តាមលទ្ធិព្រះពុទ្ធសាសនា
“ចេតិយ” មានអត្ថន័យដូចម្តេចខ្លះ?
ហើយចែកចេញជាប៉ុន្មាន? អ្វីខ្លះ?
បើនិយាយអំពីចេតិយក្នុងព្រះពុទ្ធសាសនាដែលខេមរជនម្នាក់ៗស្គាល់
និងលើកតម្កើងគ្រប់ៗគ្នា យ៉ាងប្រពៃថ្លៃថ្លានេះ គឺមានតួនាទីសំខាន់ណាស់
ពីព្រោះជានិមិត្ដរូបនៃភាពស្ងប់ស្ងាត់ ភាពរីកចម្រើន
និងជានិមិត្ដរូបតំណាងឲ្យព្រះពុទ្ធសាសនា។ ជាក់ស្ដែង ដូចយើងឃើញតំណាងវត្ដមានពិតៗ
ព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ ជាទីឋានតម្កល់ព្រះសារិករិកធាតុ
នៃព្រះសមណគោតមនៃយើងជាភស្ដុតាង។
បើដូចនេះចំពោះចេតិយ
ពុំមែនគ្រាន់តែជាទីឋានគោរពសក្ការបូជាដ៏សក្ដិសិទ្ធិប៉ុណ្ណោះទេ
តែក៏ជាទីឋានគោរពសក្ការបូជាប្រតិស្ឋាន តំណាងឲ្យព្រះពុទ្ធផ្ទាល់
និងធម៌របស់ព្រះពុទ្ធសម្រាប់ពុទ្ធសាសនិកគ្រប់រូបគោរពបូជាផងដែរ។ មួយវិញទៀត
ចេតិយក៏ជាទីឋានដែលមានឥទ្ធិពល ដល់ការធ្វើធម្មយាត្រាផងដែរ។
បើនិយាយ
អំពីប្រព័ន្ធជំនឿវិញ ជាតំណាងសច្ច:ភាពដ៏ឧត្ដុង្គឧត្ដមរបស់ព្រះពុទ្ធ
គឺមិនខុសពីអង្គខ្លួនមនុស្សយើង ហើយហ៊ុមពទ្ធ័ដោយចក្រវាទ្ប ឬលោកធាតុនោះទេ
ពីព្រោះមានកំពូល ដងខ្លួនតាមសណ្នានផ្សេងៗ ដោយតុបតែងរចនាទៅតាមប្រភេទ
សម្រាប់បញ្ចុះធាតុអ្នកស្លាប់ ឬតម្កល់វត្ថុសក្ការ:បូជា។
បានសេចក្ដីថា
ចេតិយមានតួនាទី និងអត្ថន័យមិនខុសពីប្រាង្គប្រាសាទបុរាណ
ក្នុងទស្សន:បង្រួមលោកធាតុនោះទេ គឺគេចាត់ទុកដូចជាភ្នំព្រះសុមេរុ
ដែលជាទីឋានទេពនៅកណ្ដាលចក្រវាទ្ប ឬលោកធាតុ ជានិមិត្ដរូបនៃការបង្រួបលោកធាតុ
សម្រាប់ឧទ្ទិសឲ្យអ្នកស្លាប់ ដើម្បីបញ្ចុះធាតុបានទៅដល់ សុគតិភព
ពីព្រោះកំពូលស្រួចទៅលើវេហា គឺជាទីឋានទេវៈ ឬទេវលោកទៅលើជំនឿសាសនានេះឯង។
បើដូច្នេះចំពោះសំណង់ចេតិយក្នុងព្រះពុទ្ធសាសនាថេរវាទដូចយើងឃើញសព្វថ្ងៃនេះ
មានសាវតារប្រហែលស.វ.ទី១៥ តរៀងមក និងមានរាងប្លែកៗច្រើនយ៉ាងតាមកាលវេលា
និងមួយចំនួនទៀតយើងមិនដឹង ពីកាលបរិច្ឆទច្បាស់លាស់នោះផងដែរ។ ម្យ៉ាងទៀត
ចំពោះចេតិយចាស់ៗនាសម័យបុរាណនេះទៀតសោត ត្រូវបានបំផ្លាញដោយសារសង្រ្គាម ឬធម្មជាតិ
ឬគ្មានការថែទំាពីសំណាក់អាជ្ញាធរក៏ដូចប្រជាជនមូលដ្ឋាន
ទំាងនេះគឺជាប្រការដ៏គួរឲ្យព្រួយបារម្ភបំផុត។
តាមលិទ្ធព្រះពុទ្ធសាសនាចេតិយចែកចេញជា៤គឺ៖
ទី១.
ធាតុចេតិយ ជាចេតិយសម្រាប់ដាក់ព្រះធាតុព្រះបរម សម្មាសម្ពុទ្ធ ឬ ព្រះអរហន្ត ឬ
ព្រះបច្ចេកពុទ្ធ។
ទី២.
បរិភោគចេតិយ ជាចេតិយសម្រាប់ដាក់គ្រឿងបរិក្ខាប្រើប្រាស់ មាន បាត្រ ចីវរ ពោធិព្រឹក្ស
របស់អង្គព្រះបរមគ្រូសម្មាសម្ពុទ្ធជាដើម។
ទី៣.
ធម្មចេតិយ ជាចេតិយសម្រាប់ដាក់តម្កល់នូវគម្ពីរក្បូនខ្នាតមានដីការ អដ្ឋកថា
ព្រះត្រៃបិតក ជាដើម។
ទី៤.
ឧទ្ទេសកចេតិយ ជាចេតិយដែលសម្រាប់ថ្វាយព្រះសម្មាសម្ពុទ្ធ សម្រាប់គោរពបូជា
ឬឧទ្ទិសបួងសួងសុំសេចក្ដីសុខផ្សេងៗ៕
ប្រភពដើម៖ https://freshnewsasia.com/
ចែករំលែកបន្ត៖ www.edu4kh.com