ប្រស្នាព្រះបាតិមោក្ខ ភាគ ទី១ បុច្ឆា _ វិសជ្ជនា ខ ទី ១១ ដល់ ២០

 


    ប្រស្នាព្រះបាតិមោក្ខ

១១. បុ. អាណាបាតិមោក្ខ ចែកជាប៉ុន្មាន?

វិ. ចែកជា ២ គឺ ភិក្ខុប្បាតិមោក្ខ១, ភិក្ខុនីបាតិមោក្ខ១ ។

១២. បុ. ចុះភិក្ខុប្បាតិមោក្ខមានសិក្ខាបទប៉ុន្មាន? អ្វីខ្លះ? ចូររាប់!

វិ. មានសិក្ខាបទ ២២៧ គឺបារាជិក៤,សង្ឃាទិសេស១៣, អនិយត២, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ៩២, បាដិទេសនីយ៤,

សេក្ខិយវត្ត ៧៥, រាប់អធិករណសមថ៧, បន្ថែមទៀតត្រូវជា២២៧ ។

១៣.បុ. ក្នុងកងអាបត្តិទាំង៧កង មានរាប់ថុល្លច្ច័យផង ចុះផងសិក្ខាបទ ២២៧ ហេតុដូចម្ដេចបានជាមិនរាប់ថុល្លច្ច័យបញ្ចូលផង?

វិ. ក្នុងអាបត្តិទាំង ៧ ជាឈ្មោះអាបត្តិទាំង ៧ សិក្ខាបទ ២២៧ ទេ ព្រោះអាបត្តិនេះនៅរាត់រាយគ្មានពួកគ្មានក្រុមនៅជ្រកជ្រៀតក្នុងបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាមិនរាប់បញ្ចូលក្នុងសិក្ខាបទ ២២៧ ។

១៤. បុ. ភិក្ខុនីមោក្ខ មានសិក្ខាបទប៉ុន្មាន?អ្វីខ្លះ?

វិ. មានសិក្ខាបទ ៣១១ សិក្ខាបទ គឺ បារាជិក ៨, សង្ឃាទិសេស១៧, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ១៦៦, បាដិទេសនីយ ៨,

សេក្ខិយវត្ត ៧៥, អធិករណសមថ ៧, ត្រូវជា ៣១១ សិក្ខាបទ ។

១៥. អាបត្តិ ប្រែ ដូចម្ដេច?

វិ. ប្រែថា ត្រូវ ដល់នូវវីតិក្កមទោស គឺប្រព្រឹត្តកន្លងនូវសិក្ខាបទ មួយទៀត ប្រែថា ទោសជាតិ គឺភិក្ខុគប្បីត្រូវ​ គប្បីដល់ ដោយប្រព្រឹត្តអនាចារកន្លងពុទ្ធប្បញ្ញត្តិ ម៉្យាងទៀតបានដល់សេចក្ដីល្មើសនឹងពុទ្ធប្បញ្ញត្តិនិងពុទ្ធានុញ្ញាត ហៅថា អាបត្តិ ។

១៦. បុ. បារាជិក ប្រែ ដូចម្ដេច?

វិ. បារាជិកស័ព្ទនេះ បើប្រែតាមរូបបុគ្គល ប្រែថា អ្នកដល់នូវសេចក្ដីចាលចាញ់ គឺអាបត្តិនេះ បើភិក្ខុណាត្រូវហើយ ភិក្ខុនោះ ឈ្មោះថាចាលចាញ់ឃ្លាតចាកព្រះពុទ្ធសាសនា នឹងតាំងនៅជាភិក្ខុភាវតទៅទៀតមិនបានជាដាច់ខាត ។

១៧. បុ. សង្ឃាទិសេស ប្រែដូចម្ដេច?

វិ. ប្រែថាមានសង្ឃនៅខាងដើម កណ្ដាល និង ខាងចុងដ៏សេស ។

១៨. បុ. សង្ឃខាងដើម កណ្ដាលនិងខាងចុងដ៏សេសនោះដូចម្ដេច?

វិ. សង្ឃខាងដើមបានដល់សង្ឃបរិវាស ៣ ថ្ងៃ សង្ឃកណ្ដាលមានដល់សង្ឃមានត្ត ៦ រាត្រី សង្ឃខាងចុងបានដល់សង្ឃ ២១ អង្គសម្រាប់ធ្វើអព្ភាណកម្ម អាបត្តិនេះបើភិក្ខុណាត្រូវហើយ ភិក្ខុនោះត្រូវអាស្រ័យនឹងសង្ឃ ៣ ពួកនេះ ទើបរួចចាកទោសបាន ។

១៩. អនីយតៈ ប្រែ ដូចម្ដេច?

វិ. ប្រែថា មិនទៀង គឺថាមិនមែនជាតួអាបត្តិ ជួនណាត្រូវបារាជិក ជួនណាត្រូវសង្ឃាទិសេស ជួនណាត្រូវបាចិត្តិយបានជាថាមិនទៀង ។

២០. បុ. ថុល្លច្ច័យ ប្រែ ដូចម្ដេច?

វិ. ប្រែថា មានទោសដ៏ថ្លោស មានទោសអាក្រក់ គឺបណ្ដាអាបត្តិទាំងពួង បើភិក្ខុត្រូវហើយ ត្រូវសំដែងចំពោះភិក្ខុ ១ អង្គ រមែងរួចចាកអាបត្តិបាន ចំណែកអាបត្តិនេះអាក្រក់ជាងដែលជាទេសនាគាមិនីទាំងពួង គឺថាអាបត្តិនៅជ្រកជ្រៀតជាមួយនឹងអាបត្តិបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាឈ្មោះថា អាក្រក់ជាងគេ ។

👉👉    មានសំនួរបន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖


សូមអរព្រះគុណនិងអរគុណ!   

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me