លក្ខណៈ​សម្បត្តិ​នៃ​ពុទ្ធសាសនិក

ពុទ្ធវចនៈ​ទាំង​អស់​បំព្រួញ​សេចក្ដី​មក​មាន​បី​ប្រការ គឺ​ទី​១ កុំ​ធ្វើ​អំពើ​បាប​ទាំងពួង ទី​២ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​ទី​៣ ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់។ ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ត្រាស់​សំដែង​ថា គោលការណ៍​ទាំង​បី​នេះ គឺ​ជា​ពាក្យ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ ដែល​មាន​សេចក្ដី​ជា​ភាសា​បាលី​ថា "សព្វ​បាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ​ឯតំ ពុទ្ធាន សាសនំ"។ បុគ្គល​ទាំង​ឡាយ​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​តាម​លំ​អាន​ពុទ្ធវចនៈ ជា​ប្រទីប​បំភ្លឺ​វិថី​ជីវិត បុគ្គល​ទាំង​ឡាយ​នោះ​គឺ​ជា​ពុទ្ធបរិស័ទ ឬ​ពុទ្ធសាសនិក ដោយ​មិន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ។
ការ​សំអាត​ចិត្ត​ឱ្យ​បរិសុទ្ធ​ជា​កត្តា​សំខាន់​ណាស់​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ គឺ​គាថា​បទ​ទី​៣ "ស​ចិត្ត​បរិយោទ​បនំ"។  បុគ្គល​ម្នាក់​អាច​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា អាត្មា​អញ​តោង​ធ្វើ​តែ​អំពើ​ល្អ ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើអំពើ​បាប ដែល​នឹង​នាំ​ឱ្យ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។  ប៉ុន្តែ​ជា​ញឹកញយ​ណាស់ ខណៈ​ដែល​ចិត្ត​ពាល់​ត្រូវ​ដោយ​គ្រឿង​សៅហ្មង​ផ្សេងៗ មាន​លោភៈ គឺ​ក្តី​លោភលន់ ឬ​ទោសៈ កំហឹង​និង​ការ​ស្អប់​ខ្ពើម​ជាដើម បុគ្គល​នោះ​រមែង​ត្រូវ​គ្រប​សង្កត់​ជាប់​ដោយ​មោហៈ គឺ​ក្តី​ភ័ន្ត​ភាំង​មិន​ដឹង​ការពិត វង្វេង​មិន​ស្គាល់​ខុសត្រូវ  ហើយ​ក៏​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​ទាំងពួង​បាន​ដោយ​ងាយ។
 «ជា​លក្ខណៈ​សម្បត្តិ​របស់​ពុទ្ធបរិស័ទ​ពិត​ប្រាកដ​នោះ អាត្មា​គិត​ថា មិន​អាច​ដល់​ប៉ុណ្ណឹង​ទេ ពរ​! ព្រោះ​នោះ​គឺ​ជា​ចំនួន គ្រាន់តែ​ថា ការ​រាប់អាន​ព្រះពុទ្ធសាសនា​ដ៏​ច្រើន គឺ​តាម​ប្រពៃណី ឬ​ក៏​តាម​មាតាបិតា​ជា​អ្នក​រាប់​អាន​ព្រះពុទ្ធសាសនា អ៊ីចឹង​ខ្លួន​ឯង​ក៏​ថា ជា​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ជួន​កាល គឺ​មិន​បាន​យល់ដឹង​អំពី​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ឬក៏​ការ​អប់រំ​របស់​ព្រះអង្គ​យ៉ាង​ណា​នោះ គឺ​មិន​បាន​យល់​ទេ។  អ្នក​ខ្លះ​ប្រកាស​ថា ខ្លួន​ឯង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ប្រកបមុខរបរ ជួនកាល​សម្លាប់​សត្វ​ទៅ ជួនកាល​ទៅ​ធ្វើ​នូវ​ជំនួញ​ជួញដូរ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាមឃាត់​ថា ជា​អំពើ​បាប ជា​អំពើ​អសីលធម៌ ឬ​ថា​ជា​អំពើ​អត់​មាន​មេត្តា​ចិត្ត ឬ​ទឹកចិត្ត​អនុគ្រោះ​នោះ​ក៏​អត់​មាន។  គិត​តាម​ធម៌ គឺ​មិន​អាច​រាប់​ថា ជា​ពុទ្ធសាសនិក​ទេ»។

ក្នុង​ការ​សិក្សា​មុខ​វិជ្ជាជីវៈ​នានា ទោះបីជា​បុគ្គល​រៀន​សូត្រ​ចេះដឹង​នៅ​សាលា​បាន​ជ្រៅជ្រះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​មិន​យក​មក​អនុវត្ត​ទេ វិជ្ជា​ទាំងឡាយ​នោះ​ក៏​មិន​ផ្ដល់​ផលប្រយោជន៍​អ្វី​ឡើយ។ ដូច​គ្នា​នេះ​ដែរ បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​វិជ្ជា​ផ្នែក​ពុទ្ធសាសនា គឺ​តោង​មាន​ការ​ប្រតិបត្តិ ទន្ទឹម​គ្នា​នឹង​ផ្នែក​ទ្រឹស្ដី ទើប​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ប្រៀប​ឧបមា​ដូចជា​សត្វ​បក្សាបក្សី ដែល​ត្រូវ​ការ​ស្លាប​ទាំង​សង​ខាង​ឱ្យ​មាន​ទំហំ និង​កម្លាំង​ស្មើ​គ្នា ដើម្បី​មាន​លំនឹង​អាច​ហោះហើរ​ទៅមុខ​បាន​ខ្ពស់​លឿន​ល្អ​យ៉ាង​ដូច្នោះ​ដែរ។

ក្នុង​ពុទ្ធសាសនា ការ​សិក្សា​គន្ថធុរៈ បាន​ដល់​ផ្នែក​បរិយត្តិ ឬ​ទ្រឹស្ដី និង​វិបស្សនាធុរៈ បាន​ដល់​ផ្នែក​បដិបត្តិ ឬ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​ជា​វិស័យ​ពីរ​ដែល​មាន​សារសំខាន់​ស្មើ​គ្នា​មិន​អាច​ខ្វះ​បាន។ ការ​យល់​ដឹង​ពី​ទ្រឹស្ដី វិន័យ ក្បួន​ច្បាប់ នឹង​ជួយ​តម្រង់​ទិស​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ មិន​ឃ្លាត​ចាក​ពី​មាគ៌ា​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ។ ប៉ុន្តែ​ការ​មាន​ចំណេះ​ដឹង​តែ​ផ្នែក​ទ្រឹស្ដី ដោយ​មិន​បាន​ឈាន​ដើរ សូម្បី​តែមួយ​ជំហាន​លើ​មាគ៌ា​នៃ​ការ​បដិបត្តិ​ដុសខាត់​សីល សមាធិ បញ្ញា ឱ្យ​បាន​ចំរើន​ឡើង​ជា​លំដាប់ ដើម្បី​លះ​ការ​ប្រកាន់​ភាព​អញ​និយម ក្ដី​លោភៈ ទោសៈ មោហៈ​ទេ​នោះ គឺ​នឹង​មិន​អាច​ជួយ​បុគ្គល​ឱ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​ឧត្ដម​ជា​សេចក្ដី​សុខ​ទីបំផុត​ក្នុង​ជីវិត​ឡើយ៕

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me