រាជធានីភ្នំពេញ ៖ ពុទ្ធបរិស័ទជាច្រើននាក់ ប្រាកដជាស្គាល់ហើយ ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយព្រះអង្គក្នុងការបង្រៀនព្រះអភិធម្ម ឲ្យយល់ច្បាស់ពីបុណ្យ បាប និងរឿងផលកម្មនៅក្នុងផេកហ្វេសប៊ុកលោកគ្រូ និងនៅក្នុងយូធូបលោកគ្រូផងដែរ ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងមកនេះ (កាលលោកគ្រូ នៅជាព្រះសង្ឃ) មានពុទ្ធបរិស័ទម្នាក់បានចោទសួរទៅលោកគ្រូ សាន សុជា ថា ហេតុអីទេសនាល្បីៗនៅតែចង់សឹក? ដើម្បីជាការស្រាយចង្ងល់ដល់បងប្អូនពុទ្ធបរិស័ទទាំអស់គ្នានោះឲ្យយល់កាន់តែច្បាស់នោះ លោកម្ចាស់គ្រូ សាន សុជា ក៏បានមានសង្ឃដីកា ៖ កត្តាដែលចង់សឹកមានច្រើនរឿង ជួនកាលចង់សឹកដោយកិលេសខ្លួនឯង ជួនកាលតាមវត្តនីមួយៗស្ថានភាពមិនឲ្យលោកបានសុខជាដើម ។ យ៉ាងកិលេសហ្នឹង បុថុជ្ជនហ្នឹងចេះប៉ុណ្ណាក៏ដោយក៏នៅតែវាទាញអ៊ីចឹង ហើយមិនមែនតែលោកសម័យឥឡូវចង់សឹក សូម្បីតែលោកសម័យព្រះក៏នៅចង់សឹក ទៅឆ្ងល់អីរឿងហ្នឹង ។ សូម្បីភិក្ខុទៅបួសជាមួយព្រះហើយនៅតែចង់សឹក បើអាត្មាបានបួសជាមួយព្រះអត់ចង់ទេ តាមមើល៎ ទាល់តែមិនបានបួសជាមួយព្រះ(ហ្នឹងនិយាយយកលេសទេ)។
ជាមួយគ្នានោះដែរ លោកគ្រូ សាន សុជា ក៏មានសង្ឃដីកាបន្ថែមថា ៖ បានព្រះអង្គអត់បន្ទោសទេ អ្នកចង់សឹក ចង់អី មកពីមិនយល់តែម្តង ទេសខ្លួនឯងប៉ុនសួរថាយល់ទេ? ជួនកាលវាមិនបានត្រូវ ដូចអ្នកលក់ថ្នាំមិនបានផឹកថ្នាំអ៊ីចឹង ។ ថ្នាំពូកែការពាររោគគ្រប់មុខ ការពារស្រែងតែខ្លួនឯងស្រែងពេញខ្លួនហ្នឹងក៏មានហ្នឹងអ៊ីចឹង។ រឿងហ្នឹងអាចមកពីឧបនិស្ស័យផង មកពីសទ្ធាហ្នឹងវាទន់ខ្សោយផង មកពីចង់បានប្រពន្ធហ្នឹងផង ចេះតែចង់សឹក ប៉ុន្តែគេថា មកពីគេសឹកមកពីឈឺ គ្រូធម៌ភាគច្រើន យកអាឈឺមកដាក់មុខ ប៉ុន្តែការពារកិត្តិយកខ្លួនឯង ខ្លាចមកពីគេថា គ្រូធម៌ហើយនៅតែសឹក អ៊ីចឹងយកលេសថាឈឺ ឈឺចង្កេះ ឈឺនេះ ឈឺក្រពះ នៅមិនកើតទេទាល់តែសឹក មួយម៉ាត់នេះគ្រោះថ្នាក់ណាស់ ។ ហើយអាត្មានៅតែក្លាហានអ៊ីចឹង នៅពេលដែលសឹកអាត្មាថា អត់មកពីឈឺទេ បើស្រលាញ់ប្រាប់ត្រង់ថា មកពីស្រលាញ់គេ និយាយត្រង់ៗ ភិក្ខុសម័យព្រះគឺអ៊ីចឹង ។ ម៉េចបានឯងចង់សឹក? ហ៊ឺម មកពីស្រលាញ់គេ ឆ្លើយត្រង់ចឹង ហើយឥឡូវសុទ្ធតែកុហក ជាពិសេសគ្រូធម៌ល្បីៗពូកែកុហកជាងគេ ១០រាប់ទាំង១០ហើយអាត្មាលឺមក ។
ទន្ទឹមនោះដែរ លោកគ្រូ សាន សុជា បានមានសង្ឃដីកាបន្តថា ៖ តាមពិតព្រះសម្មាសម្ពុទ្ធបញ្ញតិរឿងមិនឲ្យឆាន់ល្ងាចហ្នឹង នាំឲ្យមានសុខភាពល្អ សូម្បីពេទ្យកាណាដាសព្វថ្ងៃក៏គេឯកភាពមិនឲ្យហូបអាហារពេលយប់ហ្នឹងនាំឲ្យសុខភាពល្អ ពីព្រោះពេលយប់យើងហូបសាច់ ហូបអីទៅអាហារវាក្រពះវាអត់បានធ្វើការគ្រប់គ្រាន់អីទេ អត់ចេញញើសចេញខ្លាញ់អីហ្នឹង កើតរេសស្តូរ៉លច្រើនមែនទែន ។ គ្រាន់ តែសម្តែងធម៌តិចតួច ឈឺតិចទៅសឹកអស់ អីចឹងជ្រះថ្លាមកពីណា ហើយនរណាហានបួសតាមទៀត បើលឺតែល្បីបួសឈឺអ៊ីចឹង វិនាសអ្នកបួសក្រោយគេមិនហានបួសទេ ។
លើសពីនេះទៅទៀត លោកគ្រូសាន សុជា បានមានសង្ឃដីកាថា ៖ ឥឡូវឆ្លើយសំណួរញោមទៅ ម៉េចបានទេសនាល្បីចង់តែសឹក ?ថាសឹកវាគ្មានរឿងអីទេ រឿងតែប៉ុណ្ណឹងឯង ញោមកុំទៅឆ្ងល់ ១០០សឹងតែ៩៩.៩៩,៩ភាគរយ គ្រាន់តែថា អ្នកខ្លះក៏នៅបានយូរតិចទៅ អ្នកខ្លះក៏ឆាប់អ៊ីចឹងទៅ ។ ប៉ុន្តែពេលសឹកទៅ លេសនេះ លេសនោះគ្រប់តែមុខ តែព្រះអង្គសម្តែងហើយ វាគ្មានស្អីគ្រប់ដណ្តបចិត្តបុរសជាងសំឡេងស្រីទេ គ្មានស្អីគ្រប់ដណ្តបចិត្តបុរសជាក្លិនស្រីៗ គ្មានអីគ្រប់ដណ្តបជាងរូបស្រីៗ វាគ្មាន ហើយព្រះអង្គមិនដែលបន្ទោសលោកទេ មកពីភិក្ខុខ្លះចង់សឹក ។

លោកគ្រូ សាន សុជា បានមានសង្ឃដីកាថា ៖ អ៊ីចឹងកុំព្រួយអី អាត្មាតែពេលសឹក អាត្មាប្រាបញាតិញោមត្រង់ហើយថា មកពីស្រលាញ់គេ មកពីអាត្មាចង់បានប្រពន្ធ ចង់បានកូន ចាស់តិចទៅគ្មាននរណាគេប្រគេនចង្ហាន់ទេ ។ គ្រាន់តែថាឲ្យស្មោះត្រង់ទៅ សឹកព្រោះអីថាព្រោះហ្នឹងទៅកុំកុហក់ កុហក់វាវិនាស កុំរឿងមកពីឈឺ រឿងឈឺកាយអត់ជាមូលហេតុនាំឲ្យសឹកទេ រឿងឈឺចិត្តទេ ដែលជាមូលហេតុនាំឲ្យសឹកបាន តែមនុស្សមានសទ្ធាខ្លាំង សុខចិត្តស្លា.ប់ខ្លួនក៏គេមិនសឹកដែរ ។
សូមរំលឹកថា ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ពីទឹកដីប្រទេសអូស្ត្រាលី ក្រោយសាងផ្នួសអស់រយៈពេលជាង ៣០ឆ្នាំ។ ព្រះភិក្ខុ សាន សុជា បញ្ជាក់ថា ការសម្រេចចិត្តលាចាកសិក្ខាបទនៅពេលនេះ គឺគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គតែប៉ុណ្ណោះ ។ មុនលាចាកសិក្ខាបទជាភិក្ខុ ព្រះតេជគុណ សាន សុជា មានសង្ឃដីកាប្រាប់ដល់ពុទ្ធបរិស័ទថា៖ «ញាតិញោមអាចចាកចេញពីអាត្មាបាន តែកុំចាកចេញពីព្រះធម៌» ៕