ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា
អារ្យធម៌ដែនជម្ពូទ្វីប
តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ
(២០០០ដល់៩០០ឆ្នាំមុនពុទ្ធសករាជ) នាយុគអារ្យធម៌សណ្ដទន្លេសិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មានការគាស់ឃើញបូរាណស្ថានសំខាន់មួយនៅ Mohenjo Daro ភាគឦសាននៃក្រុងការាចីប្រទេសបាកីស្ថាននិង
Harappa ចម្ងាយពីកន្លែងដើមប្រមាណ ៥០ម៉ៃល៍
ជាអារ្យធម៌មានចំណាស់ជាងគេក្នុង ភូមិភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុងពេលជាមួយគ្នានៃអារ្យធម៌អេហ្សីបបូរាណ
អារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌មិនូអ័ននៃកោះក្រេត (Crete) ។
អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់
ទីក្រុងដែលមានការរចនាប្លង់ដ៏ឆ្នើម ព្រមទាំងប្រព័ន្ធធារាសាស្ត្រ ចេះសរសេរអក្សរ
មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មានការគោរព
បូជាព្រះអាទិទេពដែលមានលក្ខណៈប្រហែលគ្នា និងការគោរពព្រះសិវៈនាសម័យក្រោយមក ។
អារ្យធម៌នេះបានពង្រីកខ្លួនយ៉ាងទូលំទូលាយ ភាគខាងលិចដល់ជាយដែនអ៊ីរ៉ង់ (Iran) ខាងជើងទៅដល់អាហ្វហ្គានិស្ថាន (Afghanistan) ខាងកើតមកដល់ទីក្រុងដេលី (Delhi) បច្ចុប្បន្ន ។
តាំងពី ១៥០០ ដល់ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកតំបន់ខ្ពង់រាបរបស់អ៊ីរ៉ង់ (Iran) ឬប៉ើសៀ (Persia) ហើយ ចូលមករុករានគ្រប់គ្រងរហូតដល់ឆ្នេរសមុទ្រគង្គារ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសាសំស្ក្រឹត និងរបបវណ្ណៈមកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគលោហៈ ។
សម័យពុទ្ធកាល
ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា
Ø អាណាខែត្រក្នុងជម្ពូទ្វីប
៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា
១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពីទិសបូព៌ាទៅដល់ទិសពាយ័ព្យ គឺ អង្គៈ មគធៈ កាសី
កោសល វជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ
កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួបផ្សំជាមួយយោនៈទៅជា យោនក្កម្ពោជៈ) ទាំង១៦ ដែននេះ
ដែនខ្លះសាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺដែនមគធៈ ។
Ø ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា
៨០ ឆ្នាំម.ព.ស.(៦២៣ ម.គ.ស. (ម.គ.ស.=មុនគ្រឹះសករាជ )ឬ បរទេស ពោល ថា ៥៦៣ ម.គ.ស.) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់ព្រះបាទសិទ្ធោទនៈ និង ព្រះនាងសិរីមហាមាយានៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិលព័ស្ថុ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ។ ៥១ ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សានាស្ទឹងអនោមានទី ។ ៤៥ ឆ្នាំម.ព.ស. (៥៨៨ ម.គ.ស.) នាថ្ងៃពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ជាព្រះពុទ្ធ ជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេស្ទឹងនេរញ្ជរា ស្រុកឧរុវេលសេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ។
២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី ។ នៅក្នុងព្រៃនោះក្រោយមកមិនយូរក្រៅពី មាន យសកុលបុត្ត ម្នាក់ និងសំឡាញ់៥៤នាក់ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គទ្រង់បញ្ជូនចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធ សាសនាដោយព្រះតម្រាស់ថា “ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកានុកម្បាយ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និងដើម្បី អនុគ្រោះដល់សត្វលោកចុះ”
Ø ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរ
បន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ
ក្រោយពីប្រោសបញ្ចវគ្គីនាព្រៃឥសិបត្តនមិគ្គទាយវ័ន ទីក្រុងពារាណសីរួចហើយ
ព្រះអង្គទ្រង់ធ្វើដំណើរទៅកាន់ក្រុងរាជគ្រឹះ
ដើម្បីប្រោសជដិលបីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស
ហើយស្ដេចនិមន្តទៅប្រោសព្រះបាទពិម្ពិសារ ជាមួយរាជបរិពារ
ក្រោយមកព្រះបាទពិម្ពិសារទ្រង់បានប្រគេនវត្តវេឡុវ័ន ជាអារាមមុនដំបូងបំផុតក្នុង
ព្រះពុទ្ធសាសនា ។ ទ្រង់បំពេញពុទ្ធកិច្ចដើម្បីប្រតិស្ថានព្រះពុទ្ធសាសនា ក្នុងដែន
មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហាមោគ្គលាន
(អតីតជាបរិពាជកឈ្មោះឧបតិសៈនិងកោលិតៈ ) ព្រមទាំងបរិវារ ២៥០នាក់ទៀត ។
បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះដល់ថ្ងៃពេញបូណ៌មីខែមាឃ
ព្រះពុទ្ធអង្គ ទ្រង់ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែងឱវាទបាដិមោក្ខ ហៅថា
ចតុរង្គសន្និបាត ។ លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិកសេដ្ឋីបានថ្វាយខ្លួនជាឧបាសក
មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្តជេតពនប្រគេន ព្រះពុទ្ធ ជាម្ចាស់
នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធជាម្ចាស់ទ្រង់
ប្រថាប់គង់នៅច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក
គឺវត្តបុព្វរាមក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំវស្សា៦
ព្រះវស្សា ។
Ø ពុទ្ធកិច្ច
៤៥ ព្រះវស្សា
អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា ក្នុងទីផ្សេងៗ ព្រមទាំងមានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចត ទៅនេះ៖
๑/ វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។
๒/ វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់ផ្ដើមតាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្តទៅកាន់នគរកបិលព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយខ្លួនជាឧបាសកសាងវត្តជេតពន ។ តែបើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ប្រហែលជាទ្រង់ចាំវស្សានៅវត្តជេតពនក្រុងសាវត្ថី ។
๓/ វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធបិតាដែលចូលកាន់និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាងមហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។
๔/ វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមកទ្រង់សម្ដែងយមកប្បដិហារិយ៍នាក្រុងសាវត្ថី) ។
๕/ វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។
๖/ វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បានជួបនឹងនកុលបិតានិងនកុលមាតា ។
๗/ វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។
๘/ វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី
(ពេលភិក្ខុកើតវិវាទគ្នា) ។
๙/ វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។
๑๐/
វស្សាទី
១២ ស្រុកវេរញ្ជា ។
๑๑/
វស្សាទី
១៣ ចាលិយបព៌ត ។
๑๒/
វស្សាទី
១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។
๑๓/
វស្សាទី
១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។
๑๔/
វស្សាទី
១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។
๑๕/
វស្សាទី
១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។
๑๖/
វស្សាទី
១៨-១៩ ចាលិយបព៌ត ។
๑๗/
វស្សាទី
២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និងទ្រង់តែងតាំងព្រះអានន្ទ
ធ្វើជាពុទ្ធុប្បដ្ឋាក ។
๑๘/
វស្សាទី
២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុងសាវត្ថី
រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតវនារាម១៩
ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។
๑๙/
វស្សាទី
៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។
Ø ពុទ្ធកិច្ចប្រចាំថ្ងៃ
ក្រៅអំពីការទ្រង់ចាំវស្សាទាំង
៤៥ឆ្នាំ តាមវត្តនានាហើយ
ព្រះអត្ថកថាចារ្យនៅបានរួបរួមពុទ្ធកិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា
ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ
๑. បុព្វណ្ហេ បិណ្ឌបាតញ្ច
ពេលព្រឹកទ្រង់បិណ្ឌបាត
๒. សាយណ្ហេ ធម្មទេសនំ
ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា
๓. បទោសេ ភិក្ខុឱវាទំ
ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ
๔. អឌ្ឍរត្តេ ទេវបញ្ហានំ
កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា
๕. បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់ប្រមើលមើលនូវវេនេយ្យសត្វ ។
ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ
ព្រះពុទ្ធមុនីដ៏ប្រសើរ
ទ្រង់ញ៉ាំងពុទ្ធកិច្ចទាំងប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។
Ø គំរូសង្គាយនា
និងបច្ឆិមពុទ្ធវចនៈ
ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស)
មហាវីរៈ (និគ្រន្ថនាដបុត្រ) សាស្ដាជេន/ជិនៈ អស់ព្រះជន្ម
សាវកក៏កើតវិវាទទោះទែងគ្នាអំពីពាក្យប្រៀនប្រដៅរបស់សាស្ដាខ្លួន ជាហេតុនាំឲ្យ
ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំឲ្យមានការសង្គាយនាព្រះធម៌វិន័យឡើង
ហើយមានគ្រាមួយព្រះសារីបុត្របានសម្ដែងសង្គីតិសូត្រទុកជាគំរូនៃការធ្វើសង្គាយនា ។
១ឆ្នាំ ម.ព.ស.(=៥៤៣ ម.គ.ស.ខ្លះថា៤៨៣ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ
ក្រោយពីបំពេញពុទ្ធកិច្ច ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ
៨០ព្រះវស្សា ព្រះអង្គទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ
ក្រុងកុសិណារា ។
បច្ឆិមពុទ្ធវចនៈ “...ខយវយធម្មា សង្ខារា អប្បមាទេន
សម្បទេថ សង្ខារធម៌ទាំងឡាយមានកិរិយាអស់ទៅនិងសូន្យទៅជាធម្មតា
អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ” ។
ប្រែសម្រួលដោយភិក្ខុ សញ្ជាតវិរិយោ
ចាកកាលានុក្រមរបស់ព្រះតេព្រះគុណព្រះព្រហ្មគុណាភណ៌ ។
ប្រភព
ដោយ៥០០០ឆ្នាំ