វេយ្យាករណ៍ខ្មែរ វិធីប្រើប្រាស់វណ្ណយុត្តិ

 

សិក្សាអក្សរសាស្រ្តខ្មែរ

វេយ្យាករណ៍ខ្មែរ

វណ្ណយុត្តិ... 3

វិធីប្រើប្រាស់វណ្ណយុត្តិ

 

មានដាក់អាសយដ្ឋានទាញ់យកអត្ថបទនៅខាងក្រោម

វណ្ណយុត្តិ

        គឺជាសញ្ញាដែលប្រើបន្ថែមពីលើតួអក្សរ ដើម្បីនឹងលំអៀងសូរស័ព្ទវែង ជាស័ព្ទខ្លីឬលំអៀងស័ព្ទឱ្យប្លែកពីស័ព្ទដើមឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឱ្យលះសេក្តីណាមួយហៅថា វណ្ណយុត្តិ។ វណ្ណយុត្តិទាំងនោះគឺ បន្តក់( ់ ) មូសិកទន្ត( ៉ ) ត្រីស័ព្ទ( ៊ ) សំយោគសញ្ញា( ័ ) របាទ( ៌ ) អស្តា( ៏ ) ទណ្ឌឃាត( ៍ ) វិសជ្ជនីយ( ះ ) យុគលពិន្ទុឬចុចពី(ៈ) ទ្វិពន្ទុលេខឬចំណុចពីរគូស(៖) កាបាទ( ៎ ) កុក្កដនេត្រឬភ្នែកមាន់(៙) វង់ក្រចក((...)) អព្ភន្តរ(ʻ...ʼ) អញ្ញប្រកាស(“...”) ខណ្ឌឬសញ្ញាខណ្ឌ   (។ ) ខណ្ឌចប់(៕) គោមូត្រឬបរិយោសាន (។៚)  រជ្ជសញ្ញាឬសហសញ្ញា(-) លេខទោ(ៗ) ក្បៀសឬ   កណ្តកសញ្ញា(,) បុច្ឆនសញ្ញា(?) មច្ឆណ្ឌសញ្ញាឬពងត្រី(...)វង់តង្កៀប[...] រ៉ាត់ឬឃ្នាប(}{...}) បេយ្យលៈឬលៈ(។ល។) អាទិសង្កេត(.)។

វិធីប្រើប្រាស់វណ្ណយុត្តិ

    ១ រស្សសញ្ញាឬបន្តក់(់)

        សញ្ញានេះប្រើសម្រាប់ដាក់បន្ថែមលើតួប្រកប ដែលព្យាង្គពាក្យកើតឡើងពីស្រៈ អ និងស្រៈអ៊ ហើយកាត់ស័ព្ទវែងជាស័ព្ទខ្លី ដែលត្រូវអានលឿនរហ័សដូចជាពាក្យថា៖

ស័ព្ទវែង

ស័ព្ទខ្លី

កង

កង់

ចង

ចង់

បត

បត់

បន

បន់

សល

សល់

ចប

ចប់

        ចំនែកឯអក្សរជាតួប្រកបរបស់ព្យាង្គពាក្យ ហើយទទួលសញ្ញាបន្តក់( ់ ) បានមានតែអក្សរទាំងនេះគឺ ក​ ង ច ញ ត ន ប ល ស​។ អក្សរក្រៅពីនោះទោះកាត់ស័ព្ទវែងជាខ្លីក៏ដោយ     មិនដែលទទួលវណ្ណយុត្តិឬបន្តក់ ( ់ )ឡើយ ដូចជាពាក្យ បទ បថ សព្វ ភព ...។ ប៉ុន្តែបើពាក្យណាដែលចេញមកពីបាលីឬសុំស្រ្តឹតទោះអក្សរដែលត្រូវទទួលសញ្ញាបន្តល់( ់ )បានក៏ពុំត្រូវដាក់សញ្ញាបន្តក់( ់ )ឡើយដូចជាពាក្យ កុសល ផល លាមក ធនធាន ជន សត្វ ខត្ត ក្សត្រ។

    ឧទាហរណ៍ កក់ ខ្វាក់ គាស់...។

   សម្គាល់

        ក. ចំពោះតួព្យព្ជានៈប្រកបនឹងអក្សរ “ម” ត្រង់សម្លេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ”ឬបន្តក់ទេ។

    ឧទាហរណ៍ ចាម់ = ចាម។

        ក្នុងករណីនេះ គេប្រើនិគ្គហិត(៙)ឬស្រៈ “ាំ” “ចាំ” ជំនួសវិញ។

       ខ. រីឯតួព្យព្ជានៈប្រកបនឹងអក្សរ “យ” ត្រង់សម្លេងប្រកបលំដាប់ទី២ នោះក៏មិនបាច់ប្រើ រស្សសញ្ញាឬបន្តក់ដែរ ដូចជាពាក្យ “ចាយ់” ក្នុងករណីនេះគេយកស្រៈ “ៃ”

មកជំនួសវិញព្រោះមានសម្លេងដូចគ្នា។

    ឧទាហរណ៍ ចាយ់ = ចាយ។

        គ. ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្ត្រឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ សព ភព កុសល ផល កិច្ចកល ធនធាន រសជាតិ លាមក... ពាក្យទាំងនេះមានសម្លេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលី និងសំស្ត្រឹត។

២៩. វិធីហាត់

        ពាក្យមានបន្តក់មាន៖ កង់ កត់ កប់ ខ្វល់ ទល់ សក់ យល់ ពន់ ទក់ ធន់ បត់ បង់ ចង់ ហត់ ព្រនង់ កំពង់ បំពង់ ពន្យល់ ទំនប់ កញ្ចក់ បង្កង់ ជំពាក់ គំរប់ ទំរង់ ចំណង់ កង្វល់ បង្អស់ បន្តក់ បំរត់ បន្ទប់ សំណល់ កញ្ឆក់ កាត់ ខាត់ សាត់ ចាត់ ផាត់ រ៉ាត់ ហាត់ អាត់ ណាត់ បង្ហាត់ បំបាត់ សំខាន់ សម្លាប់ សំគាល់(សម្គាល់) កំណាញ់ បន្ទាល់ ភា្នល់ ទំនាស់ ប្រញាប់ប្រញាល់  កន្តាល់ អីវ៉ាន់ រហាត់ ចំឡាក់(ចម្លាក់) រួសរាន់ ប្រញាប់ ណាស់ កំចាត់កំចាយ។

        ពាក្យឥតបន្តក់នោះគឺ៖ កល កុសល ផល គន្ធ គណ​ ចក្ក ឆត្ត គដទន្ត ជនបទ ជប ថលបទ កម្មបថ ថលយាន ខណ្ឌ បព្វជ្ជា បញ្ញត្ត បព្វតរាជ និម៌ល ពលកាយ ភក្ត្រ ភត្តកាល កាលបក្ស ប្រាកដ ប្រយ័ត្ន ប្រភព បក្ខគណនា មណ្ឌល តមល មាណព រក្ខ រក្ស ក្សត្រ ហរិរក្ស។

២ មូសិកទន្តឬធ្មេញកណ្តុរ(៉)

        មូសិកទន្ត គឺជាសញ្ញាប្រើសម្រាប់សម្លាប់ បំបែរសម្លេងព្យាព្ជានៈ ៧តួ ដែលមានសម្លេង ឃោសៈ ឱ្យទៅជា អឃោសៈគឺ ង ញ ប ម យ រ វ ឱ្យទៅជាសម្លេងអឃោសៈវិញ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉។ ប្លែកតែតួ ប មួយដែលមានសម្លេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែ លម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ។ អក្សរប្តូរសម្លេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង ញ៉ែងញ៉ង ប៉ប៉ាច់ប៉ប៉ោច ម៉ែឪ យ៉ាប់យ៉ឺន រឿងរ៉ាវ វ៉ូងវ៉ាង។ បន្ថែមលើអក្សរនៅខាងដើមព្យាង្គនៃពាក្យ កាលណាពាក្យនោះគ្មានព្យាង្គឯណាទៀតបង្អោនមកឬព្យាង្គនោះទោលគឺដាច់តែឯង ដូចជាពាក្យ ប៉ុន្តែ ម៉ត់ ញ៉ាំញ៉ើ បើកាលណាមានស័ព្ទព្យាង្គដើមឬតួអក្សរដើមបង្អោនមកមិនត្រូវដាក់មូសិកទន្ត(៉)ឡើយ ដូចជាពាក្យ ប្រមោយ ស្រវឹង ចម្បា ចម្លែក ប្រមាទ សង្វាត ក្នុង ខ្លឹម ថ្ម ត្មាត ក្ងេះ ក្ងាន ក្ងោក...។

    ឧទាហរណ៍ ក្ងក់ ង្ងង់...។

   ចំណាំ កាលណាពាក្យទាំងនេះទៅជួបប្រទះនឹងស្រះ ិ ី ឹ ឺ ើ។

    ឧទាហរណ៍ ផ្ទះប៉ិត យ៉ាប់យ៉ឺន...។

        គេត្រូវយកសញ្ញា(ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឱ្យវណ្ណយុត្តិនេះ ទើសទេងគ្នាជាមួយស្រៈខាងលើ។

    ឧទាហរណ៍ ប៉ឹង ប៉ើង ម៉ិ ម៉ី...។

៣ ត្រីស័ព្ទ (៊)

        ត្រីស័ព្ទវិធីសាស្ត្រនៃការប្រើវណ្ណយុត្តិត្រីស័ព្ទ មានលំនាំដូចគ្នានឹង មូសិកទន្តដែរ

តែវាដាក់នៅលើព្យព្ជានៈ ៤តួ ជាអឃោស ប ស ហ អ ឱ្យទៅជាឃោសៈវិញ ប៊ ស៊ ហ៊ អ៊។ ព្យព្ជានៈប្ដូរសម្លេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ សាប៊ូ សម្លស៊ុប ហ៊ាន ទ្រអ៊ូ។កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា(ុ) ដូចករណីខាងលើដែរ។

    ឧទាហរណ៍ ស៊ីបាយ លេងហ៊ី... លើកលែងតែពាក្យ ប៊ិច អ៊ីចុះ អ៊ីចឹង...។

        ដូចជាពាក្យ ទ្រហឹង គ្រឹហា វិហារ ទាហាន ស៊ី ហ៊ឹងត្រចៀក អ៊ុត ហ៊ាន ស៊ុន ស៊ើបការ ហ៊ុន ប៊ុន ...។

    ឧទាហរណ៍ ហ៊ោរ ហ៊ុត...។

    ៤ សំយោគសញ្ញា (័)

        វណ្ណយុត្តិ នេះលំអៀងស័ព្ទបាលីឬសំស្ត្រឹតមកជាស័ព្ទខ្មែរ។ ឧបមាថាពាក្យ (ភយ)=ភ័យ, (ជយ)=ជ័យ, (ខយ ក្សយ)=ខ័យក្ស័យ, (ពន្ធ)=ព័ន្ធ, (ពទ្ធ)=ព័ទ្ធ, (យន្ត យន្ត្រ)=យ័ន្ត យ័ន្ត្រ, (យន់)=យន្ត, (សម្បទ)=សម្ប័ទ, (សម្បត្តិ)=បច្ចយ បច្ច័យ, (អាលយ)=អាល័យ, (សមយ)=សម័យ, (សំសយ)=សង្ស័យ, (ហទយឬហឫទយ)=ហទ័យ ហ្ឫទ័យ។ សញ្ញានេះប្រើនូវពាក្យខ្មែរខ្លះ ដែរមានសម្លេងស្ទើរស្រៈ អឬ អា ដើម្បីឱ្យមានសូរសម្លេងមួយត្រូវចំនឹងសម្លេងពិតនៃពាក្យនោះ គឺ ញ័រ ជ័រ ទំព័រ..។ហើយអក្សរ រ ជាតួប្រកប ដូចជាពាក្យថា ជ័រ ញ័រ ទំព័រ ទទីទទ័រ ព្រវីព្រវ័រ សាសន៍ព័រ ញញាក់ញញ័រ ...។ វាសម្រាប់ប្រើសម្រួលសម្លេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា កុងទ័រ ប៉ាស្ទ័រ អាំងហ្សេនឺញ័រ កុំព្យូទ័រ ត្រាក់ទ័រ...។

    ឧទាហរណ៍ មាល័យ សម័យ អនាម័យ...។

៥ របាទ(៌)

        ជាសញ្ញានេះជំនួស រ កាលណា រ ជាជំនួសតួអក្សរតម្រួត។ វាជាវណ្ណយុត្តិសម្រាប់ដាក់នូវពាក្យសំស្ត្រឹតក្លាយមកពីបាលី។ ជាធម្មតាតួអក្សរណាដែលពុំសូវប្រើជាផ្ញើជើងជាគ្រវ៉ាត់ តួតម្រួតអក្សរនោះផ្លាស់ជារបាទ។ បើតួអក្សរណាធ្លាប់ប្រើគ្រវ៉ាត់ក្នុងផ្ញើជើង តួតម្រួតនោះផ្លាស់ជាគ្រវ៉ាត់។ តួតម្រួតផ្លាស់ជា រ ក៏បានដូចជាពាក្យទាំងនេះជាច្រើនបែបយ៉ាង៖

ពាក្យដើម = ពាក្យផ្លាស់ជា

ណ្ណ = ណ៌

ម្ម = ម៌

ព្ព = ព៌

ព្ភ = ព៌

ពណ្ណ = ពណ៌

ធម្ម = ធម៌

គព្ភ = គភ៌

បុព្វា = បុព៌ា

បរិបុណ្ណ = បរិបូណឬបរិបូរណ៍

        មានពាក្យខ្លះដែលធ្លាប់មានផ្ញើជើងគ្រវាត់ ជាប់ដោយសញ្ញារបាទខ្លះក៏មានដែរ ដូចជាពាក្យ៖

ពាក្យដើម =  ទៅជាពាក្យ

កក្កដ = កកិដ

វិសជ្ជនីយ = វិសជិនីយ

មគ្គុទេស = មគ្គុទិស

មគ្គ = មាគ៌ា

មារយាទ = មាយ៌ាទ

កំណត់សម្គាល់៖


ពាក្យតម្រួតជើង

ក្លាយទៅជា

ពាក្យតម្រួត

ក្លាយទៅជាពាក្យ


ក្ក

ក្រ

ចក្ក

ចក្រ



គ្គ

គ្រ

ឧបសគ្គ

គ្រោះ


ត្ត

ត្រ

ខត្ត ខេត្ត

ក្សត្រ ខេត្រ


ទ្ទ

ទ្រ

សមុទ្ទ

សមុទ្រ


    ប៉ុន្តែតួអក្សរដទៃពីរតួ ដូចពោលខាងលើនេះមិនផ្លាស់ប្តូតម្រួតជា រ ឡើយ។

    ឧទាហរណ៍

        ព្រះធម៌ សមធម៌ ...។

    ៦ អស្តា(៏)     

        ជាសញ្ញាដែលប្រើសម្រាប់ដាក់ពីលើអក្សរ ក និងដ ហើយ ក និងដ ចំនែក អក្សរ ហ គេប្រើអស្តានេះពេលបព្ចេញអារម្មណ៍ ភ្ញាក់ផ្អើល ភ័យជាដើម។ នោះជាពាក្យនិបាត គឺពាក្យនោះមិនមែនជានាម ជាគុណនាមឬជាកិរិយាស័ព្ទ។ ដូចជាពាក្យថា        ទោះហាមដូចវាក៏មិនស្តាប់។ អ្នកចេះធម៌ដ៏ប្រសើរ រមែងរួចកាចពីអបាភូមិ។ ប្រសើរដ៏ឧត្តម។ ក្នុងពាក្យឧទានស័ព្ទ គឺជាពាក្យថាដោយភ្ញាក់ផ្អើល សញ្ញានេះមានប្រើខ្លះដែរ។

        ដូចជាពាក្យ ឳហ៏្ឋ! ឳន៏! នុះហ្ឋ៏ឬន៏!។

        កំនត់សម្គាល់ ក៏ ដ៏សូមបញ្ជាក់ឱ្យខ្លីកុំច្រលំពាក្យ ដទៃ ដរាប(គ្មានអស្តាទេ)។

    ឧទាហរណ៍

        ក៏ ដ៏ នុះហ្ន៏...។

    ៧ ទណ្ឌឃាត(៍)

        ប្រើសម្រាប់បដិសេធន៍តួអក្សរដែលមានលើសពីការអាន។ គេប្រើដើម្បីដាក់លើអក្សរព្យព្ជានៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យព្ជានៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ។

    ឧទាហរណ៍ ទូរទស្សន៍ ប្រយោជន៍ គមនាគមន៍ ព្រឹត្តការណ៍ វេព្យាករណ៍ ពាក្យពេចន៍ ត្រ័យរតន៍...។ គេដាក់ទណ្ឌឃាត ដូចជាពាក្យថា រ័តន៍ ចោទក៍ រោទ៍ ប្រយោជន៍ ចរាចរណ៍ បដិសេធន៍ អភិវឌ្ឍន៍ អនុវត្តន៍ ..។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមនៃពាក្យទាំងនោះដូចជា ស៊ីម៉ង់ត៍ អេដស៍ អាល់ប៊ែរត៍...។ 

    ៨ វិសជ្ជនិយ(ះ)

        វិសជ្ជនិយ សញ្ញានេះគឺប្រើសម្រាប់ប្រកបជំនួសខ្យល់ “ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ រិះ ចុះ ចង្កើះ(ចង្កឹះ) ឈ្មោះ ទះ ដោះដូរលោតផ្លោះ។ល។

វាមានសូរសម្លេងស្រដៀងនឹងពាក្យ ដែលប្រកបនឹងព្យព្ជានៈ “ស” ដែរ។ ស័ព្ទខ្លីមានពាក្យដូចជា នេះ ព្រោះ ជិះ ...។

    ៩ យុគលពិន្ទុឬចុចពីរ(ៈ)

        គេប្រើសម្រាប់ដាក់នៅចុងពាក្យមានកំណើតពីបាលីឬសំស្ត្រឹត ដែលមានសូរ “អាក់”ឬ “អ៊ាក់”។ ហើយវាក៏អាចជា នាមឬកិរិយាស្នូរ នាមឬកិរិយាបង្គោល និងអាចជាសមាសនាមនាម ដូចជា លោភៈ ទោសៈ មោហៈ...។

   ចំណាំ

        គេអាចកំណត់នូវការប្រើយុគពិន្ទុ កាលណាបើពាក្យខាងដើមវាជា នាមឬកិរិយាស្នូរ គេអាចសរសេរដោយដាក់សញ្ញា “ៈ ”។ ក៏ប៉ុន្តែកាលណាបើពាក្យដើមវាជា សមាសនាម ហើយពាក្យបន្ទាប់ជា នាមឬកិរិយាស្នូរវិញគេសរសេរមិនចាំបាច់ដាក់សញ្ញា “ៈ ”ទេ។

    ឧទាហរណ៍

-     អាជីវកម្ម ពាក្យថា អាជីវ វាជា ពាក្យស្នូរឬពាក្យបង្គោល។ អាជីព មានន័យថា ជាមុខរបរចញ្ចឹមជីវិត ជំនាញមួយច្បាស់លាស់ សម្រាប់ចញ្ចឹមជីវិត។ រីឯពាក្យថា កម្ម មានន័យថា ជាអំពើឬដំណើរនៃការប្រព្រឹត្តតាមកាលពេលា។ ហើយវាជា សមាសនាម។ ការសរសេរមិនចាំបាច់ដាក់យុគលពិន្ទុទេ។ ហើយការធ្វើអាជីវកម្មនៅក្នុងសង្គមខ្មែរសព្វថ្ងៃឃើញថា មានការវាយប្រហារគ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ហើយមានការឃោសនានូវផលិតផល ដែលប៉ះពាល់ដល់សុខភាព ដូចជាសុរាជាដើមមានរង្វាន់ច្រើន ផឹកទៅមានរសជាតិឆ្ងាញ់ និងសុភាពល្អ។

-     គណៈប្រតិភូ ពាក្យថា គណៈ ជាសមាសនាម មានន័យថា ក្រុម ពួក ហើយពាក្យថាប្រតិភូ វាជានាមបង្គោលឬកិរិយាស្នូរ មានន័យថា អ្នកជំនួយ អ្នកធានា។ និយាយជារួម ជាក្រុមមនុស្សមួយពួកឬមួយក្រុមដែលជាតំណាងប្រទេសឬតំណាងស្ថាប័នណាមួយ។  មិនមែនដូចសង្គមខ្មែរសព្វថ្ងៃគណៈប្រតិភូមកចូលរួមប្រជុំអ្វីមួយមកជួបជុំគ្នាចង់អស់មួយក្រសួង មិនគិតថាសុំស្នើរជនណាមួយនៅក្នុងក្រសួងដែលពាក់ព័ន្ធនោះឡើយ។ ហើយការអនុវត្តនៅក្នុងសង្គមខ្មែរ វាមិនដូចជាពាក្យដែលមាននៅក្នុងវចនានុក្រមនោះទេ។

        បើពាក្យទាំងនេះខាងដើម ដូចជា ពលកម្ម វណ្ណកម្ម សច្ចភាព ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម។ ហើយវាលើកលែងតែពាក្យ គណៈ ដែលទោះបីជាវានៅដើមគេឬកណ្តាលគេក្តី ក៏ត្រូវប្រើយុគលពិន្ទុជាដរាប។

    ឧទាហរណ៍ គណៈមេប្រយោគ គណៈប្រធានរដ្ឋ គណៈប្រតិភូ គណៈកម្មការ       គណៈសង្ឃ គណៈរដ្ឋមន្ត្រី...។ ព្រោះថានៅក្នុងពាក្យទាំងនេះ គណៈ មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេព្យាកណ៍បាលី។

        លើកលែងតែពាក្យថា គណបក្ស គណនា គណនេយ្យ... ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ។ រីឯពាក្យ“កាលៈទេសៈ” គេត្រូវប្រើយុគលពិន្ទុទាំងពីរម៉ាត់តែម្តង។ ប៉ុន្តែគេសរសេរពាក្យនេះ “បញ្ច្រាស”​ មកវិញ “ទេសកាល” នោះគេមិនត្រូវប្រើយុគលពិន្ទុឡើយ។ ក្នុងសម័យនេះគេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរសម្រាប់រាយរាប់ឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិកម្ពុជាមាន ៣ ពណ៌គឺ ខៀវ ក្រហម ស។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ ទ្វិពិន្ទុលេខ ក្នុងករណីរៀបរាប់ឧទេ្ទស បង្ហាញវត្តមាន... ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង។

        ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ៖ ស្នើសុំអាហាររូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េយោងៈ លិខិតលេខ.... ចុះថ្ងៃទី...។

        កំណត់សម្គាល់អំពីការប្រើឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា”៖

        ក. មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ ថា ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំង “Que” បានដល់ពាក្យដែលត្រូវកត់ត្រាមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង “Style indirect” របស់ភាសាបារាំង ដូចជាពាក្យ៖ ពោលថា និយាយថា ទំនាយទាយថា តិះដៀលថា ជេថា ប្រាប់ថា ដូចជា ដូចខាងក្រោម ... ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ(ៈ)ពីមុខទេ។

        ខ. ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ(ៈ) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា “Style direct”

    ១០ ទ្វិពន្ទុលេខឬចំណុចពីរគូស(៖)

        សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនោះ គេប្រើសម្រាប់៖

        ក. ដាក់នៅចុងបញ្ចប់នៃប្រយោគក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“...”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះច្រើនតែប្រើក្នុង ទម្រង់ឬរចនាបថប្រយោគពណ៌នានៅក្នុងរឿងពេង រឿងនិទាន ការនិយាយប្រាប់គ្នាពីហហេតុការណ៍អតីតកាល។ល។

        ខ. សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក ជាផ្នែក។

    សម្គាល់៖ មិនត្រូវច្រឡំយុគលពិន្ទុ(ៈ) ជាមួយ និង ទិ្វពិន្ទុលេខ(៖)ទេ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើករោមប៉ុណ្ណោះ។ រីឯទ្វិពិន្ទុលេខគឺមាន សូន្យលើ(◦) និងសូន្យខាងក្រោម(◦)។ ហើយមានរជ្ជសញ្ញាខណ្ឌចំកណ្តាលគឺយ៉ាងនេះ(៖)។ សព្វថ្ងៃនេះយើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន(font  Limon)ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រជំនួសឱ្យតែបានៗ សិនរង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទិ្វពិន្ទុលេខ នោះនឹងយកមកប្រើឱ្យបានត្រឹមត្រូវតាមវិធថានវេព្យាករណ៍។ ចំនែក ពុម្ពអក្សរយ៉ូនីកូដ(font Unicode)បានប្រើជាស្តង់ដារហើយ ក៏នៅមានការរចនាខុសដែលដោយសារ  font ខ្លះមានការរចនាប្លែកៗ(៖) តែករណីនេះអាចលើលែងបាន។

   ១១ កុក្កដនេត្រឬភ្នែកមាន់(៙)

        សញ្ញានេះប្រើសម្រាប់ផ្តើមនូវតួនៃសេក្តីរបស់ឃ្លាឬប្រយោគ។ តាំងពីដើមមកអ្នកនិពន្ធបានប្រើសញ្ញានេះក្នុងការចាប់ផ្តើម សរសេរអត្ថបទឬសាច់រឿងអ្វីមួយ។ មកដល់ពេលបច្ចុប្បន្នអ្នកនិពន្ធលែងប្រើសញ្ញានេះហើយ។ ពិសេសនៅពេលដែលគេចាប់ផ្តើមសរសេរកំណាព្យ នោះអ្នកកវីបុរាណយើងច្រើនប្រើសញ្ញា(៙)ដូច្នេះ។

    ឧទាហរណ៍

     ៙ មាន់ ទា ក្របី សេះ មានច្រើនយ៉ាងនេះ។

    ១២ កាកបាទឬជើងក្អែក(៎)

ជាបន្ទាត់ខ្លីខ្វែងពីរមួយផ្តេកមួយទៀតបញ្ឈរគូសកាត់ខ្វែងគ្នាចំពាក់កណ្តាល។

ប្រើសម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្ហូសឬត្អូញថ្ងូរ ដូចជាពាក្យវិសេសសព្វនាមខ្លះ ច៎! ចា៎! ច៎ាះ! ប៎ាទ! ណ៎ា! ណ៎ះ ហ៎្ន  ន៎ អូ៎ អ៎ា្ហ...។

    ឧទាហរណ៍

        នុះន៎ ចា៎លោកពូ...។

    ១៣ វង់ក្រចក((...))

        វង់ក្រចក សញ្ញាវង់ក្រចកប្រើសម្រាប់ដាក់គៀបពាក្យណាឬឃ្លាណាមួយដែលមិនមានទាក់ទងចូលក្នុងអត្ថបទនោះទេ គ្រាន់តែជាស័ព្ទពន្យល់នៃពាក្យណាមួយ ដែលមាននៅក្នុងអត្ថបទនោះ។ ដូចជាពាក្យថាលោកពុកខ្ញុំអញ្ជើញទៅប្រទេសថៃឡង់ដ៏(ប្រទេសសៀម)នៅសប្តាហ៍ខាងមុខនេះ។

    ឧទាហរណ៍ ទៅលេងខេត្តព្រះវិហារ(ប្រាសាទព្រះវិហារ)។

    ១៤ អញ្ញប្រកាស(“...”)

        ជាសញ្ញាឃ្នាបម្យ៉ាងដែលនៅខាងដើមមានរាងកោងខ្វឹកកួចឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោងកួចទម្លាក់ចុះក្រោម។ គេប្រើសញ្ញានេះសម្រាប់៖

        ក. គាបឬកត់ត្រាដកស្រង់សេក្តីសំខាន់របស់ជានណាម្នាក់ ទុកជាសេក្តីពិសេសដោយឡែក ជាការរំលេចឬបញ្ជាក់ឱ្យប្លែកពីន័យរបស់បរិបទ។

        ខ. ដកស្រង់តួអង្គណាមួយ ដែលមានកិតិ្តស័ព្ទល្បីល្បាញ។

        គ. ដកស្រង់សេក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ។

   ១៥ អព្ភន្តរសញ្ញា(ʻ...ʼ) 

        សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅដើម និងក្បៀសសញ្ញាមួយនៅចុង។ របៀបប្រើអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែកពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស។

        សូមជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់។ ជួនកាលគេប្រើអព្ភន្តរសញ្ញាឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា។ នៅក្នុងសៀភៅវេព្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថាជាសញ្ញាអញ្ញប្រកាស (សៀវភៅវេព្យាករណ៍ ពូវ អ៊ុម ទំព័រ ៨) ចំណែកនៅក្នុងវចនានុក្រម    សម្តេចជួនណាត ទំព័រ ១៦៥៦ -៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “...” មានរូបសណ្ឋានយ៉ាងនេះដែរ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេព្យករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យឬសេក្តីមានរូបសណ្ឋានពីរបែបនេះគឺ (“...”)ឬ (‍«...»)

         ដូច្នេះ ដោយយល់ឃើញថាកិច្ចការសរសេរតែងនិពន្ធ នាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញាដែលមានរូបសណ្ឋានបែបនេះ(ʻ...ʼ)មកប្រើបន្ថែមទៀតដោយបំបែកចេញពីអញ្ញប្រកាស(“...”)។

    ១៦ បេយ្យាលៈ។ល។

        គឺជាវណ្ណយុត្ត ដែលគេប្រើសម្រាប់បង្រួមន័យសេក្តី ពីវែងឱ្យទៅជាខ្លីឬច្រើនឱ្យទៅជាតិច។

    ឧទាហរណ៍

        សត្វព្រៃនៅក្នុងប្រទេសកម្ពុជាមាន ជ្រូកព្រៃ ក្តាន់ ទន្សោង ខ្លា រម៉ាំង។ល។។

    ១៧ សញ្ញាខណ្ឌ (។)

        សញ្ញានេះប្រើសម្រាប់រាំងឃាំងប្រយោគឬសង្កាត់នៃសេក្តីនីមួយៗឱ្យដាច់ស្រលះពីគ្នា។ កាលណាប្រយោគមួយចាប់ផ្តើមហើយ គេត្រូវដាក់សញ្ញា(។)នេះ មុននឹងបន្តទៅប្រយោគមួយទៀត។ សញ្ញាខណ្ឌធ្វើឱ្យងាយយល់ វាអាចញែកសេក្តីដាច់ពីប្រយោគមួយទៅប្រយោគមួយ មិនឱ្យច្រឡំន័យនាំច្របូកច្របល់។ ហើយនៅចន្លោះសញ្ញាខណ្ឌ ការដកឃ្លា ក៏ជួយសម្រួលឱ្យអ្នកអានងាយយល់ ងាយចាប់សេក្តីបាន។ ប៉ុន្តែកាលណាគេត្រូវប្ដូរគំនិតចូលទៅវគ្គឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅខាងចុងនៃប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះបន្ទាត់ថ្មី ជាមួយនឹងការចោលចំហបន្តិចដែលគេហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ផ្តើមបន្ទាត់(នេះជាការប្រាប់ជាដំណឹងរបស់អ្នកសរសេរតាមសូត្រ)។ សញ្ញាខណ្ឌនេះប្រើសម្រាប់ដាក់សេក្តីជាសង្កាត់ៗ ដើម្បីធ្វើឱ្យសេក្តីនោះមានភាពល្អស្តាប់។

    ឧទាហរណ៍ កូនអ្នកមានហូបបាយផ្សារ។ រីឯកូនអ្នកចម្ការហូបបាយកក។

    ១៨ ខណ្ឌចប់(៕)

        ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្តបទឬរឿងមួយតែត្រឹមនេះពុំមានតសេក្តីឬរឿងរ៉ាវទៅមុខទៀតឡើយ។

    ១៩ គោមូត្រឬបរិយោសាន (។៚)

        គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឱ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មត យកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសានឬ បរិយានឬគោមូត្រនេះ សម្រាប់បញ្ចប់សេក្តីនិយាយរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ។ សព្វថ្ងៃនេះអ្នកនិពន្ធមួយចំនួនបានប្រើសញ្ញាពីរគឺ៖ឬមួយ។ឬមួយ។៚។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឱ្យបានគង់វង្ស។ ឃើញមានកាសែតមួយចំនួនប្រើសញ្ញានេះផងដែរ។៚

    ២០ រជ្ជសញ្ញាឬសហសញ្ញា(-)

        ប្រើសម្រាប់ភ្ជាប់ឬបំបែកព្យាង្គនៃពាក្យកណ្តាលមួយ កុំឱ្យអាបច្រឡំជាប្រកប នាំឱ្យខុសពាក្យដូចជា ទូក-ង កុក-ស សម្បុរ-ស ខ្សែ-ក មានន័យស្តាប់បាន(មានន័យថាភ្ជាប់សម្ព័ន្ធ)។ ម្យ៉ាងទៀតប្រើពាក្យកាព្យ ដែលកវីបំបែកព្យាង្គពីឃ្លាមួយ ទៅកាន់់ឃ្លាមួយទៀត។

    ឧទាហរណ៍  ដី-ស ត្រី-ខ...។

    ២១ លេខទោ​ឬត្រីសព្ទ(ៗ)

        សញ្ញានេះគេប្រើសម្រាប់ ផ្ទួនពាក្យដែលតម្រូវឱ្យថាឬអានពីរដង និងសម្រាប់

បញ្ជាក់អំពីចំនួនច្រើនឬ ពហុវចនៈ។

   ចំណាំ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះទេ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី។ ដូចជាពាក្យថា ឯហិមម...?។ បើប្រើជាមួយគុណនាម និយាយ អំពីពណ៌នោះ។

        ពាក្យស្ទួនដោយប្រើលេខទោចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ។

ចំពោះពាក្យខ្មែរខ្លះ ដែលមានសម្លេងដដែលៗពីរដង ដូចជា បបរ កករ ត្រូវសរសេរពីរដងជាន់គ្នាដូច្ចេះជាដរាប។ ហាមដាច់ខាត មិនឱ្យសរសេរ បរៗ ករៗ បែបនេះឡើយ។ ហើយគេអាចប្រើវាក្នុងករណីដូចជា៖

·         លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប

·         លេខទោប្រើជាមួយពាក្យមួយព្យាង្គ

·         លេខទោប្រើជាមួយពាក្យពីរម៉ាត់

·         លេខទោប្រើជំនួសពាក្យបៅម៉ាត់ឬច្រើនព្យាង្គ

·         មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង។

   ចំណាំ លេខទោមិនអាចប្រើផ្ទួន បាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុស្ស ឬសត្វ​ដូចជា កូនក្មួយនេះធាត់ទ្រលុកលុកមុខឡើងកំប្លង់ប្លង់ដូចវង់ចន្ទ្រា ស្គមឡើងកំព្រឹងព្រឹង។

    ២២ ក្បៀសឬកណ្តកសញ្ញា(,)

        សញ្ញានេះ ប្រើស្រាប់ញែកពាក្យក្នុងប្រយោគឱ្យដាច់ពីគ្នា ទាំងពាក្យរៀបរាប់នោះ ជានាមក្តី ជាគុ​ណនាមក្តី ជាកិរិយាស័ព្ទក្តី។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការបប្រើក្បៀសរបស់ប្រទេសលោកខាងលិចដែរ។​ ហើយយើងអាចប្រើសម្រាប់៖

·      ការប្រើក្បៀសក្នុងកាពិពណ៌នា រៀបរាប់ជំពូកនាម

·      ការពិពណ៌នារៀបរាប់អសាធារណនាម

·      ការពិពណ៌រៀបរាប់គុណនាម

·      ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ

        កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដទៃដូចជា ភាសាបារាំង អង់គ្លេស​ អេស្ប៉ាញជាដើមនោះ ប្រយោគល្បៈណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់។ នេះអាចជាទម្លាប់ភាសាគេឬក៏ធ្វើទៅតាមការតម្រូវការចាំបាច់ នៃក្បួនច្បាប់វេព្យាករណ៍របស់គេ។ អត្ថបទខ្មែរយើងពីបុរាណ ដែលបានចារនៅលើក្រាំងក្តី សាស្ត្រាស្លឹករឹតក្តី នៅក្នុងឃ្លាប្រយោគទាំងនោះ ពុំមានប្រើក្បៀសទាលតែសោះ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេស ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្តើមប្រើក្បៀសជារៀងរហូតមក។ ប៉ុន្តែទោះជាយ៉ាងនេះក្តីយើងសង្កេតឃើញមានទំនោរពីរគឺ៖

        ១.ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស

        ២. ប្រភេទជានដែលតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មរតកពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ។ និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀសឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង។

    ២៣ បុច្ឆនសញ្ញា(?)

        ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ ឃ្លា ល្បៈ ចោទជានិច្ច។ នៅក្នុងពាក្យ ល្បៈ ឃ្លា ប្រយោគដែលចោទសួរ គេតែងតែប្រើជាចាំបាច់នូវពាក្យឬរូបមន្តផ្សេងមានជាអាទិ៍ តើ ព្រោះអ្វី ហេតុអ្វី ដូចម្តេច(ក៏ឬ បានជា...) យ៉ាងម្តេចក៏... អ្វីទៅ ស្អីគេ អង្កាល់ កាលណា ...។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លាឬនៅខាងចុងឃ្លាក៏បាន។ ជួនកាលគេមិនបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ។

        ល្បៈ ឃ្លា ពាក្យសំណួរខ្លីៗ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់? ពេលណា? កន្លែងណា?

    ឧទាហរណ៍

        តើអ្នកទើបមកពីណា?

        ពេលណាអ្នកមកដល់?

        គួរកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឱ្យន័យឬរំលងន័យខុសគ្នាដែរ។ ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បៈដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសម្លេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ។

   ២៤ មច្ឆណ្ឌសញ្ញាឬពងត្រី(...)

        ជួនកាលគេអាចហៅថា(ចំណុចរាយ)ផងក៏មាន។ សញ្ញាដែលមានចំណុចបី បន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះប្រាប់ជាទុកជាដំណឹង។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ៖

·      ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឱ្យដាច់កណ្តាលនៃឃ្លា

·      ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឱ្យគូសន្ទនាយល់ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា...។

២៥ វង់តង្កៀប[...]

        នៅក្នុងភាសាខ្មែរគេមិនសូវប្រើសញ្ញាវង់តង្កៀបនេះទេ ព្រោះយើមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់ទាំងអស់ ហើយ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពិជគណិត យើងយកមកប្រើតាមពួកអឺរ៉ុប។

រ៉ាត់ឬឃ្នាប(}{...})

        សញ្ញានេះខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ។ ការប្រើនៅសញ្ញានេះមាន៖

·      ប្រើនៅក្នុងមុខវិជ្ជាពិជគណិត របៀបប្រើឃ្នាបឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀបឬវង់ក្រចកដែរ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក({) និងរ៉ាត់មួយទៀតសម្រាប់បិទ(}) គឺបែបនេះ{...}

·      រ៉ាត់បើក និងរ៉ាត់បិទនេះប្រើសម្រាប់គាបពាក្យពីរឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចជា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល។

 ២៦ អាទិសង្កេត(.)

        គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា(សហរដ្ឋអាមេរិច) អ.ស.ប(អង្គការសហប្រជាជាតិ) គ.ជ.ប(គណៈកម្មារជាតិរៀបចំការបោះឆ្នោត) ជួនកាលគេបប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិតាដែលរៀបរាប់ចំណងជើងរងដូចជា៖

     . មង្គលការ អបមង្គល

     . ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់

     . ចង់រត់ចេញពីសង្គមដែលគ្មានយុតិ្តធម៌...

        ជួនកាលក្នងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា(-)ខ្លះៗដែរ។

កាព្យអំពីវណ្ណយុត្តិ

វណ្ណយុត្តិ

          អ្នកអើយរីសញ្ញា                            ត្រូវសិក្សាចេះឱ្យមុត

          ឱ្យស្គាល់គ្រឿងវណ្ណយុត្តិ                   ចូរឧស្សាហ៍គិតរំពឹង។

សញ្ញាបន្តក់(់)

          សញ្ញាមួយនោះណា                        រាងរូបាទ្រង់ដូចស្នឹង

          បន្តក់វណ្ណយុត្តិហ្នឹង                         កាត់ស័ព្ទវែងជាស័ព្ទខ្លី។

មូសិកទន្ត(៉)

          ស្នឹងពីរដាក់ទឹមគ្នា                          លើអក្ខរាប្រែសម្តី

          ឈ្មោះមូសិកទន្តី                             ធ្មេញកណ្តុលចូលចាំទុក។

សំយោគសញ្ញា(័)

          វណ្ណយុត្តិមួយនោះនៃ             រាងឧបមេយ្យដូចជាភ្លុក

          គជសារ “ង ” ទៅមុខ            ហៅថាសំយោគសញ្ញា។

របាទ(៌)

          របាទជាវណ្ណយុត្តិ                            តួសន្មត់ជំនួស “រ ”

          ទ្រង់ទ្រាយក្រងក់ “រ ”                     ដូចលំនាំកក្រសារ។

អស្តា(៏)

          សញ្ញាមួយវិញនោះ                         អស្តាស្មោះរាងកាយ

          អ្នកប្រាជ្ញបញ្ញត្តិថា                          ឱ្យប្រើលើ “ដ ”នឹង “ក ”។

ទណ្ឌឃាត(៍)

          ទណ្ឌឃាតសម្លាប់បង់             តួមួយអង្គនៃអក្ខរា

          ដែលលើសពីស័ព្ទថា              តាមតម្រាគេឥតពោល។

វិសជ៌នីយ(ះ)

          វសជ៌នីយស                     ញ្ញានោះរុញសព្ទជា “អះ”

          ដូចប្រើពាក្យ “ទោះ”           “ខ្លះ” “មោះ” “សោះ” “បោះ”

                              សឹងក្បិលពីរ។

កុក្កុដនេត្រ(៙)

          សញ្ញាវង់ភ្នែកមាន់                 ចូរកុំកាន់ក្នុងដួងចៃ

          អ្នកប្រាជ្ញលោកកែខៃ             ទុកជាដើមផ្តើមសេក្តី។

កាកបាទ(៎)

          កាកបាទខ្វែងជើងក្អែក           ជាចំណែកសញ្ញាទោល

          ឋិតលើពាក្យពំនោល             ដូចថា ច៎ាះ នុ៎ះ ណា៎នៃ។

វង់ក្រចក((...))

          អ្នកខ្លះគួរបដិសេដ                តែដោយហេតុលុបមិនបាន

          ច្នោះហើយទុកឱ្យបាន            ដាក់នៅក្នុងវង់ក្រចក។

អព្ភន្តរៈ(“...”)

          សញ្ញាជាក្រោមនេះ               នាមជាអព្ភន្តរៈ

          ប្រត្ឈ៍ក្សពាក្យក្នុងទី                ដែលត្រូវឃើញយល់ជាក់ស្តែង។

(។ល។ លៈ)

          មាតិកាសម្តែងវែង                 គេចាចែងទុកលៃលក

          ដាក់បង្រួមពាក្យនោះ             តំណាងជាសញ្ញាលៈ។

បរិយោសាន(៚)

          បរិយោសានសោត                ឬគោមូត្រចប់សម្តី

          សម្តែងរឿងអ្វីៗ                    ចូរយើងដឹងដោយដំណើរ។

យុតិកង្ក័(-)

          សញ្ញាជាបណ្តាប់                   ក្រោយសំរេចមួយនេះឯង

          ភ្ជាប់បាទកាព្យចាចែង             ដែលព្យាង្គបែកចេញពីគ្នា។

          រីឈ្មោះសញ្ញានោះ                ចូរចាំចុះកុំកង្ខា

          យតិភង្គនាមា                      ដរាបទៅកុំបីធ្លោយ។

ខណ្ឌ(។)

          រីខណ្ឌសញ្ញាកាត់                  ជាសង្កាត់ចាកស្ទាក់ស្ទើរ

          ឱ្យសេចក្តីប្រសើរ                  ឯរូបភាពដូចឈើច្រាន។

 



Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me