ប្រស្នាធម្មវិភាគ
បុគ្គលរកបានដោយកម្រ
២ យ៉ាង
១-បុព្វការី អ្នកធ្វើឧបការៈមុន។
២-កតញ្ញូ កតវេទី អ្នកដឹងឧបការៈដែលគេធ្វើហើយធ្វើតបវិញ ។
មានសំដែងទុកនៅក្នុង៖
សុត្តន្តបិដក អង្គុត្តរនិកាយ ទុកនិបាត បឋមភាគ ទំព័រទី១៩៥
១ បុ. បុព្វការី ប្រែថាដូចម្តេច ?
វិ. បុព្វការី ប្រែថា អ្នកធ្វើឧបការមុន ឬ ថាអ្នកធ្វើសេចក្តីល្អដល់អ្នកដទៃមុន បុគ្គលជាបុព្វការីក្តី កិច្ចការដែលនឹងធ្វើឱ្យជាបុព្វការីក្តី រមែងមានច្រើនប្រភេទ។
១ បុ. កតញ្ញូ កតវេទី ប្រែថាដូចម្តេច ?
វិ. កតញ្ញូ ប្រែថា ដឹងគុណអ្នកដទៃដេលបានធ្វើហើយដឹងខ្លួន។ កតវេទី ប្រែថា តបស្នងគុណឬប្រកាសគុណដែលជនដទៃធ្វើហើយ។
១ បុ. បុព្វការី បានដល់បុគ្គលណាខ្លះ? មានប៉ុន្មានយ៉ាង?អ្វីខ្លះ ?
វិ. បុព្វការី បានដល់អ្នកដែលបានផ្តួចផ្តើមទំនុកបំរុងមុន ឈ្មោះថាបុព្វការីៗ
នេះមាន ៤ យ៉ាងគឺៈ
1. មាតាបិតាជាបុព្វការី របស់បុត្រធីតា ១។
2. គ្រូឧបជ្ឈាយាចារ្យជាបុព្វការីរបស់អន្តេវា-សិក ១។
3. ព្រះរាជាជាបុព្វការីរបស់ប្រជារាស្ត្រ ១។
4. ព្រះសម្ពុទ្ធជាបុព្វការីរបស់ពួកពុទ្ធបរិស័ទ ១ ។
ម៉្យាងទៀត អ្នកដទៃទេ ប៉ុន្ត គេបានទំនុកបម្រុងខ្លួនមុន ក៏ហៅថាឧបការីបានដែរ ។
២ បុ. បុព្វការីបុគ្គល ដូចយ៉ាងព្រះពុទ្ធចុះ គួរចាត់ថារកបានដោយកម្រមែនចុះដូចយ៉ាងមាតាបិតាគ្រូឧបជ្ឈាយាចារ្យជាដើម
ហេតុអ្វីក៏លោកចាត់ថារកបានដោយកម្រដែរ ? ព្រោះហេតុអ្វី ?
វិ. បានជាលោកចាត់ថារកបានដោយកម្រដែរនោះ គឺបុព្វការីបុគ្គលទាំងនោះកម្រនឹងបានជួយទំនុកបំរុងទៅតាមគន្លងធម៌
ដូចយ៉ាងមាតាបិតា មានចិត្តស្នេហាដល់បុត្រធីតា ជាទីបំផុត
តែមិនសង្គ្រោះទៅតាមសង្គហធម៌ទាំង ៥ ម្ល៉ោះ ហើយកូននោះ
ក៏ប្រព្រឹត្តធ្វើអំពើអាក្រក់ផ្សេងៗ បានសេចក្ដីទុក្ខទៅខាងមុខ,ចំណែកគ្រូទំនុកបម្រុងកូនសិស្សមិនសូវ
ស្មោះត្រង់ ច្រើនតែប្រកបដោយអគតិធម៌ទាំង ៤ មិនសង្គ្រោះ ទៅតាមសង្គហធម៌
ដែលត្រូវសង្គ្រោះនោះៗ, ចំណែកខាង ព្រះរាជាច្រើនតែមិនប្រកបដោយទសពិធរាជធម៌ ១០ យ៉ាង,ចំណែកអ្នកដទៃ
បើជួយទំនុកបម្រុងគិតតែទារយកប្រយោជន៍ ផ្ទាល់ខ្លួន កម្រនឹងមានអ្នកណាជួយទំនុងបំរុងដោយស្មោះត្រង់, បុព្វការីទាំងនេះមកពីតណ្ហាគ្របសង្កត់
បានជាលោក ចាត់ថារកបាយដោយកម្រ ។
៣ បុ. ចុះកតញ្ញូ កតវេទី នោះ ហេតុអ្វីក៏លោកចាត់ថារក បានដោយកម្រដែរ ?
វិ. បានជាលោកចាត់ថារកបានដោយកម្រដែរនោះ ព្រោះ
មានអវិជ្ជាគ្របសង្កត់មិនឱ្យដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួននោះ ៗ
ទុកជាឱ្យផែនដីសោយរាជ្យក៏បុគ្គល អកតញ្ញូនោះនៅតែរករឿងរកទោសផ្សេងៗ បានជាលោកចាត់
ថារកបានដោយកម្រ ។បុគ្គលរកបានដោយកម្រទាំងពីរពួកនេះដូចបានវិស្សជ្ជនាមកនេះ ។
ចប់ទុក្ក ពួក ២
👉👉 មានសំនួរ/អត្ថបទ បន្តទៀត
សូមចុចអាសយដ្ឋានខាងក្រោម ៖
ប្រស្នាធម្មវិភាគ គុណរបស់ព្រះរតនៈ ៣
យ៉ាង (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ តិកៈ ពួក ៣ រតនៈ ៣យ៉ាង
ព្រះពុទ្ធ ១ ព្រះធម៌ ១ ព្រះសង្ឃ ១ (edu4kh.com)
ប្រស្នាធម្មវិភាគ បុគ្គលរកបានដោយកម្រ ២
យ៉ាង គឺ បុព្វការីនិងកតញ្ញូ កតវេទី (edu4kh.com)
ប្រស្នាធម្មវិភាគ
អាការៈដែលព្រះពុទ្ធទ្រង់ប្រដៅ ៣ យ៉ាង (edu4kh.com)
សូមអរព្រះគុណនិងអរគុណ!