សិក្សាអក្សរសាស្រ្តខ្មែរ
វេយ្យាករណ៍ខ្មែរ
៣ និបាតប្រាប់សេក្តីប្រៀបប្រដូច
៦ និបាតប្រាប់សេក្តីជញ្ជឹង ប្រមើល ស្មាន
ណាត់
១១ និបាតប្រាប់សេក្តីគ្រាន់តែបំពេញបទ
វេយ្យាករណ៍ខ្មែរ អំពីអាយតនិបាត
អាយតនិបាត
អាយតនិបាត
មានអត្ថប្រព្រឹត្តទៅតាមទំនងសេក្តីដូចមានតទៅ៖
ក៖ អាយតនិបាតទី១ “ រី ”
សម្រាប់ប្រើជាបទប្រធានឬដើមបទ។
ឧទាហរណ៍ៈ រីបុណ្យនឹងបាបអំពើសុភាពនោះវាតែងតាម ...។
រីគ្រូបាធ្យាយប្រដូចនូវម្តាយអាពុកឯងហោង។ រីអំពើជាកុសលជនគម្បីធ្វើ។
ខ៖ អាតនិបាតទី២ មានអត្ថ៥ យ៉ាងគឺ៖
១. “នូវ” សម្រាប់ភ្ជាប់កម្មរបស់កិរិយាសកម្ម។
ឧទាហរណ៍ៈ
កេស្គាល់នូវធម៌ ព្រះសង្ឃសំដែងនូវព្រះធម៌។
ប៉ុន្តែក្នុងភាសាដែលគេនិយាយជាធម្មតាគេច្រើនកាត់ពាក្យ “នូវ” ដូចជាគេនិយាយថាៈ
គេស្តាប់ធម៌ លោកសំដែងព្រះធម៌។
២. “កាន់” សម្រាប់ភ្ជាប់កម្មទៅតាមកិរិយាអកម្ម។
ឧទាហរណ៍ៈ
គេទៅកាន់ផ្ទះ
វាមកកាន់ផ្ទះ។ ប៉ុន្តែតាមភាសាធម្មតាគេច្រើនតែនិយាយកាត់បទដូចជាៈ
ខ្ញុំទៅផ្ទះ គេមកផ្ទះ។
៣. “ញ៉ាំង” ជាទីទទួលសម្រេចនូវអំពើដែលគេឱ្យធ្វើ។
ឧទាហរណ៍ៈ
ពពួកសត្វផងសាហាវយង់ឃ្នងប្រយ័ត្នញ៉ាំងបាន ព្រះពុទ្ធត្រាស់ដឹងនូវអរិយសច្ច
ហើយញ៉ាំងអ្នកដទៃឱ្យត្រាស់ដឹងផង គ្រូប្រដៅទូន្មានសិស្សញ៉ាំងសិស្ស ឱ្យរៀន។
៤. “អស់” ប្រព្រឹត្តទៅរហូតដល់។
ឧទាហរណ៍ៈ
គេទៅអស់យោជន៍បី គេទៅអស់មួយយប់ គាត់អស់ជីវិតបាត់ទៅហើយ គាត់អស់សង្ឃឹមនៅក្នុងជីវិត។
៥. “នឹង”ឬ “ចំពោះ” ទទួលពាក្យដែលគេនិយាយចំពោះខ្លួន។
ឧទាហរណ៍៖
ខ្ញុំបាទនិយាយនឹងអ្នក ចំពោះអ្នក គេផ្តាំមកនឹងខ្ញុំ។
គ៖ អាយតនិបាតទី៣ មានអត្ថ៦ យ៉ាងគឺ៖
១. “ដោយ” ជាគ្រឿងសម្រេចនូវអំពើ។
ឧទាហរណ៍ៈ
គេធ្វើអំពើដោយកាយ គេកាន់អ្វីៗដោយដៃ។
២. “ដោយនូវ” ឬ “តាម” ឬ “ដោយសារ”ជាផ្លូវជាលំអានដែលប្លែកពីការសម្រេចនូវអំពើ។
ឧទាហរណ៍ៈ
ព្រះពុទ្ធរុងរឿងដោយនូវតេជៈ ចូរធ្វើតាមពាក្យនៃអញ
វារស់នៅដោយសារសេក្តីទំនុកបំរុងនៃខ្ញុំ។
៣. “គឺ” ឬ “ដែល” ជាអ្នកសម្រេចនូវអំពើខ្លួនឯង។
ឧទាហរណ៍ៈ ធម៌
គឺភាវៈដែលទ្រទ្រង់ ពាក្យនេះដែលខ្ញុំបានប្រាប់ហើយ
គឺអ្នកឯងមិនត្រូវធ្វើយ៉ាំងនេះទៀតទេ ព្រះសាស្តា គឺអ្នកទាំងឡាយគម្បីឱ្យអត់ទោស។
៤. “ហេតុ”ឬ “ព្រោះ”ឬ “ព្រោះតែ”
ជាហេតុ ជាទំនង ជាដំណើរ។
ឧទាហរណ៍ៈ
បានជាគាត់នៅក្នុងទីនោះព្រោះតែសក្ការៈ សត្វលោកមានចិត្ត
ខ្ពស់ឡើងព្រោះលាភ មានចិត្តទ្រោមចុះព្រោះខាតលាភ។
៥. “មាន” ជាអាការៈឬសេក្តីដែលកើតចេញពីចិត្ត។
ឧទាហរណ៍ៈ
បើបុគ្គលមានចិត្តគឺទោសប្រទូសហើយ ពោលក្តី ធ្វើក្តី ...។
៦. “ដោយ” ប្រកបជាមួយ។
ឧទាហរណ៍ៈ
ចូរព្រមព្រាងមួយអន្លើ ដោយដំណើរនោះ។
ឃ៖ អាយតននិបាតទី៤ មានអត្ថ៣ យ៉ាងគឺ៖
១. “ដល់” ជាទីទទួលនូវអំណោយ។
ឧទាហរណ៍ៈ
ទាយកឱ្យនូវទានដល់ព្រះសង្ឃ ក្រលំបាកឱ្យផលដល់អ្នកកំជិល។
២. “ដើម្បី”ឬ “បំរុង” ជាទីផ្ញើ
បញ្ជូន។
ឧទាហរណ៍ៈ
គេបង្គាប់មនុស្សឱ្យក្រាលនូវអាសនៈទាំងឡាយ
ដើម្បីឬបំរុងភិក្ខុសង្ឃ អាពុកផ្ញើទៅនូវសំលៀកបំពាក់ទាំងឡាយដើម្បីកូន។
៣. “ចំពោះ”ឬ “នឹង”
ជាទីត្រូវគេបៀតបៀន។
ឧទាហរណ៍ៈ
អ្នកណាប្រទូស្ត ចំពោះឬនឹងមនុស្សដែលមិនប្រទូស្ត។
ង៖ អាយតនិបាតទី៥ មានអត្ថ ៣យ៉ាងគឺ៖
១. “អំពី”ឬ “ចាក”
ជាការលៈបង់ឬវៀចាក។
ឧទាហរណ៍ៈ
ភ័យអំពីសេក្តីស្លាប់បុគ្គលគម្បីឃាត់នូវចិត្តចាកបាប
គឺថាបុគ្គលគម្បីលះបង់បាប។
២. “ជាង” ជាដែនប្រៀបធៀបឱ្យថាលើសឬថយជាងគ្នា។
ឧទាហរណ៍ៈ
សីលជាគុណជាតិ មានផលច្រើនជាងទៀន។
៣. “ហេតុ”ឬ “ព្រោះ”ឬ “ព្រោះតែ”
ជាទីមូលហេតុ ដើមចម។
ឧទាហរណ៍ៈ
សង្ខារទាំងឡាយកើតព្រម ព្រោះសេក្តីល្ងង់នាំអាទិ៍ឱ្យកើត។
ច៖ អាយតនិបាតទី៦ មានអត្ថ ៥យ៉ាងគឺ៖
១. “នៃ”ឬ “របស់”
ជាគ្រឿងជាប់ដោយម្ចាស់។
ឧទាហរណ៍ៈ
ផ្ទះនៃអ្នកស្រែឬរបស់អ្នកស្រែ ជាត្រកូលនៃអ្នកក្រទ្រព្យ។
២. “នៃ” ជាគ្រឿងជាប់ដោយពួក ដោយក្រុម។
ឧទាហរណ៍ៈ
ប្រជុំនៃជនទាំងឡាយ ហ្វូងនៃគោទាំងឡាយ ជននៃបាតសង្គម។
៣. “នៃ” ជាគ្រឿងជាប់ដោយភាវសព្ទខាងដើម។
ឧទាហរណ៍ៈ
ភាវនៃអត្ថ គឺកុលបុត្រគម្បីដឹងបានដោយកម្រ
កិច្ចដោយប្រទិបមិនបានឡើយព្រោះភាវៈនៃពន្លឺព្រះអាទិត្យមានក្នុងកាលឥឡូវនេះ
បុគ្គលដែលប្រព្រឹត្តនូវអំពើល្អតែង
ផ្តល់ផលវិជ្ជមាននៃសង្គម។
៤. “កាល”ឬ “កាលបើ”ឬ “កាលដែល”
ជាសេក្តីជ្រែកចូលមកប្រហែលជាបទប្រធានដោយឡែក។
ឧទាហរណ៍ៈ
កាលដែលទារកកំពុងយំបិតាចេញទៅហើយ
អ្នកទាំងឡាយចូររង់ចាំក្នុងទីនុះបន្តិចសិនកាលបើខ្ញុំនិយាយាថា
អ្នកទាំងឡាយចូរចូលមកចុះចូរមកឱ្យឆាប់។
៥. “ជំនុំ”ឬ “បណ្តា”
ជាសេក្តីដកញែកចេញឱ្យដាច់ដោយឡែកអំពីចំនួនដែលរួម ដែលប្រមូល។
ឧទាហរណ៍ៈ
មនុស្សទាំងឡាយ ក្សត្រីក្លៀវក្លាបំផុត។
ឆ៖ អាយតនិបាតទី៧ មានអត្ថ ៩យ៉ាងគឺ៖
១. “ក្នុង” ជាទីកំបាំង។
ឧទាហរណ៍ៈ
គេអង្គុយក្នុងខាងក្នុងនៃបន្ទប់។
២. “ក្នុង” ជាទីជ្រួតជ្រាបឬលាយគ្នា។
ឧទាហរណ៍ៈ
ប្រេងស្ថិតនៅក្នុងល្ងទាំងឡាយ ទឹកដោះស្រស់ស្ថិតនៅក្ននុងទឹក។
៣. “ក្នុង”ជាទីអាស្រ័យ។
ឧទាហរណ៍ៈ
ត្រីទាំងឡាយនៅក្នុងទឹក។
៤. “ក្នុង” ជាកាល ជាពេល។
ឧទាហរណ៍ៈ
កុសលចិត្ត ជាចិត្តកើតឡើងហើយមានក្នុងសម័យឯណា។
៥. “លើ”ឬ “ព្ធដ៏”ឬ “ត្រង់”ឬ
“នា” ជាទីរង ទ្រផ្ទាប់ ជ្រៀតជ្រែក។
ឧទាហរណ៍ៈ
ព្រះដ៏មានព្រះភាគគង់ហើយលើអាកាសដែលក្រាលហើយ
រោមទាំងឡាយព្ធដ៏ទ្រូងឬត្រង់ទ្រូង។
៦. “នាកាល”ឬ “កាលបើ”ឬ “កាលដែល”
ជាសេក្តីជ្រែកចូលប្រហែលដូចជាបទប្រធាន។
ឧទាហរណ៍ៈ
នាកាលព្រះអាទិត្យអស្តង្គតហើយ ព្រះចន្ទរះឡើង កាលបើយ៉ាងនេះមានតែយើងកុំទៅ
កាលដែលមាណពនោះនិយាយច្រើនៗទៅសរីរៈទាំងអស់នៃព្រាហ្មណ៍ ពេញផ្សព្វផ្សាយហើយដោយបីតិ។
៧. “និមិត្ត” ជាគ្រឿងចំណាំ ជាហេតុ។
ឧទាហរណ៍ៈ ដំរីគឺគេសម្លាប់
និមិត្តភ្លុក(ព្រោះភ្លុក ព្រោះតែភ្លុក)។
៨. “ជំនុំ”ឬ “បណ្តា”
ជាសេក្តីដកញែកចេញឱ្យដាច់ដោយឡែកអំពីចំនួនដែលរួម ដែលប្រមូលគ្នា។
ឧទាហរណ៍ៈ
ជំនុំឬបណ្តាភិក្ខុទាំងឡាយពីររូបនោះ ភិក្ខុមួយរូបដល់ហើយនូវសោតាបគ្គិផល។
៩. “ជិត”ឬ “ទៀប” ជាទីជិត ប្រប។
ឧទាហរណ៍ៈ
ស្រុកទាំងឡាយជិតក្រុងឬទៀបក្រុង
ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពនជិតក្រុងសាវត្ថី។
អាលបនៈ
អាលបនៈ
ជាពាក្យសម្រាប់ប្រើជាសំដីស្រែកហៅឬពោលចំពោះមានអាការៈដូចស្រែកហៅ ដូចពាក្យ “បពិត្រ
ម្នាលព្រះស្តែង នៃ ហែ” តាមសេក្តីគោរពឬពាក្យគោរព។
ឧទាហរណ៍ៈ
បពិត្រមហារាជ សូមព្រះអង្គដ៏ចម្រើនទ្រង់ ឈ្នះម្នាល ឬនែកូនចូរកុំទៅ ...។
និបាតស័ព្ទ
និបាត
គឺជាស័ព្ទសម្រាប់ផ្សំសម្តីត្រង់ឃ្លាល្បៈមួយៗ ជាជំនួយនាមស័ព្ទនឹងកិរិយាស័ព្ទ
ឱ្យមានសេក្តីស្រឡះច្បាស់លាស់ ពិរោះស្រួលស្តាប់ដូចពាក្យថា ក៏ ក៏ដោយ ក៏ដែរ ដែរ ផង ឯ
បើ ទោះ ទោះបី បើទុកជា ទើប ពុំនោះសោត កាល លឹ្គកតែ ព្រោះ ត្បិត ជាដើម។
និបាតស័ព្ទមានច្រើនយ៉ាងគឺ៖
អាយតនិបាតជាស័ព្ទសម្រាប់ចងក្រងពាក្យ
ដែលជាកម្មរបស់កិរិយាឬជាពាក្យបំពេញបទរបស់នាមដូចជាពាក្យថា ខ្ញុំស្តាប់នូវពាក្យ
វាទៅកាន់ផ្ទះ កូនរបស់ខ្ញុំ ភូមិផងយើង... ពាក្យថា នូវ កាន់ របស់ នៃ ...
ជាអាយតនិបាត។
អាយតនិបាតទាំងឡាយគឺៈ ហេតុ ព្រោះ ដល់ បំរុង អំពី របស់ នៃ កាលបើ ទៀប ជិត
និមិត្ត។ (ដូចមានពិស្តារក្នុងខាងលើ)។
១
និបាតប្រាប់កាល ប្រាប់ពេល(កាលត្ថាចកៈ)
គ្រានោះលំដាប់នោះ ដងនោះ កាលនោះ ក្សិណនោះ ព្រឹក អំពីព្រឹក ថ្លៃ ក្នុងវេលាថ្ងៃ ល្ងាច វេលាល្ងាច ម្សិល
ម្សិលមិញ ពីម្សិលមិញ ស្អែក ខានស្អែក ខាស្អែកមួយ អម្បាញ់មិញ ភ្លាម រំពេច សិន តទៅ
ក្នុងខាងមុខ។ល។
ឧទាហរណ៍
រំពេចភ្លាមនោះលោកពូខ្ញុំក៏មកដល់។
២
និបាតប្រាប់ទី(ឋានត្ថវាចកៈ)
ខាងលើ
ខាងក្រោម ខាងក្រោម ខាងក្នុង ខាងក្រៅ ចន្លោះ រវាង ស្ងាត់ ទីស្ងាត់ កំបាំង
កំបាំងពីមុខ ចំពោះមុខ នៅមុខ ដទៃ ឯមុខ ឯនាយ ឯអាយ ខាងនាយ អាយ។ល។។
ឧទាហរណ៍
នៅទីនោះមានភ្នំមួយយ៉ាងខ្ពស់។
៣
និបាតប្រាប់សេក្តីប្រៀបប្រដូច(បរិច្ឆេទត្ថវាចកៈ)
ដូច ដូចជា
បីដូច ហាក់ដូច ប្រដូច ប្រហែលដូច យ៉ាងណា យ៉ាងណាមិញ
យ៉ាងណា យ៉ាងណាមិញ យ៉ាងនេះ យ៉ាងនោះ ដូច្នេះ ដូច្នោះ ដូចម្តេចមិញ។ល។។
ឧទាហរណ៍
ខ្ញុំហាក់ដូចជាស្គាល់លោកពីមុនមក។
៤
និបាតប្រាប់ប្រការ(បការត្ថវាចកៈ)
ម្តេច
ដូចម្តេច ដោយប្រការដូចម្តេច ដោយប្រការនោះ។ល។
និបាតប្រាប់សេក្តីឃាត់ហាមដាច់ខាត(បដិសេធនត្ថវាចកៈ)
កុំ ពុំ មិន ឥត
ខាន ពិត មែន តែប៉ុណ្ណោះ ក្រាន់តែ មិនមែន មែនពិត វៀរលែង
វៀរលែងតែ លើកលែងតែ កុំឡើយ ណ្ហើយ ល្មមហើយ។ល។។
ឧទាហរណ៍
អ្នកជាឪពុកខ្ញុំមែន អ្នកមានគុណចំពោះខ្ញុំមែន
តែអ្នកមិនមានទំនួលខុសត្រូវចំពោះខ្ញុំទេ។
ចំណាំ
មានកន្លែងទីសាធារណៈខ្លះមានសរសេរពាក្យថា “ហាមមិនឱ្យចតយាន្តយន្តនៅទីនេះ”។
ពាក្យថា
ហាម ជាប្រយោគបដិសេដ ហើយវានៅក្បែរពាក្យ មិន ដែលជាប្រយោគបដិសេដដូចគ្នា
វាអាចក្លាយទៅជាសំនួនស្រប។
៥
និបាតប្រាប់សេក្តីតាមបានឮ(អនុស្សវនត្ថវាចកៈ)
ឮថា បានឮថា
មានដំណាលថា។ល។។
ឧទាហរណ៍
ខ្ញុំបានឮថាគាត់ជាឪពុកឯងមែនឬ?
៦
និបាតប្រាប់សេក្តីជញ្ជឹង ប្រមើល ស្មាន ណាត់(បរិកប្បត្ថវាចកៈ)
បើ បើថា
ប្រសិនបើ ទោះបី ល្គឹកតែ បើដូច្នោះ ធ្វើដូច ម្តេចហ្ន៎ឬឬក៏ឬទេ ដូចម្តេច ដែរឬ
យ៉ាងដូចម្តេច យ៉ាងណា ទេដឹង យ៉ាងណានេះ អេះ ហ៏ ហ្ន៏។ល។។
ឧទាហរណ៍
ខ្ញុំមកយូរណាស់ហើយគាត់ប្រហែលជាបារម្ភហើយមើលទៅ។
៧
និបាតប្រាប់សេក្តីសួរដំណឹង(បុច្ឆនត្ថវាចកៈ)
ឬក៏ ឬអ្វី
ឬទេ ដូចម្តេច ដែរឬ យ៉ាងដូចម្តេច យ៉ាងណា ដឹងទេ យ៉ាងណានេះ អេះ ហ៏ ហ្ន៏។ល។។
ឧទាហរណ៍៖
ម្តាយខ្ញុំទៅលេងខេត្តសៀមរាបមិនដឹងគាត់សុខជាយ៉ាងណាទេ?
៨
និបាតប្រាប់សេក្តីឆ្លើយ ទទួល(សម្បដិច្ឆនត្ថវាចកៈ)
អើ បាទ
ព្រះបាទ ព្រះបាទម្ចាស់ ករុណា ករុណាពិសេស ច៎ាះ ច៎ះ ពរម្ចាស់ មែ ព្រះមែម្ចាស់
ចម្រើនពរ ថ្វាយព្រះពរ។ល។។
ឧទាហរណ៍៖
បាទលោកពូខ្ញុំទើបនឹងមកពីភ្នំពេញ។
៩
និបាតប្រាប់សេក្តីតឿន(ឧយ្យោជនត្ថវាចកៈ)
ហ៏
ដូចជាតឿន ឆាប់ៗ។ល។។
ឧទាហរណ៍៖
សូមម៉ែវិលត្រលប់មកវិញឆាប់ៗមក។
១០
និបាតប្រាប់សេក្តីច្រើនយ៉ាង(អនេកត្ថវាចក)
ក៏ ឯ ដ្បិត
ក្តី ផង មួយ ខ្លះឬ ពិត មែន ដែរ អើក៏ មែនពិត ពីព្រោះ ក៏ដោយ ក៏បាន ពុំនោះ
សោតឬមួយវិញទៀត ចំណែកខាង ប៉ុន្តែ ប៉ុន្តែថា ថ្វីបើ ក្រែង ដូចជា ម្យ៉ាងទៀត។ល។។
ឧទាហរណ៍៖
ទោះបីខ្ញុំជាកូនអ្នកក្រមែនពិតតែចិត្តខ្ញុំមាន។
១១
និបាតប្រាប់សេក្តីគ្រាន់តែបំពេញបទ(បទបូរណត្ថវាចកៈ)
ហ្ន ហ៏ ហៈ
យី យើ ឯង ទ យីអើ។ល។។
ឧទាហរណ៍៖
យីអើស្មានថាគ្រាន់បើជាឪពុកគេ ដែលគ្មានភាពទទួលខុសត្រូវសោះ។
១២
និបាតប្រាប់សេក្តីផ្សេងៗ(នានត្ថវាចកៈ)
មែន ខុស
ទទេ ទៀត វិញ ខ្ពស់ ទាប ប្រាកដ ដោយពិត មួយវិញទៀត ក្រៃពេក ក្រៃលែង រឿយៗ ញឹកញយ
ជាក់លាក់ ពីចម្ងាយ ក៏មែនហើយ សូម្បី តិចតួច ចាប់ផ្តើម តាំអពី បីដូច កុហក មួយគ្រា
ម្តង តិចៗ សន្សឹម សំរៀម ថ្នមៗ ញើបៗ មួយរយដង មួយអន្លើ ជាមួយ ខ្លួនឯង។ល។។
ឧទាហរណ៍៖
ខ្ញុំបាទសូមក្រាបប្រណិប័តន៍ពីចំងាយ(ប្រើចំពោះសំបុត្រឬក៏តាមទូរស័ព្ទ)។
១២
និបាតប្រាប់សេក្តី(ជាអាលបនៈ)
សម្រាប់អ្នកគ្មានតេចៈ ទៅកាន់អ្នកមានតេជៈ ឬអ្នកមានតេជៈ ទៅកាន់អ្នកគ្មានតេជៈ។
សូមព្រះតេជៈ សូមព្រះតេជៈ ដំកល់លើត្បូង សូមទ្រង់មេត្តាប្រោស សូមទានមេត្តាប្រោស
ទានប្រោស បពិត្រព្រះអង្គ បពិត្រព្រះករុណា បពិត្រលោកដ៏ចម្រើន នែនាយ នែចៅ ព្រះស្តែង
វ៉ី វ៉ឺយ នែះអ្នកដ៏មានអាយុ នែះអ្នកដ៏ចម្រើន អស់លោកទាំងឡាយ។ នាង អានាង ...។ល។។
ឧទាហរណ៍៖
សូមទានមេត្តាប្រោសដល់រូបទូលបង្គំផង។
សូមចុចអាសយដ្ឋានខាងក្រោម ៖
សូមអរព្រះគុណនិងអរគុណ!