វិធីសាស្រ្តដើម្បីឱ្យកូនតូចទុកចិត្តអ្នក
កុមារគ្រប់រូបត្រូវការសេចក្តីស្រឡាញ់
ដើម្បីលូតលាស់បានល្អប្រសើរ។ កុមារអាចបង្កើតអារម្មណ៍ជឿជាក់លើពិភពលោក
នៅពេលដែលតម្រូវការរបស់ពួកគេត្រូវបានបំពេញជាវិជ្ជមាន និងជាប់លាប់។ ការដឹង
និងការឆ្លើយតបចំពោះតម្រូវការកុមារអាចពង្រឹងទំនាក់ទំនង
និងជះឥទ្ធិពលជាវិជ្ជមានដល់ការរីកលូតលាស់របស់ពួកគេ។
ខាងក្រោមនេះជារឿងបួនយ៉ាងដែលឪពុកម្តាយអាចធ្វើបាន
ដើម្បីបង្កើតទំនុកចិត្តជាមួយកូនអ្នក៖
១.
បង្កើតទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ជាមួយកុមារ ៖
ក្មេងៗត្រូវការមនោសញ្ចេតនាជាមួយមនុស្សសំខាន់ៗក្នុងជីវិតរបស់ពួកគេ។
ពួកគេត្រូវការមនុស្សដើម្បីថែរក្សាសុខភាពរាងកាយ និងសុវត្ថិភាពរបស់ពួកគេ ចំណាយពេល
និងបង្ហាញក្តីស្រឡាញ់ចំពោះពួកគេ។ ពួកគេចង់ឱ្យឪពុកម្តាយថើប និយាយ លេងជាមួយ ច្រៀង
និងអានឱ្យពួកគេស្តាប់។
ការចិញ្ចឹមបីបាច់ដោយយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃអាចពង្រឹងទំនាក់ទំនង
និងជំរុញការលូតលាស់ខួរក្បាលរបស់ក្មេងៗបានល្អប្រសើរ ។
២. ក្លាយជាទីសុវត្ថិភាពសម្រាប់ក្មេងៗ៖
ក្មេងៗចូលចិត្តរុករក ដូច្នេះ សូមបង្ហាញវត្តមាន និងធ្វើជា “មូលដ្ឋានសុវត្ថិភាព”
សម្រាប់កូនរបស់អ្នក។ លើកទឹកចិត្តពួកគេឱ្យជឿជាក់ អ្នកនឹងនៅទីនោះ ហើយនឹងគាំទ្រ
និងការពារពួកគេ។ អនុញ្ញាតឱ្យកុមារចំណាយពេល និងមានអារម្មណ៍ផាសុកភាព
ជាពិសេសនៅក្នុងបរិយាកាស និងសកម្មភាពថ្មីៗដែលគេមិនធ្លាប់ធ្វើពីមុនមក។
៣. បង្កើតកន្លែងសុវត្ថិភាព
និងផ្តល់សម្ភារដើម្បីរុករក ៖ ផ្តល់របស់របរសាមញ្ញៗដែលមានតម្លៃទាប ដូចជាសំបកដូង
ឫស្សី ក្រដាស កន្ត្រកធ្វើនៅផ្ទះ ឬចានជ័រតូចៗ និងធុងសម្រាប់ក្មេងៗលេង ស្វែងយល់
និងរុករកតាមវិធីរបស់ពួកគេ។ ឪពុកម្តាយគួរនៅក្បែរកូនដើម្បីជួយគាំទ្រ លើកទឹកចិត្ត
និងសប្បាយរីករាយជាមួយគ្នា នៅពេលពួកគេរៀនសូត្រតាមរយៈល្បែងលេង
និងការរុករកដែលពួកគេចង់ធ្វើ។
៤. ផ្តោតលើការដឹង និងការឆ្លើយតប៖
រៀនពីរបៀបដែលកុមារប្រាស្រ័យទាក់ទង ឬផ្តល់សញ្ញាអំពីអ្វីដែលពួកគេត្រូវការ និងចង់បាន។
នៅពេលដែលពួកគេឃ្លាន ហត់នឿយ មិនសប្បាយចិត្ត ឬរំភើប ចូរសួរខ្លួនឯងថា
“តើពួកគេប្រាប់ខ្ញុំដោយរបៀបណា?”
ចូរឆ្លើយតបទៅនឹងតម្រូវការទាំងនោះភ្លាមៗ
និងដោយប្រុងប្រយ័ត្ន។ ការរៀន និងឆ្លើយតបទៅនឹងសញ្ញារបស់កូនក្មេង
គឺដូចជាការរៀនរាំជាមួយដៃគូថ្មី។ ស្របពេលជាមួយគ្នានេះ ចំណងស្នេហា
និងការយកចិត្តទុកដាក់ត្រូវបានបង្កើតឡើង៕
ប្រភព ៖ happiest baby
បកប្រែដោយ៖https://kohsantepheapdaily.com.kh/
ចែករំលែកបន្តដោយ៖ www.edu4kh.com