ប្រស្នាព្រះបាតិមោក្ខ
៤១. បុ. សីលវិបត្តិនោះ
បានដល់កងអាបត្តិណាខ្លះ?
វិ. បានអាបត្តិ ២ កង គឺ បារាជិក ៤
និងសង្ឃាទិសេស ១៣ ទាំងពីរកងនេះ ចាត់ចូលក្នុងសីលវិបត្តិ ។
៤២. បុ. អាចារវិបត្តិនោះ
បានដល់កងអាបត្តិណា?
វិ. បានដល់អាបត្តិ ៥ កង
គឺថុល្លច្ច័យ១ បាចិត្តិយ១ បាដិទេសនីយ១ ទុក្កដ១ ទុព្ភាសិត១ ទាំង ៥
កងនេះចាត់ចូលក្នុងអាចារវិបត្តិ ។
៤៣. បុ. ទិដ្ឋិវិបត្តិនោះ
បានដល់អាបត្តិណា?
វិ. បានដល់អរិដ្ឋសិក្ខាបទ
ជាសិក្ខាបទទី៨ នៃសប្បាណកវគ្គ ។
៤៤. អាជីវវិបត្តិនោះ
បានដល់អាបត្តិពួកណាខ្លះ?
វិ. បានដល់អាបត្តិទាំង ៧ កង
គឺភិក្ខុប្រព្រឹត្តអនេសននិងបាបធម៌ គួរដល់បារាជិកក៏មាន គួរដល់សង្ឃាទិសេសក៏មានជាដើម
តាមកិរិយាអាបត្តិប្រព្រឹត្តនៃភិក្ខុនោះៗ ។
៤៥. បុ. អង្គនោះ ដូចម្ដេច?
វិ. អង្គរបស់សិក្ខាបទទាំងអស់ហៅថាអង្គ
។
៤៦. បុ. សមុដ្ឋានវិធីនោះដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?
វិ.
វិធីសំដែងអំពីសមុដ្ឋាននៃអាបត្តិទាំងពួងហៅថា
សមុដ្ឋានវិធី មាន ៦ យ៉ាង គឺ
១. កាយោ កាយ
២. វាចា វាចា
៣. កាយវាចា ទាំងកាយទាំងវាចា
៤. កាយចិត្តំ
ទាំងកាយទាំងចិត្ត
៥. វាចាចិត្តំ
ទាំងវាចាទាំងចិត្ត
៦. កាយវាចាចិត្តំ ទាំងកាយទាំងវាចាទាំងចិត្ត ។
បណ្ដាសមុដ្ឋានទាំង ៦ នោះ សមុដ្ឋាន ៣
ខាងដើមមិនមានចិត្តចូលលាយផង ហៅថាអចិត្តកសមុដ្ឋាន សមុដ្ឋាន ៣
ខាងចុងមានចិត្តចូលលាយផងហៅថា សចិត្តកសមុដ្ឋាន ។
អាបត្តិទាំងឡាយរមែងកើតឡើងដោយសមុដ្ឋានតែមួយក៏មាន ២ ក៏មាន ៣ ក៏មាន ៤ ក៏មាន ៦
ក៏មាន តែកើតឡើងដោយសមុដ្ឋាន ៥ មិនមានឡើយ ។
អាបត្តិដែលមានសមុដ្ឋានៗ រមែងកើតដោយសមុដ្ឋានទី ៤ ខ្លះ
ទី៥ខ្លះ ទី ៦ ខ្លះ មិនដែលកើតឡើង
ដោយសមុដ្ឋានឯទៀតទេ ។
អាបត្តិដែលមានសមុដ្ឋាន ២ រមែងកើតដោយសមុដ្ឋានទី ១ និងទី ៤ ខ្លះ ទី២
និងទី៥ខ្លះ ទី៣ និងទី៦ ខ្លះ ទី៤ និងទី៦ ខ្លះ ទី៥ នឹងទី៦ ខ្លះ ។
អាបត្តិដែលមានសមុដ្ឋាន ៣ រមែងកើតដោយសមុដ្ឋាន ៣ ខាងដើមខ្លះ ៣ ខាងចុងខ្លះ ។
អាបត្តិដែលមានសមុដ្ឋាន ៤ រមែងកើតដោយសមុដ្ឋាន ទី១ ទី៣ ទី៤ និងទី៦ ខ្លះ
ដោយសមុដ្ឋានទី ២ ទី ៣ ទី៥ និងទី៦ ខ្លះ ។
អាបត្តិដែលមានសមុដ្ឋាន ៦ រមែងកើតដោយសមុដ្ឋានទាំង ៦ រាល់តែសមុដ្ឋាន ។
៤៧. បុ. កិរិយានោះមានប៉ុន្មាន? ចូររាប់?
វិ. មាន ៥ គឺ
១. កិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើ
២. អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាមិនធ្វើ
៣. កិរិយាកិរិយតោសមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ
៤. សិយា កិរិយតោ សិយា អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើក៏មាន
ដោយកិរិយាមិនធ្វើក៏មាន
៥. សិយា កិរិយតោ សិយា កិរិយាកិរិយតោ សមុដ្ឋាតិ
អាបត្តិកើតដោយកិរិយាធ្វើក៏មាន ដោយកិរិយាធ្វើនិងកិរិយាមិនធ្វើក៏មាន ។
៤៨. បុ. ចូរអធិប្បាយកិរិយាគ្រប់ទាំង
៥ មកមើល?
វិ. អធិប្បាយថា
អាបត្តិពួកណារមែងត្រូវដល់ភិក្ខុ កាលប្រព្រឹត្តកន្លងដោយកាយឬដោយវាចា
ដូចអាបត្តិក្នុងបឋវិខណនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាធ្វើ
គឺភិក្ខុជីកដីដោយខ្លួនឯងក្ដី ប្រើគេឱ្យជីកដី ត្រូវអាបត្តិបាចិត្តិយ ។
អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលមិនធ្វើនូវកិច្ចដែលត្រូវធ្វើដោយកាយឬដោយវាចា
ដូចអាបត្តិក្នុងបឋមកឋិនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា
កើតដោយកិរិយាមិនធ្វើគឺមិនធ្វើវិកប្បនិងអធិដ្ឋាននូវអតិរេកចីវរ ដែលកន្លងហួសពី ១០
ថ្ងៃទៅ ។
អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលធ្វើខ្លះ មិនធ្វើខ្លះ
ដូចអាបត្តិក្នុងចីវរប្បដិគ្គហណសិក្ខាបទ ដែលភិក្ខុត្រូវ
ព្រោះការទទួលចីវរអំពីដៃនាងភិក្ខុនី មិនមែនជាញាតិជាដើម អាបត្តិពួកនេះឈ្មោះថា
កើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ កិរិយាធ្វើគឺទទួលចីវរអំពីដៃនាងភិក្ខុនី
កិរិយាមិនធ្វើ គឺមិនផ្លាស់ប្ដូរគ្នាជាមុនសិន ។
អាបត្តិពួកណា រមែងត្រូវដល់ភិក្ខុ កាលធ្វើក៏មាន កាលធ្វើនឹងមិនធ្វើក៏មាន
ដូចអាបត្តិក្នុងកុដិការសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថាកើតដោយកិរិយាធ្វើក៏មាន
គឺធ្វើឲ្យកន្លងហួសប្រមាណ កាលធ្វើនឹងមិនធ្វើក៏មាន គឺមិនបានឱ្យសង្ឃសំដែងទីឲ្យជាមុនសិនហើយសឹមធ្វើ
។
៤៩. បុ. សញ្ញានោះ ដូចម្ដេច? មានប៉ុន្មាន?
វិ. សញ្ញានោះ គឺសេចក្ដីសម្គាល់ មាន
២ គឺ
១. សញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុរួចខ្លួនដោយសញ្ញា
២. នោសញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុមិនរួចខ្លួនដោយសញ្ញា ។
៥០. សញ្ញាទាំងពីរនោះ តើដូចម្ដេច? ចូរអធិប្បាយ?
វិ. អធិប្បាយថា អាបត្តិណាមួយ
ដែលភិក្ខុរួចខ្លួនដោយមិនមាននៃសញ្ញាក្នុងការប្រព្រឹត្តបទល្មើស គឺថាមិនមានចិត្តក្លែង
អាបត្តិពួកនេះឈ្មោះថាសញ្ញាវិមោក្ខា ។
អាបត្តិពួកណាដែលភិក្ខុមិនរួចខ្លួន ដោយមិនមានសញ្ញាគឺថាក្លែងក្ដី
មិនក្លែងក្ដី ក្នុងការប្រព្រឹត្តល្មើស អាបត្តិពួកនេះឈ្មោះថានោសញ្ញាវិមោក្ខា ។
👉👉 មានសំនួរបន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!