កម្រងប្រស្នាធម្មវិភាគ
លោកបាលធម៌ ២ យ៉ាង
១- ហិរិ៖ សេចក្តីខ្មាសបាប។
២- ឱត្តប្បៈ៖ សេចក្តីក្រែងខ្លាចបាប ។
មានសំដែងនៅក្នុង៖
"សុត្តន្តបិដក អង្គុត្តរនិកាយ ទុកនិបាត បឋមភាគ ទំព័រទី១១៣"
ពាក្យថា ហិរិ ឱត្តប្ប បានដល់ សេចក្តីខ្មាស និងសេចក្តីតក់ស្លុត ដែលលោកសម្តែងទុកយ៉ាងនេះថា “យំ ហិរី-យតិ ហិរីយិតព្វេន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តីខ្មាសដោយវត្ថុដែលគួរខ្មាស តក់ស្លុតចំពោះដោយវត្ថុដែលគួរតក់ស្លុត” ។ ប្រការមួយទៀត បណ្តាធម៌ទាំង ២ យ៉ាងនេះ ហិរិ មានសមុដ្ឋានពីខាងក្នុង ឱត្តប្ប មានសមុដ្ឋានពីខាងក្រៅ ហិរិ មានខ្លួនជាធំ ( អត្តាធិបតេយ្យ ) ឱត្តប្ប មានលោកជាធំ ( លោកាធិបតេយ្យ ) ហិរិតាំងឡើងព្រោះសេចក្តីខ្មាសអៀនក្នុងចិត្ត ឱត្តប្ប តាំងឡើងព្រោះសភាវៈ គឺសេចក្តីតក់ស្លុត ។ ពាក្យអធិប្បាយដោយពិស្តារក្នុងរឿងហិរិ និងឱត្តប្បនេះ បានពោលទុកដោយសព្វគ្រប់ក្នុងវិសុទ្ធិមគ្គ ។
១ បុ. លោកបាលធម៌ប្រែដូចម្តេច ?
វិ. លោកបាលធម៌ ប្រែថា ធម៌រក្សាលោក ។
២ បុ. លោកនោះមានប៉ុន្មាន ? គឺអ្វីខ្លះ ?
វិ. លោកនោះមាន ៣ គឺ សង្ខារលោក ១, សត្តលោក ១, ឱកាសលោក ១ ។
៣ បុ. ធម៌រក្សាលោកនោះ បានដល់លោកពួកណា ?
វិ. រក្សាបានតែសត្តលោកម៉្យាង ឯលោកទាំងពីរនោះ ធម៌ នេះមិនត្រូវរក្សាទេ។
៤ បុ. សត្តលោកនោះ តើលោកដូចម្តេច ?
វិ. សត្តលោកនោះ បានដល់ពួកសត្វនរក, ប្រេត, តិរច្ឆាន, មនុស្ស, ទេវតា, ព្រហ្ម, ឈ្មោះសត្តលោក ។
៥ បុ. លោកបាលធម៌ រក្សាសត្តលោកនេះ រក្សាសត្តលោក ចំពូកណាខ្លះ ?
វិ. រក្សាសត្តលោកនោះ គឺរក្សាបានតែមនុស្សលោក និង ទេវលោកចំពូកខ្លះ ប៉ុណ្ណោះ ។
៦ បុ. ហេតុអ្វីបានជានរក, ប្រេត, តិរច្ឆាន
និងព្រហ្ម ធម៌នេះ មិនត្រូវរក្សាផង ?
វិ. នរក, ប្រេត, តិរច្ឆាន បានជាធម៌ទាំងពីរនេះរក្សាមិន បាន ព្រោះមានអកុសលកម្មខ្លាំងពេក ធម៌ទាំងនេះមិនអាចនឹងជួយរក្សាបានទេ
ចំណែកព្រហ្មលោក សោយតែបីតិដែល កើតអំពីឈាន ផុតវិស័យដែលធម៌ទាំងពីរនេះនឹងត្រូវរក្សាបាន
ព្រោះធម៌ទាំងពីរនេះជាហេតុនាំឱ្យកើតសីល, ព្រហ្មជាន់លើ ផុតរក្សាសីលហើយ; នរក, ប្រេត, តិរច្ឆាន
រក្សាសីលមិនកើត បានជាធម៌នេះមិនត្រូវរក្សាសត្វចំពូកនោះៗទេ ។
៧ បុ. ហិរិនិងឱត្តប្បៈនេះ មានសេចក្តីផ្សេងគ្នាដូចម្តេច ?
វិ. មានសេចក្តីផ្សេងគ្នាយ៉ាងនេះ គឺហិរិ ប្រែថា អៀន, ខ្មាស, ខ្ពើម; ឱត្តប្បៈ ប្រែថា
ខ្លាច, តក់ស្លុត, ភ័យ; ធម៌ទាំងពីរ នេះប្រៀបដូចជាដែកពីរដុំ ដែកមួយដុំត្រជាក់ទេ ប៉ុន្តែប្រឡាក់ លាមក, ដែកមួយដុំទៀតក្ដៅ; ដែកមួយត្រជាក់តែប្រឡាក់
លាមកនោះ បុគ្គលមិនហ៊ានកាន់ ព្រោះខ្ពើម ដូចជាហិរិ; ដក មួយដុំបៅ
បុគ្គលមិនហ៊ានកាន់ ព្រោះខ្លាចក្តៅ ដូចឱត្តប្បៈ ។
៨ បុ. ដូចជាមនុស្សប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗ ហើយ
អៀនខ្មាសព្រោះខ្លាចគេដឹង គេឮ តើចាត់ជាលោកបាលធម៌ បានដែរឬទេ ?
វិ. ចាត់ជាលោកបាលធម៌មិនបានទេ ដែលចាត់ជាលោកបាលធម៌បាននោះចំពោះតអៀនខ្មាសអំពើទុច្ចរិត
ហើយមិនហ៊ានប្រព្រឹត្តធ្វើខ្លាចធ្លាក់ទៅអបាយ ។
៩ បុ. ហិរិ ចែកជាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
វិ. ហិរិ ចែកជា ៤ យ៉ាងគឺៈ
១-ជាតិ បច្ចវេក្ខិត្វា ពិចារណា ឃើញជាតិ។
២-វយំ បច្ចវេក្ខិត្វ ពិចារណាឃើញវ័យ។
៣-សូរភាវំ បច្ចវេក្ខិត្វ ពិចារណាឃើញសេចក្ដីក្លៀវក្លា។
៤-ពហុស្សច្ចំ បច្ចវេក្ខិត្វ ពិចារណាឃើញខ្លួនជាពហុស្សូត ត ។
១០ បុ. ចូរអុធិប្បាយហិរិទាំង ៤ យ៉ាងនេះមកមើល ?
វិ. អធិប្បាយថាៈ
ជាតិ បច្ចក្ខិត្វា ពិចារណាឃើញជាតិ នោះ
គឺពិចារណាឃើញថា ខ្លួនកើតមកជាមនុស្សមានជាតិ ខ្ពង់ខ្ពស់
មិនគួរទៅប្រព្រឹត្តធ្វើបាបកម្មផ្សេងៗ ដូចជាមនុស្ស ថោកទាប ឬសត្វតិរច្ឆាននោះទេ
ពិចារណាឃើញដូច្នេះហើយ ក៏វៀរចាកនូវបាបកម្មនោះៗ ទៅ។
វយំ បច្ចក្ខិត្វា ពិចារណា ឃើញវ័យនោះ គឺខ្លួនចូលក្នុងមជ្ឈិមវ័យ
ឬបច្ឆិមវ័យហើយ ពិចារណាឃើញថាៈ អាត្មាអញមានភ័យកន្លងហើយ មិនគួរនឹង ធ្វើបាបកម្មផ្សេងៗ
ដូចជានៅក្មេងសោះ ពិចារណាឃើញយ៉ាងនេះហើយ ក៏លះបង់នូវបាបកម្មនោះ ៗ ទៅ។
សូរភាវំ បច្ចវេក្ចិត្វា ពិចារណាឃើញសេចក្ដីក្លៀវក្លានោះ
គឺខ្លួនជា មនុស្សមានបណ្ដាស័ក្តិ មានទ្រព្យសម្បត្តិ ឬក៏មានជាតិ ជាក្សត្រ
ទៅកាន់ទីប្រជុំណា តែងមានសេចក្ដីក្លៀវក្លា អង់អាចជាងគេ មានគេកោតខ្លាចក្រាបសំពះច្រើន
ក៏នឹក ឃើញថា អាត្មាអញនេះគ្មានសីលសោះ ហើយក៏រក្សាសីល ឡើង។
ពហុស្បច្ចំ បច្ចក្ខិត្វា ពិចារណាឃើញថាខ្លួនជា
ពហុស្សូតនោះ គឺខ្លួនជាអ្នកចេះដឹងច្រើនជាងគេ ហើយទៅ ប្រព្រឹត្តធ្វើអំពើលាមកផ្សេងៗ
ក៏នឹកដល់ការចេះដឹងនោះ ក៏អៀនខ្មាសមិនហ៊ានធ្វើអំពើលាមកនោះៗ ។ ហិរិទាំង ៤ នេះ
ជាអជ្ឈត្តិកសមុដ្ឋាន មានដែនកើតអំពីខ្លួនឯង ជា អត្តាធិប្បតេយ្យ ប្រារព្ធខ្លួនជាធំ ។
១១ បុ. ឱត្តប្បៈនោះចែកចេញជាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
វិ. ឱត្តប្បៈនោះចែកចេញជា ៤ យ៉ាងគឺៈ
១- បរានុវាទភយ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃ។
២- អត្តានូវាទភយ ភ័យអំពីការតិះដៀលខ្លួនឯងបាន។
៣- ទុគ្គតិតយ ភ័យខ្លាចធ្លាក់ទៅ ទុគ្គតិ។
៤- ទណ្ឌភយ ភ័យអំពីអាជ្ញារបស់ស្តេច ។
១២ បុ. អធិប្បាយឱត្តប្បៈទាំង ៤ យ៉ាងនោះមកមើល ?
វិ. អធិប្បាយថា៖
បរានុវាទភយ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃនោះគឺខ្លួនឯងប្រព្រឹត្តអាក្រក់ដោយហេតុណាមួយខ្លាចគេតិះដៀលហើយក៏មិនហ៊ានប្រព្រឹត្តអំពើនោះៗ។
អត្តានូវាទភយ
ភ័យអំពីការតិះដៀលខ្លួនឯងបាននោះ គឺឃើញ ទោសខ្លួនឯង ដែលបានប្រព្រឹត្តខុសពីថ្ងៃមុនមក
នឹកឡើងក្ត ក្រហាយអន្ទះអន្ទែងក្នុងចិត្ត ហើយក៏ខ្លាចអំពើអាក្រក់នោះមិន ហ៊ានធ្វើ។
ទុគ្គតិភយ
ភ័យខ្លាចធ្លាក់ទៅទុគ្គតិនោះ ព្រោះ ឃើញទោសក្នុងអបាយពិតប្រាកដ។
ទណ្ឌភយ ភ័យអំពីអាជ្ញា
របស់ស្តេចនោះ គឺមិនហ៊ានប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗ មាន លួចគេជាដើម
ព្រោះខ្លាចជាប់គុកច្រវាក់ ។
ឱត្តប្បៈទាំង ៤ នេះជាពហិទ្ធាសមុដ្ឋាន មានដែនកើតពីខាងក្រៅ ជាលោក- ធិប្បតេយ្យ
ប្រារព្ធយកលោកជាធំ ។
១៣ បុ. លោកបាលធម៌ ប្រែថា ធម៌រក្សាលោកនោះ តើរក្សា
ដូចម្តេចទៅ ធម៌រក្សាមនុស្ស ឬមនុស្សរក្សាធម៌?
វិ. លុះតែមនុស្សទៅប្រព្រឹត្ត ទើបធម៌រក្សាមនុស្ស សមដូច ពុទ្ធភាសិតសំដែងថាៈ
ធម្មោ ហវេ រក្ខតិ
ធម្មចារី
ធម្មោ សុចិណ្ណោ
សុខមវេហតិ
ឯសានិសំសោ ធម្មេសុចិណ្ណោ
ន ទុគ្គតឹ គច្ឆតិ
ធម្មចារី។
សេចក្តីប្រែ៖ ធម៌ហ្នឹងឯងរមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ធម៌ដែលបុគ្គលសន្សំហើយ
រមែងនាំមកនូវសេចក្តីសុខ, កាលបើបុគ្គល សន្សំធម៌ដោយប្រពៃហើយ រមែងបាននូវអានិសង្សបែបនេះ មិនខាន
បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិឡើយ។ ធម៌ទាំងពីរប្រការនេះ
រមែងគ្រប់គ្រងរក្សាលោក (គឺពួក សត្វ) ឱ្យជាគណៈ ជាក្រុមនៅជាសុខសប្បាយ ដូចមាតាបិតា
រក្សាបុត្រធីតាឱ្យបានសេចក្តីសុខ វៀរមិនឱ្យបៀតបៀនគ្នានិង គ្នាដូច្នោះ ។
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
កម្រងប្រស្នាធម្មវិភាគ ទុក្កៈ ពួក ២ ធម៌មានឧបការៈច្រើន ២ យ៉ាង ១-សតិ និង ២-សម្បជញ្ (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!