឹមតែប៉ុណ្ណឹង ឬមានតទៅទៀត? ចូររាប់!

វិ. បារាជិកមាន ២៤ តទៅទៀតដូច្នេះគឺ បារាជិកដែលមានមកក្នុងបាលីសម្រាប់ភិក្ខុ ៤ សម្រាប់ភិក្ខុនី ដែលជាអសាធារណ ៤ រួមជា ៨ ផ្សំនឹងបារាជិក ១១ អភព្វបុគ្គល ១១ ពួកមានបណ្ឌកជាដើមត្រូវជា ១៩ ថែមបារាជិករបស់ភិក្ខុនី ដែលប្រាថ្នាភាពជាគ្រហស្ថហើយសឹកចេញទៅ១ ទៀតត្រូវជា ២០ មានបារាជិក ៤ ដងទៀតហៅថាអនុលោមបារាជិកគឺ បុគ្គលមានអង្គជាតយារអាចបត់ចូលទៅក្នុងវច្ចមគ្គរបស់ខ្លួនបាន១ បុគ្គលបៀមអង្គជាតរបស់បុគ្គលដទៃ ១ បុគ្គលអង្គុយសង្កត់អង្គជាតរបស់បុគ្គលដទៃ គឺបណ្ដោយឲ្យបុគ្គលដទៃសេពវច្ចមគ្គរបស់ខ្លួន១ ត្រូវជា ៤ រួមនឹងបារាជិក ២០ ត្រូវជា ២៤ ។

ចប់បារាជិក ៤ ដោយសង្ខេបតែប៉ុណ្ណេះ

សង្ឃាទិសេស ១៣

សុក្កវិសដ្ឋិសិក្ខាបទទី១

១១៥. បុ. ភិក្ខុមានតម្រេក ក្លែងធ្វើទឹកសុក្កឱ្យឃ្លាតកម្រើចាកទីដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ.​ ភិក្ខុដឹង ចាំច្បាស់ មានតម្រេក ព្យាយាមធ្វើទឹកសុក្កឱ្យឃ្លាត កម្រើកចាកទី ត្រូវសង្ឃាទិសេស ភិក្ខុព្យាយាមមែនតែទឹកសុក្កមិនឃ្លាតចេញ ត្រូវថុល្លច្ច័យ ភិក្ខុគ្រាន់តែគិតក្នុងចិត្តដោយកម្រេកដូចជាភិក្ខុឃើញអង្គជាតរបស់ស្ត្រី ហើយសម្លឹងមើល ទឹកសុក្កក៏ធ្លាក់ចេញមក ទើបភិក្ខុដឹងខ្លួន ឈប់មើលទៅវិញ ត្រូវទុក្កដ ។

    វិធីត្រូវសង្ឃាទិសេស នឹងថុល្លច្ច័យទុក្កដនោះ មានច្រើនទៅទៀត តែស្រង់យកមកតែប៉ុណ្ណេះជាឧទារហណ៍ ។

១១៦. បុ. ទឹកសុក្កនោះមានប៉ុន្មានយ៉ាង?

វិ មាន ១០ យ៉ាងគឺ ទឹកសុក្កខៀវ១, ពណ៌លឿង១, ពណ៌ក្រហម១, ពណ៌ស១, ពណ៌ដូចទឹកដោះជូរឡើងពពុះ១, ពណ៌ដូចទឹក១, ពណ៌ប្រេង១, ពណ៌ដូចទឹកដោះស្រស់១, ពណ៌ដូចទឹកដោះជូរ១, ពណ៌ដូចទឹកដោះថ្លា១, រួមជាទឹកសុក្កមាន១០យ៉ាង ។

១១៧. បុ. សុក្កវិសដ្ឋិសិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៣គឺ

    ១. ចេតនា ចង់ឱ្យឃ្លាតចាក

    ២. ឧបក្កមោ ទឹកសុក្កបានឃ្លាតចេញ

    ៣. មោចនំ ទឹកសុក្កបានឃ្លាតចេញ ។

១១៨. បុ. សុក្កវិសដ្ឋិមានអនាបត្តិប៉ុន្មាន?

វិ. មានអនាបត្តិ ៦ គឺ

    ១. ភិក្ខុយល់សប្ដិ

    ២. ភិក្ខុមិនមានបំណងនឹងឱ្យទឹកសុក្កឃ្លាតចេញ

    ៣. ភិក្ខុឆ្កួត

    ៤. ភិក្ខុមានចិត្តរវើរវាយ

    ៥. ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់

    ៦. ភិក្ខុដើមបញ្ញត្តិ ។

១១៩. បុ. សុក្កវិសដ្ឋិសិក្ខាបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា?

ប្រារព្ធនឹងបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ទៀបក្រុងសាវត្ថី ទ្រង់ប្រារព្ធនឹង

សេយ្យសកភិក្ខុដែលជាសទ្ធិវិហារិក នៃព្រះឧទាយី ព្រោះហេតុភិក្ខុនោះអផ្សុក ហើយព្យាយាមញុំាងទឹកសុក្ក របស់ខ្លួនឱ្យឃ្លាតចេញដោយដៃខ្លួនឯង ។

    សិក្ខាបទនេះ មានសមុដ្ឋានវិធីជាដើម ដូចបឋមបារាជិក ។

កាយសំសគ្គសិក្ខាបទទី២

១២០. ភិក្ខុចាប់ពាល់កាយស្ត្រី ដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុចាប់ពាល់កាយស្ត្រីដោយតម្រេកត្រូវសង្ឃាទិសេសស្ត្រីពិតមែនភិក្ខុមានសេចក្ដីសង្ស័យ មានតម្រេកក៏យកកាយរបស់ខ្លួនទៅស្ទាបអង្អែលកាយស្ត្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ ស្ត្រីពិតមែនភិក្ខុក៏សម្គាល់ថាស្ត្រីមែន ត្រេកអរហើយស្ទាបអង្អែលនិស្សគ្គិយវត្ថុស្ត្រីនោះ ដោយ

និស្សគ្គិយវត្ថុរបស់ខ្លួនត្រូវអាបត្តិទុក្កដ ។

១២១. បុ. ភិក្ខុចាប់ពាល់កាយ យក្សស្រី ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១២២. បុ. ភិក្ខុចាប់ពាល់កាយសត្វតិរច្ឆានញី ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៣. បុ. ប្រុសប្រាកដ ភិក្ខុដឹងជាប្រុសពិត ចាប់ពាល់ដោយតម្រេកត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៤. បុ. ភិក្ខុចាប់ពាល់មាតាក្ដី បិតាក្ដី កូនស្រីក្ដី(១) ប្អូនស្រីក្ដី ដោយសេចក្ដីស្រលាញ់រាប់អាន ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៥. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស

    ២. ឥត្ថីសញ្ញីតា ស្ត្រីមនុស្ស

    ៣. កាយសំសគ្គរាគោ ដឹងជាក់ជាស្ត្រីមែន

    ៤. តេន រាគេន វាយាមោ ការព្យាយាមដោយតម្រេកនោះ

    ៥. ហត្ថគ្គាហាទិសមាបជ្ជនំ ការចាប់ពាល់ត្រូវដៃជាដើម ។

១២៦. បុ. អនាបត្តិក្នុងសិក្ខាបទនេះ មានប៉ុន្មាន?

វិ. មាន ៨ គឺភិក្ខុមិនក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិនដឹងខ្លួន១

 ភិក្ខុត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ ។

១២៧. បុ. សិក្ខាបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា? ទ្រង់ប្រារព្ធនឹងបុគ្គលណា? ព្រោះហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ក្រុងសាវត្ថី ប្រារព្ធនឹងឧទាយិត្ថេរ ព្រោះស្ទាបអង្អែលនាងព្រាហ្មណី ដែលចូលទៅមើលកុដិជាមួយនឹងស្វាមី ។  សិក្ខាបទនេះ ជាអនាណត្តិក មានសមុដ្ឋានវិធីជាដើមដូចបឋមបារាជិក ។

 ទុដ្ឋល្លវាចាសិក្ខាបទទី ៣

១២៨. បុ. ភិក្ខុនិយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនឹងស្ត្រី ដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុមានតម្រេក និយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនឹងស្ត្រីត្រូវសង្ឃាទិសេស ស្ត្រីមែន តែភិក្ខុសម្គាល់ថាខ្ទើយក្ដី ថាប្រុសក្ដី ថាតិរច្ឆានក្ដី ក៏មានសេចក្ដីតម្រេកនិយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនោះ ត្រូវអាបត្តិថុល្លច្ច័យ ប្រុសជាប្រាកដ ភិក្ខុសម្គាល់ថាប្រុសមែនក្ដី មានតម្រេកពោលពាក្យអាក្រក់ចំពោះទ្វារមគ្គនោះ ត្រូវអាបត្តិទុក្កដ ។

១២៩. ភិក្ខុមានតម្រេកនោះដូចម្ដេច?

វិ. ភិក្ខុមានចិត្តប្រែប្រួលហៅថាមានតម្រេក គឺមានចិត្តប្រតិព័ទ្ធដោយកាមរាគ ។

១៣០. បុ. ចុះភិក្ខុពោលពាក្យអាក្រក់នោះដូចម្ដេច?

វិ. ភិក្ខុនិយាយចែចង់ស្ត្រី ដូចកំលោះនឹងក្រមុំចែចង់គ្នា ទោះពោលសរសើរក្ដី ពោលបង្អាប់ក្ដីនូវទ្វារមគ្គថា ប្រដាប់អូនឯងនេះល្អមែន ឬអាក្រក់មែន ឬក៏ធំ តូច រាក់ ជ្រៅយ៉ាងណាដូច្នេះជាដើម ចំពោះមុខស្ត្រី ហៅថា ពោលពាក្យអាក្រក់ ។

១៣១. បុ. ភិក្ខុមានតម្រេកនិយាយចែចង់ស្ត្រី តែស្ត្រីនោះស្ដាប់សេចក្ដីមិនបាន ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៣៣. ភិក្ខុពោលពាក្យអាក្រក់ចំពោះស្ត្រី ដោយទោសចិត្តត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៣៤. បុ. ភិក្ខុមានតម្រេក និយាយបញ្អិតបញ្ឆៀងចែចង់ស្ត្រី ស្រីនោះស្ដាប់សេចក្ដីបាន តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៣៥. សិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស

    ២. ឥត្ថីសញ្ញិតា សម្គាល់ថាជាស្ត្រី

    ៣. ទុដ្ឋល្លវាចស្សាទរាគោ មានតម្រេកក្នុងការពោលពាក្យអាក្រក់

    ៤. តេន រាគេន ឧភាសនំ ការពោលដោយតម្រេកនោះ

    ៥. តង្ខណំ វិជានន ញុំាងស្ត្រីឲ្យដឹងច្បាស់ក្នុងខណនោះ ។

១៣៦. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន?

វិ. មាន ៥ គឺ ភិក្ខុកំពុងតែអធិប្បាយសេចក្ដី១ ភិក្ខុដែលកំពុងតែបង្រៀនធម៌១ ភិក្ខុដែលកំពុងតែប្រៀនប្រដៅ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៣៧. បុ. សិក្ខាបទនេះព្រះអង្គទ្រង់គង់ក្នុងទីណា? បញ្ញត្តចំពោះបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅក្នុងវត្តជេតពនជិតក្រុងសាវត្ថី ទ្រង់បញ្ញត្តចំពោះឧទាយិត្ថេរ ព្រោះពោលពាក្យអាក្រក់ នឹងស្ត្រីច្រើននាក់ ដែលនាំគ្នាចូលទៅក្នុងកុដិរបស់ខ្លួន ។ សិក្ខាបទនេះ មានសមុដ្ឋានវិធីជាដើម ដូច

អទិន្នាទានសិក្ខាបទ ប្លែកតែមានវេទនា ២ ប៉ុណ្ណោះ ។

            អត្តកាមបារិចរិយាសិក្ខាបទទី៤

១៣៨. បុ. ភិក្ខុនិយាយលួងលោមមាតុគ្រាមឱ្យបម្រើខ្លួនដោយកាមដូចម្ដេច ទើបត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុមានចិត្តតម្រេកនិយាយលួងលោមមាតុគ្រាមឱ្យបម្រើខ្លួនដោយកាមមានពាក្យថា ម្នាលប្អូនស្រី! បើប្អូនចង់បានបុណ្យដ៏លើសលប់ ចូរនាងឱ្យមេថុនធម្មជាទាននេះ បានផលខ្ពង់ស្ពស់ជាងបណ្ដាទានទាំងអស់ ដូច្នេះជាដើម ត្រូវសង្ឃាទិសេស ។

១៣៩. បុ. ស្ត្រីដូចម្ដេចហៅថាមាតុគ្រាម?

វិ. ស្ត្រីដែលដឹងសេចក្ដីឆ្លៀវឆ្លាស់ហៅថា មាតុគ្រាម ។

១៤០. បុ. យក្សស្រី ប្រេតស្រី តិរច្ឆានញី ហៅថាមាតុគ្រាមបានឬទេ?

វិ. ហៅថាមាតុគ្រាមមិនបានទេ ព្រោះមិនមែនជាស្ត្រីមនុស្ស ។

១៤១. បុ. ស្ត្រីពិតមែន ភិក្ខុមានសេចក្ដីសង្ស័យក្ដី សម្គាល់ថាខ្ទើយក្ដី សម្គាល់ថាប្រុសក្ដី ថាតិរច្ឆានក្ដី ក៏មានសេចក្ដីតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៤២. បុ. ខ្ទើយពិតមែន ភិក្ខុសង្ស័យ ក៏មានតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៤៣. បុ. ប្រុសពិតមែនភិក្ខុសម្គាល់ថាប្រុសក្ដី មានសេចក្ដីសង្ស័យក្ដី សម្គាល់ថាតិរច្ឆានក្ដី ថាស្រីក្ដី ថាខ្ទើយក្ដី ក៏មានតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៤៤. សិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស

    ២. ឥត្ថីសញ្ញិតា ស្ត្រីមនុស្ស

    ៣. អត្តកាមបារិចយាយ សម្គាល់ថាស្ត្រី

    ៤. តេន រាគេន វណ្ណភណនំ ការពោលសរសើរដោយតម្រេកនោះ

    ៥. តង្ខណំ វិជាននំ ញុំាស្ត្រីឲ្យដឹងច្បាស់ក្នុងខណនោះ ។

១៤៥. បុ. អនាបត្តិក្នុសិក្ខាបទនេះ មានប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៣ គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មាដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ នឹងគិលានប្បច្ច័យ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៤៦. បុ. សិក្ខាបទនេះ ព្រះអនាវរណញ្ញណទ្រង់ប្រថាប់នៅទីណា? ប្រារព្ធចំពោះបុគ្គលណា? និមិត្តរឿងរ៉ាវដូចម្ដេច?

វិ. កាលព្រះអង្គប្រថាប់នៅវត្តជេតពន ក្រុងសាវត្ថី ទ្រង់ប្រារព្ធចំពោះឧទាយិត្ថេរ និមិត្តរឿងរ៉ាវដូច្នេះ

    សេចក្ដីថា សម័យនោះឯង ឧទាយិត្ថេរភិក្ខុចូលទៅកាន់ត្រកូលស្ត្រីមេម៉ាយម្នាក់ស្លាប់ក្ដី ឆាន់ក្នុងពេលព្រឹក ។ នាងនោះមានសេចក្ដីជ្រះថ្លាបវារណាថា លោកម្ចាស់ត្រូវការវត្ថុណាដែលខ្ញុំព្រះករុណាល្មមប្រគេនបាន ទោះជាចីវរក្ដី បិណ្ឌបាតក្ដី សេសនក្ដី គិលានភេសជ្ជក្ដី សូមលោកម្ចាស់ប្រាប់ខ្ញុំករុណាចុះ ខ្ញុំនឹងរកប្រគេន ។ ឧទាយិភិក្ខុថា ម្នាលនាង! បច្ច័យទាំង ៤ មានចីវរប្បច្ច័យជាដើមអាត្មាមិនក្រប៉ុន្មានទេ របស់ណាដែលយើងបានដោយកម្រ នាងចូរឲ្យរបស់នោះដល់អាត្មាចុះ ។ ស្ត្រីនោះសួរថា របស់អ្វីដែលក្រលោកម្ចាស់? ឧទាយិភិក្ខុឆ្លើយថា មេថុនធម្ម ។ ស្ត្រីនោះសួរថា លោកម្ចាស់ត្រូវការមេថុនធម្មមែនឬ? ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រីអាត្មាត្រូវការដែរ ។ ស្ត្រីនោះថាលោកម្ចាស់និមន្ដមកចុះ ហើយចូលទៅក្នុងបន្ទប់តូច ១ ក៏ដោះសំពត់ចេញដេកផ្ងាចង្គ្រាងនៅលើគ្រែ ។ ឧទាយិភិក្ខុចូលទៅ ឃើញហើយ ស្ដីឲ្យថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្ត្រីអាក្រក់ មានក្លិនស្អុយបែបនេះ! ថាហើយក៏ខាកស្ដោះដើរចេញទៅ ។

    គ្រានោះឯង ស្ត្រីនោះពោលបង្អាប់បន្ដុះថា សមណនេះ ជាកូនចៅព្រះពុទ្ធជាសក្យបុត្រ គ្មានសេចក្ដីអៀនខ្មាសទ្រុស្ដសីលនិយាយពាក្យកុហក សាមញ្ញគុណក្ដី ព្រហ្មញ្ញគុណក្ដីរបស់សមណនេះគ្មានទេ ។ ភិក្ខុណាដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច មានសន្ដោស មានសេចក្ដីអៀនខ្មាស មានសេចក្ដីរង្កៀសក៏ពោលតិះដៀលបន្ដុះបង្អាប់ដោយប្រការផ្សេងៗ ហើយក្រាបទូលសេចក្ដីនុះចំពោះព្រះមានព្រះភាគឱ្យប្រជុំភិក្ខុសង្ឃហើយសួរបញ្ជាក់ឧទាយិភិក្ខុ ហើយទើបទ្រង់បញ្ញត្តសិក្ខាបទនេះ ។ លក្ខណ មានសមុដ្ឋានវិធីជាដើម ដូច

ទុដ្ឋល្លវាចាសិក្ខាបទ ។

សញ្ចរិត្តសិក្ខាបទទី ៥

១៤៧. បុ. ភិក្ខុនិយាយដឹកនាំបុរសស្ត្រីឱ្យបានគ្នាជាប្ដីប្រពន្ធ ដូចម្ដេច ត្រូវសង្ឃាទិសេស?

វិ. ភិក្ខុនិយាយដឹកនាំបុរសស្ត្រីឱ្យបានគ្នាជាប្ដីប្រពន្ធ គឺបើចូលទៅកាន់ត្រកូលកូនប្រុស ក៏និយាយសរសើរខាងត្រកូលកូនស្រីថា កូនស្រីក្នុងត្រកូលឯនោះៗ មានរូបសម្បត្តិ ចរិយាសម្បត្តិ សមរម្យនឹងកូនប្រុសរបស់អ្នកណាស់បើចូលទៅកាន់ត្រកូលកូនស្រី ក៏សរសើរខាងត្រកូលប្រុសថា ត្រកូលឯនោះ មានកូនប្រុសសមរម្យនឹងកូនស្រីរបស់អ្នកណាស់ត្រកូលទាំងពីរស្ដាប់សេចក្ដីបានចូលចិត្ត ក៏ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនៗ ឱ្យបានគ្នាជាប្ដីប្រពន្ធ តាមពាក្យដឹកនាំរបស់ភិក្ខុនោះដូច្នេះត្រូវសង្ឃាទិសេស ។

១៤៨. បុ. ភិក្ខុទទួលពាក្យគេទៅនិយាយល្បងមើលដែរ តែមិនបាន

ត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៤៩. បុ. ភិក្ខុទទួលពាក្យគេរួចហើយ តែមិនបានទៅនិយាយល្បងមើលឡើយ ហើយត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៥០. បុ. ចុះបើភិក្ខុទទួលពាក្យគេរួចហើយ មិនបានទៅនិយាយល្បងមើល ថែមទាំងមិនបានត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។

១៥១. បុ. ភិក្ខុមិនទទួលពាក្យ ថែមទាំងមិនបាននិយាយល្បងមើល តែបាននាំសេចក្ដីមកប្រាប់គេវិញ តើត្រូវាអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។

១៥២. ភិក្ខុមិនដឹង បានទទួលបញ្ញើសំបុត្រ និយាយពីរឿងដឹកនាំបុរសស្ត្រី ឲ្យបានគ្នាជាប្ដីប្រពន្ធ ហើយត្រឡប់មកប្រាប់គេវិញ តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិសង្ឃាទិសេស ។

១៥៣. បុ. ហេតុដូចម្ដេចបានជាត្រូវអាបត្តិសង្ឃាទិសេស បើភិក្ខុគ្មានដឹងសេចក្ដីក្នុងសំបុត្រនោះ បន្ដិចបន្ដួចសោះ?

វិ. ពិតមែនតែភិក្ខុនោះមិនដឹងសេចក្ដី តែសិក្ខាបទនេះជាអចិត្តក

ទោះក្លែងក្ដី មិនក្លែងក្ដី ត្រូវអាបត្តិដូចគ្នា ។

១៥៤. បុ. មាតាបិតាភិក្ខុ លែងលះគ្នាដាច់ស្រឡះហើយ ភិក្ខុនិយាយសម្រុះសម្រួលឱ្យរួបរួមគ្នាវិញត្រូវអាបត្តិអ្វី?

វិ ត្រូវអាបត្តិសង្ឃាទិសេស ។

១៥៥. បុ. ស្ត្រីម្នាក់ឈ្លោះគ្នានឹងប្ដី រត់ទៅនៅផ្ទះម្ដាយវិញ ភិក្ខុទៅនិយាយផ្សះផ្សាឱ្យជានឹងគ្នាវិញ ស្ត្រីនោះក៏បានជានឹងប្ដីវិញ តើភិក្ខុនោះត្រូវអាបត្តិអ្វី? ព្រោះហេតុដូចម្ដេច?

វិ. ភិក្ខុនោះមិនមានត្រូវអាបត្តិអ្វីទេ ព្រោះគេមិនទាន់លែងគ្នាដាច់ស្រឡះ បម្រុងតែជានឹងគ្នាវិញ ។

១៥៦. សិក្ខាបទនេះ មានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៥ គឺ

  ១. យេសំ សញ្ចរិត្តំ សមាបជ្ជតិ តេសំ មនុស្សជាតិកតា

 ភិក្ខុដឹកនាំអ្នកណា អ្នកនោះជាមនុស្សជាតិ ។

   ២. ននាលំ វចនីយតា មិនមែនជាប្ដីប្រពន្ធនឹងគ្នាអំពីដើម ឬជាប្ដីប្រពន្ធដែរ តែលែងលះគ្នា ដាច់ស្រឡះគ្នាហើយ ។

   ៣. បដិគ្គហណំ ទទួលពាក្យគេ ។

   ៤. វិមំសនំ ការប្រាប់ល្បងមើល ។

   ៥. បច្ចាហរណំ ការត្រឡប់មកប្រាប់វិញ ។

១៥៧. បុ. អនាបត្តិក្នុងសិក្ខាបទនេះ មានប៉ុន្មានដែរ? អ្វីខ្លះ?

វិ. មាន ៥ គឺ ភិក្ខុទៅកាន់សំណាក់ស្រីនឹងប្រុសដោយកិច្ចដែលត្រូវធ្វើចំពោះសង្ឃ១ ចំពោះចេតិយ១ ចំពោះបុគ្គលឈឺ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៥៨. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា?

និមិត្តហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅក្នុងវត្តជេតពន ជិតក្រុងសាវត្ថីប្រារព្ធចំពោះ

ឧទាយិត្ថេរ  ព្រោះការដឹកនាំបុរសស្ត្រី ឱ្យបានគ្នាជាប្ដីប្រពន្ធ ។

       សិក្ខាបទនេះ មានសមុដ្ឋាន ៦ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តក ជាបណ្ណត្តិវជ្ជ ជាកាយកម្មនឹងវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ។

        សញ្ញាចិកសិក្ខាបទទី ៦

១៥៩. បុ. ភិក្ខុធ្វើកុដិ បូកដោយកំបោរឬដីស្អិត ដូចម្ដេចត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុធ្វើកុដិបូកដោយកំបោរឬដីស្អិត មិនមានអ្នកណាមួយជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ត្រូវធ្វើឲ្យត្រូវនឹងប្រមាណផង ឲ្យសង្ឃសំដែងទីឱ្យជាមុនផង ធ្វើដោយខ្លួនឯងផង ត្រូវសង្ឃាទិសេស ។

១៦០. បុ. ប្រមាណនោះដូចម្ដេច?

វិ. ប្រមណនោះដូច្នេះគឺបណ្ដោយ ១២ ចំអាប ទទឹង ៧ ចំអាបដោយ

ចំអាបព្រះសុគតឈ្មោះថាប្រមាណ ។

១៦១​. ភិក្ខុធ្វើកុដិឱ្យធំហួសប្រមាណក្ដី មិនបានឲ្យសង្ឃសំដែងទីឱ្យសិនក្ដី ដោយបណ្ដោយ ទទឹងធំហួសប្រមាណក្ដី ដោយញត្តិទុតិយកម្មវាចាក្ដី តើភិក្ខុត្រូវអាបត្តិយ៉ាងណា?

វិ. ភិក្ខុធ្វើកុដិឱ្យធំហួសប្រមាណនោះ សូម្បីតែធំលើសចម្រៀកសក់ជាដើមោឡើងទៅ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ប្រយោគ លុះបូកនៅសល់តែ ១ ដុំនោះហើយស្រេច ត្រូវសង្ឃាទិសេស ។

១៦២. បុ. ភិក្ខុធ្វើកុដិដែលឥតពួកមានភិក្ខុសំដែងទីឱ្យមានហេតុទាល់ គឺមានអន្តរាយ មិនមានឧបចារ ភិក្ខុនោះត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៣. បុ. ភិក្ខុធ្វើកុដិឥតមានភិក្ខុសំដែងទីឱ្យមានហេតុទាល់

តែមានឧបចារ ត្រូវអាបត្តិអ្វី?

វិ ភិក្ខុនោះត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៦៤. បុ. ភិក្ខុធ្វើកុដិធំហួសប្រមាណផង មានហេតុទាល់ផង មិនមានឧបចារផង ភិក្ខុត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ សង្ឃាទិសេស ១ ។

១៦៥. បុ. ភិក្ខុធ្វើកុដិមិនមានសង្ឃសំដែងទីឲ្យផង ហួសប្រមាណផងមានហេតុទាល់ផង មិនមានឧបចារផង ត្រូវអាបត្តិអ្វីខ្លះ?

វិ. ត្រូវអាបត្តិទុក្កដ ២ សង្ឃាទិសេស ២ ។

១៦៦. បុ. ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ មានសង្ឃសំដែងទីឱ្យតែមានហេតុទាល់ មិនមានឧបចារ ត្រូវអាបត្តិអ្វីខ្លះ?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ។

១៦៧. បុ. ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំភិក្ខុទាំងឡាយក៏ធ្វើកុដិឲ្យភិក្ខុនោះ មិនមានសង្ឃសំដែងទីឲ្យផង មានហេតុទាល់ផង មិនមានឧបាចារផង ភិក្ខុទោះត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៨. បុ. ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំហើយភិក្ខុអ្នកបង្គាប់នោះចៀសចេញទៅ ប៉ុន្ដែមិនបានប្រាប់ថា ធ្វើកុដិនោះត្រូវឱ្យសង្ឃសំដែងទីឲ្យផង មិនមានហេតុទាល់ផង មានទីឧបចារផង ដូច្នេះឡើយ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុអ្នកបង្គាប់នោះ ឥតមានសង្ឃសំដែងទីឲ្យ មានហេតុទាល់មិនមានឧបចារ តើភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៩. បុ. ទីឧបចារនោះដូចម្ដេច?

វិ ទីឧបចារនោះលោកឲ្យកំណត់ត្រឹមរបង ដែលគេចងធ្វើទុកឲ្យមានមុមពីរនៅខាងមុខវត្ត មានដាក់រនុកឈើត្រង់កណ្ដាល ដើម្បីការពារកុំឲ្យគោចូលបាន រវាងទីទាំងនេះ ហៅថា ឧបចាររបស់វត្ត ។

១៧០. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. សិក្ខាបទនេះមានអង្គ ៧ (១) គឺ

   ១. ឧល្លិត្តាទីនំ អញ្ញតរតា លាបបូកទួទៅ

   ២. ហេដ្ឋិមប្បមាណសម្ភវោ មិនបានប្រកបដោយប្រមាណ

            ខាងក្រោម

   ៣. អទេសិតវត្ថុកតា សង្ឃមិនបានសំដែងទីឱ្យ

   ៤. បមណាតិក្កន្តតា ធ្វើហួសប្រមាណ

   ៥. អត្តុទ្ទេសិកតា ធ្វើដោយចំពោះខ្លួន

   ៦. វាសាគារតា កុដិជាទីលំនៅ

   ៧. លេបឃដនា លាបជាប់គ្នាទាំងដំបូលនឹងជញ្ជាំង ។

១៧១. បុ. អនាបត្តិក្នុងសិក្ខាបទនេះ ដូច្នេះ?

វិ. គឺ ភិក្ខុធ្វើលេណ ឬគុហាសម្រាប់ជ្រក កុដិស្មៅនឹងកុដិសម្រាប់បុគ្គលដទៃ មានឧបជ្ឈាយ៍ជាដើមនឹងទីសេនាសនទាំងពួង មានរោងឧបោសថជាដើម វៀលែងតែធ្វើកុដិសម្រាប់នៅរបស់ខ្លួន នឹងភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ ។

១៧២. បុ. សិក្ខាបទនេះព្រះអង្គគង់នៅទីណា? ប្រារព្ធបុគ្គលណា? មានហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅវត្តវេឡុវន ក្រុងរាជគ្រឹះ ប្រារព្ធចំពោះភិក្ខុច្រើនរូប ដូចសេចក្ដីតំណាលតទៅនេះថា គ្រានោះភិក្ខុទាំងឡាយនៅក្នុងដែនអាឡាវី ប្រើគេឱ្យសាងកុដិទាំងឡាយដោយគ្រឿងឧបករណ៍ដែលសូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ កុដិនោះធ្វើមិនងាយស្រេច ក៏សូមគេញឹកៗ ណាស់គឺសូមបុរស សូមគ្រឿងហត្ថកម្មនៃបុរស មានគោ រទេះ កាំបិត ពូថៅ ពន្លាកជាដើម ។ មនុស្សដែលភិក្ខុទាំងនោះចេះតែសូមញឹកញយហួសពេកលុះឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលរត់ទៅខ្លះគេចទៅនៅទីដទៃខ្លះបែរមុខទៅទីដទៃខ្លះបិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញគោញីទាំងឡាយក៏គេចរត់ ដោយស្មានថាភិក្ខុនោះមកទៀតហើយ ខណនោះព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះគ្រប់ត្រៃមាស ក៏និមន្ដទៅដែនអាឡាវីសម្រេចឥរិយាបថនៅអាគាឡវចេតីយក្នុងដែនអាឡវីនោះ ។ លុះព្រឹកឡើងព្រះមហាកស្សបចូលទៅបិណ្ឌបាត មនុស្សទាំងឡាយឃើញហើយ គ៏គេចរត់ទៅពួនទីដទៃៗ ។ ព្រះមហាកស្សប ក៏នឹកឆ្ងល់ថាឧបាសកអស់ទាំងនេះហេតុអ្វីក៏បានជារត់ ក៏សួរសេចក្ដីនេះនឹងភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក៏បានទទួលសេចក្ដីនុះ ព្រះមហាកស្សបជ្រាបសេចក្ដីនោះហើយ លុះថ្ងៃក្រោយមកព្រះមានព្រះភាគយាងទៅទីនោះ ព្រះកស្សបក៏ក្រាបទូលរឿងរ៉ាវ ចំពោះព្រះមានព្រះភាគ ។ ព្រះអង្គក៏ប្រជុំភិក្ខុទាំងឡាយហើយទ្រង់បញ្ញត្តសិក្ខាបទនេះនឹងភិក្ខុទាំងឡាយនោះ ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចសញ្ចរិត្តសិក្ខាបទ ។

            មហល្លកសិក្ខាបទទី៧

១៧៣. បុ. ភិក្ខុធ្វើកុដិដូចម្ដេច ត្រូវសង្ឃាទិសេស?

វិ. កុដិដែលភិក្ខុធ្វើនោះ បើមានទាយកជាម្ចាស់របស់ធ្វើឱ្យកន្លងហួសប្រមាណនោះ បានតែត្រូវឲ្យសង្ឃសំដែងទីឱ្យហើយធ្វើដោយខ្លួនឯង ធ្វើដូច្នេះត្រូវសង្ឃាទិសេស ។

១៧៤. បុ. ភិក្ខុធ្វើវិហារ គឺកុដិធំៗ សម្រាប់នៅ ឬ វត្តទាំងមូលមិនមានសង្ឃសំដែងទីឱ្យ ប្រកបដោយរង្កៀស មិនមានឧបចារត្រូវអាបត្តិអ្វី?

វិ. ភិក្ខុធ្វើត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៧៥. បុ. ភិក្ខុធ្វើវិហារ តែសង្ឃសំដែងទីឱ្យហើយ តែជាទីប្រកបដោយសេចក្ដីរង្កៀសផង មិនមានឧបាចារផង តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ។

១៧៦. បុ. ភិក្ខុធ្វើវិហារខុសច្បាប់ដោយខ្លួនឯង មិនទាន់ហើយស្រេចទេ តែឱ្យអ្នកដទៃធ្វើបង្ហើយឱ្យតើត្រូវអាបត្តិអ្វី?

វិ. ត្រូវភិក្ខុអាបត្តិសង្ឃាទិសេស ។

១៧៧. បុ. ភិក្ខុដទៃធ្វើវិហារមិនទាន់ហើយ ក៏ភិក្ខុជាម្ចាស់វិហារមកធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិអ្វី ?

វិ. ត្រូវភិក្ខុអាបត្តិសង្ឃាទិសេស ។

១៧៨. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ៧ ដូចសញ្ញាចិកសិក្ខាបទ ។

១៧៩. បុ. សិក្ខាបទនេះមានអនាបត្តិដូចម្ដេច?

វិ. មានអនាបត្តិដូចសញ្ញាចិកសិក្ខាបទខាងដើម ។

១៨០. បុ. សិក្ខាបទនេះ ព្រះអង្គគង់នៅក្នុងទីណា? ទ្រង់ប្រារព្ធបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់ក្នុងវត្តឃោសិតារាម ក្រុងកោសម្ពីប្រារព្ធចំពោះ

ឆន្នត្ថេរ ព្រោះប្រើគេឱ្យកាប់ឈើធំៗ ដែលអ្នកស្រុកធ្លាប់គោរពបូជា យកមកធ្វើជាកុដិ ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចសញ្ចរិត្តសិក្ខាបទ ។

            អមូលកសិក្ខាបទទី ៨

១៨១. បុ. ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត ហើយក្លែងចោទដោយអាបត្តិបារាជិក ដូចម្ដេចដែលត្រូវសង្ឃាទិសេស?

វិ. ភិក្ខុក្លែងចោទដោយមិនមានមូល ត្រូវសង្ឃាទិសេស ។

១៨២. បុ. ភិក្ខុចោទដោយមិនមានមូលនោះដូចម្ដេច?

វិ. ភិក្ខុចោទដោយមិនបានឃើញក្ដី មិនបានឮក្ដី មិនមានសេចក្ដីរង្កៀសក្ដី ហៅថាចោទដោយមិនបានមូល ។

១៨៣. បុ. ភិក្ខុត្រូវអាបត្តិបារាជិកពិតមែនហើយ តែភិក្ខុអ្នកចោទមិនបានឃើញក្ដី មិនបានឮក្ដី មិនមានទោសសេចក្ដីរង្កៀសក្ដី ហើយចោទភិក្ខុនោះដោយអាបត្តិបារាជិក តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិសង្ឃាទិសេស ។

១៨៤. បុ. ភិក្ខុត្រូវអាបត្តិបារាជិកណាមួយហើយ មិនមានសេចក្ដីបរិសុទ្ធិ តែភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឱ្យភិក្ខុនោះធ្វើឧកាសដោយសមគួរជាមុន មានប្រាថ្នាឱ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ក៏ពោលចោទភិក្ខុនោះដោយអាបត្តិបារាជិក

តើភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៨៥. ហេតុដូចម្ដេច បានជាត្រូវ បើភិក្ខុនោះបារាជិកមែន?

វិ. បានជាត្រូវព្រោះខ្លួនក្លែងចោទដោយមិនមានមូល ។

១៨៦. បុ. ភិក្ខុត្រូវបារាជិកមែន អ្នកចោទយល់ថាភិក្ខុនោះ មិនបរិសុទ្ធដែរ តែមិនឱ្យឱកាសទុកជាមុន ចង់ឱ្យសឹកទើបចោទទៅ តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិទុក្កដ ។

១៨៧. បុ. ចុះបើយល់ថា មិនបរិសុទ្ធិហើយ ថែមទាំងធ្វើឱ្យកាសទុកជាមុនហើយទើបចោទ តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ មិនមានត្រូវអាបត្តិអ្វីឡើយ ។

១៨៨. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. សិក្ខាបទនេះមានអង្គ៥ គឺ

   ១. ឧបសម្បន្នោតិ សង្ឃូបគមនំ ចោទចំពោះបុគ្គលណាមួយបុគ្គល       នោះ ជាឧបសម្បន្ន

   ២. តស្មឹ សុទ្ធសញ្ញិតា សេចក្ដីសម្គាល់ថា អ្នកនោះជាមនុស្សបរិសុទ្ធ

   ៣. អមូលកតា ចោទដោយមិនមានមូល

   ៤. ចាវនាធិប្បាយេន សម្មុខា ចោទនា វា ចោទាបនា វា ចោទខ្លួនឯងឬប្រើគេឱ្យចោទក្នុទីចំពោះមុខដោយបំណងនឹងឱ្យឃ្លាតចាកទី

   ៥. តស្ស តង្ខណំ វិជាននំ ញុំាងភិក្ខុនោះឱ្យដឹងច្បាស់ក្នុង

ខណដែលចោទនោះ ។

១៨៩. បុ. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន? អ្វីខ្លះ?

វិ. មានអនាបត្តិ ៤ គឺភិក្ខុយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១ យល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៩០. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវេឡុវនារាម ក្រុងរាជគ្រឹះ ប្រារព្ធចំពោះ

មេត្តិយភិក្ខុ នឹងភុម្មជកភិក្ខុ ព្រោះពោលចោទដោយអាបត្តិបារាជិក

មិនមានមូលចំពោះព្រះទព្វមល្លបុត្តត្ថេរ ។

សិក្ខាបទនេះ ជាសាធារណប្បញ្ញត្តិ ជាសាណត្តិកលក្ខណមានសមុដ្ឋានវិធីជាដើម ដូចអទិន្នាទានសិក្ខាបទ ។

        អញ្ញភាគិយសិក្ខាបទទី ៩

១៩១. បុ. ភិក្ខុក្លែងរកលេសនោះដូចម្ដេច? មានប៉ុន្មានយ៉ាង? ចូររាប់!

វិ ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត​ ហើយក្លែងរកលេសមកចោទមាន ១០ យ៉ាង គឺ ជាតិ ១ នាម ១ គោត្រ ១ ភេទ ១ អាបត្តិ ១ បាត្រ ១ ចីវរ ១ ឧបជ្ឈាយ៍ ១ អាចារ្យ ១ សេនាសន ១ ត្រូវជា ១០ ។

១៩២. បុ. ភិក្ខុក្លែងរកលេសមានជាតិជាដើមមកចោទនោះ តើចោទដូចម្ដេច?

វិ. ភិក្ខុក្លែងរកលេសមានជាតិជាដើមមកចោទនោះ ដូច្នេះលេសគឺជាតិនោះចែកទៅទៀតមាន៤យ៉ាងគឺ ជាតិក្សត្រិយ៍១ ជាតិព្រាហ្មណ៍១ ជាតិអ្នកឈ្មួញ១ ជាតិអ្នកគ្រួ១ លេសទាំង ៤ យ៉ាងនេះ ភិក្ខុចោទបានឃើញភិក្ខុជាតិជាក្សត្រិយ៍ក្ដី ជាព្រាហ្មណ៍ក្ដី ជាឈ្មួញក្ដី ជាអ្នកគ្រួក្ដី ត្រូវអាបត្តិបារាជិក តែមិនបានចោទភិក្ខុមានជាតិជាក្សត្រិយ៍ជាដើមនោះៗ ទេ លុះឃើញភិក្ខុដទៃមានជាតិជាក្សត្រិយ៍ជាដើមដូចគ្នាដែរ ដោយខ្លួនខឹងនឹងគេក៏ក្លែងយកហេតុនោះមកចោទថា ខ្ញុំបានឃើញភិក្ខុមានជាតិជាក្សត្រិយ៍ជាដើម ត្រូវអាបត្តបារាជិកហើយលោកនោះមិនមែនជាសមណ មិនមែនជាសក្យបុត្រទេ ឧបោសថកម្មក្ដី បវារណាកម្មក្ដី សង្ឃកម្មក្ដី មិនមានជាមួយនឹងលោកនោះទេ ភិក្ខុអ្នកក្លែងចោទភិក្ខុផងគ្នា ថាភិក្ខុនេះត្រូវអាបត្តិដូចភិក្ខុនោះដែរ ។

១៩៣. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ ដូចអមូលកសិក្ខាបទទី៨ ។

១៩៤. បុ. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន? អ្វីខ្លះ?

វិ. អនាបត្តិក្នុងសិក្ខាបទនេះមាន ៣ គឺ ភិក្ខុអ្នកចោទដោយមានសេចក្ដីសម្គាល់ពិតហើយ ចោទដោយខ្លួនឯង ឬប្រើគេឱ្យចោទ ១ ភិក្ខុភ្លេចស្មារតី ១ ភិក្ខុដើមបញ្ញត្តិ ១ ។

១៩៥. សិក្ខាបទនេះកាលព្រះអង្គគង់នៅទីណា? ទ្រង់ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវេឡុវនារាមក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះ

មេត្តិយភិក្ខុនឹងភុម្មជកភិក្ខុ ព្រោះក្លែងរកលេសមកចោទដោយអាបត្តិបារាជិកមិនមានមូល ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចអមូលកសិក្ខាបទទី ៨ ។

            សង្ឃភេទសិក្ខាបទទី ១០

១៩៦. បុ. ភិក្ខុព្យាយាមបំបែកសង្ឃនោះដូចម្ដេចដែលត្រូវសង្ឃាទិសេស?

វិ. ភិក្ខុព្យាយាមបំបែកសង្ឃដូច្នេះ គឺសង្ឃនោះម្ខាង ៤ ម្ខាង ៤ ជា ៨​ ខ្លួនឯងអ្នកបំបែក១ ទៀតត្រូវជា ៩ សង្ឃទាំង ៨ នេះព្រមព្រៀងគ្នា ភិក្ខុអ្នកបំបែកយកភេទករណវត្ថុទាំង ១៨ ណាមួយមកពោលញុះញង់បំបែក តែសង្ឃមិនទាន់បែកគ្នាទេ សង្ឃឯទៀតបានដឹងហើយក៏បានសូត្រសមនុភាសនកម្ម ហាមប្រាម ដើម្បីឲ្យភិក្ខុអ្នកប្រព្រឹត្តនោះលះបង់ចេញ សូត្រ១ ចប់ មិនលះបង់ ត្រូវទុក្កដ សូត្រ ២ ចប់មិនលះបង់ ត្រូវថុល្លច្ច័យ សូត្រ ៣ ចប់មិនលះបង់ត្រូវសង្ឃាទិសេស ។

១៩៧. បុ. ចុះបើសង្ឃបែកគ្នាជា ២ តើភិក្ខុអ្នកបំបែកនោះត្រូវ

ទោសអ្វី?

វិ. ភិក្ខុនោះត្រូវអនន្តរិយកម្ម ។

១៩៨. បុ. ភេទករណវត្ថុ ១៨ នោះដូចម្ដេច ?

វិ. ភេទករណវត្ថុ ១៨ នោះដូច្នេះគឺ

   ១. មិនមែនធម៌សំដែងថាធម៌។

   ២. ធម៌សំដែងថាមិនមែនធម៌។

   ៣. មិនមែនវិន័យសំដែងថាវិន័យ។

   ៤. វិន័យសំដែងថាមិនមែនវិន័យ។

   ៥. ពាក្យដែលតថាគតមិនបានសំដែង ថាតថាគតសំដែង។

   ៦. ពាក្យដែលតថាគតមិនសន្សំទុក ថាតថាគតសន្សំទុក។

   ៧. អំពើដែលតថាគតមិនសន្សំទុក ថាតថាគតសន្សំទុក។

   ៨. អំពើដែលតថាគតសន្សំទុក ថាតថាគតមិនបានសន្សំទុក។

   ៩. សេចក្ដីដែលតថាគតមិនបញ្ញត្ត ថាសេចក្ដីដែលតថាគត

         បានបញ្ញត្ត។

   ១០. សេចក្ដីដែលតថាគតបានបញ្ញត្ត ថាសេចក្ដីដែលព្រះតថាគតមិនបានបញ្ញត្ត ។

   ១១. សំដែងអាបត្តិ ថាជាអនាបត្តិ។

   ១២. សំដែងអនាបត្តិ ថាជាអាបត្តិ។

   ១៣. សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ។

   ១៤. សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ។

   ១៥. សំដែងសាវសេសាបត្តិ(១)ថាជាអនវសេសាបត្តិ។

   ១៦. សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ

   ១៧. សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ។

   ១៨. សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ។

១៩៩. បុ. ភិក្ខុព្យាយាមបំបែកសង្ឃ ភិក្ខុឯទៀតដឹងហើយមិនហាមប្រាម ភិក្ខុអ្នកមិនហាមប្រាមនោះ ត្រូវអាបត្តិអ្វី ?

វិ. ភិក្ខុអ្នកមិនហាមប្រាមនោះ ត្រូវអាបត្តិទុក្កដ ។

២០០. បុ. សិក្ខាបទនេះ មានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៤ គឺ

   ១. ភេទាយ បរក្កមនំ ព្យាយាមដើម្បីបំបែកសង្ឃ

   ២. ធម្មកម្មេន សមនុភាសនំ សង្ឃបានធ្វើកម្មនោះ ប្រកបដោយធម៌

   ៣. កម្មវាចាបរិយោសានំ សូត្រចប់ចតុត្ថកម្មវាចា

   ៤. អប្បដិនិស្សជ្ជនំ មិនលះបង់នូវទិដ្ឋិ ។

២០១. អនាបត្តិសិក្ខាបទនេះ មានប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៣ គឺ

   ១. សង្ឃមិនបានសូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត ។

២០២. សិក្ខាបទនេះ ព្រះអង្គគង់ក្នុងទីណា? ទ្រង់ប្រារព្ធចំពោះបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅក្នុងវេឡុវន ជាកលន្តកនិវាបស្ថានជិត

ក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះទេវទត្ត ព្រោះទេវទត្តព្យាយាម

ដើម្បីបំបែកសង្ឃ ។

   សិក្ខាបទនេះ ជាសមនុភាសនសមុដ្ឋាន ជាអកិរិយា ជាសញ្ញាវោមោក្ខ ជាសចិត្តក ជាលោកវជ្ជ ជាកាយកម្មនឹងវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ។

            ភេទានុវត្តកសិក្ខាបទទី ១១

២០៣. បុ. ភិក្ខុប្រព្រឹត្តតាមភិក្ខុឯទៀត ដែលបំបែកសង្ឃនោះដូចម្ដេចដែលត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុទាំងឡាយ តាំងពី ៣ អង្គចុះមក ជាបក្សពួកភិក្ខុអ្នកព្យាយាមបំបែកសង្ឃនោះ ជួយរាំងរាសេចក្ដីទាស់ទែងភិក្ខុដទៃថា លោកទាំងឡាយកុំស្រីដីអ្វីឱ្យភិក្ខុនោះឡើយ ព្រោះភិក្ខុនោះគេពោលតាម

ធម៌វិន័យ ជាទីពេញចិត្តរបស់យើង លុះសង្ឃដឹងហើយក៏ហៅមកប្រជុំសូត្រសមនុភាសនកម្មហាមប្រាម ភិក្ខុនោះនៅតែមិនទាន់លះបង់ សង្ឃសូត្រសមនុភាសនកម្ម ១ ចប់ហើយមិនលះបង់ត្រូវទុក្កដ ២ ចប់នៅតែមិនលះបង់ត្រូវថុល្លច្ច័យ បើ ៣ ចប់ហើយ នៅតែមិនលះបង់ទៀតត្រូវសង្ឃាទិសេស ។

សិក្ខាបទនេះមានអង្គនឹងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២០៤. បុ. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន?

វិ. មានអនាបត្តិ ៥ គឺ

   ១. ភិក្ខុដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុមានចិត្តរវើរវាយ

   ៥. ភិក្ខុដើមបញ្ញត្តិ ។

២០៥. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់នៅទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវេឡុវន ជិតក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះកោកាលិកភិក្ខុ ដែលសមគំនិតនឹងទេវទត្ត ហើយហាមប្រាមភិក្ខុឯទៀតមិនឱ្យតិះដៀលទេវទត្ត ។

        ទុព្វចជាតិកសិក្ខាបទទី ១២

២០៦. បុ. ភិក្ខុប្រកបដោយជាតិជាអ្នករបឹងរឹងរូសប្រដៅក្រ

ហើយត្រូវអាបត្តិសង្ឃាទិសេសនោះតើដូចម្ដេច?

វិ. ភិក្ខុប្រកបដោយជាតិជាអ្នករបឹងរឹងរូសនោះ គឺភិក្ខុជាតិក្សត្រិយ៍ មុខរឹងចចេសប្រព្រឹត្តខុសធម៌វិន័យ មិនស្ដាប់បង្គាប់ភិក្ខុឯទៀតៗ សង្ឃបានដឹង បានសូត្រសមនុភាសនកម្ម ហាមប្រាមគម្រប់ ៣ ដង នៅតែមិនលះបង់ចេញ ត្រូវសង្ឃាទិសេស ។

   សិក្ខាបទនេះ មានអង្គនិងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២០៧. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៤ គឺ

   ១. ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុដើមបញ្ញត្តិ ។

២០៨. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី ប្រារព្ធចំពោះ

ឆន្នត្ថេរ ដែលប្រព្រឹត្តអនាចារ ។

            កុលទូសកសិក្ខាបទទី១៣

២០៩. បុ. ភិក្ខុទ្រុស្ដត្រកូលដូចម្ដេចដែលត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុទ្រុស្ដត្រកូលនោះ គឺភិក្ខុដែលប្រចុបប្រចែងផ្គាប់គុណគ្រហស្ថចង់បានលាភសក្ការ ប្រកបអនេសន សង្ឃបានបណ្ដេញចេញអំពីវត្ត ហើយត្រឡប់ពោលតិះដៀល សង្ឃវិញ សង្ឃបានសូត្រសមនុភាសនកម្មហាមប្រាម ដើម្បីឱ្យលះបង់អំពើដែលប្រព្រឹត្តនោះចេញ បើមិនលះបង់ត្រូវសង្ឃាទិសេស ។

សិក្ខាបទនេះមានអង្គនឹងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២១០. បុ. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន? អ្វីខ្លះ?

វិ. មានអនាបត្តិ ៦ គឺ

   ១. ភិក្ខុដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុមានចិត្តរវើរវាយ

   ៥. ភិក្ខុមានវេទនាគ្របសង្កត់

   ៦. ភិក្ខុដើមបញ្ញត្តិ ។

២១១. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ក្រុងសាវត្ថី ទ្រង់ប្រារព្ធចំពោះ

អស្សជ្ជិភិក្ខុ និងបុនព្វសុករភិក្ខុ ដែលធ្វើកុលទូសករនេសន ។

២១២. បុ. សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះ លោកចែកចេញ ជាប៉ុន្មានពួក? អ្វីខ្លះ?

វិ. ចែកចេញជា ២ ពួក គឺតាំងពីសុក្កវិសដ្ឋិសិក្ខាបទ មកទល់នឹងអញ្ញភាគិយសិក្ខាបទ ទាំង ៩ សិក្ខាបទនេះ ឈ្មោះថា បឋមាបត្តិកា ព្រោះអាបត្តិត្រូវក្នុងវេលាប្រព្រឹត្តកន្លងពុទ្ធប្បញ្ញត្តិជាដំបូង ៤ សិក្ខាបទខាងចុង ឈ្មោះថាយាវតតិយកា ព្រោះអាបត្តិ ត្រូវក្នុងវេលាសង្ឃសូត្រប្រកាសចប់សមនុភាសនកម្មជាគម្រប់ ៣ ដងហើយ នៅតែមិនលះបង់ចេញ ទើបត្រូវអាបត្តិជាចុងក្រោយ ។

        ចប់សង្ឃាទិសេស១៣តែប៉ុណ្ណេះ

                អនិយត ២

                អលំកម្មនិយ

ភិក្ខុអង្គុយក្នុងទីកំបាំងភ្នែកតែ ២ នាក់នឹងស្ត្រី បើមានមនុស្សដែលគួរជឿពាក្យបាន មកពោលចោទដោយអាបត្តិ៣ យ៉ាងគឺ បារាជិក សង្ឃាទិសេស បាចិត្តិយ អាបត្តិណាមួយ បើភិក្ខុទទួលប្ដេជ្ញា ដោយអាបត្តិណា គប្បីឱ្យភិក្ខុជាវិនយធរកាត់ទោសតាមអាបត្តិនោះ ឬគេចោទ ចំពោះអាបត្តិណា ក៏គប្បីកាត់ទោស ចំពោះអាបត្តិនោះ ។

២១៣ បុ ភិក្ខុអង្គុយ ក្នុងទីកំបាំងភ្នែក ដែលគួរចោទអាបត្តិ ៣ យ៉ាងគឺបារាជិក តើសិក្ខាបទទីប៉ុន្មាន? សង្ឃាទិសេសសិក្ខាបទទីប៉ុន្មាន?

បាចិត្តិយសិក្ខាបទទីប៉ុន្មាន?

វិ. អង្គុយកំបាំងភ្នែកគឺត្រចៀកឮ បើនិយាយអ្វីក៏ដឹង ត្រូវបារាជិកនោះ

 គឺគួរចោទ មេថុនធម្ម សិក្ខាបទទី១០ សង្ឃាទិសេស គឺកាយសំសគ្គ សិក្ខាបទទី២ បាចិត្តិយ គឺរហោនិស្សជ្ជ សិក្ខាបទ ៥ នៃអចេលកវគ្គ

ទី ៥ ។

                នាលំកម្មនិយ

ភិក្ខុអង្គុយកំបាំងត្រចៀក តែ ២ នាក់នឹងស្ត្រី បើមានឧបាសិកាដែលគួរជឿពាក្យបាន មកពោលចោទដោយអាបត្តិ ២ យ៉ាង គឺសង្ឃាទិសេស និងបាចិត្តិយ អាបត្តិណាមួយ បើភិក្ខុប្ដេជ្ញាដោយអាបត្តិណា ភិក្ខុជាវិនយធរគប្បីកាត់ទោសតាមអាបត្តិនោះ ឬគេចោទចំពោះអាបត្តិណា ក៏កាត់ទោសចំពោះអាបត្តិនោះ ។

២១៤. បុ. អង្គុយកំបាំងត្រចៀក គួរចោទបានអាបត្តិ ២ គឺ

 សង្ឃាទិសេស និងបាចិត្តិយ សង្ឃាទិសេសបានប៉ុន្មានសិក្ខាបទ?

 ទីប៉ុន្មាន? បាចិត្តិយ បានប៉ុន្មានបាចិត្តិយ? ទីប៉ុន្មាន?

វិ. សង្ឃាទិសេសបាន ២ សិក្ខាបទ គឺទុដ្ឋល្លវាចា សិក្ខាបទទីបី១

អត្តកាមបារិចរិយាសិក្ខាបទទីបួន ១ បាចិត្តិយបានដល់រហោបដិច្ឆន្នសិក្ខាបទទី៤ និងរហោនិស្សជ្ជសិក្ខាបទទី៥ នៃអចេលកវគ្គទី ៥ ។

ប្រស្នាបាតិមោក្ខ

ភាគទី ១        (មានភាគទី ២ តទៅទៀត)

សូមចុចទីនេះ 


ប្រស្នាព្រះបាតោមោក្ខ ដើម្បីទាញយក


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me