សំនួរអក្សរសិល្ប៍ សំនួរទី ១ - ទី១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ? តើអក្សរសាស្ត្រ និង អក្សរសិល្ប៍ មានលក្ខណះខុសគ្នាយ៉ាងណា?

 

សំនួរអក្សរសិល្ប៍

កម្រងសំនួរទី ១ - ទី១០


សំនួរអក្សរសិល្ប៍

១. ដូចម្តេចហៅថាអក្សរសិល្ប៍ ?

អក្សរសិល្ប៍ គឺជាប្រភេទរឿងដែលតុបតែងឡើងប្រកបដោយសិល្ប៍  ពោលគឺបំណិនប្រសប់ក្នុងការតែងនិពន្ធ ដែលធ្វើអោយអ្នកអាន អ្នកស្តាប់ ចូលចិត្តចាប់អារម្មណ៍ រំភើបញាប់ញ័រ គោតាមបញ្ជារបស់រឿង ។

២. តើអក្សរសាស្ត្រ និង អក្សរសិល្ប៍ មានលក្ខណះខុសគ្នាយ៉ាងណា?

អក្សរសាស្ត្រ សំដៅលើកម្រងវិជ្ជាក្បួនគម្ពីរ ឬការសិក្សាអំពីអ្វីដែលអធិប្បាយផ្សាយឡើងដោយអក្សរ ដូចជា៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា ទស្សនវិជ្ជា ភាសា វេយ្យាករណ៍ រឿងកម្សាន្ត...។

អក្សរសិល្ប៍ ជាអត្ថបទទាំងឡាយណា ដែលអ្នកនិពន្ធ សរសេរ ហើយលើកយកបញ្ហាមនុស្សគ្រប់បែបយ៉ាង មកចោទនិងដោះស្រាយ ផ្សាយតាមរយះសិល្ប៍វិធី ដែលសមស្របទៅតាមផលប្រយោជន៍ឋានៈវត្ថុបំណងណាមួយរបស់សង្គមជាដរាប ។

ដូចនេះយើងឃើញថា អក្សរសិល្ប៍គឺជាផ្នែកមួយនៃអក្សរសាស្ត្រ ព្រោះវាក៏ជាកម្រងវិជ្ជាដែលសិក្សាអំពីសង្គមតាមរយៈអក្សរសាស្ត្រដែរ ។

៣. ដូចម្តេច ហៅថា ចលនាអក្សរសិល្ប៍ ?

ចលនាអក្សរសិល្ប៍ គឺជាការប្រែប្រួលនៃអក្សរសិល្ប៍តាមការនិយមនៃវណ្ណះ ឬស្រទាប់សង្គម បើទស្សនៈ ទ្រឹស្តី គោលគំនិតណាមួយក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រ។

៤. ដូចម្តេច ហៅថា អក្សរសិល្ប៍ខេមរនិយម ?

ចលនាអក្សរសិល្ប៍ខេមរនិយមគឺជាអក្សរសិល្ប៍ប្លែកពីចលនាដទៃទៀត ដោយពុំបានយកគោលពីលទ្ធិណា ឬសាសនាណាឡើយ គឺជាការប្រឌិតតាមការដែលគេធ្លាប់ឃើញពិតដាក់ស្ដែងក្នុងសង្គមជាតិខ្មែរតែម្ដង ។

ដូច្នេះ អក្សរសិល្ប៍ខេមរនិយម ឬខ្មែរនិយម គឺជាអក្សរសិល្ប៍ដែលបង្ហាញពីផ្នត់គំនិត ជំនឿ២ ពណ៌ ទនៀមទម្លាប់ មុខរបរបញ្ហាសង្គម និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលនីមួយៗ ស្របទៅតាមវប្បធម៌ និងសង្គមធម៌របស់ជាតិខ្មែរ ។

៥. អក្សរសិល្ប៍ខេមរនិយម មានឧត្តមគតិ ដូចម្តេច?

អក្សរសិល្ប៍ខេមរនិយម អប់រំមនុស្ស អោយមានសីលធម៌ល្អ ស្រឡាញ់ភាពយុត្តិធម៌ ធ្វើអំពើល្អ ស្អប់ខ្ពើមអំពើអយុត្តិធម៌ ចេះដោះស្រាយបញ្ហាទៅតាមកាលទេសៈ ដោយជឿជាក់លើខ្លួនឯង និងយុត្តិធម៌សង្គម ។

៦. រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស្ថិតនៅក្នុងអក្សរសិល្ប៍អ្វី ? ចូរផ្ដល់អំណះអំណាង?

រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស្ថិតនៅក្នុងអក្សរសិល្ប៍ ខេមរនិយម។

អំណះអំណាង៖ រឿងនេះ ជារឿងរបស់ខ្មែរ ដែលយកសង្គមារម្មណ៍មកចោទនិងដោះស្រាយទៅតាមប្រយោជន៍នៃសង្គមខ្មែរ ក្នុងគោលបំណង ណែនាំប្រជាជនខ្មែរឱ្យស្រឡាញ់អំពើល្អ ស្អប់និងចៀសវាងអំពើអាក្រក់ ។ ។

៧. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយម ? តើចលនាអក្សរសិល្ប៍ពុទ្ធនិយម មានអក្សរសិល្ប៍អ្វីខ្លះ?មានឧត្តមគតិ យ៉ាងម៉េចដែរ?

អក្សរសិល្ប៍ពុទ្ធនិយម គឺជាអត្ថបទរឿងរ៉ាវផ្សេងៗ ដែលទាក់ទងនឹងការលើកយកទ្រឹស្តីព្រះពុទ្ធសាសនាធ្វើជាគោល ទ្រឹស្ដីទាំងនោះស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក ដែលអ្នកនិពន្ធលើកយកបញ្ជបុណ្យបាប ផលល្អ ផលអាក្រក់របស់តួអង្គមកចោទនិងដោះស្រាយ។

អក្សរសិល្ប៍ពុទ្ធនិយម មានអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ ពុទ្ធនិយមក្លាយ និងពុទ្ធនិយមក្លែងក្លាយហួសហេតុ ឬពុទ្ធនិយមផ្លម ។

អក្សរសិល្ប៍ពុទ្ធនិយម អប់រំមនុស្សអោយជឿលើទស្សនៈកម្មផល បុណ្យបាប ធ្វើអំពើល្អ វៀរចាកអំពើអាក្រក់ អប់រំអោយចេះតស៊ូព្យាយាម មានជំនឿជឿជាក់លើខ្លួនឯង ស្រឡាញ់សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី ចេះគិតពិចារណាត្រឹមត្រូវ ។

៨. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ?

អក្សរសិល្ប៍ពុទ្ធនិយមសុទ្ឋសាធ គឺសម្គាល់លើអត្ថបទស្នាដៃអក្សរសិល្ប៍ទាំងឡាយណាមាននៅក្នុងរឿងទសជាតក ដែលជាគម្ពីរដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា ។

ឧទាហរណ៍ រឿងទាំង ១០ នៃទសជាតក ដែលគេចាត់ទុកជាស្នាដៃអក្សរសិល្ប៍សុទ្ធសាធ មានដូចជា៖

1.    រឿងតេមិយជាតក

2.    មហាជនកជាតក

3.    សុវណ្ណសាមជាតក

4.    នេមិរាជជាតក

5.    មហោសថជាតក

6.    ភូរិទត្តជាតក

7.    ចន្ទកុមារជាតក

8.    នារទព្រហ្មជាតក

9.    វិធុរជាតក

10. និងរឿងព្រះវេស្សន្តរជាតក ។

៩. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ ?

អក្សរសិល្ប៍ក្លែងក្លាយ គឺសម្គាល់លើអត្ថបទស្នាដៃអក្សរសិល្ប៍ទាំងឡាយណាមាននៅក្នុងគម្ពីរបញ្ញាសជាតក ដែលបាននិយាយអំពីដំណើរជីវិតទាំង ៥០ ជាតិរបស់ព្រះពោធិសត្វ ។

អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ បើបរិយាយទាក់ទងនឹងទ្រឹស្តីក្នុងព្រះពុទ្ធសាសនាតិចតួចហើយពុំស្ថិតនៅក្នុងគម្ពីរពុទ្ធវចនះទេ ។

ឧទាហរណ៍ដូចជារឿងសមុទឃោសៈ រឿងសុធនុ រឿងសិរីវិបុលកិត្តិ រឿងសិរិចូឡាមណី ...។

១០. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហតុ?

អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហេតុ គឺជាប្រភេទអក្សរសិល្ប៍ ដែលពុំមាននៅក្នុងគម្ពីរ ទសជាតក បញ្ជាសជាតក ឬក្នុងគម្ពីរបុរាណច្បាស់លាស់ទេ។

វាជាស្នាដៃអក្សរសិល្ប៍ខ្មែរកើតនៅសម័យកណ្តាល ដែលទទួលឥទ្ធិពលតិចឬច្រើន ពីឥទ្ធិពលពុទ្ធសាសនាផងដែរ ។

អក្សរសិល្ប៍ពុទ្ធនិយមក្នុងក្លាយហួសហេតុ ច្រើនជាប្រភេទសាស្ត្រល្បែង ដែលកើតមានឡើងនៅសតវត្សទី ១៨ ឬ ១៩ ដែលមានឈ្មោះអ្នកនិពន្ធច្បាស់លាស់ដូចជា៖ រឿងក្រុងសុភមិត និពន្ធដោយ កោសាធិបតីកៅ ឆ្នាំ ១៧៩៨ និង រឿងមរណមាតា និពន្ធដោយ ឥន្ទបញ្ញាអ៊ុក ឆ្នាំ ១៨៧៧ ។ល។

👉👉    មានសំនួរ/អត្ថបទ បន្តទៀត 

សូមចុចអាសយដ្ឋានខាងក្រោម ៖

១ សំនួរអក្សរសិល្ប៍ សំនួរខទី ១_១០ ដូចម្តេចហៅថាអក្សរសិល្ប៍ ?(edu4kh.com)

២ សំនួរអក្សរសិល្ប៍ អំពី អក្សរសិល្ប៍ព្រាហ្មណ៍និយម និងលក្ខណៈអក្សរសិល្ប៍ សំនួរទី ១១ -២០ (edu4kh.com)

៣ សំនួរអក្សរសិល្ប៍ អំពី ភាសាខ្មែរ មានការវិវត្តន៍ធំៗ មុខងារអក្សរសិល្ប៍ សំនួរទី ២១ ៣០ (edu4kh.com)

៤ សំនួរអក្សរសិល្ប៍ អំពីប្រភេទអក្សរសិល្ប៍ និង គោលអាស្រ័យធំៗនៃអក្សរសិល្ប៍ សំនួរទី ៣១ _៤០ (edu4kh.com)

៥ សំនួរអក្សរសិល្ប៍ អំពីលក្ខណៈចលនា និងគោលនិយម នៃអក្សរសិល្ប៍ សំនួរទី ៤១ - ៥០ (edu4kh.com)

៦ សំនួរអក្សរ អំពីរឿង ហង្សយន្ត ហេតុអ្វី បានជាអ្នកនិពន្ឋដាក់ឈ្មោះថា ហង្សយន្តសំនួរទី ៥១ - ៥៤ (edu4kh.com)

៧ សំនួរអក្សរសិល្ប៍ អំពីរឿងព្រះមហាវេស្សន្តរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ រឿងតេជោគយ៉ត រឿងរាមកេរ្តិ៍ រឿងថូកែចិត្តចោរ សំនួរទី ៥៦ - ៦០ (edu4kh.com)

សូមអរព្រះគុណនិងអរគុណ! 

សំនួរអក្សរសិល្ប៍ ទាំង១០ ខាងលើ

១. ដូចម្តេចហៅថាអក្សរសិល្ប៍ ?

២. តើអក្សរសាស្ត្រ និង អក្សរសិល្ប៍ មានលក្ខណះខុសគ្នាយ៉ាងណា?

៣. ដូចម្តេច ហៅថា ចលនាអក្សរសិល្ប៍ ?

៤. ដូចម្តេច ហៅថា អក្សរសិល្ប៍ខេមរនិយម ?

៥. អក្សរសិល្ប៍ខេមរនិយម មានឧត្តមគតិ ដូចម្តេច?

៦. រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស្ថិតនៅក្នុងអក្សរសិល្ប៍អ្វី ? ចូរផ្ដល់អំណះអំណាង?

៧. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយម ? តើចលនាអក្សរសិល្ប៍ពុទ្ធនិយម មានអក្សរសិល្ប៍អ្វីខ្លះ?មានឧត្តមគតិ យ៉ាងម៉េចដែរ?

៨. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ?

៩. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយ ?

១០. ដូចម្តេច ហៅថា អក្សរសិល្ប៍ពុទ្ធនិយមក្លែងក្លាយហួសហតុ?


Post a Comment

សូមអរព្រះគុណនិងអរគុណប្រិយមិត្តបានចូលរួមយោបល់ព្រមទាំងចែករំលែកអត្ថបទជាចំណែកជូនចំណេះដឹងទៅកាន់អ្នកអាន។

Previous Post Next Post