វេយ្យាករណ៍ខ្មែរ អំពីកិរិយា

 វេយ្យាករណ៍ខ្មែរ អំពីកិរិយា

 



មានដាក់អាសយដ្ឋានសម្រាប់ទាញ់យកខាងក្រោម!!!

កិរិយា

        ជាពាក្យពោលនូវអំពើធ្វើ ឬពោលនូវដំណើរជាអ្វីហៅថា កិរិយាស័ព្ទ ដូចជាពាក្យថា៖ ដើរ ឈរ អង្គុយ ដេក ស៊ី ផឹក ងូត លាង និយាយ ស្តី ហ៊ោ យំ ស្រែក វាយ ដំ ជីក គាស់ ឈូស ចាំង ភ្ជូរ រាស់ កាប់ កាត់ អាន សរសេរ តែង ធ្វើ ...។ ពាក្យជាកិរិយាស័ព្ទមានប្រធានកាលណាគេចងជាប្រយោគដូចជាពាក្យ ខ្ញុំដើរ...ខ្ញុំ គឺជាប្រធានរបស់កិរិយាដើរ។ យើងដេក គេឈូស វាធ្វើ កូនសិស្សសរសេរ អ្នកស្រែភ្ជួរ ...។

កិរិយាមានពីរយ៉ាងគឺ៖ សកម្មកិរិយា និងអសកម្មកិរិយា។

    ១ សកម្មកិរិយា

        គេហៅថាកម្មគឺ ពាក្យដែលប្រើសម្រាប់ បំពេញអំពើរបស់កិរិយាគេ ហៅថាសកម្មកិរិយាគឺជាកិរិយាដែល ត្រូវមានពាក្យមកបំពេញអំពើទើប គ្រប់គ្រាន់ដូចជាពាក្យថា ខ្ញុំឈូសឈើ គេទិញសំពត់ អ្នកនេសាទស្ទូចត្រី ចោរលួចទ្រព្យ ...។ ពាក្យឈើ សំពត់ ត្រី ទ្រព្យ ជាកម្មរបស់កិរិយា ឈូស ទិញ ស្ទូច លួច។ កាលរបស់កិរិយា(បច្ចុប្បន្នកាល និងអតីតកាល)។

        កាលរបស់កិរិយា គឺជាពេលវេលា ដែលជាអំពើរបស់កិរិយាប្រព្រឹត្តឡើង នៅក្នុងភាសាខ្មែរយើង កិរិយាជំនួយ និងកិរិយាប្រាប់កាល មានមុខងារសំខាន់ណាស់ សម្រាប់បង្ហាញកាលរបស់កិរិយានៅក្នុងល្បៈ។

កាលរបស់កិរិយាមាន បច្ចុប្បន្នកាល អតីតកាល និងអនាគតកាល

        ១. បច្ចុប្បន្នកាល គឺជាពេលវេលាឬខណៈពេលដែលអំពើរបស់កិរិយាប្រព្រឹត្ត នៅក្នុងពេលបច្ចុប្បន្ន។ បច្ចុប្បន្នកាលរបស់កិរិយា នៅក្នុងភាសាខ្មែរយើងចែកចេញជាពីរគឺ៖

          ក. បច្ចុប្បន្នកាល បង្ហាញអំពើរបស់កិរិយា ដែលប្រព្រឹត្តឡើងដដែលៗ នៅក្នុងខណៈមួយច្បាស់លាស់។

    ឧទាហរណ៍

-     ប្រជាជនកម្ពុជាដាំស្រូវរៀងរាល់ឆ្នាំ។

-     ប្រជាជនកម្ពុជាភាគច្រើនជឿលើព្រះពុទ្ធសាសនា។

        ពាក្យ ដាំ ជឿ ជាកិរិយា ដែលអំពើរបស់វាប្រព្រឹត្តនៅក្នុងបច្ចុប្បន្នកាល និងក្នុងពេលអនាគតកាល ព្រោះអំពើរបស់កិរិយាទាំងនេះអាចប្រព្រឹត្តបន្តទៅទៀត នៅក្នុងអនាគតកាល។

        គុណកិរិយាដែលប្រើជាមួយនឹងបច្ចុប្បន្នកាលមាន៖

ជានិច្ចកាល រៀងរាល់ថ្ងៃ រៀងរាល់ខែ រៀងរាល់ឆ្នាំ មិនដែល ញឹកញាប់ ជាធម្មតា ម្តងក្នុងមួយឆ្នាំ ...។

        ចំពោះជំនួយកិរិយា នៅ សម្រាប់ចង្អុលអំពើរបស់កិរិយាបន្តប្រព្រឹត្តនៅពេលខាងមុខទៀត។

    ឧទាហរណ៍

-     ខ្ញុំ នៅ ត្រូវការសៀវភៅនេះនៅឡើយ។

-     ជនជាតិនេះ នៅ មានឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិនៅឡើយ។

        ខ. បច្ចុប្បន្នកាល បង្ហាញពីពេលវេលានៃអំពើរបស់កិរិយាដែលកំពុងប្រព្រឹត្ត ក្នុងខណៈមួយច្បាស់លាស់ ហើយអំពើនោះមិនទាន់ចប់សព្វគ្រប់នៅឡើយ។ បច្ចុប្បន្នកាលកំពុងប្រព្រឹត្ត កើតឡើងដោយប្រើជំនួយកិរិយាបច្ចុប្បន្នកាល “កំពុង” + កិរិយាស្នូល។

    ឧទាហរណ៍

-     គាត់ កំពុង អានកំនាព្យ ដែលសរសេរដោយលោកតាក្រមង៉ុយ។

-     ឥលូវនេះ ប្អូរបស់ខ្ញុំ កំពុង សិក្សាភាសាអង់គ្លេស។

        គុណកិរិយាកាលប្រាប់អំពីអតីតកាលកំពុងប្រព្រឹត្តមាន៖

ឥលូវនេះ ពេលនេះ ថ្ងៃនេះ ព្រឹកនេះ ល្ងាចនេះ ខណៈនេះ គ្រានេះ ...។

        ២. អតីតកាល គឺជាពេលវេលាដែលអំពើរបស់កិរិយាបានប្រព្រឹត្តចប់សព្វគ្រប់ក្នុងអតីតកាល។ តាមការប្រើប្រាស់ យើងអាចចែកអតីតកាលដូចខាងក្រោមនេះ ៖

        ក. អតីតកាល បង្ហាញអំពើរបស់កិរិយា ដែលបានប្រព្រឹត្តចប់សព្វគ្រប់នៅក្នុងខណៈមួយច្បាស់លាស់ ដោយប្រើកិរិយាស្នូលជាមួយនឹងគុណកិរិយាអតីតកាល។

    ឧទាហរណ៍

-     ប្រាសាទព្រះវិហារត្រូវបានបញ្ជូល ជាសម្បត្តិវប្បធម៌មនុស្សជាតិ នៅក្នុងឆ្នាំ ២០០៨។

-     ម្សិលមិញ ខ្ញុំជួបលោកគ្រូរបស់ខ្ញុំ នៅក្បែមាត់ទន្លេ។

        ខ. អតីតកាល បង្ហាញអំពើរបស់កិរិយា ដែលបានប្រព្រឹត្តចប់សព្វគ្រប់នៅក្នុង ខណៈមួយច្បស់លាស់ ដោយប្រើកិរិយាស្នូលជាមួយនឹងគុណកិរិយាអតីតកាល។

    ឧទាហរណ៍

-     ម្សិលមិញ ខ្ញុំបានទៅបណ្ណាល័យជាមួយមមិត្តភក្តិរបស់ខ្ញុំ។

-     ខ្ញុំ បាន ទៅសិក្សានៅឯមហាវិទ្យាល័យ ចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤។

        ពាក្យ បាន ជាជំនួយកិរិយាសម្រាប់ប្រាប់ពីអតីតកាលរបស់កិរិយា ទៅសិក្សា។ ចំពោះកន្សោមពាក្យ “ម្សិលមិញ ,ពីឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤” ជាគុណកិរិយាអតីតកាល បញ្ជាក់ពេលវេលានៃអំពើរបស់កិរិយាខាងលើ ឱ្យកាន់តែច្បាស់លាស់ឡើងថែមទៀត។

        គ. អតីតរកាល បង្ហាញអំពើរបស់កិរិយាដែលប្រព្រឹត្តនៅក្នុងអតីតកាល ប៉ុន្តែអំពើរបស់ កិរិយានៅតែប្រព្រឹត្តនៅអនាគតកាលតទៅទៀត។ កាលនេះ កើតឡើងដោយកិរិយាជំនួយ “នៅ” និងពាក្យ “នៅឡើយ”។

    ឧទាហរណ៍

-     ថ្ងៃអាទិត្យមុន ពេលមិត្តភក្តិរបស់ខ្ញុំបានមករកខ្ញុំ។ ខ្ញុំនៅចម្ការនៅឯទន្លេនៅឡើយ។

-     យប់មិញម្តាយរបស់ខ្ញុំសំរាន្តលក់អស់ ចំនែកខ្ញុំនៅធ្វើលំហាត់នៅឡើយ។

    សំគាល់ យើងអាចប្រើជំនួយកិរិយា កំពុង សំដែងអំពើរបស់កិរិយាដែលបានប្រព្រឹត្តនៅក្នុង អតីតកាល និងអនាគតកាលបានផងដែរ។

    ឧទាហរណ៍

-     ថ្ងៃស្អែកថ្មើរនេះ ម្តាយខ្ញុំប្រហែល កំពុង ទិញរបស់របរនៅឯផ្សារ។

-     ម្សិលមិញ នៅពេលដែលឪពុកខ្ញុំបានមកដល់ ខ្ញុំ កំពុង មើលសៀវភៅរឿងកូនកំព្រាឪពុក។

-     ឆ្នាំទៅមិញ ពេលថ្មើរនេះ ពូរបស់ខ្ញុំ កំពុង ដាំសណ្តែក និងចេកនៅចំការតាមដងទន្លេបាសាក់។

        ៣. អនាគតកាល គឺជាពេលវេលាដែលអំពើរបស់កិរិយាឬ ភាវៈនឹងកើតមាននៅនាពេលខាងមុខ(អនាគតកាល)។ តាមការប្រើប្រាស់អនាគតកាលរបស់កិរិយា យើងចែកអនាគតកាលជា បីយ៉ាង៖

        ក. អនាគតកាល បង្ហាញអំពើរបស់កិរិយា ដែលនឹងប្រព្រឹត្តនៅពេលខាងមុខមិនច្បាស់លាស់ដោយប្រើកិរិយាជំនួយនឹងនៅខាងដើមកិរិយាស្នូរ។

    ឧទាហរណ៍

-     ប្រជាជនកម្ពុជា និងជួបវិបត្តិសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលមិនកែទម្រង់គោលនយោបាយរបស់ខ្លួន។

-     ទន្លេបាសាក់ នឹង មានការបាក់ដីកោះជាបន្តបន្ទាប់ បើសិននៅតែមានការបូបខ្សាច់ឥតឈប់ឈរយ៉ាងនេះ។

        ខ.អនាគតកាលបង្ហាញអំពើរបស់កិរិយាដែលនឹងប្រព្រឹត្តនៅក្នុងពេលមួយច្បាស់លាស់ដោយប្រើកិរិយាជំនួយ“នឹង”និងគុណកិរិយាអនាគតកាល។

    ឧទាហរណ៍

-     ស្អែក ឪពុករបស់ខ្ញុំ នឹង ទៅខេត្តសៀមរាប។

-     ប្អូនរបស់ខ្ញុំ នឹង ប្រលងមធ្យមសិក្សាបឋមភូមិ នៅឆ្នាំក្រោយ។

        ពាក្យ នឹង ជាកិរិយាជំនួយសម្រាប់ប្រាប់ពីអនាគតកាលរបស់កិរិយា ទៅខេត្តសៀមរាប, ប្រលង។ ចំពោះពាក្យឬកន្សោមពាក្យ ស្អែក, នៅឆ្នាំក្រោយ ជាគុណកិរិយាអនាគតកាល បង្ហាញពេលវេលានៃអំពើរបស់កិរិយាខាងលើ ឱ្យកាន់តែច្បាស់លាស់ ដោយគ្រាន់តែប្រើគុណកិរិយាអនាគតកាលជាមួយនឹងកិរិយាស្នូលតែប៉ុណ្ណោះ។

    ឧទាហរណ៍

-     ស្អែក គាត់បញ្ចប់ការងាររបស់គាត់។

-     នៅសប្តាហ៍ក្រោយ ខ្ញុំសរសេរសំបុត្រទៅសួរសុខទុក្ខលោកយាយរបស់ខ្ញុំ នៅឯគៀនស្វាយ។

        គុណកិរិយាដែលប្រាប់អនាគតកាលមាន៖

ស្អែក ខានស្អែក សប្តាហ៍ក្រោយ បន្តិចទៀត ខែក្រោយ ឆ្នាំក្រោយ គ្រាក្រោយ នាពេលក្រោយ ថ្ងៃខាងមុខ ថ្ងៃបន្ទាប់ ឆ្នាំខាងមុខ...។

    ២ អសកម្មកិរិយា

        កិរិយាដែលមានអំពើគ្រប់គ្រាន់ នឹងខ្លួនឯងហើយហៅថា អកម្មកិរិយា ដូចជាពាក្យថា ខ្ញុំកើត យើងទៅ វាស្លាប់ កប៉ាល់ចេញ ក្លើខ្ញុំមក ប្អូនមកដល់ ឈឺងាប់ សត្វហើរ គែឈរ ទឹកហូរ គោបោល ឆ្កែលូ គោរោទ៍ ព្រាបថ្ញូរ ខ្លាគ្រហឹម សំពត់ជ្រុះ លោកមានប្រសាសន៍។ កិរិយាមានឈ្មោះហៅថា ហេតុកិរិយា គឺជាកិរិយាដែលធ្វើអំពើទៅគេដូចជាពាក្យថា៖ បង្រៀន គឺធ្វើអំពើទៅគេ។

        កិរិយាហៅថាសុទ្ធកិរិយា គឺជាកិរិយាដែលធ្វើចំពោះខ្លួនឯងដូចជាពាក្យថា៖ រៀន គឺជាការធ្វើអំពើចំពោះខ្លួនឯង។

    ឧទាហរណ៍

-     លោកតាកំពុងអប់រំចៅឱ្យប្រព្រឹត្តអំពើល្អ។

        ពាក្យ “កំពុងអប់រំ” ជាហេតុកិរិយា ដែលធ្វើអំពើទៅលើ “ចៅ”។

-     ខ្ញុំខិតខំសិក្សាដើម្បីអនាគតរបស់ខ្ញុំ។

        ពាក្យ “ខិតខំសក្សា” ជាសុទ្ធកិរិយា ដែលធ្វើអំពើទៅ “អនាគតរបស់ខ្ញុំ”។

    ៣ ជំនួយកិរិយា

        ជាពាក្យដែលប្រើសម្រាប់បង្គប់ន័យសេក្តីរបស់កិរិយាបង្គោល ណាមួយនៅក្នុងល្បៈឱ្យមានន័យកាន់តែច្បាស់។ ហើយយើងអាចប្រើកិរិយាមួយជាមួយកិរិយាដទៃទៀត ដើម្បីបង្ហាញកាលឬបន្ថែមន័យឱ្យកិរិយាផ្សេងទៀតហៅថា “ជំនួយកិរិយា”។

        ក. ជំនួយកិរិយាប្រាប់កាលឱ្យកិរិយាបង្គោល។

    ឧទាហរណ៍

-     សិស្ស កំពុង រៀនភាសាអង់គ្លេស។

        ពាក្យ “កំពុង” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “រៀន” នៅក្នុងល្បៈ។         

-     គាត់ បាន និយាយអង់គ្លេសជាមួយខ្ញុំ។

        ពាក្យ “បាន” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “និយាយ” នៅក្នុងល្បៈ។

-     និស្សិតទាំងអស់ នឹង ទៅលេងប្រាសាទព្រះវិហារក្នុងសប្តាហ៍ក្រោយ។

        ពាក្យ “នឹង”ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “ទៅ” នៅក្នុងល្បៈ។

-     គាត់នៅត្រូវការខ្ញុំនៅឡើយ។

        ពាក្យ “នៅ” ជាជំនួយកិរិយាសម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល “ត្រូវការ” នៅក្នុងល្បៈ។

        ខ. ជំនួយកិរិយាបន្ថែមន័យឱ្យកិរិយាស្នូល។

    ឧទាហរណ៍

-     អ្នក អាច រៀនលេងភ្លេងខ្មែរបាន។

-     អ្នក ត្រូវតែ ហ្វឹកហាត់លេងវារៀងរាល់ថ្ងៃ។

-     អ្នក គួរ ខិតខំរៀនវាបន្តិច។

        ពាក្យ “អាច ត្រូវតែ គួរ” ជាកិរិយាជំនួយសម្រាប់បន្ថែមន័យឱ្យកិរិយាស្នូល “រៀនលេង ហ្វឹកហាត់ ខិតខំរៀន” នៅក្នុងល្បៈខាងលើ។

        ជំនួយកិរិយាមាន៖

-     កំពុង សម្រាប់ប្រាប់បច្ចុប្បន្នកាលរបស់កិរិយាស្នូល។

-     បាន សម្រាប់ប្រាប់អតីតកាលរបស់កិរិយាស្នូល។

-     នឹង សម្រាប់ប្រាប់អនាគតកាលរបស់កិរិយាស្នូល។

-     អាច សម្រាប់ប្រាប់លទ្ធិភាពរបស់កិរិយាស្នូល។

-     ត្រូវតែ សម្រាប់ប្រាប់ភាពចាំបាច់របស់កិរិយាស្នូល។

-     គួរតែ សម្រាប់ប្រាប់សំនូមពររបស់កិរិយាស្នូល។

-     ចូរ សម្រាប់ជួយកិរិយាស្នូល ក្នុងពេលធ្វើសំនូមពរ។

-     សូម សម្រាប់ជួយកិរិយាស្នូល ក្នុងការធ្វើសំនូមពរ។



Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me