វេយ្យាករណ៍ខ្មែរ អំពីសព្វនាម

 

សិក្សាអក្សរសាស្រ្តខ្មែរ

វេយ្យាករណ៍ខ្មែរ អំពីសព្វនាម

មានដាក់អាសយដ្ឋាន pdf សម្រាប់ទាញ់យកអត្ថបទខាងក្រោម!!!

សព្វនាម

        សព្វនាមជាពាក្យប្រើសម្រាប់ជំនួសឱ្យនាម ឬកន្សោមនាម ដូចជាពាក្យថា៖ ព្រះ​អង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,... គេ នាង ជាសព្វនាម។ ពាក្យដែលគេប្រើសម្រាប់ជំនួសនាម កន្សោមនាម និងល្បះ ដើម្បីចៀសការប្រើពាក្យច្រំដែល។

ក្នុងសម្ព័ន្ធ សព្វនាមបំពេញមុខងារដូចនាម និង កន្សោមនាម ដែរ : សព្វនាមអាចជាប្រធានក្នុងល្បះ អាចជាកម្មក្នុងល្បះ។

ឧទាហរណ៍ :

- គាត់ភ្ជួរស្រែ,

គាត់ មានមុខងារជាប្រធាន។

- អ្នកស្រុកស្គាល់វាច្បាស់ណាស់។

វាមានមុខងារជាកម្មបទផ្ទាល់។

ð ពូសុខតែងតែខឹងច្រឡោត បើគាត់មិនខំកែខ្លួនទេ វានឹងនាំមកដល់គាត់នូវសត្រូវជុំទិស។

សព្វនាមមានពីរយ៉ាងគឺ បុរិសសព្វនាម និង វិសេសសព្វនាម។

   ១ បុរិសៈសព្វនាម

       បុរិស​សព្វ​នាម សម្រាប់​ប្រើ​ជា​ជំនួស​នាម​នាម : លោក​អញ្ជើញ​ទៅ​ណា ? ខ្ញុំ​ទៅ​ផ្ទះ; ...

 បុរិសសព្វនាមចែកជាបី៖ បឋមបុរិសៈ មជ្ឈិមបុរិសៈ ឧត្តមបុរិសៈ

បឋមបុរិសៈ គឺវា គាត់ គេ នាង លោក ព្រះអង្គ ...។

        មជ្ឈិមបុរិសៈ គឺជាសព្វនាមសម្រាប់ប្រើជំនួសឈ្មោះបុគ្គល ដែលគេកំពុងតែនិយាយទៅរកក្នុងទីចំពោះមុខ ហើយនិយាយមិនចេញឈ្មោះឡើយ​​យកស័ព្ទនេះជំនួស ដូចជាពាក្យចំពោះមុខ ឯង លោក អ្នក នាង អា ហង ...តាមពាក្យទាប ខ្ពស់ កណ្តាល។

        ឧត្តមបុរិសៈ គឺ ខ្ញុំ ខ្ញុំបាទ ខ្ញុំឯង អញ អញខ្ញុំ អាត្មាភាព យើងខ្ញុំ យើង ... តាមពាក្យទាប ខ្ពស់ កណ្តាល។

ឧទាហរណ៍៖

            1.កូនខ្ញុំបាទអាយុ ... ដឹងក្តីបន្តិចហើយ ឥឡូវនេះវាទៅរៀនឯសាលា។

មារបស់ខ្ញុំនៅភូមិឯស្រុកស្រែ គាត់បានឱ្យដំណឹងមកថា គាត់នឹងមកលេងនឹងខ្ញុំនៅថ្ញៃខានស្អែក។

        2.  សត្វពាហនៈ គឺ គោ ក្របី ដំរី សេះ សត្វ ទាំងនោះធ្វើប្រយោជន៍ឱ្យយើងចូរយើងថែទាំវាឱ្យល្អ។

3. ទេវីម្នាក់ឈ្មោះបទុមកេសរ រត់ចេញពីនរគជាមួយនឹងស្វាមីទៅកាន់កណ្តាលព្រៃ នាងក៏ប្រសូតបុត្រ។

4. ហ្លួងយាងកមប្រថាប់ក្នុងបុណ្យនេះ ទ្រង់នឹងយាងមកដោយយានសិវិកា នាម៉ឺនសព្វមុខមន្ត្រីនៅរងចាំថ្វាយបង្ខំព្រះអង្គ។

5. អ្នកអញ្ជើញទៅកំពត នោះអ្នកនឹងទៅដោយអ្វីហ្ន៎!។

6. កាលណាឯងទៅទីក្រុង ឯងកុំដើរលេងយប់ ឯងកុំមានភឿននឹងមនុស្សអាក្រក់។

7. អាឯងឈ្មោះអ្វី? អាដែលលួចគេប៉ុន្មានដងហើយ? អាឯងមានប្រពន្ធកូនឬទេ?

8. នៅថ្ងៃទំនេរពីថ្ងៃរៀន ខ្ញុំឆ្លៀតទោសួរឪពុកម្តាយរបស់ខ្ញុំ។

9. ល្ងាចនេះគេនិមន្តអាត្មាភាពទៅទេសនា។

10. យើងរាល់រូបតែងតែមានសេក្តីស្លាប់ជាធម្មតានឹងជៀសពុំបាន។

   ២ វិសេសនសសព្វនាម

        វិសេសនសសព្វនាម គឺជាសម្រាប់​ប្រើ​ជា​ជំនួយ​នាម​នាម ស័ព្ទសម្រាប់ប្រើជំនួសឱ្យនាម មានលំនាំជាបទវិសេសនដើម្បីឱ្យនឹងមិនឱ្យច្រឡំសេក្តីក្នុងសង្កាត់នៃប្រយោគមួយៗ។

        វិសេសនសព្វនាម មានពីរយ៉ាងគឺ៖

        ១. វិសេសនសព្វនាមនិយម               

          វិសេសនសព្វនាម ដែលសំដែងសេក្តីដាច់ស្រេចរួចទៅហើយ

ហៅថា និយម។ វិសេសនសព្វនាមនិយមមាន៖ នោះ នុះ ហ្នឹង នេះ មាក់ មួយទៀត ឯនេះ ឯណោះ។

        ២.វិសេសនសព្វនាមអនិយម

        វិសេសនសព្វនាមដែលសំដែងសេក្តីមិនដាច់ស្រេចទេនោះ

ហៅថា អនិយម។ វិសេសនសព្វនាមអនិយម៖ ឯណា ដទៃ ណាមួយ ផ្សេង ទៀត ដូចម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ ទាំងពួង ទាំងអស់ ទាំងមូល ទាំងស្រុង អ្ននកណា អ្វី ឯទៀត។

        វចនសព្វនាម

ឯកវចនបឋមបុរិសមានដូចជា៖ វា គេ នាង លោក ព្រះអង្គ អា មេ ...

ពហុវចនបឋមបុរិសមានដូចជា៖ វាទាំងឡាយ គេទាំងឡាយ អស់នាង អស់លោក ...

        ឯកវចនមជ្ឈិមបុរិសសព្វនាមមានដូចជា៖ អ្នក នាង លោក ឯង អា ហង ...។

        ពហុវចនមជ្ឈិមបុរិសសព្វនាមមានដូចជា៖ អស់អ្នក អស់នាង អស់លោក ឯងទាងអស់គ្នា អាទាំងឡាយ ...។

        វចនឧត្តមបុរិសសព្វនាមមានដូចជា៖ ខ្ញុំ(ឯកវចន) យើង(ពហុវចន) យើងខ្ញុំ(ពហុវចន)។

        វិសេសនសព្វនាម មានវចនៈដូចជា៖ នេះ(ឯកវចនៈ) នោះៗ (ពហុវចនៈ) ណា(ឯកវចនៈ) ណាៗ(ពហុវចនៈ) ម្នាក់ៗ(ពហុវចនៈ)។

  សព្វនាមចែកចំណាត់ថ្នាក់

នៅក្នុងល្បះសព្វនាមបំពេញមុខងារដូចនាមឬកន្សោមនាមដែរ គឺវាអាចជាប្រធានឬកម្មរងនៃកិរិយា ។ សព្វនាម មាន៥រួមមាន ៖

១. សព្វនាមបុរិស:

២. សព្វនាមចង្អុល

៣. សព្វនាមសំណួរ

៤. សព្វនាមមិនច្បាស់

៥. សព្វនាមឈ្នាប់

បើរាប់  សព្វនាមឆ្លុះ ជា៦។

១. សព្វនាមបុរិស:

ប្រើសព្វនាមបុរិស:សម្រាប់ជំនួសឱ្យនាម ឬកន្សោនាម និងបង្ហាញពីបុគ្គលដែលរួប្រាស្រ័យទាក់ទងគ្នា។

- មានពាក្យ : ខ្ញុំ ឯង គេ អ្នក វា យើង យើងខ្ញុំ អាត្មា ទ្រង់ ពួកគេ ពួកវា ពួកឯង...

២. សព្វនាមចង្អុល

សព្វនាមចង្អុលសម្រាប់បង្ហាញឱ្យឃើញច្បាស់ ពីជិត ឬទីឆ្ងាយ។

- មានពាក្យ៖ នេះ នោះ អានេះ អានោះ អ្នកនេះ អ្នកនោះ អាហ្នឹង...។

៣. សព្វនាមសំណួរ

សព្វនាមសំណួរ ប្រើជំនួសកន្សោមនាមដែលជាចម្លើយនៃសំណួរ និងសម្រាប់បង្កើតល្បះសំណួរ។

- មានពាក្យ៖ អ្នកណា នរណា អ្នកណាមួយ នរណាខ្លះ ពីណា...ស្អី ស្អីខ្លះ... អី អ្វី អ្វីខ្លះ អ្វីមួយ...។

៤. សព្វនាមមិនច្បាស់

 សព្វនាមមិនច្បាស់សម្រាប់ជំនួសឱ្យកន្សោមនាមណាមួយ ដែលគេលាក់ទុក្ខព័ត៌មានពុំចង់ប្រាប់។ព័ត៌មានទាំងនោះសម្ដែងពីងកលក្ខណ:ភាព ពហុភាព ឬបរិមាណណាមួយ។ ពាក្យទាំងនោះបង្ហាញពីលក្ខណ:ដូចខាងក្រោម :

-ទោល : ម្នាក់ នរណាម្នាក់ អ្នកណាក៏ដោយ អ្វីមួយ ស្អីមួយ...។

-លើសពីមួយ : ច្រើនគ្នា ច្រើននាក់ ពីរបីនាក់ ខ្លះ អ្វីខ្លះ ស្អីខ្លះ...។

-សូន្យ : គ្មាន ...មួយ គ្មាននរណាម្នាក់ គ្មានអ្វីមួយ...

-សំណុំ : ម្នាក់ៗ ទាំងអស់ ទាំងមូល...

-ងកលក្ខណ:ភាព : ខ្លះទៀត ម្នាក់ទៀត...

៥. សព្វនាមឈ្នាប់

មានតួនាទីជំនួសកន្សោមនាម និងបង្កើតឃ្លារណប។

- សព្វនាមឈ្នាប់មានពាក្យ "ដែល" តែមួយគត់។

Ex: សំហូបនំអន្សម ដែលម្ដាយវាវេច។

+ សព្វនាមឈ្នាប់មានមុខងារជា :

  • ·       ប្រធាន
  • ·       កម្មបទ (កបផ កបម)
  • ·       កម្មទេសកាល ( . កាល .កន្លែង)
  • ·       មុខងារជាប្រធាន

Ex: យុវជន ដែលទៅសមរភូមិ សុទ្ធតែជាកូនចៅប្រជាជន។

  • "ដែល" ជំនួសឱ្យកន្សោមនាម "យុវជន"
  • មានមុខងារជាប្រធានរបស់កិរិយា "ទៅ"។
  • មុខងារជាកម្មបទផ្ទាល់

Ex : សៀវភៅដែលបងស្រីខ្ញុំទើបនឹងទិញ សុទ្ធពន្យល់អំពីវេយ្យាករណ៍។

·       "ដែល" ជំនួសឱ្យកន្សោមនាម "សៀវភៅ"

·       មានមុខងារជាកម្មបទផ្ទាល់របស់កិរិយា "ទិញ"។

·       មុខងារជាកម្មបទមិនផ្ទាល់

Ex: បុរសម្នាក់ ដែលបងងងកំពុងនិយាយជាមួយនោះជាកម្មករគំរូ។

·       "ដែល" ជំនួសឱ្យកន្សោមនាម "បុរសម្នាក់"

·       មានមុខងារជាកម្មបទមិនផ្ទាល់របស់កិរិយា "និយាយ"។

·       មុខងារជាកម្មទេសកាលកាល

Ex:      ពេលព្រឹក ដែលយើងចេញដំណើរនោះ យើងហាក់ដូចជាសប្បាយរីករាយណាស់។

·       "ដែល" ជំនួសឱ្យកន្សោមនាម "ពេលព្រឹក"

·       មានមុខងារជាកម្មទេសកាលប្រាប់កាលរបស់កិរិយា "ចេញ"។

·       មុខងារជាកម្មទេសកាលកន្លែង

Ex: តុមូលមួយ ដែលគេដាក់ថូផ្កាលើនោះ ជារបស់គាត់។

·       "ដែល" ជំនួសឱ្យកន្សោមនាម "តុមូលមួយ"

·       មាន មុខងារជាកម្មទេសកាលប្រាប់កន្លែង របស់កិរិយា "ដាក់"។

៦. សព្វនាមឆ្លុះ

ជាពាក្យសម្រាប់បញ្ជាក់អំពើរបស់ប្រធាន ដែលត្រូវធ្វើដោយខ្លួនងងផ្ទាល់។

-មានពាក្យ : ខ្លួនខ្ញុំ ខ្លួនឯង ខ្លួនគាត់ ខ្លួនយើង...។

Ex: ខ្ញុំដាំដើមឈើខ្លួនខ្ញុំ។

·       ខ្លួនខ្ញុំ មានមុខជាឆ្លុះបញ្ចាំង។



Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post

Navigation Menu

About Me