កាលប្រវត្តិ ចាប់បដិសន្ធិទង់ព្រះពុទ្ធសាសនា
ប្រវត្តិសង្ខេបនៃការបង្កើតទង់ព្រះពុទ្ធសាសនា តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។
ទង់ព្រះពុទ្ធសាសនា បានបង្កើតឡើងនៅថ្ងៃទី ១៧ ខែ
មេសា ឆ្នាំ ១៨៨៥ ដោយព្រះអង្គព្រះនាម មិតេគុវត្តគុណនន្ទះ គង់នៅវត្ត ទីបទុត្តរារាម
ស្រុក កោតហេន ប្រទេសស្រីលង្កា ហើយបានបង្ហូតឡើងតំបូងនៅក្នុងវត្តនេះ។
លុះដល់ថ្ងៃពេញបូណ៌មី ខែ ពិសាខ ព.ស ២៤២៩ ត្រូវ និងថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៨៨៥
ទង់នេះត្រូវបានគេយកមកប្រើប្រាស់ នៅគ្រប់វត្តទាំងអស់ ក្នុងប្រទេសស្រីលង្កា ។
លុះដល់ឆ្នាំ ១៩៥០
ក្នុងពេលដែលប្រទេសអ្នកកាន់ព្រះពុទ្ធ សាសនា ដែលពេលនោះមានចំនួន ២៩ ប្រទេស
ក្នុងនោះមានប្រទេសកម្ពុជា មួយផងដែរ ។
ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ
ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៥០ ទើបពុទ្ធិកប្រទេស
ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក
ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង
មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធាន “ពុទ្ធិកសមាគមពិភពលោក”
បានចូលរួអប្រជុំគ្នា ដើម្បីបង្កើត ទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក
(តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖
ទង់របស់ពុទ្ធិកសមាគមពិភពលោក
ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ
ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ" ដូច្នេះទង់ពុទ្ធសាសនា
ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ជាទង់សំរាប់សំគាល់ពុទ្ធិក សមាគមផង និង
ទង់ជា សំគាល់ព្រះ ពុទ្ធសាសនាផង ។
ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ
៖
១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម
៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ៦- ផ្លេក (ពន្លីពេជ្រ គឺគេយកពណ៌ទាំង
៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះជាពណ៌មួយ) ។
ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦
ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី
ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ
ហើយដែលមិនអាចឱ្យអ្នកណាម្នាក់ធ្វើដូចព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គមួយៗដែរ
គឺ ៖
១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន
និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។
ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ
ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។
វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ
មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង
លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ
ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។
ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ
(ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។
មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន
ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ
កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត
មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ
បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត
បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ
រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ
។
រស្មីទាំង ៦ ពណ៌នេះ
បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ
ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ
ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង
ក្នុងពេលព្រះអង្គធ្វើ យមក បាដិហារ្យផ្ទាញ់ពួកនាយគ្រន្ទលើដើមគណ្ឌាមព្រឹក្ស
(ដើមស្វាយរបស់នាយគណ្ឌៈ) ។
ដូច្នោះហើយ
បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ
ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
រៀបរៀងដោយ សេន រ៉ន
សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២
ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង