គុណសម្បត្តិរបស់កល្យាណមិត្ត
មនុស្សល្អ ពោលដោយលក្ខណៈផ្ទាល់ខ្លួន
មានគុណសម្បត្តិផ្សេងៗ ដែលគួរជ្រាបដូចតទៅ ៖
សប្បុរស គឺមនុស្សល្អ មានធម៌របស់សប្បុរស ៧ ប្រការ
១. ធម្មញ្ញុតា
ដឹងគោលធម៌ដែលជាហេតុ
២. អត្ថញ្ញុតា
ដឹងទិសដៅដែលជាផល
៣. អត្តញ្ញុតា
ស្គាល់ខ្លួនឯងតាមសេចក្តីពិត
៤. មត្តញ្ញុតា
ស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់
៥. កាលញ្ញុតា
ស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ
៦. បរិសញ្ញុតា
ស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ
៧. បុគ្គលញ្ញុតា
ស្គាល់បុគ្គលដោយសភាពផ្សេងៗ
សប្បុរិសធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ
ទសុត្តរសូត្រ ពួក ៧ បិដកលេខ ១៩ និងមានសេចក្តីអធិប្បាយនៅក្នុង ធម្មញ្ញូសូត្រ
មហាវគ្គ បិដកលេខ ៤៧ ។
ក្នុងបិដកលេខ ២៦ ទំព័រ ២០៩ នៅក្នុង ចូឡបុណ្ណមសូត្រ
ព្រះអង្គទ្រង់ត្រាស់សម្តែង នូវសប្បុរិសធម៌ ៨ ចំណុចដោយឡែកផ្សេងទៀត មានដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ
សប្បុរសរមែងប្រកបដោយព្រះសទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជាសប្បុរស
មានសេចក្តីប្រឹក្សាជាសប្បុរស មានវាចាជាសប្បុរស មានការងារជាសប្បុរស
មានទិដ្ឋិជាសប្បុរស តែងឲ្យនូវទានជាសប្បុរស ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
ប្រកបដោយព្រះសទ្ធម្ម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន
មានព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ម្នាលភិក្ខុទាំងឡាយ
សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ៧ ប្រការយ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានការសេពគប់ជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ
ពួកសមណព្រាហ្មណ៍ ដែលមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប
ជាអ្នកចេះដឹងច្រើន មានព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា
ពួកសមណព្រាហ្មណ៍នោះ រមែងបានជាមិត្ត ជាសម្លាញ់ នៃសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ
សប្បុរស មានការសេពគប់ជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានគំនិតជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
មិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បិបៀតបៀនអ្នកដទៃ
មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស
យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានសេចក្តីប្រឹក្សាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
មិនប្រឹក្សាដើម្បិបៀតបៀនខ្លួនឯង មិនប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃ
មិនប្រឹក្សាដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស
មានសេចក្តីប្រឹក្សាជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានវាចាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
វៀរចាកពាក្យកុហក វៀរចាកពាក្យញុះញង់ វៀរចាកពាក្យទ្រគោះ វៀរចាកពាក្យរោយរាយឥតប្រយោជន៍
ម្នាលភិក្ខុទាំងឡាយ សប្បុរស មានវាចាជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានការងារជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ
ម្នាលភិក្ខុទាំង ឡាយ សប្បុរស មានការងារជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
មានទិដ្ឋិជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ
មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល, ការបូជាធំ មានផល,
ការបូជាតូច មានផល, ផលនៃវិបាកកម្មដែលល្អ និងអាក្រក់មាន, លោកនេះមាន,
លោកខាងមុខមាន, ការប្រតិបត្តិល្អអាក្រក់ក្នុងមាតាមានផល, ការប្រតិបត្តិល្អអាក្រក់ក្នុងបិតាមានផល, សត្វជាឱបបាតិកៈមាន, ពួកសមណព្រាហ្មណ៍ក្នុងលោក
ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង
នូវលោកនេះផង លោកខាងមុខផង ហើយអាចនឹងប្រកាសបាន រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ សប្បុរស
មានទិដ្ឋិជាសប្បុរស យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស
តែងឲ្យទានជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក នេះ
ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែងហើយឲ្យទាន ឲ្យទានដ៏បរិសុទ្ធ
មានសេចក្តីយល់ឃើញនូវផលហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស
យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ប្រកបដោយព្រះសទ្ធម្មយ៉ាងនេះ មានការសេពគប់ជាសប្បុរសយ៉ាងនេះ មានគំនិតជាសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាសប្បុរសយ៉ាងនេះ មានវាចាជាសប្បុរសយ៉ាងនេះ មានការងារជាសប្បុរសយ៉ាងនេះ មានទិដ្ឋិជាសប្បុរសយ៉ាងនេះ ឲ្យទានជាសប្បុរសយ៉ាងនេះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរស តើដូចម្តេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្តុកស្តម្ភ សភាពជាមនុស្សដ៏ស្តុកស្តម្ភ ។