សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០

 

សំនួរអក្សរសិល្ប៍ 

អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ 

សំនួរខទី ១១ -២០



១១. ដូចម្តេច ហៅថា អក្សរសិល្ប៍ព្រាហ្មណ៍និយម? នៅក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម មានឧត្តមគតិ យ៉ាងដូចម្តេច?

ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម ជាអក្សរសិល្ប៍ដែលមានទំនាក់ទំនងទៅនឹងលទ្ធិព្រាហ្មណ៍សាសនា។

អក្សរសិល្ប៍បែបនេះ គេតែងជឿលើអាទិទេពបីអង្គ គឺព្រះព្រហ្ម ព្រះឥសូរ និងព្រះវិស្ណុ ឬព្រះនារាយ។

រឿងគោលព្រាហ្មនិយម គឺជារឿងមានលក្ខណះអស្ចារ្យ អច្ឆរិយៈ ហួសពីសមត្ថភាពរបស់មនុស្សទៀតផង ជាពិសេសគោលគំនិតជាចម្បង គឺបង្ហាញពីមហិទ្ធិឫទ្ធិអំណាចដ៏ខ្លាំងពូកែរបស់តួអង្គ ដែលជាតួអង្គតំណាងអាទិទេព ។

តួអង្គក្នុងរឿងបែបព្រាហ្មណ៍និយមមានភាពអច្ឆរិយៈ គឺតួអង្គឯកប្រុសជាអាទិទេព និងតួអង្គឯកស្រីជាកំពូលនារីល្អឯក ។

អក្សរសិល្ប៍ព្រាហ្មណ៍ អប់រំមនុស្សអោយជឿលើអាទិទេព អប់រំអោយមានជំនឿថា៖ ទុក្ខសោក ល្អ អាក្រក់របស់ខ្លួនបានមកពីអាទិទេពទាំងនេះ ធ្វើអោយមនុស្សខ្វះការតស៊ូ ខ្វះការជឿជាក់លើខ្លួនឯង។

១២. ដូចម្តេច ហៅថា អក្សរសិល្ប៍បរទេសនិយម ?

ចលនាអក្សរសិល្ប៍បរទេសនិយម គឺជាអក្សរសិល្ប៍ដែលបានលើកយកទំនៀមទម្លាប់របស់បរទេសមកបង្ហាញ ឬជារឿងបរទេសផ្សេងៗមកបកប្រែជាភាសាជាតិ ឬក៏អ្នកនិពន្ឋចម្លងតាម ដោយរក្សាទុកទំនៀមទម្លាប់ ប្រពៃណី លក្ខណៈរបស់បរទេសដដែល ហើយផ្ទុយពីផ្នត់គំនិត និងទំនៀមទម្លាប់របស់ខ្មែរ ។

ឧទាហរណ៍៖ រឿងរាមាយណះ រឿងប៉ូលវីរហ្សីនី រឿង Romeo and Juliet...

១៣. យ៉ាងម៉េច ហៅថា លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍ ? ចូរបង្ហាញលក្ខណៈមនុស្សតាមរយៈរឿង ក្រពើនិងអ្នកស្រែ និងរឿងរាមកេរ្តិ៍ ?

តាមលក្ខណះមនុស្សក្នុងអក្សរសិល្ប៍ គឺការលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយដោយបង្កើតបញ្ហាមួយហៅថា “បញ្ហាមនុស្ស” ។

ទោះបីអ្នកនិពន្ធលើកយកតួអង្គប្រភេទណាក៏ដោយ ទោះជាតួអង្គអច្ឆរិយៈក្តី សត្វក្តី ឬធម្មជាតិក្តី ក៏តួអង្គទាំងនោះតំណាងមនុស្សក្នុងសង្គមជាដរាប។

លក្ខណៈមនុស្សតាមរយៈរឿងក្រពើនិងអ្នកស្រែគឺ៖ តួអង្គទន្សាយ តំណាងមនុស្សមានបញ្ញាស្រឡាញ់យុត្តិធម៌ ។ ឯតួអង្គក្រពើ តំណាងមនុស្សកាចសាហាវ រមិលគុណ ។

លក្ខណះមនុស្សតាមរយៈរឿងរាមកេរ្តិ៍គឺ៖ តួអង្គហនុមាន តំណាងមនុស្សមានសមត្ថភាព និងស្មោះត្រង់។ ឯតួអង្គក្រុងរាពណ៍ តំណាងមនុស្ស អាជ្ញានិយម ផ្ដាច់ការ និងអត្តនោម័តិ ។

១៤. ដូចម្តេច ហៅថា លក្ខណៈវណ្ណៈ?

លក្ខណៈវណ្ណៈ គឺជាលក្ខណៈអក្សរសិល្ប៍មួយប្រភេទ ដែលតាមរយៈនោះ   អ្នកនិពន្ធលើកយកការតស៊ូវណ្ណៈ ការការពារឧត្តមគតិ ចរិត គោលបំណងនៃវណ្ណៈណាមួយមកបង្ហាញ ។

ឧទាហរណ៍់៖ នៅក្នុងរឿងធនញ្ជ័យ អ្នកនិពន្ឋបង្ហាញពីបញ្ញាជន តំណាងវណ្ណៈថ្នាក់ក្រោមដែលរូបឆាំងនឹងវណ្ណៈថ្នាក់លើ ។

១៥. យ៉ាងម៉េច ហៅថា លក្ខណៈសង្គម?

លក្ខណះសង្គម គឺជាលក្ខណៈអក្សរសិល្ប៍មួយប្រភេទ ដែលតាមរយៈនោះ អ្នកនិពន្ធលើកយកបញ្ហាញសង្គមមនុស្ស ក្នុងសម័យកាលណាមួយមកបង្ហាញ ចោទនិងដោះស្រាយក្នុងដំណើររឿង ។

ឧទាហរណ៍៖ នៅក្នុងរឿងទុំទាវបង្ហាញពីលក្ខណះសង្គមដែលប្រកាន់ប្រពៃណី “នំមិនធំជាងនាឡិ” ... ។

១៦. ដូចម្តេច ហៅថា លក្ខណៈប្រវត្តិសាស្ត្រ?

លក្ខណៈប្រវត្តិសាស្ត្រ គឺជាលក្ខណៈអក្សរសិល្ប៍មួយប្រភេទ ដែលតាមរយៈនោះ អ្នកនិពន្ធលើកយកដំណើរឿងទាក់ទងនឹងសម័យកាលខ្លះ ព្រឹត្តិការណ៍ផ្សេងៗខ្លះ ដែលមានក្នុងប្រវត្តិសាស្ត្រមកបង្ហាញ ។

ឧទាហរណ៍៖

នៅក្នុងរឿងទុំទាវ តាមប្រវត្តិសាស្ត្រ រឿងនេះកើតនៅសម័យលង្វែក ។

នៅក្នុងរឿងភូមិតិរច្ឆាន តាមប្រវត្តិសាស្ត្រ រឿងនេះកើតនៅសម័យអាណានិគមបារាំង ។

១៧. យ៉ាងម៉េច ហៅថា លក្ខណៈជាតិ ?

លក្ខណះជាតិ គឺជាលក្ខណៈអក្សរសិល្ប៍មួយប្រភេទ ដែលតាមរយៈនោះ    អ្នកនិពន្ធលើកយកតមៃ្លពិសេសរបស់ជាតិមកបង្ហាញក្នុងដំណើររឿងដែលទាក់ទងនឹងសីលធម៌ ជំនឿ ទំនៀមទម្លាប់សាសនា និងអ្វីៗ ដែលជាអត្តសញ្ញាណជាតិ ដើម្បីបណ្តុះគំនិតស្រឡាញ់ អភិរក្សការពារ និងអភិវឌ្ឍអរិយធម៌របស់ជាតិ ។

១៨. ដូចម្តេច ហៅថា លក្ខណៈអក្សរសិល្ប៍ ?

លក្ខណៈអក្សរសិល្ប៍ គឺបញ្ហាផ្សេងៗ ជាគ្រឿងសម្គាល់ចរិតលក្ខណៈទាំងឡាយណា ដែលមាននៅក្នុងអក្សរសិល្ប៍ ដូចជា៖

លក្ខណះមនុស្ស លក្ខណះសង្គម លក្ខណះវណ្ណៈ លក្ខណៈប្រវត្តិសាស្ត្រ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈជាតិ លក្ខណៈអន្តរជាតិ ។

១៩. សោភ័ណអក្សរសាស្ត្រចែកជាគោលធំៗ មានប៉ុន្មានបែប? អ្វីខ្លះ ?

សោភ័ណអក្សរសាស្ត្រចែកជាគោលធំៗ មាន ៣ បែប ។ គឺ៖

សោភ័ណខាងសំឡេង សោភ័ណខាងសំនួនវោហារ និងសោភ័ណខាងគំនិត ។

២០. លក្ខណះជាតិក្នុងអក្សរសិល្ប៍បែបខេមរនិយម មានអត្ថន័យ អត្ថរូប និងអត្ថរស ដូចម្តេច?

អត្ថន័យ៖ អក្សរសិល្ប៍បែបខមរនិយម បង្ហាញបញ្ហាជីវភាពជាក់ស្តែងរបស់មនុស្សក្នុងសង្គមស្របទៅតាមវប្បធម៌ អរិយធម៌ខ្មែរ ពិសេសទាក់ទងទៅនឹងសង្គមបរិយាកាសខ្មែរ គឺទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរជាដើម ។

អត្ថរូប៖ អត្ថបទអក្សរសិល្ប៍បែបខេមរនិយមនេះ ច្រើនតែជាអត្ថបទដែលសរសេរជារឿងប្រលោមលោក ជាពាក្យកាព្យ ពាក្យរាយ ក៏ជារឿងសម្រាប់អានកម្សាន្ត តែបង្កប់គតិអប់រំទូន្មានប្រៀនប្រដៅទៅរកផ្លូវរីកចម្រើន ។

អត្ថរស៖ តម្លៃរបស់ស្នាដៃអក្សរសិល្ប៍ខេមរនិយម ស្ដែងចេញពីការឆ្លុះបញ្ចាំងនូវតថភាពជាក់ស្តែង ការអប់រំសីលធម៌ និងស្មារតីជាតិនិយមពិតៗ តាមរយៈភាពប៉ិនប្រសប់របស់អ្នកនិពន្ធ ។


👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ ៣០ (edu4kh.com)

៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

៦ សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្តសំនួរទី ៥១ - ៥៤ (edu4kh.com)

៧ សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post