ទំនៀមទំលាប់ខ្មែរ
ប្រវត្តិបុណ្យកាន់បិណ្ឌ - ភ្ជុំបិណ្ឌ
បុណ្យសែនដូនតាបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ វ៉ាន់ឆាតដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា។ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី។ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង។
កិច្ចនៃពិធីបុណ្យ ភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ។ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបត្តបូរ ដែលមានន័យថា បាយបំពេញបាត្រ គ្របដោយសារជី យកទៅរាប់បាត្រនាពេលព្រឹកព្រលឹមដើម្បី ប្រគេនភិក្ខុសង្ឃ នៅជុំវិញព្រះវិហារ ដែលភិក្ខុសង្ឃនិងដើរពីស្ដាំទៅឆ្វេង តាមក្បួនឧត្តរាព័ទ្ធ ដំណើរវិលបញ្ច្រាសទ្រនិច្ចនាឡិកា តំណាងឱ្យពេវេលាមុនៗ របស់មនុស្សដែលស្លាប់ទៅ ហើយសាច់ញាតិពួកគេ និង ឧទ្ទិសបាយទាំងនេះ ជាផលបុណ្យជូនទៅបុគ្គលដែលជាសាច់ញាតិពួកគេដែលជាប់ឃុំឃាំងនៅឋានរក ដើម្បីទុកជាកុសលជូនសាច់ញាតិពួកគេដើម្បីរំដោះកម្ម។ ការរាប់បាត្រ រមែងធ្វើឡើងនៅជុំវិញព្រះវិហ៊ារ តែបច្ចុប្បន្ន ព្រះសង្ឃ និង គណៈអាចារ្យវត្តមួយចំនួនធំនៅ កម្ពុជា បែរជានាំពុទ្ធបរិស័ទ្ធ មករាប់បាត្រ នៅសាលាឆាន់ទៅវិញ ដែលជាភាពខុសឆ្គង ពីទំនៀមរបស់ខ្មែរបុរាណ ក្រោយបញ្ចប់ពិធីរាប់បាត្រ ក៏បន្តមកពិធីសូត្រធម៌បង្សុកូល ដែលមានន័យថា ជាកិច្ចសូត្រធម៌ទានចម្លងអាហារ ទៅកាន់ព្រលឹងខ្មោចដែលជាសាច់ញាតិរបស់ពួកគេ ដើម្បីឱ្យខ្មោចញាតិរបស់ពួកគេទទួលបានអាហារទាំងអស់នេះ ដែលកិច្ចពិធីនេះរមែងធ្វើឡើងនៅសាលាឆាន់នេះឯង។
ការសែន កន្ទោងបាយ
កន្ទោងបាយ គឺជា បាយសិង្ឃាដក៍ ដែលមានន័យថាបាយដែលគេពូតជាដុំៗ ពី ១ដុំ ដល់ ១៥ដុំ តំណាងឱ្យថ្ងៃ ១រោច ដល់ ១៥រោច រួចគេយកទៅដាក់សែននៅតាមកែងផ្លូវ ឬ កែងរបងវត្ត ដែលសន្មតថាជាបាយតំណាងឱ្យផ្លូវបែកជា ៣ ឬ ផ្លូវបែកជា ៤ ដើម្បីហៅពួកព្រលឹងខ្មោចផ្សេងៗ ឱ្យជួយស្វែងរកខ្មោចញាតិរបស់ពួកគេ ដើម្បីជួយនាំផ្លូវព្រលឹងខ្មោចញាតិរបស់ពួកគេមកកាន់តំបន់ខ្លួនរស់នៅ ព្រោះខ្លាចក្រែងញាតិរបស់ពួកគេស្វែងរកពួកគេគ្រប់ ៧វត្ត មិនឃើញក៏ជេរប្រទេចដាក់បណ្ដាសារកូនចៅខ្លួន ឱ្យលំបាកក្រក្សត់វេទនាផ្សេងៗ។
ប្រវត្តិបុណ្យកាន់បិណ្ឌ.pdf - Google Drive