កម្រងប្រស្នាធម្មវិភាគ ទុក្កៈ ពួក ២ ធម៌មានឧបការៈច្រើន ២ យ៉ាង ១-សតិ និង ២-សម្បជញ្ញៈ

 

ទុក្កៈ ពួក ២

ធម៌មានឧបការៈច្រើន ២ យ៉ាង

១-សតិ សេចក្តីរឭបាន។

២-សម្បជញ្ញៈ សេចក្តីដឹងខ្លួន ។១ បុ . សតិនិងសម្បជញ្ញៈ ទាំងពីរនេះមានលក្ខណៈផ្សេងគ្នាដូចម្តេចខ្លះ ?

វិ. មានលក្ខណៈផ្សេងគ្នាដូច្នេះ គឺ៖

សតិមានលក្ខណៈ  រក្សាបុគ្គលមិនឱ្យប្រមាទភ្លាំងភ្លាត់ភ្លេចខ្លួន។ 

សម្បជញ្ញៈមានលក្ខណៈ ឱ្យដឹងខ្លួនក្នុងវេលាធ្វើ វេលានិយាយ វេលាគិតនូវ កិច្ចានុកិច្ច ដែលត្រូវធ្វើ ត្រូវនិយាយ ត្រូវគិតនោះៗ មិនឱ្យខូច 

=> ដូចជាមាតាបិតាចាំហាមប្រាមបុត្រធីតាមិនឱ្យធ្វើអំពើខាតអាក្រក់ផ្សេងៗ ឱ្យតាំងនៅក្នុងអំពើល្អតែម៉្យាងដូច្នោះ ។

២ បុ. ហេតុដូចម្ដេចបានជាលោកចាត់ សតិ និងសម្បជញ្ញៈ ថាជាធម៌មានឧបការៈច្រើន ? ចូរអធិប្បាយ !

វិ. បានជាលោកចាត់ធម៌ទាំងពីរនេះ ថាមានឧបការៈច្រើន នោះ ព្រោះបណ្តាកុសលធម៌ទាំងអស់ ដែលស្ថិតនៅបានព្រោះអាស្រ័យមានសតិនិងសម្បជញ្ញៈទាំងពីរនេះជាមូលដ្ឋានបើប្រាសចាកធម៌ទាំងពីរហើយ កុសលធម៌ទាំងអស់មិនអាច នឹងស្ថិតនៅបានឡើយ សតិនេះជាតួអប្បមាទធម៌ គ្រាន់តែ វេវចនៈផ្លាស់ប្ដូរពាក្យគ្នាហៅប៉ុណ្ណោះ បានជាព្រះអង្គ កាល ទៀបនឹងបរិនិព្វានទ្រង់បន្លឺឧទានវាចាជាទីបំផុតថាៈ

អប្បមាទេន សម្បាទេថ អ្នកទាំងឡាយចូរញាំងអប្បមាទធម៌ ឱ្យ សម្រេច គឺថាៈ ចូរកុំប្រហែសធ្វេសឡើយ, ព្រះអង្គមានព្រះ ពុទ្ធដីកាប៉ុណ្ណោះ ហាក់ដូចជាចប់ធម៌ទាំងប្រាំបីម៉ឺនបួនពាន់ ព្រះធម្មក្ខន្ធ គឺព្រះអង្គទ្រង់ប្រមើលមើលទៅឃើញសតិនេះហើយដែលជាធម៌មានឧបការៈច្រើន ជាងកុសលធម៌ទាំងអស់ បានជាចាត់សតិនិងសម្បជញ្ញៈនេះ ថាជាធម៌មានឧបការៈច្រើន ។

ម៉្យាងទៀត ដូចជាការងារក្នុងបច្ចុប្បន្ននេះ បើបុគ្គលណា ប្រាសចាកសតិនិងសម្បជញ្ញៈទាំងពីរនេះហើយ ការងារនោះ មុខជាភ្លាំងភ្លាត់ខូតខាតមិនបានសម្រេចដូចជាអ្នកបើកកប៉ាល់ជាដើម មនុស្សអ្នកជិះទាំងប៉ុន្មាន ស្លាប់រស់នៅលើអ្នកបើកនោះទាំងអស់ សតិទុកដូចជាអ្នកបើក កុសលធម៌ទាំងអស់ដូចជាអ្នកជិះដូច្នោះ។

ម៉្យាងវិញទៀត ដូចជាមនុស្សពិការអវយវៈដៃឬជើង ភ្នែក ត្រចៀកជាដើម បើខូចខ្លះនៅខ្លះគង់មានប្រយោជន៍តិចច្រើន ខ្លះមិនខាន បើអវយវៈទាំងអស់នៅគ្រប់គ្រាន់ តែបើខូចសតិ គឺឆ្កួតហើយ មនុស្សនោះទៅជាឥតប្រយោជន៍គ្មានបានការអ្វីបន្តិចបន្តួចសោះបានជាថាសតិនេះមានឧបការៈច្រើន ។

សតិនិងសម្បជញ្ញៈជាធម្មជាតិប្រាសចាកគ្នាមិនបាន ប្រៀបដូចជាអាខ្វាក់អាខ្វិន តែងពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក លះបង់ចោលគ្នាមិនបានដូច្នោះ ។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 


សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me