ជីវប្រវត្តិ
សម្ដេចព្រះមហាសង្ឃរាជ
និល ទៀង
នៃគណៈមហានិកាយ
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជអង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ទ្រង់កាន់តំណែងពីព.ស.២៤០១ ដល់
ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្ស័ត្រិយ៍ ៣ព្រះអង្គ គឺ ១.
ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គឌួង) ២.
ព្រះបាទសម្ដេចព្រះ នរោត្ដម ៣. ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ។
ព្រះរាជជីវប្រវត្តិ
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍
៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ
ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។
ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក។
ការភៀសព្រះកាយនៅស្រុកសៀម
ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង
ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម
បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា
នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។
គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម
ទុកធ្វើជាទាសាទាសី ។
កុមារទៀង និងជីដូន
ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក ។ នៅទីនោះកុមារទៀង
បានជួបនឹង មា ម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេច
ព្រះអង្គឌួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយដែរ។
ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត
ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង
(ដែលកាលនោះខេត្តទាំងនោះឋិតនៅក្រោមការគ្រប់គ្រងរបស់សៀម)។
ការសាងព្រះផ្នួស
ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ
ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ
នាវត្តមួយនៅទីក្រុងបាងកក។
ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង
ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះណាំក្លាវ ព្រះចៅក្រុងសៀម
ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា
ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម
គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។
ការយាងត្រឡប់មកប្រទេសកម្ពុជាវិញ
ព្រះជន្មបាន ២៦ វស្សា
ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩
ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះណាំក្លាវ
ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ
ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា
ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះណាំក្លាវ ។
សម្ដេចព្រះសង្ឃរាជនៃក្រុងកម្ពុជាធិបតី
ព្រះជន្មបាន៣៤វស្សា
ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥
ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គឌួង)
ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង
ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា ។
លុះរំលងពីនោះមកបានមួយឆ្នាំ
ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី
(ព្រះអង្គឌួង) បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង
ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ
នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី
សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា
មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ
ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក”
សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់ ។
សម្ដេចព្រះសង្ឃរាជនៃព្រះមហាក្សត្រ ៣ ព្រះអង្គ
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង
ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖
๑/ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី
(ព្រះអង្គឌួង)
๒/ ព្រះបាទសម្ដេចព្រះនរោត្ដម
ព្រះចៅក្រុងកម្ពុជាធិបតី
๓/ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ
ព្រះចៅក្រុងកម្ពុជាធិបតី
ព្រះទិវង្គត
ព្រះជន្មបាន ៩០ វស្សាគត់
នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត
ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា
គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម
ក្រុងភ្នំពេញ។
សម្តេចព្រះសង្ឃរាជ ទៀង
មានទឹកព្រះទ័យញញឹមស្រស់ស្រាយជានិច្ច ព្រះទ័យបរិសុទ្ធ
តែងយកអាសារដោះស្រាយគ្រប់បញ្ហាលំបាក ដែលប្រទេសជាតិ
និងពលរដ្ឋតូចតាចជួបប្រទះ ។
សម្តេចព្រះសង្ឃរាជ ទៀង
ជាអ្នកប្រាជ្ញមានចំណេះវិជ្ជាខ្ពង់ខ្ពស់ចេះចាំភាសាបាលី សំស្រ្តឹត
និងភាសាសៀមយ៉ាងច្បាស់ ទាំងការសរសេរ និងការនិយាយ ។
ស្នាមប្រហស្ថរបស់ព្រះអង្គមាន៖
๑/ ក្បួនតម្រាទស្សន៍ទាយ
๒/ រឿងព្រះជិនវង្ស
๓/ ព្រះធម្មសម្ភោធ
๔/ ព្រះបាដិមោក្ខ
๕/ លោកធាតុវិទ្យា
๖/ និងគម្ពីរត្រៃភូមិជាដើម ។
ប្រភពអត្ថបទដកស្រង់
ដោយ៥០០០ឆ្នាំ
ចែករំលែកបន្តដោយ៖ www.edu4kh.com