ប្រស្នាព្រះបាតិមោក្ខ ភាគ ទី១ បុច្ឆា _ វិសជ្ជនា ខ ទី ៣១ ដល់ ៤០


      ប្រស្នាព្រះបាតិមោក្ខ

៣១. បុ. សេចក្ដីវិនិច្ឆ័យបានទួទៅ គ្រប់សិក្ខាបទទាំងអស់នោះប្រកបដោយលក្ខណប៉ុន្មាន? អ្វីខ្លះ?

វិ. ប្រកបដោយលក្ខណ ១៧ គឺ និទាន១ បុគ្គល១ វត្ថុ១ បញ្ញត្តិវិធី១ អាណត្តិ១​ អាបត្តិ១ អានាបត្តិមួយ១ វិបត្តិ១ អង្គ១ សមុដ្ឋានវិធី១ ភាពនៃអាបត្តិផ្សេងគ្នាដោយកិរិយា១ ដោយសញ្ញា១ ដោយចិត្ត១ ប្រភេទនៃវជ្ជ១ កម្ម១ និងតិកវិធី ២ រួមមកត្រូវជា ១៧ ។

៣២. បុ. និទាននោះដូចម្ដេច?

វិ. ទីតាំងនៃការបញ្ញត្តិសិក្ខាបទ៧កន្លែង គឺ

ក្រុងវេសាលី១ ក្រុងរាជគហ១ ក្រុងសាវត្ថី១ ក្រុងអាឡាវី១ ក្រុងកោសម្ពី១ ដែនសក្ក១

 ដែនភគ្គ១ ឈ្មោះថានិទាន ព្រោះទីតាំង ៧ កន្លែងនេះជាដើមចមនៃសិក្ខាបទទាំងអស់ ។

៣៣. បុ. បុគ្គល នោះដូចម្ដេច?

វិ. សិក្ខាបទនោះដែលព្រះមានព្រះភាគទ្រង់បញ្ញត្តប្រារព្ធចំពោះបុគ្គលណាៗមានសុទិន្នភិក្ខុជាដើម បុគ្គលនោះៗ ឈ្មោះថាបុគ្គល ។

៣៤. បុ. វត្ថុនោះតើដូចម្ដេច?

វិ អំពើប្រព្រឹត្តល្មើសរបស់បុគ្គលនោះៗ ឈ្មោះថាវត្ថុ ។

៣៥. បុ. បញ្ញត្តិនោះដូចម្ដេច? មានប៉ុន្មានយ៉ាង?

វិ. បញ្ញត្តិនោះគឺ សេចក្ដីហាមប្រាមមាន ៩ យ៉ាងគឺ

១ បញ្ញត្តិ បឋមប្បញ្ញត្តិបន្ថែម

២ អនុប្បញ្ញត្តិ បញ្ញត្តិបន្ថែម

៣ អនុប្បន្នប្បញ្ញត្តិ បញ្ញត្តិបង្ការទោសដែលមិនទាន់កើត

៤ សព្វត្ថប្បញ្ញត្តិ បញ្ញត្តិគ្រប់ប្រទេស

៥ បទេសប្បញ្ញត្តិ បញ្ញត្តិចំពោះប្រទេស

៦ សាធារណប្បញ្ញត្តិ បញ្ញត្តិទួទៅ

៧ អសាធារណប្បញ្ញត្តិ បញ្ញត្តិមិនទួទៅ

៨ ឯកតោបញ្ញត្តិ បញ្ញត្តិតែម្ខាងៗ

៩ ឧភតោបញ្ញត្តិ បញ្ញត្តិទាំងពីរខាង ។

៣៦. បុ. ចូរអធិប្បាយថា បញ្ញត្តិទាំង ៩ យ៉ាងនោះមកពីណា?

វិ. អធិប្បាយថា បញ្ញត្តិដំបូង ឬបញ្ញត្តិជាខាងដើមក្នុងសិក្ខាបទនីមួយៗ ហៅថាបញ្ញត្តិ ។

    បញ្ញត្តិថែមជាបន្ទាប់ៗ អំពីបថមបញ្ញត្តិនោះមកក្នុងសិក្ខាបទនីមួយៗ ដើម្បីបំពេញកិច្ចក្នុងសិក្ខាបទនោះៗ ឬដើម្បីសម្រួលសិក្ខាបទនោះៗ ឲ្យប្រព្រឹត្តទៅបានដោយស្រួល ហៅថាអនុប្បញ្ញត្តិ ។

    បញ្ញត្តិដែលព្រះមានព្រះភាគទ្រង់បញ្ញត្តទុកមុន បង្ការទោសដែលមិនទាន់កើតឡើងនៅឡើយ កុំឲ្យកើតឡើងបានហៅថាអនុប្បន្នប្បញ្ញត្តិ តែបញ្ញត្តិនេះមានមកដាច់ដោយឡែក ចំពោះតែភិក្ខុនីទាំងឡាយ ដោយបញ្ញត្តិឲ្យទទួលប្រព្រឹត្តតាមគរុធម៌ ៨ ប្រការ មិនមានក្នុងសិក្ខាបទឯទៀតៗ ឡើយ ។

    បទេសប្បញ្ញត្តិ ព្រះទ្រង់បញ្ញត្តចំពោះតែសិក្ខាបទ ៤ គឺ

១ វិនយធរបញ្ចេមេន គណេន ឧបសម្បទា ហាមឧបសម្បទាដោយគណសង្ឃមានវិន័យធរ គឺព្រះឧបជ្ឈាយ៍ជាគម្រប់ ៥ ។

២ គណង្គណុបាហនា ហាមការពាក់ស្បែកជើងស្បែកមានជាន់ ៤ ។

៣ ធុវន្ហានំ ហាមការងូតទឹកជានិច្ចកាលតាមត្រូវការ(គឺងូតទឹករាល់ៗ ថ្ងៃ) ។

 ៤ ចម្មត្ថរណំ ហាមការប្រើប្រាស់កម្រាលដែលធ្វើដោយស្បែក ។

    សិក្ខាបទ ៤ នេះបើប្រព្រឹត្តកន្លង ត្រូវអាបត្តិចំពោះតែភិក្ខុដែលនៅក្នុងមជ្ឈិមប្រទេស ឯភិក្ខុដែលនៅក្នុងបច្ចន្តប្រទេសពុំត្រូវអាបត្តិឡើយ ។ បណ្ដាសិក្ខាបទទាំង ៤ នោះ មានតែធុវន្ហានសិក្ខាបទមួយទេ ដែលមានមកក្នុងបាតិមោក្ខ សល់ពីនោះជាសិក្ខាបទក្រៅបាតិមោក្ខ ។ បទេសប្បញ្ញត្តិមានចំពោះតែសិក្ខាបទ ៤ នេះ សិក្ខាបទក្រៅពីនោះមិនមានឡើយ សិក្ខាបទក្រៅពីនេះទាំងប៉ុន្មាន ឈ្មោះថា សព្វត្ថប្បញ្ញត្តិទាំងអស់ ។

    សាធារណបញ្ញត្តិ និង អសាធារណប្បញ្ញត្តិ មួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូ បញ្ញត្តិទាំងពីរគូនេះ មានរូបសេចក្ដីដូចគ្នា ចាត់ទុកថាជាគូតែមួយ ព្រោះហេតុនោះ លោកលើកទុកអនុប្បន្នប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ និង សព្វត្ថប្បញ្ញត្តិមួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូជា ៥ បញ្ញត្តិ នៅសល់បញ្ញត្តិ ៤ គឺបញ្ញត្តិ ១ អនុប្បញ្ញត្តិ១ សាធារណបញ្ញត្តិ១ អសាធារណប្បញ្ញត្តិ១ ដែលត្រូ​វលើកយកមកវិនិច្ឆ័យក្នុងសិក្ខាបទទាំងពួង ។

៣៧. បុ. អាណត្តិ នោះដូចម្ដេច?

វិ. ការបង្គាប់ ឬ ប្រើគេឱ្យធ្វើ ហៅថា អាណត្តិ ។

៣៨. បុ. អាបត្តិ នោះដូចម្ដេច?

វិ. ប្រភេទនៃអាបត្តិផ្សេងៗ មានអាណត្តិ ជាបុព្វប្រយោគជាដើមហៅថា អាបត្តិ ។

៣៩. បុ. អនាបត្តិ នោះដូចម្ដេច?

វិ. អនាបត្តិនោះ គឺការមិនត្រូវអាបត្តិ ដោយអំណាចនៃការមិនដឹងជាដើម ។

៤០. បុ. វិបត្តិនោះ ដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?

វិ. វិបត្តិ គឺសេចក្ដីខូចរបស់ភិក្ខុ សាមណេរ មាន ៤ យ៉ាងគឺ

    ១. សីលវិបត្តិ ខូចសីល

    ២. អាចារវិបត្តិ ខូចមារយាទ

    ៣. ទិដ្ឋិវិបត្តិ ខូចទិដ្ឋិគឺសេចក្ដីយល់ខុស

    ៤. អាជីវវិបត្តិ ខូចអាជីវ គឺការចិញ្ចឹមជីវិត ។ 


👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!  

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me