សំនួរ ចម្លើយអំពីព្រះសង្ឃគុណ
ស. តើពាក្យថា ព្រះសង្ឃ ក្នុងទីនេះមានសេចក្ដីដូចម្ដេច?ច.
ពាក្យថា « ព្រះសង្ឃ » សំដៅយកបព្វជិតពុទ្ធសាសនិក
ជាសាវ័កនៃព្រះមានព្រះភាគ បានដល់ព្រះអរិយសង្ឃ
ជាអ្នកសម្រេចគុណវិសេសមានសោតាបត្តិមគ្គជាដើមផង ព្រះសម្មតិសង្ឃផង។
ព្រះសង្ឃជាពុទ្ធសាវ័កនេះ លោកជាអ្នកទ្រទ្រង់នូវគុណសម្បត្តិដែលលោក
គួរជាទីគោរពនមស្សការនៃមហាជន។
ស.
តើព្រះសង្ឃគុណទី១មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី ១ គឺ « សុបដិបន្នោ » ប្រែថាលោកប្រតិបត្តិល្អហើយ
សំដៅយកសេចក្ដីប្រតិបត្តិដ៏ត្រឹមត្រូវរបស់លោក តាមអង្គនៃអដ្ឋង្គិកមគ្គ (
ផ្លូវមានអង្គ ៨ ប្រការ ) ឬហៅថា មជ្ឈិមបដិបទាជាបដិបទាមិនធូរពេក
មិនតឹងពេក មិនចូលទៅក្នុងកាមសុខល្លិកានុយោគ និងអត្តកិលមថានុយោគ លោកជាអ្នកប្រតិបត្តិល្អឈានទៅមុខមិនថយក្រោយ
ជាអ្នកប្រតិបត្តិស្របតាមព្រះដ៏មានព្រះភាគ។
សុបដិបន្នោមាន
៣ យ៉ាងគឺ៖
១-
ភគវំ មូលិកា មានព្រះមានព្រះភាគជាមូល
២-
ភគវំ នេត្តិកា មានព្រះមានព្រះភាគជាអ្នកណែនាំ
៣-
ភគវំ បដិសរណា មានព្រះមានព្រះភាគជាទីពឹង។
ស.
តើព្រះសង្ឃគុណទី២ មានសេចក្ដីដូចម្ដេច?
ចំ.
ព្រះសង្ឃគុណទី២គឺ « ឧជុបដិបន្នោ » មានសេចក្ដីថា លោកប្រតិបត្តិត្រង់ហើយ
សំដៅយកសេចក្ដីប្រតិបត្តិរបស់លោក
ឆ្ពោះត្រង់ព្រះនិព្វានមិនមែនជាសេចក្ដីប្រតិបត្តិ
ដើម្បីគ្រាន់តែប្រលោមលោក ឬញ៉ាំងលោកឲ្យភាន់ច្រលំឡើយ
គឺលោកជាអ្នកប្រតិបត្តិ មិនវៀចទៅតាមគាមធម៌ឬដោយលាភសក្ការៈមិនមាន
មាយាសាថេយ្យជាអ្នកប្រតិបត្តិត្រង់តាមគន្លង
នៃព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃជាពុទ្ធសាវ័កដូចគ្នា
ដែលប្រតិបត្តិត្រង់រហូតទាំងក្នុងចំពោះ មុខនិងទីកំបាំងមុខ។
ស.
តើព្រះសង្ឃគុណទី៣ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី ៣ គឺ « ញាយបដិបន្នោ » មានសេចក្ដីថា លោកប្រតិបត្តិដើម្បីព្រះនិព្វាន
សំដៅយកសេចក្ដីប្រតិបត្តិរបស់លោកដើម្បី មគ្គផលព្រះនិព្វាន
ដែលគួរដឹងច្បាស់ដោយខ្លួនឯង។
ពាក្យថា
«
ញាយៈ » ប្រែបានច្រើនយ៉ាង
ដូចជាផលដែលគប្បីដឹង
បដិបទាជាគ្រឿងដឹងច្បាស់ធម៌ដែលបុគ្គលគប្បីដឹងគឺមគ្គផលនិព្វាន
ឧបាយជាគ្រឿងចេញចាកទុក្ខ និងគុណវិសេសដែលគប្បីដឹងបានជាដើម។ ម្យ៉ាងទៀត
ពាក្យថា « ញាយប្បដិបន្នៈ » សំដៅយកលោកអ្នកប្រតិបត្តិតាមធម្មាធិបតេយ្យ
និងលោកាធិបតេយ្យ។
ស.
តើព្រះសង្ឃគុណទី៤ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៤ គឺ « សាមីចិប្បដិបន្នោ »
សេចក្ដីថា លោកប្រតិបត្តិហើយដ៏សមគួរ សំដៅយកសេចក្ដីប្រតិបត្តិ
ដែលគួរគោរពកោតក្រែងជាសេចក្ដីប្រតិបត្តិដ៏សមគួរ
ដែលអាចឲ្យបរិស័ទគោរពរាប់អានដោយស្មោះត្រង់
មិនមែនជាសេចក្ដីប្រតិបត្តិឡើងចុះ តាមលោកធម៌ដែលប៉ះពាល់ត្រូវនោះឡើយ។
ស.
តើព្រះសង្ឃគុណទី៥ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៥គឺ « អាហុនេយ្យោ » មានសេចក្ដីថា
លោកជាអ្នកគួរដល់សក្ការបូជាសំដៅយកសណ្ដាប់ធ្នាប់ល្អ
គួរជាទីគោរពបូជានៃមហាជន ដែលអាចនាំគ្រឿងសក្ការៈអំពីចម្ងាយចូលមកបូជា។
ស.
តើព្រះសង្ឃគុណទី៦ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៦ គឺ « បាហុនេយ្យោ » មានសេចក្ដីថា លោកជាអ្នកគួរដល់បុគ្គល ជាអ្នកទទួលសំដៅយក
លោកមានគុណសម្បត្តិ សេចក្ដីល្អគ្រប់ត្រៃទ្វារ
បរិបូណ៌ដោយសេចក្ដីសង្រួមដោយលោកមានឋានៈដ៏សមគួរ ទុកដូចជាភ្ញៀវពិសេស
ដែលមកកាន់សំណាក់បុគ្គលណាមួយហើយអ្នកម្ចាស់ទីកន្លែង អាចទទួលគោរពរាប់អានដោយសេចក្ដីត្រេកអរ។
ព្រះសង្ឃជាពុទ្ធសាវ័កនេះ ទុកដូចជាភ្ញៀវជាន់ខ្ពស់ជាបុគ្គលដែលគួរមហាជន
ទទួលដោយសេចក្ដីត្រេកអរពន់ពេក។
ស.
តើព្រះសង្ឃគុណទី ៧ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៧ គឺ « ទក្ខិណេយ្យោ » មានសេចក្ដីថា លោកជាអ្នកគួរដល់ការធ្វើបុណ្យ
សំដៅយកសេចក្ដីបរិសុទ្ធរបស់លោក ដែលលោកឋិតនៅក្នុងកុសលធម៌ជានិច្ច
គួរមហាជនលើកតម្កើងថា ជាបដិគ្គាហកបុគ្គលយ៉ាងខ្ពង់ខ្ពស់ គួរទទួលបច្ច័យ ៤
របស់ទាយកទាយិកា អ្នកប្រាថ្នាបុណ្យ។
ស.
តើព្រះសង្ឃគុណទី ៨ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៨ គឺ « អញ្ជលិករណីយោ » មានសេចក្ដីថា លោកជាអ្នកគួរយកអញ្ជលិកម្ម ( លើកដៃសំពះ )
សំដៅយកសេចក្ដីសង្រួមឥន្ទ្រីយ៍របស់លោក
ដែលនៅប្រចាំទ្វារទាំងឡាយបីរបស់លោកគ្រប់ទិវារាត្រី
គួរឲ្យមហាជនស្ងើចសរសើរ
ថ្វាយបង្គំប្រណម្យដៃដោយគោរពដើម្បីជាទិដ្ឋានុគតិនៃសាធុជនតទៅ។
ស.
តើព្រះសង្ឃគុណទី៩ មានសេចក្ដីដូចម្ដេច?
ច.
ព្រះសង្ឃគុណទី៩ គឺ « អនុត្តរំ បុញ្ញក្ខេត្តំ
លោកស្ស » មានសេចក្ដីថា
ព្រះសង្ឃជាបុញ្ញក្ខេត្តរបស់សត្វលោក មិនមានបុញ្ញក្ខេត្តណាក្រៃលែងជាង
សំដៅយកសេចក្ដីបរិសុទ្ធបរិបូណ៌គ្រប់យ៉ាងដែលមានក្នុងខន្ធសន្ដានរបស់លោក
ប្រៀបដូចជាស្រែដែលមានជីជាតិល្អ កាលបើបុគ្គលបានសាបព្រោះក្នុងស្រែនោះ
ក៏អាចឲ្យផលបរិបូណ៌ព្រះសង្ឃជាបុគ្គលបរិសុទ្ធផូរផង់ដោយ សីល សមាធិ បញ្ញា
ឈ្មោះថាទុកជាស្រែបុណ្យដ៏ប្រសើរបំផុតរបស់សត្វលោកដូច្នោះដែរ។
ដកស្រង់ចេញពីសៀវភៅ
សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ៥០០០ឆ្នាំ