រាជធានីភ្នំពេញ ៖ ពុទ្ធបរិស័ទជាច្រើននាក់ ប្រាកដជាស្គាល់ហើយ ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងការបង្រៀនព្រះអភិធម្ម ឲ្យយល់ច្បាស់ពីបុណ្យ បាប និងរឿងផលកម្មនៅក្នុងផេកហ្វេសប៊ុកលោកគ្រូ និងនៅក្នុងយូធូបលោកគ្រូផងដែរ ដោយបានបង្ហាញមាគ៌ា៣ ជាមាគ៌ាដែលធ្វើឱ្យសត្វលោកមានជំនឿចិត្ត ក្នុងការបំពេញកិច្ចការដែលខ្លួនចង់ធ្វើដោយមិនស្ទាក់ស្ទើរ ។
មាគ៌ាទាំង៣ គឺសីល,សមាធិ,បញ្ញា ជាអ្នកតម្រង់សត្វលោកមានជំនឿចិត្ត ។ លោកម្ចាស់គ្រូ សាន សុជា បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២0 មិថុនា ឆ្នាំ២០២៣ថា លោកធម៌៨ គឺ ៖ មានលាភ អត់លាភ សរសើរ និន្ទា មានយស អត់យស សុខ និងទុក្ខ គឺជាធម៌ប្រចាំលោក ជាព្យុះបក់បោកមកលើចិត្តសត្វលោកគ្រប់គ្នា ។
លោកម្ចាស់គ្រូបានបន្តថា មនុស្សមួយចំនួនមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ឬអ្នកខ្លះទៀតរហូតដល់បញ្ចប់ជីវិតរបស់ខ្លួន ព្រោះតែតស៊ូមិនបាន ។ ព្រោះតែយ៉ាងនេះហើយទើបព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង ព្រះអង្គទ្រង់មានព្រះមហាករុណាបង្ហាញផ្លូវសម្រាប់សត្វលោក ដែលកំពុងដើរក្នុងវិថីជីវិត និងស្ថិតក្រោមឥទ្ធិពលនៃលោកធម៌ទាំងនេះឱ្យមានសុវត្ថិភាពបំផុតដោយផ្តោតទៅលើការគ្រប់គ្រងខ្លួនឯង ផ្លូវនោះ គឺ សីល សមាធិ បញ្ញា ។
សីល សម្រាប់តម្រង់កាយវាចា សមាធិ សម្រាប់តម្រង់ចិត្ត និងបញ្ញាសម្រាប់តម្រង់ទិដ្ឋិ (ឬទិសដៅ) ។ មាគ៌ាទាំង៣នេះ ជាមាគ៌ាដែលធ្វើឱ្យសត្វលោកមានជំនឿចិត្តក្នុងការបំពេញកិច្ចការដែលខ្លួនចង់ធ្វើដោយមិនស្ទាក់ស្ទើរ ព្រោះជាមាគ៌ាមិនបៀតបៀនអ្នកដទៃទាំងមិនបៀតបៀនខ្លួនឯង ។
សូមរំលឹកថា ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ពីទឹកដីប្រទេសអូស្ត្រាលី ក្រោយសាងផ្នួសអស់រយៈពេលជាង ៣០ឆ្នាំ ៕
Source: kohsantepheapdaily.com.kh