វស្សូបនាយិកក្ខន្ធកៈ មហាវគ្គៈ វិន័យបិដកខ្មែរ ភាគទី ៧ ទំព័រ ១
បុណ្យកាន់ព្រះវស្សា ជាបុណ្យដែលមាននៅក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតិអស់រយៈពេល៣ខែ(
មួយត្រីមាស ) ក្នុងវស្សានរដូវហើយត្រូវចាំវស្សាដោយត្រឹមឲ្យដាច់វស្សាទេ
បើដាច់វស្សានឹងត្រូវទោស ។
នៅថ្ងៃ១៥កើត ខែអាសាធជាថ្ងៃឧបោសរបស់ភិក្ខុសង្ឃ ។
ពេលធ្វើឧបោសចប់ហើយភិក្ខុសង្ឃទាំងឡាយ
គប្បីនិយាយគ្នាគឺលោកគ្រូអាវាសត្រូវរំលឹកអំពីថ្ងៃចូលវស្សា ប្រាប់ភិក្ខុ
សាមណេររៀនបាលីអំពីចូលវស្សាឲ្យឯកភាពគ្នាប្រាប់ពេលវេលាថាតើពេលណាត្រូវជួបគ្នានៅក្នុងព្រះវិហារមានការស្រោចស្រង់ដុសលាងសំអាតព្រះពុទ្ធរូប
ព្រមទាំងត្រៀមរៀបចំអាសនៈឲ្យបានសមរម្យសម្រាប់ធ្វើកិច្ចចូលវស្សាផង ។
ឯពេលចូលវស្សានិយមពេលល្ងាច ថ្ងៃ ១រោជ តែម្តង ។
ក្នុងវិន័យបិដកមហាជនវគ្គ៧
ត្រង់វសូត្រនាយិកក្ខកៈ បានសំដែងថាការចូលវស្សាមានពីរយ៉ាងទីមួយហៅថា បុរីមិកាវស្សា
ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោជខែអាសាឍ ( បើឆ្នាំណា លើកខែអាសាឍពីរដងនោះ
ចូលវស្សាវនេះនៅថ្ងៃ១រោចខែទុតិយាសាធ ) តទៅអស់មួយត្រីមាស ( ៣ខែ ) ទើបចេញវស្សានៅថ្ងៃ
នៅថ្ងៃ ១៥កើតខែអស្សុជ ។ ទី២ហៅថាបច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ (
គឺក្រោយនៃការចូលវស្សាលើកដំបូងចំនួន១ខែ )
គិតចាប់ពីថ្ងៃរោចខែស្រាពណ៌ តទៅដល់ថ្ងៃ១៥កើត ខែកក្តិក ទើបត្រូវចេញវស្សា ។
ចូលវស្សាលើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញតដល់សាវ័កក្រែងមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី១
បានឲ្យចូលវស្សាទី២ ប៉ុន្តែទោះ បីការចូលវស្សាទី១ក្តី ទី២ក្តី
យើងមិនអាចអធិប្បាយនៅទីនេះបានទេ ។ យើងនិយាយតែពិធីចូលព្រះវស្សាតែប៉ុណ្ណោះ ។
បាលីអធិដ្ឋានចូលវស្សា
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ឧកាស ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ( ឧបេម )
ទុតិយម្បិ ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ( ឧបេម
)
តតិយម្បិ ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេមិ ។ ( ឧបេម )
សេចក្តីប្រែ៖
អហំ រីខ្ញុំព្រះករុណា ឧបេមិ
ចូលកាន់យក វស្សំ នូវព្រះវស្សា
តេមាសំ អស់ខែបី ឥមំ នេះ អាវាសេ ក្នុងអាវាសវត្ត
ឥមស្មឹ នេះ។
អស់វារៈពីរដងផង.....។
អស់វារៈបីដងផង....។
បែបសង្ខេបថា
កាលពីជំនាន់ព្រះសម្មាសម្ពុទ្ធគង់នៅ
មានភិក្ខុសាមណេរជាច្រើនអង្គបានចេញទៅធ្វើធុតង្គ
(អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស) នៅតាមព្រៃភ្នំឆ្ងាយៗ
លុះជិតដល់ពេលចូលព្រះវស្សា ព្រះភិក្ខុ និងសាមណេរជាច្រើនអង្គនោះមានបំណងវិលមកវត្ត
ដើម្បីចូលរួមពិធីចូលព្រះវស្សាឱ្យទាន់ពេលនៅកន្លែងព្រះអង្គវិញ
តែនៅតាមផ្លូវធ្វើដំណើរមានភ្លៀងធ្លាក់ជោកជាំស្ទើរតែរាល់ថ្ងៃ
ជាហេតុពិបាកក្នុងការវិលមកវិញឱ្យទាន់ពេល ធ្វើឱ្យព្រះភិក្ខុ
និងសាមណេរអាក់ខានចូលព្រះវស្សានៅពាក់កណ្តាលផ្លូវ ។
បន្ទាប់ពីការគង់ចាំព្រះវស្សារយៈពេល៣ខែផុតទៅ ព្រះភិក្ខុ
និងសាមណេរបានធ្វើដំណើរទៅដល់កន្លែងព្រះសម្មាសម្ពុទ្ធគង់នៅ
ពេលនោះព្រះពុទ្ធបានទូលសួរទៅភិក្ខុសាមណេរទាំងអស់ថា «ភិក្ខុសាមណេរមានសេចក្តីសុខទុក្ខយ៉ាងណានៅពេលចាំវស្សានៅពាក់កណ្តាលផ្លូវបែបនេះ?»
ភិក្ខុសាមណេរក៏បានទូលប្រាប់ព្រះពុទ្ធថា
សេចក្តីសុខទុក្ខជាធម្មតាទេ
តែមានការលំបាកដោយមានភ្លៀងធ្លាក់ជោកជាំធ្វើឱ្យស្បង់ចីវរទទឹក
ឬប្រឡាក់ ។ នេះជាបញ្ហាមួយដែលនាំផលវិបាកដល់ភិក្ខុសាមណេរ
ហើយចំណេរចីរកាលមកក៏មានត្រណមមិនឱ្យព្រះសង្ឃនិមន្តចេញក្រៅវត្តដោយគ្មានភារកិច្ចចាំបាច់
។
ដោយមានតំណាលបែបនេះ
នៅពេលដល់ចូលព្រះវស្សា (គង់ចាំវស្សាក្នុងវត្ត) រយៈពេល៣ខែ
ភិក្ខុសាមណេរគង់ក្នុងវត្តសិក្សារៀនសូត្រពីព្រះធម៌
និងព្រះវិន័យឱ្យបានល្អ
ពីព្រោះរដូវនេះមានភ្លៀងធ្លាក់ធ្វើឱ្យព្រះសង្ឃពិបាកក្នុងការនិមន្តដើរបិណ្ឌបាត
រីឯប្រជាកសិករពួកគាត់ក៏មានការរវល់ក្នុងការធ្វើស្រែចំការផងដែរ។
លុះពេលចេញវស្សាប្រជាពលរដ្ឋទូទាំងប្រទេសតែងធ្វើបុណ្យកឋិនដង្ហែទៅវត្តប្រគេនទេយ្យទាន
ទេយ្យវត្ថុ ស្បង់ចីវរដល់ភិក្ខុសាមណេរក្នុងវត្តនានា ។
ក្នុងការចូលព្រះវស្សា
ឬគង់ចាំវស្សានេះផងដែរ ព្រះសង្ឃគ្រប់អង្គអាចនិមន្តចេញទៅក្រៅបាន
លុះត្រាតែមានពិធី ហើយពិធីនោះត្រូវគោរពតាមកិច្ចរបស់វិន័យ៖
ទី១-ត្រូវមានការនិមន្តរបស់អ្នកណាម្នាក់
ទី២-ឪពុកម្តាយឈឺ
ទី៣-គ្រូឧបជ្ឈារបស់យើងឈឺ
ទី៤-ខ្លួនឯងមានជំងឺ
ទី៥-ផ្នែករដ្ឋត្រូវការយើង
(បញ្ជូនយើងទៅបំពេញបេសកកម្មអ្វីមួយ) តែមិនឱ្យលើសពី៦ថ្ងៃឡើយត្រូវវិលត្រឡប់មកកាន់វត្តវិញ
ហើយបើវិលត្រឡប់មិនទាន់ពេលទេ នឹងមានទោស (មានអាបត្តិ)
ក្នុងការគង់ចាំវស្សា
និងមិនអាចទទួលអានិសង្ឃកឋិនទានដែលទាយកទាយិកាប្រគេនដល់ព្រះសង្ឃនៅរដូវធ្វើបុណ្យកឋិនទានបានឡើយ
៕
ពួកសមណៈជាសក្យបុត្តិយ៍មិនសមបើនឹងដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ
អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ
ដើរជាន់ស្មៅស្រស់ទាំងឡាយបៀតបៀននូវវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១
ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាសសោះ
សូម្បីពួកបរិព្វាជក មានលទ្ធិដទៃទាំងនេះ ដែលជាអ្នកពោលធម៌អាក្រក់
ម្តេចគង់នឹងសម្ងំឈប់សម្រាកនៅចាំវស្សា
សូម្បីទាំងពួកសត្វស្លាបនេះទៀតសោត
ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយហើយនឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ
ចំឡែកតែពួកសមណៈជាសក្យបុត្តិយ៍នេះនៅតែដើរទៅកាន់ចារិក
អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ
ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិត
មានឥន្ទ្រិយតែ១ ញុំាងសត្វតូចៗ ជាច្រើនឲ្យដល់នូវសេចក្តីវិនាស។
វស្សូបនាយិកក្ខន្ធកៈ
មហាវគ្គៈ វិន័យបិដកខ្មែរ ភាគទី ៧ ទំព័រ ១
ឃ្លាខាងលើនេះ គឺជាពាក្យដែលមនុស្សទាំងឡាយពោលទោសតិះដៀល
បន្តុះបង្អាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលឃើញមានកត់ត្រានៅក្នុងគម្ពីរវិន័យបិដក
នៅត្រង់ចំណុច វស្សូបនាយិកក្ខន្ធ។ ព្រឹត្តិការណ៍នេះបានកើតឡើងខណៈពេលដែលព្រះពុទ្ធអង្គកំពុងគង់នៅក្នុងវត្តវេឡុវ័ន
ដែលជាវត្តពុទ្ធសាសនាដំបូងបង្អស់ កសាងថ្វាយដោយព្រះបាទពិម្ពិសារ ព្រះចៅដែនមគធៈ
ដែលបច្ចុប្បន្ននេះកន្លែងមួយនេះស្ថិតនៅក្នុងរដ្ឋពិហារ ភាគខាងកើតនៃប្រទេសឥណ្ឌា។
បន្ទាប់ពីបានព្រះសណ្ដាប់ពាក្យពោលទោសតិះដៀលរបស់អ្នកស្រុកហើយ
ព្រះពុទ្ធអង្គបានអនុញ្ញាតឱ្យព្រះភិក្ខុសង្ឃចូលព្រះវស្សារយៈពេល ៣ខែ រាល់វស្សានរដូវ
ឬរដូវភ្លៀងធ្លាក់ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ហើយចេញវស្សានៅថ្ងៃ១៥ កើត
ខែអស្សុជ (បុរិមិកាវស្សា)។ បើភិក្ខុសង្ឃអង្គណាមានធុរៈ មិនអាចចូលវស្សានៅថ្ងៃ ១ រោច
ខែអាសាឍខាងលើបានទេ ក៏មានការអនុញ្ញាតឱ្យចូលវស្សានៅថ្ងៃ ១ រោច ខែស្រាពណ៍ ជំនួសវិញ
ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃ ១៥ កើត ខែកត្តិក ទើបអាចចេញវស្សាបាន
(បច្ឆិមិកាវស្សា)។[1] នៅក្នុងរយៈពេលបីខែនៃវស្សានរដូវនេះ
តម្រូវឲ្យព្រះភិក្ខុសង្ឃត្រូវគង់នៅទីវត្តណាមួយជាប្រចាំចំនួន ៣ ខែ
ដោយមិនអនុញ្ញាតឱ្យចេញទៅសឹង ឬដេកនៅទីណាក្រៅពីវត្តដែលខ្លួនកំពុងស្នាក់នៅទេ។
បើសមាជិកសង្ឃរូបណាមិនអនុវត្តតាមទេ នឹងត្រូវមានទោសឈ្មោះថា «ទុក្កដ»[2] ដែលជាទោសកម្រិតទី ៦ ក្នុងចំណោមទោសទាំង ៧ កម្រិត
របស់ព្រះភិក្ខុសង្ឃ។ ប្រសិនបើមានភិក្ខុសង្ឃអង្គណាមានធុរៈចាំបាច់ត្រូវនិមន្តធ្វើដំណើរទៅឆ្ងាយ
ក៏មានការអនុញ្ញាតឱ្យចេញទៅរយៈ ៧ ថ្ងៃដែរ។
នៅក្នុងអត្ថបទមួយនេះ ខ្ញុំកូណាអាត្មាភាព
សូមសាកល្បងសិក្សាទៅលើចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង
និងអភិបាលកិច្ចពុទ្ធសាសនា តាមរយៈពុទ្ធានុញ្ញាតឱ្យមានការកំណត់ពេលវេលាជាក់លាក់នៃការចូលកាន់វស្សារបស់ព្រះភិក្ខុសង្ឃ។
នៅក្នុងព្រឹត្តិការណ៍ដែលបានកត់ត្រាពាក់ព័ន្ធនឹងសាច់រឿងនៃការចូលព្រះវស្សា របស់ភិក្ខុសង្ឃនេះ បានបង្ហាញនូវរបត់ដ៏សំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនាជាច្រើនចំណុច ដែលអាចអនុញ្ញាតឱ្យយើងយកមកធ្វើការសិក្សា និងវិភាគដើម្បីពង្រឹងការយល់ដឹងរបស់ខ្លួននៅក្នុងគោលការណ៍គ្រប់គ្រង និងអភិបាលកិច្ចព្រះពុទ្ធសាសនាកាន់តែស៊ីជម្រៅបន្ថែមមួយកម្រិតទៀត។
ការកើនឡើងចំនួនសមាជិកភាព និងភាពចម្រុះគ្នានៅក្នុងសង្គមសង្ឃ អាចជាមូលហេតុដ៏សំខាន់មួយ នៅក្នុងការទាញចំណាប់អារម្មណ៍របស់អ្នកស្រុកនាសម័យនោះ ឱ្យមកចាប់អារម្មណ៍ខ្លាំងទៅលើព្រឹត្តិកម្ម ឬឥរិយាបថណាមួយរបស់សមាជិកសង្គមសង្ឃ។ ត្រឹមតែរយៈពេល ៩ខែដំបូង នៃការផ្សព្វផ្សាយគោលការណ៍របស់ខ្លួន ពុទ្ធសាសនាទទួលបានសមាជិកល្អបំផុតចំនួន ១២៥០ រូប ដែលជាព្រះអរហន្ត ហើយបានបួសជាភិក្ខុដោយផ្ទាល់ក្នុងសំណាក់ព្រះពុទ្ធអង្គ (ចំនួននេះមិនបានរាប់បញ្ចូលចំនួនអ្នកជឿពុទ្ធសាសនា ដែលជាគ្រហស្ថ មិនមែនជាអ្នកបួសនោះទេ)។ ដោយផ្អែកលើទេពកោសល្យព្រះពុទ្ធអង្គ និងព្រះភិក្ខុសង្ឃទាំង ១២៥០រូប នៅក្នុងការផ្សព្វផ្សាយគោលការណ៍ពុទ្ធសាសនា កំណើននៃការចូលជាសមាជិកពុទ្ធសាសនា មានការកើនឡើងគួរឱ្យកត់សម្គាល់។ បើព្រះភិក្ខុមួយរូបមានលទ្ធភាពអាចនាំយកបេក្ខជនពីររូបជាមធ្យមមកបួសជាភិក្ខុក្នុងមួយឆ្នាំនោះ កំណើនសមាជិកសង្ឃ ក៏អាចកើនឡើងដល់ទៅ ២៣០០ អង្គក្នុងមួយឆ្នាំដែរ។ ការកើនឡើងនៃសមាជិកភាពនេះហើយ ដែលតម្រូវឱ្យសង្គមសង្ឃមានការប្រុងប្រយ័ត្នខ្ពស់រាល់សកម្មភាពដែលចេញពីឥរិយាបថរបស់ខ្លួន តាមរយៈការពង្រឹងគោលការណ៍គ្រប់គ្រង និងអភិបាលកិច្ចឱ្យល្អប្រសើរជាងមុន។
អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងរាជគ្រឹះ ដែលជាទីក្រុងសម្បូរសប្បាយទាំងផ្នែកសេដ្ឋកិច្ច កម្លាំងយោធា ជាកន្លែងបណ្ដុំដោយពួកអភិជន ពួកពាណិជ្ជ សេដ្នី បញ្ញវន្ត និងមេលទ្ធិសាសនាល្បីៗជាច្រើន។ ការរិះគន់និងការយកពុទ្ធសាសនាដែលជាស្ថាប័នថ្មីថ្មោងមួយនាសម័យនោះ ទៅជជែកពិភាក្សាប្រៀបធៀបជាមួយនឹងសាសនាដទៃបែបនេះ អាចជារឿងមួយដែលពលរដ្ឋនៅក្នុងសង្គមរីកចម្រើនពីអតីតកាលមួយនេះនិយមធ្វើ ដើម្បីអនុវត្តនូវសិទ្ធិនិងសេរីភាពបញ្ចេញមតិរបស់ខ្លួន នៅក្នុងស្ថាប័នសាសនាដែលពួកគេគោរពបូជា។ មានឃ្លាមួយដែលបានកត់ត្រានៅក្នុងពាក្យរិះគន់នោះថា៖ «សូម្បីពួកបរិព្វាជក មានលទ្ធិដទៃទាំងនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាកនៅចាំវស្សា» ជាដើម ដែលបញ្ជាក់បានថាក្រៅពីពុទ្ធសាសនា ក៏មានសកម្មភាពសាសនាដទៃផ្សេងៗទៀត ដែលត្រូវបានអ្នកស្រុកនេះពោលសរសើរដែរ។ ជាក់ស្ដែង នៅក្នុងសម័យនោះ សាសនាជេន ឬសាសនាអចេល ដែលមានអាយុកាលស្របាលគ្នានឹងពុទ្ធសាសនាដែរនោះ បានហាមប្រាមសមាជិកខ្លួនកុំឱ្យដើរត្រាច់ចរពីភូមិមួយទៅភូមិមួយនារដូវភ្លៀងធ្លាក់ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញការបង្ករកំណើតនៃសត្វនិងរុក្ខជាតិទាំងឡាយ នាវស្សានរដូវ។[3]
ចំណុចនេះក៏បានបង្ហាញឱ្យយើងឃើញថា ស្ថាប័នពុទ្ធសាសនាបានផ្ដល់តម្លៃការចូលរួមជាសាធារណៈ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនាផងដែរ។ ព្រះពុទ្ធអង្គបានបញ្ជាក់ថាអនាគតពុទ្ធសាសនា អាចរីកចម្រើនឬអន់ថយ អាស្រ័យទៅលើការចូលរួមក្នុងការគិត ការពិភាក្សា និងការអនុវត្តពីសំណាក់មនុស្ស ៤ក្រុម គឺ៖ ភិក្ខុ (អ្នកបួសជាបុរស) ភិក្ខុនី (អ្នកបួសជាស្រី្ដ) ឧបាសក និងឧបាសិកា។ ការយកមតិរិះគន់របស់អ្នកស្រុកទៅពិភាក្សាដើម្បីធ្វើកំណែទម្រង់បែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធអង្គមិនបានកំណត់តួនាទីអ្នកស្រុកត្រឹមតែជាអ្នកឧបត្ថម្ភចង្ហាន់បិណ្ឌបាត ឬបច្ច័យ ៤ តែម្យ៉ាងនោះទេ ប៉ុន្តែសិទ្ធិចូលរួម និងសេរីភាពបញ្ចេញមតិទៅលើប្រព័ន្ធគ្រប់គ្រងសង្គមសង្ឃរបស់ពួកគេ ក៏ត្រូវបានទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ព្រះពុទ្ធអង្គផងដែរ តាំងតែ ២៦០០ ឆ្នាំមុនមកម្លេះ។
ការរិះគន់របស់អ្នកស្រុកនេះ ក៏អាចជាសារមួយដាស់តឿនសង្គមសង្ឃថា៖ កំណែទម្រង់ត្រូវតែធ្វើជាចាំបាច់ដើម្បីសម្រួលផ្ទៃក្នុងសង្គមសង្ឃផង និងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃសង្គមខាងក្រៅផងដែរ។ កំណែទម្រង់គឺជាការកែប្រែ។ ការកែប្រែគឺជាជាការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរគឺជាអនិច្ចតាធម៌ ដែលព្រះពុទ្ធអង្គតែងដាស់តឿនយើងរឿយៗថា អ្វីៗតែងមានការផ្លាស់ប្ដូរជានិច្ច។ បើព្រះពុទ្ធសាសនាមិនបានរៀបចំផែនការណ៍យុទ្ធសាស្រ្ដដើម្បីផ្លាស់ប្ដូរខ្លួនឯងឱ្យសមស្របទៅនឹងបរិបទសង្គមណាមួយទេ ព្រះពុទ្ធសាសនាអាចនឹងត្រូវបានគេផ្លាស់ប្ដូរវិញជាក់ជាមិនខាន។
នៅក្នុងមហាសន្និបាតពុទ្ធសាសនាដំបូង ដែលមានសមាជិកជាព្រះភិក្ខុសង្ឃចូលរួមចំនួន ១២៥០អង្គ នោះ ព្រះពុទ្ធអង្គបានសម្ដែងធម្មនុញ្ញសាសនាត្រឹមតែ ១១ ចំណុចប៉ុណ្ណោះ ដោយចាប់ផ្ដើមពីការចៀសវាងអំពើបាបទាំងពួង និងបញ្ចប់ដោយកិរិយាព្យាយាមធ្វើចិត្តឱ្យទៅជាអធិចិត្ត។ ប៉ុន្តែ រយៈពេល ៤៥ ឆ្នាំនៃការបំពេញបេសកកម្មរបស់ទ្រង់ ច្បាប់នៅក្នុងសង្គមសង្ឃបានកើនឡើងដល់ទៅ ២២៧ មាត្រា ដែលនេះអាចជាភស្ដុតាងមួយបង្ហាញថាកំណែទម្រង់ត្រូវតែធ្វើជាប់ជានិច្ច ដើម្បីសេចក្តីសុខនៅក្នុងសង្គមសង្ឃផង និងដើម្បីសម្របខ្លួនជាមួយនឹងការវិវត្តនៃបរិបទសង្គមខាងក្រៅផង។
កំណែទម្រង់នេះ បានធ្វើឱ្យវត្តអារាមប្ដូរពីកន្លែងស្នាក់នៅធម្មតារបស់អ្នកបួស ក្លាយទៅជាមជ្ឈមណ្ឌលសិក្សាដ៏ពេញលេញមួយ។ នៅក្នុងពុទ្ធដីកានៃការប្រកាសបេសកម្មដំបូងរបស់ទ្រង់ ព្រះពុទ្ធអង្គបានណែនាំភិក្ខុទាំង ៦០ អង្គថា៖ «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទៅកាន់ទីចារិកគឺភូមិ និគម ជនបទ និងធានី ហើយសម្ដែងធម៌ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនជាច្រើន…អ្នកទាំងឡាយកុំទៅពីរនាក់ក្នុងផ្លូវជាមួយគ្នាឡើយ…..សត្វទាំងឡាយរមែងមានធូលីគឺកិលេសតិចក៏មាន សត្វទាំងនោះនឹងសាបសូន្យចាកសន្តិភាព ព្រោះមិនបានស្ដាប់ធម៌…»។[4] នៅក្នុងព្រះវិន័យក៏ឃើញមានចំណុចមួយដែលមិនអនុញ្ញាតឱ្យអ្នកបួសស្នាក់នៅកន្លែងណាមួយហួសពី ៣រាត្រី ដែរ ដែលចំណុចនេះ អាចអនុញ្ញាតឱ្យយើងយល់យ៉ាងច្បាស់ថា អ្នកបួសក្នុងពុទ្ធសាសនាគឺជាជនមានប្រក្រតីត្រាច់ចរពីមួយកន្លែងទៅមួយកន្លែងទៀត ដើម្បីនាំយកពុទ្ធដីកាទៅបង្រៀនឱ្យសាធារណជនបានយល់។ ការអនុញ្ញាតឱ្យព្រះភិក្ខុសង្ឃស្នាក់នៅជុំគ្នា ៣ខែ ក្នុងវស្សានរដូវនេះ អាចជាការធ្វើកំណែទម្រង់ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចសង្ឃផងដែរ។ ការអនុញ្ញាតឱ្យមនុស្ស ៥០ រូប ឬ ១០០ រូបដែលមិនមែនជាសាច់សារលោហិតនឹងគ្នា មកនៅជុំគ្នាក្នុងកន្លែងតែមួយរយៈពេល ៣ ខែបែបនេះ គឺមិនមែនជារឿងងាយស្រួលឡើយ។ ចំណុចនេះ ធ្វើឱ្យយើងអាចយល់បានថា ដើម្បីធានាបានសេចក្តីសុខនៅក្នុងក្រុម អ្វីដែលសង្គមសង្ឃនាសម័យនោះត្រូវគិតជាចម្បងគឺ៖
ប្រព័ន្ធគ្រប់គ្រង់និងអភិបាលកិច្ចមួយ ដែលអាចធានាបានថា សមាជិកទាំង ៥០រូប ឬ ១០០រូបនោះ អាចរស់នៅជាមួយគ្នាបានដោយមានសេចក្តីសុខ មានសាមគ្គីភាពនឹងគ្នា និងពុំមានទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតឡើងរវាងសមាជិកណានីមួយ នៅក្នុងក្រុម។ មូលហេតុនេះហើយដែលតម្រូវឱ្យសង្គមសង្ឃត្រូវតែធ្វើការសម្រេចចិត្តថា តើគួរគ្រប់គ្រងសង្គមខ្លួនតាមប្រព័ន្ធអត្តាធិបតេយ្យ (ការយកបុគ្គលជាធំ) តាមប្រព័ន្ធលោកាធិបតេយ្យ (ការយកមតិភាគច្រើនជាគោល) ឬក៏ត្រូគ្រប់គ្រងតាមប្រព័ន្ធធម្មាធិបតេយ្យ (ការយកគោលការណ៍ធម៌ជាធំ)។
ប្រព័ន្ធសុខាភិបាលល្អមួយដើម្បីធានាបានថាតើការរស់នៅបែបណាទើបសមាជិកខ្លួនអាចមានសុខភាពល្អទាំផ្នែកផ្លូវកាយនិងផ្លូវចិត្ត
មិនងាយឆ្លងជម្ងឺ និងមានវិធីព្យាបាលនៅពេលដែលមានជម្ងឺណាមួយកើតឡើងក្នុងសង្គមសង្ឃ។
ប្រព័ន្ធអប់រំល្អមួយដែលអាចធានាបានថាការរស់នៅជាមួយគ្នារយៈពេល
៣ ខែនោះ មិនមែនត្រឹមជាការជួបជុំនិយាយគ្នាលេង ឆាន់ សឹង តែម្យ៉ាងនោះទេ
ប៉ុន្តែត្រូវមានកម្មវិធីសិក្សាជាក់លាក់ណាមួយ
ដើម្បីអាចធានាថាសមាជិកខ្លួនពិតជាទទួលបានការអប់រំដ៏ល្អ។
ការអនុញ្ញាតឱ្យមានការសម្រាកនៅមួយកន្លែងរយៈពេល ៣ ខែ
ជាការបង្កើតបរិយាកាសមួយដើម្បីសម្រួលដល់សង្គមសង្ឃក្នុងការហ្វឹកហាត់ការបញ្ចេញប្រតិកម្មរបស់បុគ្គលម្នាក់ៗទៅលើសង្គមជារួម
(សីលសិក្ខា) ការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងចិត្ត (សមាធិសិក្ខា)
និងការអភិវឌ្ឍការគិតការវិភាគ
និងការបណ្ដុះប្រាជ្ញាដើម្បីយល់ច្បាស់នូវសច្ចធម៌នៅក្នុងជីវិត (បញ្ញាសិក្ខា)។
ត្រូវមានប្រព័ន្ធសេដ្ឋកិច្ចមួយដែលអាចធានាបានថា ក្នុងរយៈពេល
៣ ខែនោះ សមាជិកខ្លួនអាចមានបរិក្ខារ ឬបច្ច័យ៤ ប្រើប្រាស់គ្រប់គ្រាន់។
គ្រឿងបរិក្ខារប្រើប្រាស់របស់ព្រះភិក្ខុសង្ឃ គឺអាស្រ័យនៅក្នុងផ្ទះអ្នកស្រុក។
ដូចនេះបើអ្នកស្រុកមិនមានសេដ្ឋកិច្ចល្អទេ
ពួកគេក៏មិនអាចដើរតួនាទីជាអ្នកផ្គត់ផ្គង់ផ្នែករូបធម៌ ឬ បច្ច័យ ៤
ដល់សង្គមសង្ឃបានគ្រប់គ្រាន់ ឡើយ។ ដូចនេះ
ព្រះសង្ឃដែលមានតួនាទីជាអ្នកផ្គត់ផ្គង់នាមធម៌ឬពុទ្ធិចំណេះដឹងដល់អ្នកស្រុកនោះ
គួរតែយកមេរៀនសេដ្ឋកិច្ចដែលមាននៅក្នុងពុទ្ធសាសនា
ទៅបង្ហាត់បង្រៀនអ្នកស្រុកឱ្យរស់នៅបែបសម្មាអាជីវៈ ប្រកបរបរសុខចរិត
គេចចេញពីការជំពាក់បំណុលគេ និងចៀសវាងអំពើអបាយមុខនានាដែលជាមូលហេតុនាំទៅរកសេចក្តីវិនាសអន្តរាយ។
ការព្យាយាមកែប្រែនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនា
ការថែទាំសុខភាព ការពង្រឹងសមត្ថភាពបុគ្គល
និងការផ្សារភ្ជាប់ខ្លួនទៅនឹងវិស័យសេដ្ឋកិច្ចបែបនេះហើយ ដែលបន្តិចម្ដងៗ
បានប្រែក្លាយវត្តអារាមពុទ្ធសាសនាពីកន្លែងស្នាក់នៅធម្មតារបស់ព្រះភិក្ខុសង្ឃ
ទៅជាស្ថាប័នអប់រំមួយដែលមានគោលការណ៍ជាក់លាក់
និងប្រែខ្លួនទៅជាគ្រឹះស្ថានសិក្សាជាន់ខ្ពស់ល្បីៗនៅក្នុងប្រវត្តិមនុស្សជាតិផងដែរ
ដូចជាករណីសាកលវិទ្យាល័យនាលន្ទា ក្នុងប្រទេសឥណ្ឌា
ឬវត្តមហាវិហារនៅក្នុងប្រទេសស្រីលង្ការ ជាឧទាហរណ៍ស្រាប់។
អ្វីដែលកាន់តែពិសេសនោះគឺថ្ងៃចូលព្រះវស្សានេះ ត្រូវបានប្រារព្ធឡើងត្រូវនឹងទិវាប្រារព្ធបុណ្យអាសាឡ្ហបូជា ដែលប្រជាពុទ្ធបរិស័ទ្ធទូទាំងពិភពលោកនាំគ្នាប្រារព្ធឡើងដើម្បីរំលឹកដល់ការសម្ដែង «ធម្មចក្កប្បវត្តនសូត្រ» ដែលជាព្រះធម៌លើកដំបូង ដែលព្រះពុទ្ធអង្គសម្ដែងដល់អ្នកបួសចំនួន ៥ រូបនៅក្នុងព្រៃឈ្មោះឥសិបតនមិគទាយវ័ន ដែលសព្វថ្ងៃនេះ កន្លែងមួយនេះត្រូវបានគេហៅថា សារនាថ (Sarnath) ស្ថិតនៅក្នុងរដ្ឋឧត្តរប្រះដេស (Uttara Pradesh) ប្រទេសឥណ្ឌា នាបច្ចុប្បន្ននេះ។ ម្យ៉ាងទៀត ថ្ងៃមួយនេះក៏ត្រូវបានចាត់ទុកថាជាថ្ងៃកំណើតព្រះអរិយសង្ឃនៅក្នុងព្រះពុទ្ធសាសនាដំបូងផងដែរ។ នៅក្នុងសៀវភៅ «ឈ្វេងយល់ អាសាឡ្ហបូជា ទិវាវិថីជិវិតពុទ្ធបរិស័ទ» លោកធម្មបណ្ឌិត ហេង មណីចិន្តា បានដាក់ឈ្មោះថ្ងៃនេះថាជា៖ «ទិវាអរិយសច្ចៈ» ឬជា «ថ្ងៃប្រកាសវិថីជីវិតដែលមានហេតុ-ផល»[5] ដើម្បីរំលឹកដល់ប្រជាពុទ្ធបរិស័ទខ្មែរពីសារសំខាន់នៃការរស់នៅជាមួយហេតុ-ផល និងការយកហេតុ-ផលទៅអនុវត្តនៅក្នុងការគិតការវិភាគ ទំនាក់ទំនងប្រចាំថ្ងៃ និងការប្រកបកិច្ចការទាំងពួង។
បន្ថែមពីលើនេះទៀត ការចូលព្រះវស្សានេះជាពេលវេលាមួយដែលសង្គមសង្ឃត្រៀមខ្លួន ដើម្បីនឹងទទួលសមាជិកថ្មី ដែលនឹងចូលខ្លួនមកបួសជាភិក្ខុឬសាមណេរនៅក្នុងព្រះពុទ្ធសាសនា ផងដែរ។ នៅក្នុងសៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ ក្នុងព.ស. ២៥១២ បានរៀបរាប់ថា ព្រះរាជវង្សានុវង្សនិងប្រជារាស្រ្ដខ្មែរ មានកិច្ចការរវល់ខ្លាំងនៅក្នុងការប្រារព្ធពិធីបុណ្យសាសនាប្រពៃណីជាតិនាដើមរដូវនៃការចូលព្រះវស្សានេះ មានដូចជា៖ ការបំពេញព្រះរាជកុសលសិតទៀនព្រះវស្សា និងការបំពេញព្រះរាជកុសសបំបួសនាគជាដើម។ បុរាណខ្មែរយើងយល់ថា រយៈពេលបីខែនៃការចូលព្រះវស្សានេះ ជាពេលវេលាដ៏ល្អបំផុត ដែលព្រះរាជវង្សានុវង្ស មន្ត្រី គហបតី សេដ្ឋី ឬរាស្រ្ដប្រជា គួរបញ្ជូនកូនៗរបស់ខ្លួនទៅបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ក្នុងគោលបំណងសិក្សាពុទ្ធិចំណេះដឹង ដើម្បីត្រៀមខ្លួនក្លាយទៅជាអ្នកដឹកនាំ និងពលរដ្ឋដែលមានសមត្ថភាព សុខភាព និងគុណធម៌ល្អ នាថ្ងៃខាងមុខផងដែរ។ ដូចនេះបានជានៅក្នុងទំនៀមខ្មែរយើង មានព្រះរាជពិធីបំបួសនាគរាស្រ្ដ ក្នុងរវាងកណ្ដាលខែជេស្ឋ និងព្រះរាជធិពីបំបួសនាគហ្លួង ក្នុងរវាងកណ្ដាលខែអាសាឍ ប៉ុន្តែក្នុងរាជ្យព្រះបាទសម្ដេចព្រះនរោត្តម ទ្រង់បង្រួមមកបំបួសក្នុងខែអាសាឍទាំងអស់វិញ។ មុនការសាងសង់វត្តព្រះកែវមរកត នាគហ្លួង ពោលគឺព្រះញាតិវង្សានុវង្សច្រើនតែបួសនៅក្នុងវត្តធំៗ ដែលជាទីឋិតនៅនៃសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះសង្ឃនាយក ប៉ុន្តែក្រោយពីបួសហើយក៏អនុញ្ញាតឱ្យទៅគង់នៅតាមវត្តដែលខ្លួនពេញចិត្តបាន។[6] ចំណែកឯការបំបួសនាគរាស្រ្ដវិញ គឺប្រព្រឹត្តទៅនៅតាមរត្តអារាមដែលមានទីតាំងនៅតាមស្រុកភូមិរបស់បេក្ខជនដែលត្រៀមខ្លួននឹងបួស។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំកូណាអាត្មាភាព សូមទាញអារម្មណ៍មិត្រអ្នកអាន មកមើលពុទ្ធភាសិតមួយកន្លែង ដែលព្រះពុទ្ធអង្គសម្ដែងថា៖ «ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ(ដែរ)»[។
រយៈពេល ៣ ខែនៃការចូលព្រះវស្សានេះ មិនមែនត្រឹមជាពិធីកម្មដែលធ្វើដើម្បីលម្អភ្នែកអ្នកស្រុកតែម្យ៉ាងនោះទេ ប៉ុន្តែជាពេលវេលាដ៏សមរម្យមួយ ដែលព្រះភិក្ខុសង្ឃអាចដាក់ចុះនូវភារកិច្ចខាងក្រៅរបស់ខ្លួន ហើយមកផ្ដោតសំខាន់ទៅលើការប្រតិបត្តិកិច្ចវត្តប្រចាំថ្ងៃ ការអភិវឌ្ឍសីល សមាធិ បញ្ញា ការឆ្លុះបញ្ជាំងខ្លួន និងវាយតម្លៃលទ្ធផលដែលកើតចេញពីសកម្មភាពដែលខ្លួនបានបំពេញរយៈពេល ៩ ខែមុនថាតើខ្លួនបានប្រតិបត្តិតាមអ្វីដែលបានបង្ហាត់បង្រៀនបានកម្រិតណាហើយ។ ម្យ៉ាងទៀត ការផ្អាកការធ្វើដំណើររបស់ព្រះភិក្ខុសង្ឃដែលមានចំនួន ៧ម៉ឺនអង្គជាង នៅក្នុងប្រទេសកម្ពុជា រយៈពេលបីខែនេះ ក៏អាចជាការចូលរួមជួយរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល នៅក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូរ៉ូណាមួយកម្រិតផងដែរ។ បន្ថែមពីនេះទៀត ថ្វីដ្បិតថាការចូលវស្សានេះជាវិន័យកិច្ចរបស់ព្រះភិក្ខុសង្ឃ មិនពាក់ព័ន្ធជាមួយនឹងគ្រហស្ថដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏សម្លេងស្គរដែលផ្សាយចេញពីវត្តអារាមនានាទូទាំងប្រទេសកម្ពុជា រាល់ពេលព្រឹកព្រហាម និងរាល់ពេលល្ងាចនោះ អាចជាសារដាស់តឿនស្មារតីប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបថា៖ ពេលនេះ វេលានេះ ជាពេលដែលព្រះសង្ឃកំពុងស្វាធ្យាយធម៌ថ្វាយបង្គំព្រះ ដើម្បីចម្រើនសេចក្តីស្ងប់នៅក្នុងចិត្ត ដូចនេះអាត្មាអញគួរតែផ្អាកការប្រើប្រាស់អំពើហឹង្សា ផ្អាកការបរិភោគគ្រឿងស្រវឹង ផ្អាកការបង្កជាសម្លេងរំខានដល់ព្រះសង្ឃ ឬក៏ផ្អាកការប្រព្រឹត្តិអំពើអបាយមុខមួយម៉ោងសិន ហើយតាំងចិត្តត្រេកអរនិងការប្រព្រឹត្តល្អរបស់ព្រះសង្ឃ ក៏គង់នាំឱ្យបានសម្រេចប្រយោជន៍ដល់ខ្លួននិងគ្រួសារខ្លះជាក់ជាមិនខាន។
សារៈសំខាន់នៃបុណ្យចូលព្រះវស្សា៖
ពិធីបុណ្យចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះភិក្ខុសង្ឃ
សាមណេរដែលបានចូលបួសជាសមណៈព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់បញ្ញាត្ដិកាលត្រីមាស៣ខែនេះដូចជា
៖
·
ធ្វើឱ្យភិក្ខុសាមណេរទទួលបានសង្រួមនៅក្នុងឥន្ដ្រីសំវរៈ
·
បានផ្ដល់ឱកាសដល់ភិក្ខុមានសិទ្ធិទទួលអនុមោទនានៃទាយកទាយិកា
·
ទទួលបានអានិសង្ឃនៃការកាន់ព្រះវស្សា
·
បង្កើនសេចក្ដីជ្រះថ្លាដល់ពុទ្ធបរិស័ទទាំងអស់
·
អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ
និងភិក្ខុនៅក្នុងអាវាស។
កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖
តាមព្រះពុទ្ធបញ្ញត្ដិ
ព្រះអង្គទ្រង់ហាមមិនឱ្យភិក្ខុសង្ឃទាំងអស់ដែលគង់ក្នុងអារាមនីមួយៗ
ចេញពីវត្ដដោយកន្លងរាត្រីបាននោះទេ ក្នុងកាលនៃការចូលកាន់ព្រះវស្សា៣ខែនោះ។
ប៉ុន្ដែដោយមានការទូលសុំពីពួកបរិស័ទ និងភិក្ខុសង្ឃ
ព្រះមានព្រះភាគទ្រង់អនុញ្ញាតសត្ដហៈចំនួន៧ថ្ងៃ
ដោយមានហេតុកើតឡីងចំពោះភិក្ខុដូចជា ៖
·
មាតា ឬបិតាឈឺ
·
គ្រូឧបជ្ឈយ៍មានអាពាធ
·
មានការនិមន្ដពីពុទ្ធបរិស័ទ
បើមិនមានហេតុទាំងអស់ខាងលើនោះទេ
ភិក្ខុមិនអាចនិមន្ដចេញពីអារាមដោយកន្លងរាត្រីបាននោះទេ។
ភិក្ខុដែលលើកសត្តហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្តវិញ
ខាងក្នុងអរុណនៃថ្ងៃទីប្រាំពីរ (គឺអាចនៅក្រៅវត្តតែត្រឹម
៦រាត្រី) ។
ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃទី៧ឲ្យសោះ
ពុំនោះសោតនឹងត្រូវដាច់វស្សានឹងត្រូវអាបត្តិទុក្កដ
មិនអាចទទួលអានិសង្សកឋិន និង សង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ
បានទៀតផង។
ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ
ទើបត្រូវតាមពុទ្ធានុញ្ញាតចែកនូវសង្ឃលាភ
តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ
គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។
ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា៖
ពិធីបុណ្យចូលព្រះវស្សានេះគេប្រារឰដោយចែកចេញជាពីរផ្នែក
គឺផ្នែកពុទ្ធបរិស័ទ និងផ្នែកព្រះសង្ឃ។
១.ផ្នែកពុទ្ធបរិស័ទ ៖ នៅល្ងាចថ្ងៃ១៥កើតខែជេស្ន
នាំគ្នាប្រារឰកិច្ចថ្វាយបង្គំព្រះសមាទានសីល បន្ទាប់មកនិមន្ដព្រះសង្ឃ
ចំរើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃ១រោចខែអាសាធ ពេកព្រឹកប្រគេនយាគូដល់ព្រះសង្ឃ
ហើយថ្ងៃត្រង់វេរចង្ហាន់បិណ្ឌបាទព្រមទាំងសំពត់សាដក
និងបរិក្ខារផ្សេងៗមានទាន ធូប ប្រេង តែ ស្ករជាដើម
ប្រគេនព្រះសង្ឃដោយឆ្លងជាកិច្ចបង្ហើយបុណ្យ។
២.ផ្នែកព្រះសង្ឃ ៖
នៅល្ងាចថ្ងៃ១រោចខែអាសាធវេលាម៉ោង៦យប់ព្រះសង្ឃទាំងអស់ក្នុងវត្ដអារាម ផ្សេងៗ
បានជួបជុំគ្នានៅក្នុងព្រះវិហារ ដើម្បីប្រារឰពិធីចូលកាន់ព្រះវស្សា
ដោយមានព្រះគ្រូចៅអធិការជាអ្នកដឹកនាំកិច្ចនោះ។
ជាដំបូងភិក្ខុទាំងអស់នាំគ្នាថ្វាយបង្គំព្រះបន្ទាប់មកធ្វើពិធីកំណត់
ការចូលកាន់ព្រះវស្សាតែម្ដង។
តំណម៖
ក្នុងរយៈពេលចូលវស្សា ៣
ខែនេះ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀបមង្គលការកូនចៅ
និងមិនសង់ផ្ទះថ្មីជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ក្នុងកំណត់ ៣ ខែនោះ
ជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕
ដោយ៖ សាន ពិសិទ្ធិ និងគេហទំព័រនានា
ពិធីបុណ្យចូលព្រះវស្សា - វិគីភីឌា (wikipedia.org)
ពិធីបុណ្យចូលព្រះវស្សា - AMS Khmer Civilization
អត្ថន័យសង្ខេបនៃការចូលព្រះវស្សា (thmeythmey.com)